Events

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ
ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ
ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជា​ជាតិ​រៀងៗ​ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា នៃ​ការ​រៀបចំ​បុណ្យ​នេះ​ប្លែកៗ​គ្នា​ស្រប​ទៅ​តាម ជំនឿ ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខ្មែរ​យើង​ក៏​មាន​ប្រវត្តិ​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក។ យើង​បាន​ប្រទះ​ឃើញ​ឯកសារ​ជា​ច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ និង​ឧស្សាហ៍​បាន​ស្តាប់​ការ​និទាន​រឿង​របស់​ចាស់ទុំ​ជា​ច្រើន។

ប្រវត្តិ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​ចំណេះ​វិជ្ជា​ដ៏​វិសេស បាន​រៀន​ចេះ​ចប់​គម្ពីរ​ត្រីវេទ​តាំង​ពី​អាយុ​បាន ៧ឆ្នាំ។ សេដ្ឋី​បិតា​បាន​សាងប្រាសាទ​ឲ្យ​ធម្មបាល​កុមារ នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​ស្នាក់​អាស្រ័យ នៃ​បក្សី​ទាំងឡាយ។ ធម្មបាល​កុមារ​ចេះ​ទាំង​ភាសា​បក្សី ទាំង​ពួង​ផង ព្រម​ទាំង​អាច​ធ្វើ​ជា​អាចារ្យ​សម្ដែង​មង្គល​ផ្សេង​ៗ ដល់​មនុស្ស​ទាំង​ពួង​ផង។ គ្រា​នោះ​ មនុស្ស​លោក​រមែង​រាប់​អាន​មហា​ព្រហ្ម និង​កបិល​មហា​ព្រហ្ម ១អង្គ​ទៀត​ដែល​ជា​អ្នកសម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។ ពេល​នោះ​ កបិល​មហា​ព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា​នឹង​ធម្មបាល​កុមារ ចំនួន ៣ប្រស្នា ដោយ​សន្យា​ថា ប្រសិន​បើ ធម្មបាល​កុមារ​អាច​ដោះ​ប្រស្នា​បាន កបិល​មហា​ព្រហ្ម​នឹង​កាត់​ព្រះ​សិរសា​ទ្រង់ ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ ប៉ុន្តែ​ប្រសិន​បើ ធម្មបាល​កុមារ​មិន​អាច​ដោះ​ស្រាយ​ប្រស្នា​នោះ​រួច កបិល​មហា​ព្រហ្ម​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧ថ្ងៃ សិន ដើម្បី​គិត​ប្រស្នា។ លុះ​កន្លង​ទៅ ៦ថ្ងៃ ហើយ​ក៏​ធម្មបាល​កុមារ​នៅ​តែ​គិត​មិន​ឃើញ និង​ដឹង​ខ្លួន​ថា ព្រឹក​នេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហា​ព្រហ្ម​ជា​ប្រាកដ។ ដូច្នេះ គួរ​តែ​រត់​ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង។ ទើប​ធម្មបាល​កុមារ​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ។ នៅ​លើ​ដើម​ត្នោត​នោះ មាន​សត្វ​ឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក​អាស្រ័យ​នៅ។ វេលា​យប់ សត្វ​ឥន្ទ្រី​ញី​សួរ​សត្វ​ឥន្ទ្រី​ឈ្មោល​ថា ព្រឹក​នេះ​យើង​បាន​អាហារ​អ្វី​ធ្វើ​ជា​ចំណី? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​នឹង​កបិល​មហា​ព្រហ្ម​សម្លាប់ ព្រោះ​ធម្មបាល​កុមារ​ដោះ​ប្រស្នា​មិន​រួច។ ឥន្ទ្រី​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​ម្ដេច​? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ត្រង់​ណា? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ផ្ទៃ​មុខ។ ហេតុ​នេះ​ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លប់​មុខ។ ប្រស្នា​ទី២ ចោទ​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់​ណា? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ទ្រូង។ ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង។ ប្រស្នា​ទី៣ ចោទ​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ត្រង់​ណា? ត្រូវ​ឆ្លើយ​ថា នៅ​នឹង​ជើង។ ហេតុ​នោះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង។ ធម្មបាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។ លុះ​ព្រឹក​ឡើង ​កបិល​មហា​ព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ធម្មបាល​កុមារ។ ធម្មបាល​កុមារ​ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​ឮ​មក។ កបិល​មហា​ព្រហ្ម​ក៏​ទទួល​ថា​ពិត​ជា​ត្រឹម​ត្រូវ, ព្រម​ចុះ​ចាញ់ និង​សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន។ កបិល​មហា​ព្រហ្ម ហៅ​ទេព​ធីតា​ទាំង ៧អង្គ ដែល​ជា បាទ​បរិចាវិកា​ព្រះឥន្ទ្រ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់​ព្រះ​សិរសា​ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី​នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​នឹង​នាំ​ឲ្យ​រាំង​ភ្លៀង បើ​ចោល​ក្នុង​មហា​សមុទ្រ​នោះ​ទឹក​នឹង​រីង​ស្ងួត​ហួត​អស់។ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧អង្គ យក​ពាន​មក​ទទួល​ព្រះ​សិរសា​បិតា។ ពោល​រួច ​ព្រះ​អង្គ​ក៏​កាត់​ព្រះ​សិរសា​ហុច​ទៅ​ឲ្យ​ព្រះ​នាង ទុង្ស ជា​កូន​ច្បង។ ព្រះ​នាង ទុង្ស​ក៏​បាន​យក​ពាន​មក​ទទួល​ព្រះ​សិរ​សាបិតា រួច​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ ៦០នាទី​ទើប​យាង​ទៅ​ប្រតិស្ឋាន​ទុក​ក្នុង​មណ្ឌលេះ​នៅ​ក្នុង​គុហា​គន្ធមាលី នា​ភ្នំ​កៃលាស និង​បូជា​គ្រឿង​ទិព្វ​ផ្សេងៗ។ ព្រះ​វិស្សកម្ម​ទេវបុត្រ​ក៏​និមិត្ត​រោង​ទិព្វ​ធ្វើ​ពី​កែវ ៧ប្រការ ឈ្មោះ​ថា “ភគវតីសភាសាលា” ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតា។ លុះ​ដល់​គម្រប់ ១ឆ្នាំ ជា សង្ក្រាន្តត នាង​ទេព​ធីតា​ទាំង ៧អង្គ ក៏​ផ្លាស់​វេន​គ្នា មក​អញ្ជើញ ព្រះ​សិរសា​កបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុ​ជា​រៀង​រាល់​ៗ​ឆ្នាំ រួច​ហើយ​យាង​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​ដើម្បី​តម្កល់​វិញ។

