Meeting

កិច្ចប្រជុំទ្វេភាគី ស្ដីពីកិច្ចសហប្រតិបត្តិការ រវាង អាជ្ញាធរសវនកម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមប្រឹក្សាសវនកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី
កិច្ចប្រជុំទ្វេភាគី ស្ដីពីកិច្ចសហប្រតិបត្តិការ រវាង អាជ្ញាធរសវនកម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមប្រឹក្សាសវនកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី

សេចក្តីប្រកាសព័ត៌មាន

តបតាមការអញ្ជើញរបស់ លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បណ្ឌិត អ៊ីស្មា យ៉ាទុន ប្រធានក្រុមប្រឹក្សាសវនកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការរវាងស្ថាប័នសវនកម្មនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី។ ទស្សនកិច្ចនេះបានរៀបចំឱ្យមានកិច្ចប្រជុំទ្វេភាគី និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃស្ថាប័នទាំងពីរស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃវិស័យសវនកម្មសាធារណៈនៃប្រទេសទាំងពីរ ដោយផ្តោតកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍ទាក់ទងនឹងការតាមដានការអនុវត្តអនុសាសន៍សវនកម្ម និងការរៀបចំគោលការណ៍ណែនាំ។

នៅក្នុងកិច្ចប្រជុំទ្វេភាគី អគ្គសវនករ និងប្រធានក្រុមប្រឹក្សានៃស្ថាប័នទាំងពីរបានពិភាក្សាផ្លាស់ប្តូរ និងចែករំលែកព័ត៌មានស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃប្រទេសទាំងពីរ ជាពិសេសយុទ្ធសាស្រ្ត និងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីវឌ្ឍនភាពការងាររបស់ស្ថាប័នសវនកម្មកំពូលនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ស្ថាប័នទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ស្ថាប័នទាំងពីរចំពោះស្ថាប័នសវនកម្មកំពូលអាស៊ាន (ASEANSAI) ដែលអាជ្ញាធរសវនកម្មជាតិបានទទួលធ្វើជាប្រធាន កាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ និងក្រុមប្រឹក្សាសវនកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី បានដឹកនាំ និងទទួលបន្ទុកលេខាធិការដ្ឋាន ASEANSAI ចាប់តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន។

សូមជម្រាបជូនផងដែរថា ស្ថាប័នទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយជាបន្តបន្ទាប់បានឯកភាពរៀបចំ និងអនុវត្តផែនការសកម្មភាព ជាក់ស្តែង ភាគីឥណ្ឌូនេស៊ីធ្លាប់បានជួយបណ្តុះបណ្តាល និងធ្វើការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានឹងគ្នាកន្លងទៅ ដែលរយៈពេលចុងក្រោយនេះ ស្ថាប័នយើងទាំងពីរបានឯកភាពលើការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដោយឡែកសម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២២ សកម្មភាពសហប្រតិបត្តិការរវាងស្ថាប័នយើងទាំងពីរត្រូវបានអាក់ខាន ដោយសារការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ-១៩។

ជាចុងក្រោយ លោកជំទាវ អគ្គសវនករ និងលោកជំទាវ ប្រធានក្រុមប្រឹក្សា នៃស្ថាប័នទាំងពីរក៏បានពិភាក្សាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីនៃស្ថាប័នទាំងពីរ ដោយស្ថាប័នទាំងពីរបានឯកភាពផ្លាស់ប្តូរដំណើរទស្សនកិច្ចការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃស្ថាប័នទាំងពីរ និងជួយគាំទ្រគ្នាទៅវិញទៅមកដល់ការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ រួមមាន (១) បន្តការចែករំលែកចំណេះដឹងស្តីពីការតាមដានអនុសាសន៍សវនកម្ម និងការរៀបចំគោលការណ៍ណែនាំ (២) ការគ្រប់គ្រងការបណ្តុះបណ្តាល និងមជ្ឈមណ្ឌលបណ្តុះបណ្តាល ឬវិទ្យាស្ថានបណ្តុះបណ្តាល។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ លោកជំទាវ បណ្ឌិត អ៊ីស្មា យ៉ាទុន និងគណៈប្រតិភូបានចូលពិធីបើកផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅវិមានកីឡាដ្ឋាន ពហុកីឡដ្ឋានជាតិមរតកតេជោ និងបានទស្សនាកម្មវិធីប្រកួតកីឡានៅវិមានកីឡដ្ឋាន ពហុកីទ្បដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក ព្រមទាំងទស្សនាទីកន្លែងសំខាន់ៗរបស់រាជធានីភ្នំពេញផងដែរ។

លោកជំទាវ បណ្ឌិត ប្រធានក្រុមប្រឹក្សាសវនកម្មសាធារណរដ្ឋឥណ្ឌូនេស៊ីបានវាយតម្លៃខ្ពស់ថា លោកជំទាវបានមកទស្សនកិច្ចនៅទីក្រុងគុជមានភាពធន់ជាប្រវត្តិសាស្រ្ត ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគេ្នយ៍លើកទី៣២ ជាប្រវត្តិសាស្រ្តបានល្អឥតខ្ចោះ ផ្តល់ភាពទាក់ទាញខាងទេសចរណ៍ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា៕

ថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣


Print
SHARE IN SOCIAL MEDIA AND EMAIL
Recent News
លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ការិយាល័យសវនកម្មជាតិនៃប្រទេសស៊ុយអែត

សេចក្តីប្រកាសព័ត៌មាន

ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ការិយាល័យសវនកម្មជាតិនៃប្រទេសស៊ុយអែត

September 22, 2022

ពិធីបិទកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់អាជ្ញាធរសវនកម្មជាតិឆ្នាំ២០២២

លោកជំទាវ បណ្ឌិត​ សោម​ គីមសួគ៌​ អគ្គសវនករ​ នៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់អាជ្ញាធរសវនកម្មជាតិឆ្នាំ២០២២

September 21, 2022

June 30, 2022

កិច្ចប្រជុំគណៈកម្មាធិការសវនកម្មអាស៊ាន

គណៈកម្មាធិការសវនកម្មអាស៊ាន (ASEAN Audit Committe – AAC) បានរៀបចំកិច្ចប្រជុំ លើកទី៤៧ នៅថ្ងៃទី៣០

November 30, 2021

កិច្ចប្រជុំរវាង

ថ្ងៃអង្គារ​ ១១រោច​ ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី៣០