កិច្ច​ប្រជុំ

មហាសន្និបាតរបស់អង្គការអាស៊ីនៃស្ថាប័នសវនកម្មកំពូល(ASOSAI)លើកទី១៥និង សន្និសីទជំនាញASOSAIលើកទី៨តាមប្រព័ន្ធវីដេអូ
មហាសន្និបាតរបស់អង្គការអាស៊ីនៃស្ថាប័នសវនកម្មកំពូល(ASOSAI)លើកទី១៥និង សន្និសីទជំនាញASOSAIលើកទី៨តាមប្រព័ន្ធវីដេអូ

ថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ឯកឧត្តម Prajuck Boonyoung អគ្គសវនករ ​នៃស្ថាប័នសវនកម្មរដ្ឋនៃ​ព្រះរាជាណាចក្រថៃ លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករ​នៃអាជ្ញាធរសវនកម្មជាតិបាន​ដឹក​នាំ​​គណៈប្រតិភូអាជ្ញាធរសវនកម្មជាតិ​ចូល​រួម​កិច្ច​ប្រជុំមហាសន្និបាតរបស់អង្គការ​អាស៊ីនៃស្ថាប័ន​សវនកម្ម​កំពូល (ASOSAI) លើកទី១៥ និងសន្និសីទជំនាញ ASOSAI លើកទី៨ តាមរយៈប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី៧ ដល់​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០២១។
មហាសន្និបាតលើកទី១៥ នេះមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៃស្ថាប័នសវនកម្មកំពូលនៃបណ្តា​ប្រទេសចំនួន ៤៣ ដែលជាសមាជិករបស់ ASOSAI និងអង្គការអន្តរជាតិជាដៃគូរបស់ ASOSAI ចំនួន ០៣ ។
មហាសន្និបាតគឺជាអង្គការចាត់តាំងកំពូលរបស់ ASOSAI ដែលប្រារឰធ្វើឡើងរៀងរាល់៣ឆ្នាំម្ដង និង​មានការចូលរួមពីបណ្ដាប្រទេសដែលជាសមាជិករបស់ASOSAI និងតំណាងរបស់ស្ថាប័នអន្តរជាតិនានា។ គោលបំណងនៃមហាសន្និបាត គឺដើម្បីផ្ដល់ឱកាសដល់សមាជិកទាំងអស់ក្នុងការចែករំលែកនូវបទពិសោធន៍ ការ​ពិភាក្សា​ទៅលើបញ្ហាជាក់លាក់ណាមួយ និងការអនុម័តទៅលើសេចក្ដីសម្រេចចិត្ដ និង​អនុសាសន៍នានា។
សូមជម្រាបជូនថា ASOSAI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ ជាសហគមន៍តំបន់មួយ​របស់​អង្គការ​អន្តរជាតិនៃស្ថាប័នសវនកម្មកំពូល (INTOSAI) ដែលមកដល់បច្ចុប្បន្ននេះ ASOSAI មានសមាជិក​ជា​ស្ថាប័ន​សវនកម្មកំពូល (SAI) សរុប​ចំនួន ៤៧។ អាជ្ញាធរសវនកម្មជាតិបានចូលជាសមាជិករបស់ ASOSAI នៅ​ក្នុងខែមីនា ឆ្នាំ​២០០៤។
បន្ទាប់ពីសុន្ទរកថាបើក និងសុន្ទរកថាគន្លឹះរួចមក មហាសន្និបាតលើកទី១៥ បានដំណើរការ​ទៅតាម​របៀបវារៈ និងអនុម័តលើរបាយការណ៍ និងលទ្ធផលការងារដូចខាងក្រោម៖
(១) របាយការណ៍សកម្មភាពរបស់លេខាធិការដ្ឋានចាប់​ពី​មហាសន្និបាតលើកទី១៤
(២) របាយការណ៍ហិរញ្ញវត្ថុរបស់ ASOSAI សម្រាប់ឆ្នាំ​២០១៨-២០២០ និងលទ្ធផលសវនកម្ម​ផ្ទៃ​ក្រៅ​របស់គណៈកម្មាធិការសវនកម្មលើរបាយការណ៍​​ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០១៨-២០២០
(៣) ថវិកា ASOSAI សម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៤
(៤) របាយការណ៍ស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តរបស់ASOSAI និងផែនការយុទ្ធសាស្រ្ត​ឆ្នាំ​២០២២ ដល់ឆ្នាំ២០២៧
(៥) របាយការណ៍ស្តីពីសកម្មភាពការអភិវឌ្ឍសមត្ថភាពរបស់ASOSAI ពីឆ្នាំ២០១៨​ ដល់ឆ្នាំ២០២១
(៦) របាយការណ៍ស្តីពីលទ្ធផលនៃសេចក្តីប្រកាសទីក្រុងហាណូយ
(៧) របាយការណ៍ស្តីពីលទ្ធផលគម្រោងស្រាវជ្រាវលើកទី១២ របស់ ASOSAI
(៨) របាយការណ៍ស្តីពីព្រឹត្តិបត្រព័ត៌មានរបស់ ASOSAI
(៩) របាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការរវាង ASOSAI និងអង្គការអឺរ៉ុបនៃស្ថាប័នសវនកម្មកំពូល (EUROSAI)
(១០)របាយការណ៍របស់ក្រុមការងារ ASOSAI ស្តីពីសវនកម្មលើបរិស្ថាន
(១១)ការបង្កើតក្រុមការងារ ASOSAI ស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)
(១២)ការបង្កើតក្រុមការងារASOSAIស្តីពីសវនកម្មលើការគ្រប់គ្រងវិបត្តិ (Crisis Management Audit)
(១៣)របាយការណ៍ស្តីពីជំនួយរបស់ ASOSAI ជូនដល់ SAI ជាសមាជិកដែលរងផលប៉ះពាល់​ដោយ​ជំងឺកូវីដ១៩
(១៤)ការអនុម័តឱ្យការិយាល័យអគ្គត្រួតពិនិត្យ និងអគ្គសវនករនៃសាធារណរដ្ឋឥណ្ឌា (SAI-India)​ជាម្ចាស់ផ្ទះ​រៀប​ចំ​​មហាសន្និបាតរបស់ ASOSAI ​លើកទី​១៦ នាឆ្នាំ២០២៤
(១៥)ការអនុម័តឱ្យការិយាល័យសវនកម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិន (SAI-China) ជា​អគ្គ​លេខាធិការសម្រាប់​​ឆ្នាំ២០២១ ដល់ឆ្នាំ២០២៤
(១៦) ក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ រួមមាន ស្ថាប័នសវនកម្ម​កំពូល​នៃ​ប្រទេសថៃ (ប្រធាន) ចិន (អគ្គលេខាធិការ) វៀតណាម ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ប៉ាគីស្ថាន ហ្វីលីពីន រុស្សី តួកគី និងអារ៉ាប៊ីតសាអូឌីត
(១៧)គណៈកម្មាធិការសវនកម្មសម្រាប់ឆ្នាំ២០២១-២០២៤ រួមមាន ស្ថាប័នសវនកម្ម​កំពូល​នៃ​ប្រទេស​អាស៊ែបៃហ្សង់ និងកាហ្សាក់ស្ថាន។
ជាមួយគ្នានេះ សន្និសីទជំនាញASOSAI លើកទី៨ ត្រូវបានរៀបចំក្រោមប្រធានបទ “ ASOSAI និង​គន្លង​ប្រក្រតីភាពបន្ទាប់ (The ASOSAI and the Next Normal) ស្តីពីភាពធន់ក្នុងពេល​មាន​បញ្ហា​ប្រឈម” ដើម្បីធ្វើការចែករំលែកចំណេះដឹង បទពិសោធន៍ ទស្សនៈវិស័យ និងឧត្តមានុវត្តន៍​ក្នុង​ចំណោម​សហ​គមន៍ SAIs។
មហា​សន្និ​បាត ASOSAI លើកទី១៥ បានឯកភាពដាក់ចេញនូវសេចក្តីថ្លែង​ការណ៍​ទីក្រុង​បាងកក ឆ្នាំ២០២១៖ “SAIs និងការត្រៀមលក្ខណៈសម្រាប់គន្លងប្រក្រតីភាពបន្ទាប់”។ សេចក្តីថ្លែង​ការណ៍​ទីក្រុង​បាងកកនេះត្រូវ​បាន​រៀបចំឡើងដោយផ្អែកលើមូលដ្ឋានឯកសារសេចក្តីថ្លែងការណ៍អន្តរជាតិចាំបាច់ចំនួន ០៥ (សេចក្តីថ្លែង​ការណ៍​ទីក្រុង​លីម៉ាឆ្នាំ១៩៧៧ សេចក្តីថ្លែង​ការណ៍​ទីក្រុង​ប៉េកាំងឆ្នាំ២០១៣ សេចក្តីថ្លែង​ការណ៍​​ទីក្រុង​អាប៊ូដាប៊ីឆ្នាំ២០១៦ សេចក្តីថ្លែង​ការណ៍​ទីក្រុង​ហាណូយឆ្នាំ២០១៨ និងសេចក្តីថ្លែង​ការណ៍​ទីក្រុង​ម៉ូស្គូឆ្នាំ​២០១៩)។ សេចក្តីថ្លែង​ការណ៍​ទីក្រុង​បាងកកឆ្នាំ២០២១ រួមមាន ៤ ជំពូក៖