ឈ្មោះ​ទេព​ធីតា​មហា​សសង្ក្រាន្ត និង​គ្រឿង​អាភរណៈ
ថ្ងៃ ទេព​ធីតា​មហាសសង្ក្រាន្ត!
គ្រឿង​អាភរណៈ
អាទិត្យ ទុង្សទេវី សៀត​ផ្កា​ទទឹម គ្រឿង​ប្រដាប់​បទុមរាជ, ភក្សាហារ​ផ្លែ​ឧទុម្ពរ (ផ្លែ​ល្វា), អាវុធ​ស្តាំ​កងចក្រ ឆ្វេង​ស័ង្ខ, ពាហនៈ​គ្រុឌ
ច័ន្ទ គោរាគទេវី សៀត​ផ្កា​អង្គារបុស្ស គ្រឿង​ប្រដាប់​បុក្តា ភក្សាហារ​ប្រេង អាវុធ​ស្តាំ​ព្រះខ័ន ឆ្វេង​ឈើច្រត់ ពាហនៈ​ខ្លា
អង្គារ គោរាក្សសាទេវី សៀត​ផ្កា​ឈូក គ្រឿង​ប្រដាប់​មោរា ភក្សាហារ​លោហិត អាវុធ​ស្តាំ​ត្រីសូល៍ឆ្វេង​ធ្នូ ពាហនៈ​អស្សតរ
ពុធ មណ្ឌាទេវី សៀត​ផ្កា​ចម្ប៉ា គ្រឿង​ប្រដាប់​ពិទូរ្យ ភក្សាហារ​ទឹកដោះសិប្បី អាវុធ​ស្តាំ​ម្ជុល ឆ្វេង​ឈើច្រត់ ពាហនៈ​លា
ព្រហស្បតិ៍ កិរិណីទេវី សៀត​ផ្កា​មណ្ឌា គ្រឿង​ប្រដាប់​មរកត ភក្សាហារ​សណ្ដែក ល្ង អាវុធ​ស្តាំ​កង្វេរ ឆ្វេង​កាំភ្លើង ពាហនៈ​ដំរី
សុក្រ កិមិរាទេវី សៀត​ផ្កា​ចង្កុលនី គ្រឿង​ប្រដាប់​បុស្សរាគម័ ភក្សាហារ​ចេកណាំវ៉ា អាវុធ​ស្តាំ​ព្រះខ័ន ឆ្វេង​ពិណ ពាហនៈ​ក្របី
សៅរ៏ មហោទរាទេវី សៀត​ផ្កា​ត្រកៀត គ្រឿង​ប្រដាប់​នីលវត័ន៍ ភក្សាហារ​សាច់ទ្រាយ អាវុធ​ស្តាំ​កងចក្រ ឆ្វេង​ត្រីសូល៍ ពាហនៈ​ក្ងោក
ទំនៀម​ចូល​ឆ្នាំ

ទំនៀម​ពិធី​ចូល​ឆ្នាំ​ប្រព្រឹត្ត​ទៅ​ចំនួន ៣ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ​មហា​សង្ក្រាន្ត, ថ្ងៃទី២ ជា​ថ្ងៃ​វនបត, ថ្ងៃទី៣ ជា​ថ្ងៃ​ឡើង​ស័ក។ រីឯ​ការ​កំណត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​ដោយ​ប្រើ​ក្បួន​ហោរាសាស្ត្រ​បុរាណ គឺ​ក្បួន​មហាសសង្ក្រាន្តត។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា? ថ្ងៃ​ណា? ចាប់​ពី​សម័យ​ក្រុង​នគរ​ធំ​មក ប្រទេស​ខ្មែរ​ប្រើ​វិធី​គិត​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន ចន្ទ​គតិ (lunar calendar) វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​ខ្មែរ​កំណត់​យក​ខែ​មិគសិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខែ​កក្តិក ជា​ខែទី១២។ សម័យ​ក្រោយ​មក ប្រទេស​ខ្មែរ​ប្តូរ​ទៅ​ប្រើ​វិធី​គិត​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន​ សុរិយ​គតិ (solar calendar) (វិធី​ដើរ​នៃ​ព្រះអាទិត្យ)។ ពេល​នោះ​ហើយ ដែល​ខ្មែរ​កំណត់​ចូល​ឆ្នាំ​ក្នុង​ខែ ចេត្រ (ខែទី៥) ព្រោះ​ក្នុង​ខែ​នេះ ព្រះអាទិត្យ​ធ្វើ​ដំណើរ​ចេញ​ពី មីនរាសី ចូល​កាន់​មេសរាសី។ ថ្ងៃ​ចូល​ឆ្នាំ​រមែង​ត្រូវ​លើថ្ងៃទី១៣ នៃ​ខែ​ មេសា (ចេត្រ) រៀង​រាល់​ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី១៤ ក៏​មាន​ខ្លះ​ដែរ។ មហាសសង្ក្រាន្តត ដែល​ប្រើ​របៀប​គន់​គូរ​តាម សុរិយ​គតិ មាន​ឈ្មោះ​ថា «សាមញ្ញសសង្ក្រាន្តត» (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា សង្ក្រាន្តត)។ មហាសង្ក្រាន្តត ដែល​ប្រើ​របៀប​គន់​គូរ​តាម ចន្ទ​គតិ ហៅថា «អាយន្តសង្ក្រាន្តត» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឈៀង​មិន​ត្រង់​ពី​លើ)។ គេ​នៅ​ប្រើ​ចន្ទ​គតិ ដោយ​យោង​ទៅ សុរិយ​គតិ ព្រោះ​ចន្ទ​គតិ​មាន​ទំនាក់​ទំនង​នឹង​ពុទ្ធប្បញ្ញត្តិ​ច្រើន។ ចំណែក​ឯ ថ្ងៃ​ចូល​ឆ្នាំ​តាម ចន្ទ​គតិ​មិន​ទៀង​ទាត់ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួន​កាល​ក្នុង​វេលា​រនោច។ ប៉ុន្តែ នៅ​ក្នុង​រវាង ១ខែ គឺ​មិន​មុន​ថ្ងៃ៤កើត ខែ ចេត្រ និង​មិន​ហួស​ថ្ងៃ៤កើត ខែ​ពិសាខ​ទេ។ ដូចនេះ សង្ក្រាន្តត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ។

ចំពោះ​ពិធី​ផ្សេង​ៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​តទៅ ៖ ពេល​មុន​ចូល​ឆ្នាំ គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ, សំអាត​ផ្ទះ​សម្បែង, រែក​ទឹក​ដាក់​ពាង, រក​អុស​ទុក, និង​កាត់​សំលៀក​បំពាក់​ថ្មីៗ ជាដើម។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​ គេ​រៀប​គ្រឿង​សក្ការៈ​បូជា សំរាប់​ទទួល​ទេវតា​ថ្មី​មាន ៖ បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ផ្តិល និង​ភេសជ្ជៈ, នំនែក, ផ្លែឈើ​គ្រប់មុខ។ ចំណែក​ផ្ទះ​សម្បែង គេ​តុបតែង​រំលេច​ដោយ​អំពូល អគ្គិសនី​ខ្សែ​តូចៗ ចម្រុះ​ពណ៌ ឬ​ចង្កៀង​គោម គ្រប់​ពណ៌ សំរាប់​ទទួល​ទេព្តា​ថ្មី។ លុះ​ដល់​វេលា​កំណត់​ទេព្តាថ្មី​យាង​មក គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន​ធូប បាញ់​ទឹកអប់ បន់​ស្រន់ សុំ​សេចក្តី​សុខ​ចម្រើន គ្រប់​ប្រការ ពី​ទេព្តា​ថ្មី។ ចំពោះ​គ្រឿង​សក្ការៈ និង​ក្រយា​ស្ងើយ ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តម្រូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ។ ឧទាហរណ៍ ៖ បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ។ រីឯ​ពិធី ៣ថ្ងៃ នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖

