សារ​ស្វាគមន៍​របស់​លោក​ជំទាវបណ្ឌិត អគ្គសវនករ

Profile
សារ​ស្វាគមន៍​របស់​លោក​ជំទាវបណ្ឌិត អគ្គសវនករ

ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា បានរស់រានមានជីវិតឡើងវិញ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩​ ដោយបានផ្ដួលរំលំរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ពីសំណាក់កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា។ ដំណើរការរស់រានមានជីវិតឡើងវិញនេះបានឆ្លងកាត់ការលំបាកនានាជាច្រើនឥតគណនា ទើបស្វែងរកឃើញនូវការបង្រួបបង្រួមជាតិ។ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស ឯកភាពទឹកដី សន្តិសុខ សុវត្ថិភាព ជូនជាតិមាតុភូមិកម្ពុជា ជាទីស្រឡាញ់។ ជាការពិត សន្តិភាពដែលប្រជាជនកម្ពុជាទទួលបានដូចសព្វថ្ងៃនេះ គឺជាដួងព្រលឹងនៃប្រទេសជាតិដែលត្រូវតែការពារឲ្យខាងតែបានទោះតម្លៃណាក៏ដោយ គឺជាមូលដ្ឋានគ្រឹះនៃការកសាង​ និងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ ក្នុងទិសដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែសម្បូណ៌បែប នៅក្នុងយុគសម័យដ៏ទំនើបនេះ។ គុណបំណាច់ដ៏ធំធេង ឧត្ដុង្គឧត្ដមរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រជាពលរដ្ឋទូទៅ សម្ដែងនូវកត្តញ្ញូតាធម៌ប្រកបដោយក្ដីគោរពស្រឡាញ់ និងដឹងគុណដ៏ស្មោះអស់ពីដួងចិត្ត។

ទន្ទឹមនិងនោះដែរ អាជ្ញាធរសវនកម្មជាតិ ក៏ត្រូវបានបង្កើតឡើង ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា ដើម្បីបំពេញភារកិច្ច ចំពោះការអនុវត្តន៍មុខងារជាសវនកម្មផ្ទៃក្រៅរបស់រាជរដ្ឋាភិបាល។​ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការស្វែងយល់ពីអាជ្ញាធរសវនកម្មជាតិ យើងខ្ញុំបានបង្កើតនូវគេហទំព័ររបស់ខ្លួនដែលមានឈ្មោះថា naa.gov.kh​។

យើងខ្ញុំសូមស្វាគមន៍ចំពោះ សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដោយក្ដីសោមនស្សរីករាយ ដែលមានបំណងស្វែងរកឯកសារ ពត៌មាន និងសកម្មភាពផ្សេងៗរបស់អាជ្ញាធរសវនកម្មជាតិ សូមអញ្ជើញស្វែងយល់តាមរយៈគេហទំព័រផ្លូវការរបស់អាជ្ញាធរសវនកម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា។

សូមគោរពជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក​ លោកស្រី​ នាងកញ្ញា សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។