ជំពូកទី១៖ SAIs និងការជំរុញអភិបាលកិច្ចល្អនៅក្នុងគន្លងប្រក្រតីភាពបន្ទាប់
ជំពូកទី២៖ SAIs និងការលើកទឹកចិត្ត ដើម្បីឱ្យសម្រេចបានSDGs
ជំពូកទី៣៖ SAIs និងការទាញយកការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់ការងារសវនកម្ម​លើវិស័យសាធារណៈ និង
ជំពូកទី៤៖ SAIs និងការឆ្លើយតបចំពោះបញ្ហាគ្រោះមហន្តរាយ និងការរីករាលដាលជំងឺឆ្លង។

ជាចុងក្រោយ មហាសន្និបាតបានវាយតម្លៃខ្ពស់ចំពោះស្ថាប័នសវនកម្មរដ្ឋនៃ​ព្រះរាជាណាចក្រថៃ ដែល​បាន​​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀបចំមហាសន្និបាតរបស់ ASOSAI លើកទី១៥ និងសន្និសីទជំនាញ ASOSAI លើកទី៨ តាមរយៈ​ប្រព័ន្ធវីដេអូ ប្រកបដោយជោគជ័យ។

 


Print
SHARE IN SOCIAL MEDIA AND EMAIL
Recent News