  • ថ្ងៃទី១ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង វាលុក​ចេតិយ នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ។ នៅ​ពេល​ព្រលប់ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា។
  • ថ្ងៃទី២ ៖ កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជីដូន​ជីតា ជាដើម។ ជួនកាល គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នក​ក្រីក្រ​ទៀត​ផង។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បងប្អូន ដែល​បាន​ស្លាប់​ទៅ។
  • ថ្ងៃទី៣ ៖ ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់។ ពេល​ល្ងាច ​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់​ព្រះពុទ្ធ​រូប (តាម​ការ​និយម​នៃ​ស្រុក​ខ្លះ)។ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូចជាលេង​បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង ជាដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅ​ខេត្ត​បាត់ដំបង សៀមរាប) ជា​ពិសេស​ទៀត គឺ​រាំវង់ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ អ្នក​ខ្លះ​និយម​នាំ​គ្នា​ដើរ​កំសាន្ដ​បន្ត អ្នក​ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។
វាលុក​ចេតិយ

ពាក្យ​សាមញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់» ។ ការ​ពូន​ភ្នំ​នេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កន្ដាល​ទីធ្លា​ដែល​គេ​បាន​កំនត់ រួច​ពូន​អោយ​ចេញ​ជា​រាង​ចេតិយ​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំនាង​អោយ​ព្រះ​ចូលាមនីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះ​កេសា និង​ព្រះ​ចង្កូមកែវ​នៃ​ព្រះពុទ្ធ​បរម​គ្រូ។ ការ​ពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ​គេ​និយម​ពូន​ភ្នំ​អង្ករ​នៅ​សាលា​ឆាន់ រឺ​ក្នុង​ព្រះ​វិហារ​ផង​ដែរ។ ភ្នំ​ខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំនត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការ​ពេញ​ចិត្ត​របស់​អ្នក​ស្អាង។ ប៉ុន្តែ ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កន្ដាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង៤។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើ​រាជវត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ​ចេញ​ចូល​តាម​ទិស​ធំ​ទាំង៤។ នៅ​ជុំវិញ​រាជវ័ត​គេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយគូ បាយសី​មួយថ្នាក់​មួយគូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកន្ដាល​ខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាង​ស្តាំ​គឺ​រាន​ព្រះពិស្នុ ការ​រាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩ថ្នាក់ និង​មាន​ដាក់​សំលៀក​បំពាក់​ឆ្វេង​ស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វាលុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ។

រួម​អានិសង្ស

ព្រះបរមសាស្តា​ទ្រង់​បាន​សំដែង​អំពី អានិសង្ស​ដែល​បាន​កសាង​បុណ្យ​កុសល ក្នុង​ឱកាស​ដាច់​ឆ្នាំ​ចាស់ ចូល​ឆ្នាំ​ថ្មី ដោយ​ពិស្តារ​ អ្នក​ដែល​បាន ផ្ងូត​ទឹក​ឲ្យ​មាតា​បិតា គ្រូ​ឧបជ្ឈាយ៍ អាចារ្យ ឬ​ព្រះសង្ឃ​ក្នុង​ឱកាស​សង្ក្រាន្ត​នោះ រមែង​ជា​ស្តេច​ម្ចាស់​ផែន​ដី មាន​ឫទ្ធិ​ដ៏​មហិមា សំបូរ​ដោយ​រតនៈ ៧ប្រការ ដេរ​ដាស​ដោយ​ពពួក​នាង​នារី​ដែល​មាន​រូប​ឆោម​ល្អ និង​សំបូរ​ដោយ​ចតុរង្គសេនា ជា​អ្នក​បាន​សេចក្តី​សុខ​គ្រប់​យ៉ាង។ អ្នក​ដែល​បាន​លែង​សត្វ​តិរច្ឆាន ដូចជាមាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយ​អំណាច​ដែល​បាន​លេង​សត្វ​អំបាល​នោះ អ្នក​នោះ​រមែង​ជា​អ្នក​មាន​អាយុ​យឺន​យូរ ជា​អ្នក​មាន​សុខ​ច្រើន ឥត​មាន​រោគ​ភ័យ​មក​បៀត​បៀន​ក្នុង​កាល​ទាំង​ពួង​ប្រកប​តែ​សេចក្តី​សុខ។ ដោយ​ផល្លា​និសង្ស​ដែល​បាន​ស្រង់​ព្រះ​សង្ឃ អ្នក​នោះ​ទោះ​ទៅ​កើត​ក្នុង​ភព​ណាៗ​រមែង​មាន​រូប​ឆោម​ល្អ ជា​ទី​ជ្រះ​ថ្លា​ដល់​អ្នក​បាន​ឃើញ​ ជា​អ្នក​មាន​សំបុរ​កាយ​ផូរផង់ ជា​ទី​គាប់​ចិត្ត ជាទី​គួរ​ឲ្យ​មើល ជា​អ្នក​មាន​ប្រាជ្ញា​ស្រួច ជា​អ្នក​ក្លាហាន ជា​អ្នក​ទ្រទ្រង់​នូវ​ព្រះ​សូត្រ និង​ព្រះ​វិន័យ ជា​អ្នក​ទ្រទ្រង់ និង​ចេះ​ចប់​នូវ​ព្រះបិដក ជា​អ្នក​មាន​អាយុ​យឺន​យូរ​រាល់​ៗ​ជាតិ ជា​អ្នក​មាន​បុត្រ​ភរិយា​នូវ​គណញាតិ​សុទ្ធ​តែ​ជា​អ្នក​ឧត្តម​ថ្លៃ​ថ្លា។ ទាំង​នេះ​ជា​អានិសង្ស​ផ្ងូត​ទឹក​ក្នុង​ពេល​ចូល​ឆ្នាំ។ ដោយ​ប្រការ​ដូច្នេះ​ហើយ បាន​ជា​នៅ​ឱកាស​ចូល​ឆ្នាំ​មនុស្ស​ទាំងឡាយ​តែង​នាំគ្នា​ដោះលែង សត្វ​ផ្សេងៗ តែង​នាំ​គ្នា​ធ្វើ​បុណ្យ​ផ្សេងៗ ដើម្បី​បាន​ទទួល​នូវ​អានិសង្ស​ទាំង​នោះ។

អានិសង្ស​វាលុក​ចេតិយ

ក្រៅ​ពី មហាសំការសូត្រ នៅ​មាន​និទាន​មួយ​ទៀត​ហៅ​ថា «អានិសង្ស​វាលុក​ចេតិយ» ជា​រឿង​ដែលគេ​តាក់​តែង​ជា​ភាសា​ខ្មែរ​យូរ​លង់​ណាស់​មក​ហើយ មានចំនួន ១ខ្សែ សំដែង​អំពី​ការ​សាង​វាលុក​ចេតិយ​ថា មាន​ផល្លា​និសង្ស​ជា​អនេកប្បការ វេលា​ឆ្លង វាលុក​ចេតិយ គេ​ច្រើន​យក​រឿង​នេះ​ទេសន៍។ ក្នុង​រឿង​អានិសង្ស​វាលុក​ចេតិយ​នោះ និទាន​មួយ​ក្នុង​ចំណោម​និទាន​ទាំង ៣ នោះ​ត្រូវ​បាន​លើក​យក​មក​ធ្វើ​ជា​ឧទាហរណ៍ គឺ ៖

  • និទាន​ទី១ ដំនាល​ពី​ព្រះ​ពោធិសត្វ នាមបារិកៈ ជា​អ្នក​ឈ្មួញ​សំពៅ ។ នា​សម័យ​មួយ បារិកៈ បើក​សំពៅ​ទៅ​ជួញ​បាន​ប្រទះ​ឃើញ​ផ្នូក​ខ្សាច់​ស​ល្អ​នៅ​តាម​ឆ្នេរ​សមុទ្រ ក៏​បបួល​ពួក​ពាណិជ ដែល​ទៅ​ជួញ​ជា​មួយ​គ្នា បើក​សំពៅ​ឆៀង​ចូល​ចត​នៅ​ទៀប​ផ្នូក​ខ្សាច់​នោះ ហើយ​នាំ​គ្នា​ក​ជា​វាលុក​ចេតិយ ឧទ្ទិស​ជា​តំណាង ចូលាមុណីចេតិយ ដែល​បញ្ចុះ​ព្រះ​ចង្កូម​កែវ​របស់​ព្រះ​ពុទ្ធ នៅ​ឋាន​ត្រៃត្រឹង្ស។ ស្រេច​ហើយ ពួក​ពាណិជ​ទាំង​នោះ​ក៏​បេះ​យក​ផ្កា​ឈើ​មក​បូជា ដើរ​ប្រទក្សិណ ៣ជុំ ហើយ​នាំ​គ្នា​ចុះ​សំពៅ​បើក​ចេញ​ទៅ​ជួញ​បន្ត​ទៀត។ បារិកពោធិសត្វ និង​ពួក​ឈ្មួញ​អម្បាល​នោះ លុះ​រំលាយ​ខន្ធ​ទៅ ហើយ​បាន​ទៅ​កើត​ជា​ទេវ​បុត្រ​នៅ​ឋាន​សួគ៌​ជា​ច្រើន​ជាតិ លុះ​ច្យុត​ពី​សួគ៌ បាន​កើត​ក្នុង​មនុស្ស​លោក​បាន​ជា​ស្តេច​ឯករាជ្យ​ជា​ច្រើន​ជាតិ និង​ត្រា​រាប់​ពុំ​បាន​ឡើយ។ ក្នុង​ទី​បំផុត បារិកពោធិសត្វ ក៏​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ដោយ​អំណាច​ផល្លា​និសង្ស ដែល​បាន​សាង​ វាលុក​ចេតិយ។
វិភាគ និង​កំណត់​សម្គាល់៖

បើ​អ្នក​អាន​វិភាគ​បន្តិច​លើ​សាច់​រឿង​និទាន​នេះ គេ​អាច​រក​ឃើញ​ថា​ វា​ប្រហែល​ជា​រឿង​និទាន​ដែល​ប្រឌិត​ឡើង​ដោយ​ពួក​អ្នក​កាន់​លទ្ធិព្រាហ្មណ៍ ឬ​ពួក​អ្នក​កាន់​ពុទ្ធ​សាសនា​និកាយ​មហាយាន ដែល​ប្រជាជន​នៅ​ប្រទេស​ឥណ្ឌា, ណេប៉ាល់, ទីបេ, ភូតាន (Bhutan), ចិន, ម៉ុងហ្គោល, ទូវ៉ា (Tuva), កាល់មីគា (Kalmykia), ជប៉ុន, កូរ៉េ, តៃវ៉ាន់, វៀតណាម។ល។ គោរព​រាប់​ទុក​ថា​ជា​ពុទ្ធ​សាសនា​របស់​ខ្លួន។ ពុទ្ធ​សាសនា​និកាយ​មហាយាន​មាន​ទស្សនវិជ្ជា និង​កិច្ច​បូជា​ស្រដៀង​គ្នា​នឹង​លទ្ធិព្រាហ្មណ៍ ដោយ​លាយ​ចម្រុះ​ជា​មួយ​នឹង​កិច្ច​ខាង​សាសនា​របស់​ជនជាតិ​ដើម​របស់​អ្នក​ស្រុក​នៃ​ប្រទេស​ទាំង​នោះ​ផង។ ក្នុង​ពុទ្ធ​សាសនា​និកាយ​មហាយាន គេ​សង្កេត​ឃើញ​មាន​ភាព​ខុស​គ្នា​ច្រើន​ទាំង​ខាង​ទ្រឹស្តី និង​ការ​អនុវត្ត ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ដែល​មាន​វប្បធម៌ និង​សាសនា​ដើម​របស់​មនុស្ស​ម្ចាស់​ស្រុក​ផ្សេង​ៗ​គ្នា។ ដូច្នេះ​ហើយ​ទើប​គេ​ឃើញ​មាន​ការ​បែក​ខ្ញែក​ជា​ច្រើន​និកាយ​បន្ត​ទៅ​ទៀត​នៅ​ក្នុង​ពុទ្ធសាសនា​មហាយាន សូម្បី​នៅ​ទីបេ​ក៏​មាន​និកាយ​ធំ​ៗ​ចំនួន ៤ និង​និកាយ​តូច​ៗ​ច្រើន​ទៀត។ ពួក​គេ​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ពោធិសត្វ​ច្រើន​រាប់​មិន​អស់ ដែល​ទុក​ដូច​ជា​កប៉ាល់ (យានធំ) កំពុង​រង់​ចាំ​ជួយ​ស្រោច​ស្រង់​ចម្លង​មនុស្ស​យក​ទៅ​ដាក់​នៅ​ស្ថាន សុខាវតី (Sukhavati or Pure Land) ដែល​គេ​ជឿ​ថា​ជា​ស្ថាន​ស្ថិត​នៅ​ចម្ងាយ​មួយ​លាន​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ផែន​ដី ដែល​នៅ​ទី​នោះ​មាន​ព្រះ​ពុទ្ធ​មួយ​អង្គ​ព្រះ​នាម អមីតាភៈ (Buddha Amitabha)។ ពួក​គេ​បង្រៀន​ថា ព្រះ​ពុទ្ធ អមិតាភៈ បាន​សន្សំ​កុសល​រាប់​ម៉ឺន​ជាតិ​ទើប​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ដែល​កំពុង​គង់ មាន​ជីវិត​នៅ​ឯ​ស្ថាន សុខាវតី។ ពួក​អ្នក​កាន់​ពុទ្ធ​សាសនា​និកាយ​មហាយាន​ជឿ​ថា បើ​មនុស្ស​ណា​ម្នាក់​បាន​សូត្រ​ឈ្មោះ ព្រះ​ពុទ្ធ អមិតាភៈ ឲ្យ​បាន​ដប់​ដង​មុន​ពេល​ស្លាប់​ ពេល​នោះ​គេ​នឹង​បាន​ទៅ​កើត​នៅ​ស្ថាន សុខាវតី។ អ្នក​បួស​នៅ​ក្នុង​ពុទ្ធ​សាសនា​និកាយ​មហាយាន ជាពិសេស​នៅ​ទីបេ ត្រូវ​ស្បថ (ទាំង​អស់​មាន ចំនួន ៤៨) ថា​បើ​ខ្លួន​បាន​ក្លាយ​ជា​ព្រះ​ពោធិសត្វ​ពេល​ណា​ គេ​មិន​ត្រូវ​ចូល​ទៅ​ស្ថាន​ សុខាវតី ចោល​មនុស្ស​លោក​ទេ ពោល​គឺ​នៅ​រង់ចាំ​ចម្លង​មនុស្ស​លោក​ឲ្យ​អស់​ពី​ផែនដី​ទៅ​ដាក់​ទី​នោះ​សិន​ ទើប​ខ្លួន​អាច​ចូល​ទៅ​តាម​ក្រោយ។ ក្នុង​រាល់​អំពើ និង​ការ​បង្រៀន​ទាំង​អស់ ពួក​គេ​សង្កត់​ធ្ងន់​ទៅ​លើ​ពាក្យ ករុណា (compassion) ពោល​គឺ​ការ​ផ្សាយ​មេត្តា​ចំពោះ​គ្រប់​សត្វ​ទាំង​អស់​ ជា​ពិសេស​មនុស្ស។ សង្ឃ​ក្នុង​និកាយ​នេះ​មិន​ឆាន់​សាច់​សត្វ​ទេ ព្រោះ​ពួក​លោក​យល់​ថា​វា​គឺ​ជា​ទង្វើ​ដែល​លើក​ទឹក​ចិត្ត​ដល់​ការ​សម្លាប់​សត្វ​មាន​ជីវិត​បន្ត​ទៀត។ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​សិក្សា​ឲ្យ​ដឹង​ខ្លះ​ៗ​នូវ​ទ្រឹស្តី, ជំនឿ និង​កិច្ច​នានា​នៃ​ពុទ្ធ​សាសនា​មហាយាន? យើង​ត្រូវ​តែ​សិក្សា​ឲ្យ​យល់​ខ្លះ​ ព្រោះ​ខ្មែរ​ក៏​ធ្លាប់​កាន់​ពុទ្ធ​សាសនា​និកាយ​មហាយាន​ដែរ ហេតុ​នេះ​ហើយ​ទើប​យើង​ឃើញ​មាន​និទាន ឬ​ជាតក​ច្រើន​រាប់​សឹង​មិន​អស់​ដែល​ ពោល​សរសើរ​ពី​អានិសង្ស​អស្ចារ្យ​នៃ​ទាន​នេះ​ឬ​ទាន​នោះ សូម្បី​តែ​វត្ថុ​ទាន​តែ​បន្តិច​ក៏​អាច​បាន​ទៅ​កើត​នៅ​ស្ថាន​សួគ៌​ រស់​នៅ​ក្នុង​វិមាន​ស្កឹម​ស្កៃ​ បើ​កើត​នៅ​លើ​ផែនដី​ក៏​បាន​ជា​មនុស្ស​មាន​អំណាច​ផុត​គេ​ប្រកប​ដោយ​អ្នក​បម្រើ​ ឬ​ប្រពន្ធ​រាប់​មិន​អស់។ ការ​បង្រៀន​បែប​នោះ​គឺ​ឲ្យ​តម្លៃ​តែ​ទៅ​លើ​ការ​ឲ្យ​វត្ថុ​ទាន និង​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សិក្សា និង​ប្រតិបត្តិ​តាម​ធម៌​ពិត​របស់​ព្រះ​ពុទ្ធ​ទេ។ វា​ជា​ការ​បង្រៀន​ដែល​នាំ​ឲ្យ​មនុស្ស​ច្រើន​នាក់​យល់​ច្រឡំ​ថា​ជា​ពាក្យ​របស់​ព្រះ​ពុទ្ធ។

  • និទាន​ទី២ ដំណាល​ពី​នាយ​នេសាទ​ម្នាក់ (មិន​ប្រាកដ​ឈ្មោះ)។ នាយ​នេសាទ​នោះ​ធ្វើ​តែ​បាប សំលាប់​សត្វ​បរិភោគ​តាំង​ពី​តូច​រហូត​ដល់​ចាស់ មិន​ដែល​បាន​ធ្វើ​បុណ្យ​ម្តងសោះ។ នា​ថ្ងៃ​មួយ មានភិក្ខុ​សង្ឃ ១រូប នឹក​អាណិត​នាយ​នេសាទ​ខ្លាំង​ណាស់ ក៏​គិត​រក​ឧបាយ​ឲ្យ​គាត់​បាន​សាង​បុណ្យ​កុសល​ខ្លះ។ លុះ​គិត​រួច​ហើយ ភិក្ខុ​អង្គ​នោះ​ក៏គ្រង​ចីវរ​កាន់​យក​នូវ បាត្រ​ដើរ​ទៅ​រង់​ចាំ​ផ្លូវ​នាយ​នេសាទ។ ថ្ងៃ​នោះ​វេលា​ព្រឹក​នាយ​នេសាទ​លី​លំពែង ១ និង​ពុន​បាយ ១កញ្ចប់ ចេញ​ទៅ​ព្រៃ​ដើម្បី​ស្វែង​រក​សត្វ​មក​ចិញ្ចឹម​ជីវិត​ដូច​កាល​សព្វ​ដង។ ដំបូង​នាយ​នេសាទ​ប្រកែក​ដាច់​ថា មិន​ព្រម​ប្រគេន តែ​ភិក្ខុ​នោះ​ចេះ​តែ​ទទូច​សុំ។ អត់​មិន​បាន​ក៏​រំលែក​បាយ ១ពំនូត​ប្រគេន។ ក្រោយ​មក កាល​នាយ​នេសាទ​រំលាយ​ខន្ធ​ស្លាប់​ទៅ​ត្រូវ​ពួក​យមបាល ឬ​យមភូបាល​យក​ខ្លួន​ទៅ​សួរ​យក​ចម្លើយ អំពី​រឿង​កាល​នៅ​មនុស្ស​លោក​នោះ​បាន​ធ្វើ​បុណ្យ​ខ្លះ​ទេ? នាយ​នេសាទ​តប​ថា ៖ មិន​បាន​ធ្វើ​បុណ្យ​ទេ ធ្វើ​តែ​បាប​តាំង​ពី​តូច​មក។ ពួក​យមបាល​ក៏​នាំ​គ្នា​ចាប់​បោះ​ទៅ​ក្នុង​រណ្តៅ​ភ្លើង​នរក តែ​មិន​ឆេះ ត្រលប់​ជា​ខ្ទាត​ចេញ​មក​វិញ យមបាល​នឹក​ឆ្ងល់ ក៏​សួរ​បញ្ជាក់​ថែម​ទៀត។ ទទួល​នាយ​នេសាទ​ក្រលេក​ទៅ​ឃើញ​អណ្តាត​ភ្លើង​មាន​ពណ៌​ដូច​ចីវរ​លោកសង្ឃ ក៏​នឹក​ឃើញ​ដល់​ទាន​ដែល​ខ្លួន​បាន​ធ្វើ ទើប​ឆ្លើយ​ថា កាល​នៅ​មនុស្ស​លោក​បាន​ធ្វើ​ទាន​បាយ​មួយ​​ពំនូត​ដល់ភិក្ខុ ១រូប ដែរ។ ពួក​យមបាល​ប្រាប់​ថា បើ​ដូច្នេះ​អ្នក​ឯង​ត្រូវ​ទៅ​កើត​ឯ​ឋានសួគ៌​មួយ​អាទិត្យ លុះ​ដល់​ថ្ងៃទី៨ យើង​នឹង​យក​ខ្លួន​មក​ទទួល​ទោស​នៅ​ឋាន​នរក​នេះ​វិញ។ ក្នុង​មួយ​រំពេច​នោះ​វិញ្ញាណ​របស់​នាយ​នេសាទ ក៏បាន​ទៅ​កើត​នៅ​ឋាន​សួគ៌​ ឈ្មោះ​ថា អន្នំលោកង្សិន៍​ទេវបុត្រ មានទំហំ ១២ យោជន៍​បរិបូណ៌ទៅ​ដោយ​សម្បត្តិ និង​ស្រី​ទេព​កញ្ញា​បំរើ​ត្រៀប​ត្រា មាន​នាង​សុវណ្ណឱរ៉ៃ ជា​ទេពី។ អន្នំលោកង្សិន៍​ទេវបុត្រ​សោយ​សម្បត្តិ​បាន ៦ថ្ងៃ នឹក​ឃើញ​ដល់​ពាក្យ​របស់​យមបាល ក៏​កើត​សេចក្តី​ទុក្ខ​ទោមនស្ស​ពន់​ពេក ហើយ​ចូល​ទៅ​ដេក​ទួញ​យំ នាង​សុវណ្ណ​ឱរ៉ៃ ឃើញ​ដូច្នេះ ក៏​ចូល​ទៅ​សួរ​អន្នំលោកង្សិន៍​ទេវបុត្រ​ក៏​រ៉ាយ​រឿង​ប្រាប់​តាំង​ពី​ដើម​ រហូត​ដល់​ចប់។ នាង​សុវណ្ណ​ឱរ៉ៃ​លួង​លោម​ថា បើ​ដូច្នោះ​សូម​ព្រះ​អង្គ​កុំ​ជា​ទុក្ខ​ទោមនស្ស​ឡើយ ត្បិត​ព្រះ​ពុទ្ធ​សំដែង​ថា «ទោះ​អ្នក​ណា​ធ្វើ​បាប​អម្បាល​ម៉ាន​ក្តី បើ​ចង់​ឲ្យ​រួច​អំពី​កម្ម​ពៀរ​ដែល​ខ្លួន​ធ្វើ​ហើយ គប្បី​សាង​វាលុក​ចេតិយ​ធ្វើ​បុណ្យ​ឆ្លង ហើយ​និង​រួច​អំពី​កម្ម​ពៀរ​នោះ​ហោង» ហេតុ​នេះ សូម​ព្រះអង្គ​ធ្វើ​តាម​ព្រះ​ពុទ្ធ​បន្ទូល​នេះ​ចុះ ទៀង​ជា​ដោះ​រួច​ចាក​កម្ម​ពៀរ​ជា​មិន​ខាន។ អន្នំលោកង្សិន៍​ទេវបុត្រ​បាន​ឮ​ដូច្នោះ​ក៏​សោមនស្ស​ទើប​ចាត់​ការ​សាង​ វាលុក​ចេតិយ និង​ធ្វើ​បុណ្យ​ឆ្លង​ហើយ​ស្រេច​ក្នុង​រវាង ៧ថ្ងៃ​នោះ។ លុះ​ដល់​ថ្ងៃទី៨ វេលា​ព្រឹក​ព្រហាម ពួក​យមបាល​ក៏​ទៅ​ដល់​ស្រែក​ហៅ​រក​អន្នំលោកង្សិន៍​ទេវបុត្រ​ឲ្យ​ចេញ​មក គ្រា​នោះ​អន្នំលោកង្សិន៍ទេវបុត្រ​គេច​មុខ​ចេញ ទុក​ឲ្យ​នាង​សុវណ្ណ​ឱរ៉ៃ​ចេញ​មក​ទទួល។ នាង​បដិសេធ​យមបាល ដោយ​មិន​ព្រម​បើក​យក​ស្វាមី​របស់​នាង​ទៅ​ឡើយ។ នាង​អះ​អាង​ថា ៖ ស្វាមីរបស់​យើង​បាន​សាង​វាលុកចេតិយ និង​ធ្វើ​បុណ្យ​ឆ្លង​រួច​ហើយ។ បាប​កម្ម​ទាំង​ពួង​ក៏​ជ្រះ​អស់​អំពី​ខ្លួន​ហើយ តែ​បើ​នៅ​តែ​ត្រូវ​ការ​យក​ខ្លួន​គាត់​ទៅ​ធ្វើ​ទោស ចូរ​រាប់​ខ្សាច់​ ១ពែង នេះ​ឲ្យ​អស់ ទើប​អាច​យក​ទៅ​បាន។ យមបាល​តប​ថា ៖ មិន​សល់​ក្រ​អ្វី​ទេ ការ​រាប់​ខ្សាច់ ១ពែង ប៉ុណ្ណោះ។ រួច​នាំ​គ្នា​រាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់។ គ្រាប់​ខ្សាច់​ដែល​យក​ចេញ​ពី​ពែង​រាប់​ដាក់​ទៅ​ខាង​ក្រៅទៅ​ជា​គំនរ​យ៉ាង​ធំ កំពស់​ស្មើ​ចុង​ត្នោត តែ​ខ្សាច់​ក្នុង​ពែង​នៅ​ដដែល គ្មាន​ស្រក​ស្រុត​ទៅ​ណា​សោះ។ ពួក​យម​បាល​ទាល់​ចំណេះ​នឹង​រាប់​ត​ទៅ​ទៀត ក៏​នាំគ្នា​ត្រលប់​ទៅ​យម​លោក​វិញ។ រីឯ​អន្នំលោកង្សិន៍​ទេវបុត្រ​បាន​នៅ​សោយ​សម្បត្តិ​ក្នុង​ទេវ​លោក​អស់​កាល អង្វែង​ត​មក​ទៀត។ គាត់​មិន​បាន​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​ដូច​ដែល​យមបាល​កំនត់​ទុក​នោះ​ទេ។ ទាំង​នេះ​ក៏​ដោយ​អំណាច​ផល្លានិសង្ស​ដែល​បាន​សាង​វាលុក​ចេតិយ និង​ធ្វើ​បុណ្យ​ឆ្លង​ដូច​ពោល​ហើយ។
  • និទាន​ទី៣ ដំណាល​អំពៅ​ចៅ​កំជិល​ខ្សាច់។ មាន​ក្មេង ១នាក់ ចេះ​តែ​ទៅ​ភ្នំ​ខ្សាច់​នោះ​រាល់​ៗ​ថ្ងៃ ប្រលាក់​ទៅ​ដោយ​ដី​ខ្សាច់​រាល់​ថ្ងៃ ទាល់​តែ​គេ​ហៅ​ថា «ចៅ​កំជិល​ខ្សាច់»។ ថ្ងៃ​មួយ ព្រះឥន្ទ្រ​បើក​ទិព្វ​ចក្ខុ​មើល​ឃើញ​ចៅ​កំជិល​ខ្សាច់​ពូនភ្នំ​ដូច្នោះ ក៏​ចាត់​អោយ​នាង​ទេព​ធីតា ១អង្គ​ចុះ​មក​ធ្វើ​ជា​ប្រពន្ធ​ចៅ​កំជិល​ខ្សាច់។ ដំបូង​ចៅ​កំជិល​ខ្សាច់​ប្រកែក​មិន​ព្រម​យក ដោយ​ថ្លែង​ថា ខ្លួន​នៅ​ក្មេង​ណាស់​មិន​ទាន់​ចេះ​រក​ស៊ី​ចិញ្ចឹម​នាង​ទេព​ធីតា​ទេ។ ទើប​ព្រះ​នាង​ទៅ​រក​ម្តាយ​ឪពុក​ចៅ​កំជិល​ខ្សាច់ ដោយ​បាន​ថ្លែង​ប្រាប់​ថា ខ្លួន​ជា​ទេព​ធីតា ព្រះឥន្ទ្រ​ប្រើ​ឲ្យ​ចុះ​មក​ធ្វើ​ជា​ប្រពន្ធ​ចៅ​កំជិល​ខ្សាច់។ មាតា​បិតា​ឃើញ​នាង​ទេព​ធីតា ក៏​ពេញ​ចិត្ត​ដោយ​នាង​មាន​រូប​ឆោម​ល្អ ទើប​លួង​លោម​ចៅ​កំជិល​ខ្សាច់​ទាល់​តែ​ព្រម​យក។ ចៅ​កំជិល​ខ្សាច់ តាំង​ពី​បាន​នាង​ទេព​ធីតា​ជា​ប្រពន្ធ​ហើយ ខ្លួន​ប្រាណ​ក៏​ស្អាត​បាត ផូរផង់ ល្អ​ជាង​ពី​មុន​មក​ឆ្ងាយ​ណាស់ ដោយ​នាង​ទេព​ធីតា​ជួយ​ថែ​សំអាត ទាំង​សមរម្យ​គ្នា​នឹង​ប្រពន្ធ​នោះ​ណាស់។ ទាល់​តែ​ល្បី​កេរ្តិ៍​ឈ្មោះ​ទៅ​ថា ចៅ​កំជិល​ខ្សាច់​បាន​នាង​ទេព​ធីតា​ជា​ភរិយា​ល្អ​សម​គ្នា​ណាស់។ គ្រា​នោះ​ពួក​មន្ត្រី​សេនាបតី​ជាដើម ក៏​បាន​ទៅ​ពិនិត្យ​មើល​ឃើញ​ដូច​ពាក្យ​គេ​ដំណាល។ ទទួល​វេលា​នោះ​ស្តេច​ម្ចាស់​ផែន​ដី​សុគត គ្មាន​អ្នក​ទទួល​រាជ​សម្បត្តិ​គ្រប់​គ្រង​ផែន​ដី គេ​គិត​ឃើញ​ថា ចៅ​កំជិល​ខ្សាច់​សម​គួរ​ជា​ព្រះ​រាជា​ម្ចាស់​ផែន​ដី ក្រោយ​នោះ​គេ​ក៏​ធ្វើ​ការ​ផ្សង​បុស្បុក​រក​អ្នក​មាន​បុណ្យ​ធ្វើ​ជា​ម្ចាស់​ផែន​ដី។ បុស្បុក​ក៏​ទៅ​ត្រូវ​លើ​ចៅ​កំជិល​ខ្សាច់ គេ​ទើប​នាំ​គ្នា​អញ្ជើញ​ទៅ​ឲ្យ​សោយរាជ្យ ព្រម​ទាំង​នាង​ទេព​ធីតា។ ផល​ដែល​ជា​ទិដ្ឋធម្មវេទនីយ​ដូច្នេះ លោក​ថា​បាន​ដោយ​ហេតុ​ដែល​បាន​ពូន​ភ្នំ​ខ្សាច់​នោះ។ កាល​កើត​មាន​រឿង​សំដែង​អំពី​អានិសង្ស​នៃ​ការ​ស្អាង​វាលុក​ចេតិយ ដូច្នេះ​ហើយ​ពួកខ្មែរ​យើង​បាន​ដឹង​រឿង​ទាំង​នេះ​ហើយ ក៏​កើត​សេចក្តី​ជឿ និង​ជ្រះ​ថ្លា ទើប​បាន​នាំ​គ្នា​ស្អាង​វាលុក​ចេតិយ​ជាប់​ជា​ប្រវេណី​ដរាប​មក​ដល់​បច្ចុប្បន្ន​កាល។
បំបួស​ភ្នំ

លោក​អាចារ្យ​សូត្រ​ធម៌ អធិដ្ឋាន វាលុក​ចេតិយ​ឲ្យ​តំណាង​ព្រះ​ចូលាមណី​ចេតិយ រួច​យក​កំណាត់​ស​ប្រវែង​ប្រមាណ​មួយ​ម៉ែត្រ​កន្លះ ទៅ​ពានា​ពាក់​ឆៀង​ព្រះ​ចេតិយ ដែល​តាម​សម្តី​អ្នក​ស្រុក​ហៅ​ថា «បំបួស​ភ្នំ»។ ក្នុង​ឱកាស​នោះ​ដែរ ព្រះសង្ឃ​សូត្រ​ធម៌​ចំរើន​ព្រះ​បរិត្ត នៅ​ធម្ម​សាលា​ដោយ​បន្ត​អំបោះ​មក​ដល់​ភ្នំ​ទាំង​អស់។ ភ្នំ​ដែល​បាន​ឡើង​ជា​អង្គ​ចេតិយ​ហើយ អ្នក​ណា​មួយ​ទៅ​ជាន់​រំលង ឬ​រំលាយ​មុន​គេ​ផ្សឹក ទុក​ត្រូវ​ទទួល​បាប។

កំណត់​សម្គាល់៖

តាម​ការ​ពិនិត្យ​មើល​ និង​វិភាគ​នូវ​កិច្ច​ខាង​សាសនា​ទាំង​អស់ ដែល​ធ្វើ​ឡើង​ក្នុង​ពេល​ពូន​ភ្នំ​ខ្សាច់ ឬ​កិច្ច​ដទៃ​ទៀត​ខាង​សាសនា យើង​អាច​សន្និដ្ឋាន​បាន​ថា វា​ជា​កិច្ច​ខាង​សាសនា​ព្រាហ្មណ៍ ដែល​បន្សល់​ទុក​នៅ​ក្នុង​ទំនៀម​ទម្លាប់​របស់​ខ្មែរ ព្រោះ​ខ្មែរ​បាន​ទទួល​រង​ឥទ្ធិពល​លទ្ធិព្រាហ្មណ៍​ជា​ច្រើនរយ​ឆ្នាំ។ ដូច្នេះ ទោះ​បី​ជា​ខ្មែរ​បែរ​មក​កាន់​ព្រះ​ពុទ្ធ​សាសនា​ក៏ដោយ ក៏​ល្បែង​របាំ និង​ប្រពៃណី​របស់​សាសនា​ព្រាហ្មណ៍​នៅ​បន្ត​មាន​សេស​សល់​ក្នុង​ផ្នត់​គំនិត និង​កិច្ច​នានា​ខាង​សាសនា​ផង​ដែរ។ ដោយ​សារ​តែ​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ដើម្បី​រក្សា​ទុក​នូវ​កិច្ច​ទាំង​ឡាយ​ខាង​សាសនា​ព្រាហ្មណ៍​កុំ​ឲ្យ​សាប​សួន្យ អ្នក​និពន្ធ​បាន​ប្រឌិត​រឿង​ជា​ច្រើន​ដោយ​ភ្ជាប់​សាច់​រឿង​ទៅ​នឹង​តួ​អង្គ ព្រះ​ពុទ្ធ ឬ​ព្រះ​ពុទ្ធ​សាសនា។ នេះ​គឺ​ជា​សិល្ប​វិធី​ដូរ​សម្បក​វេច​ខ្ចប់​ទំនិញ​ចាស់ ឬ​ទំនិញ​លែង​មាន​ការ​ពេញ​និយម ដើម្បី​បញ្ឆោត​ភ្នែក​អ្នក​ទិញ ឲ្យ​នៅ​តែ​បន្ត​ជាវ​របស់​នោះ​ប្រើ​ទៀត។ វិធី​ងាយ​ស្រួល​សម្រាប់​សម្គាល់​រក​មើល​កិច្ច​ខាង​លទ្ធិព្រាហ្មណ៍​ដែល​បន្លំ​ខ្លួន​ចូល​ក្នុង​កិច្ច​ខាង​ពុទ្ធ​សាសនា នោះ​គឺ​ការ​រក​មើល​ឲ្យ​ឃើញ​នូវ​រាល់​អន្តរាគមន៍​ពី​សំណាក់​តួ​អង្គ​អាទិទេព​ណា​មួយ នៅ​ក្នុង​ជីវិត​របស់​មនុស្ស​សាមញ្ញ ឬ​ការ​រក​មើល​ឲ្យ​ឃើញ​សាច់​រឿង​ទាំង​ឡាយ​ណា​ដែល​គេ​តាក់​តែង​ឡើង​ឲ្យ​តួ​អង្គ​ព្រះ​ពុទ្ធ​សម្តែង​ភាព​អស្ចារ្យ អាច​ហោះ​ឡើង​ស្ថាន​សួគ៌, ចុះ​ស្ថាន​នរក ឬ​អាច​ដឹង​កំណើត​របស់​ខ្លួន​រាប់​ម៉ឺន​ជាតិ។

អ្នក​កាន់​ពុទ្ធ​សាសនា​និកាយ​ថេរវាទ​បរិសុទ្ធ​ឲ្យ​តម្លៃ​ទៅ​លើ​ប្រាកដ​និយម, លើ​ការ​ពិចារណា និង​ពិសោធន៍​រក​ការពិត; ពួក​គេ​បដិសេធ​ចោល​រាល់​អច្ឆរិយភាព (ភាព​អស្ចារ្យ) ដែល​គ្មាន​តថភាព ឬ​មនុស្ស​និយម។ ព្រះ​ពុទ្ធ​មិន​ដែល​ពោល​អួត​ខ្លួន​ថា​ជា​អាទិទេព​ អាច​បែរ​ត្រឡប់​ក្រោយ​ចុះ​មក​ជួយ​ស្រោច​ស្រង់​មនុស្ស ឬ​ឲ្យ​ពរ​មនុស្ស​ម្តង​ណា​សោះ ប៉ុន្តែ​មនុស្ស​ជំនាន់​ក្រោយ​ៗ ចេះ​តែ​ប្រឌិត​រឿង​លើក​តម្កើង​តួ​អង្គព្រះ​ពុទ្ធ។ ការ​ធ្វើ​ដូច្នោះ​គឺ​ជា​វិធី​អួត​យក​ឈ្នះពួក​​អ្នក​កាន់​លទ្ធិ​ព្រាហ្មណ៍ និង​អ្នក​កាន់​សាសនា​ដទៃ​ទៀត ​ដែល​ពូកែ​អួត​សរសើរ​អាទិទេព​របស់​ពួក​គេ​ថា ជា​អាទិទេព​អាច​បង្កើត និង​រំលាយ​ផែន​ដី និង​លំហ​មេឃ រួច​បង្កើត​វិញ​តាម​អំពើ​ចិត្ត, ឬ​អួត​ថា​ជា​ព្រះ​ពិត ឬ​ព្រះ​អង្គ​សង្គ្រោះ ដែល​បាន​បង្កើត​ផែន​ដី និង​វត្ថុ​សព្វ​យ៉ាង​លើ​ផែន​ដី, ឬ​ថា​អាច​ហោះ​ហើរ​ដើរ​លើ​អាកាស, ជ្រែក​ទឹក​ជ្រែក​ដី, ស្លាប់​ហើយ​រស់​វិញ, អាច​ចុះ​ស្ថាន​នរក ឬ​ឡើង​ស្ថាន​សួគ៌​តាម​​ចិត្ត, ឬ​ថា​នឹង​ត្រឡប់​មក​វិញ​ឆាប់​ៗ ដើម្បី​សង្គ្រោះ​មនុស្ស​ដែល​ជឿ​លើ​ព្រះ​នោះ។

ព្រះ​ពុទ្ធបាន​ទូន្មាន​ឲ្យ​សាវ័ក​ព្រះ​អង្គ​យក​ធម៌ ឬ​ទ្រឹស្តី​របស់​ព្រះ​អង្គ​មក​ពិចារណា បើ​ឃើញ​ថា ត្រូវ​ក៏​យក​ទៅ​អនុវត្ត​ចុះ បើ​ឃើញ​ត្រង់​ណា​ខុស ឬ​មិន​ទាន់​សម័យ​និយម ឬ​ក្បួន​វិទ្យាសាស្ត្រ ក៏​បោះ​ចោល​ទៅ។ ព្រះ​ពុទ្ធ​បាន​ប្រដៅ​សាវ័ក​របស់​ព្រះ​អង្គ​ ក៏​ដូច​ជា​មនុស្ស​ជំនាន់​ក្រោយ ថា​កុំ​ឲ្យ​ជឿ​នរណា​ម្នាក់​ដោយ​សារ​តែ​គេ​ពោល​អួត​ខ្លួន​ថា​ជា​បណ្ឌិត ឬ​គ្រូ​អាចារ្យ ឬ​សាមណ​សង្ឃ។ ព្រះ​ពុទ្ធ​បាន​ប្រ​ដៅ​មនុស្ស​ឲ្យ​ប្រើ​ប្រាជ្ញា (បញ្ញា) ដើម្បី​យក​សម្តី​មនុស្ស​នោះ ឬ​ព័ត៌​មាន​នោះ​ គម្ពីរ​នោះ ឬ​កិច្ច​វិធី​នោះ​ មក​ពិចារណា​ប្រៀប​ធៀប និង​ពិសោធ​រក​ការ​ពិត​សិន សឹម​សម្រេច​ចិត្ត​ថា​គួរ​ជឿ​ ឬ​មិន​ជឿ។ ព្រះ​ពុទ្ធ​បាន​បរិនិព្វាន (សោយ​ទិវង្គត) អស់​រយៈកាល​ជាង​ ២៥០០ឆ្នាំ ហើយ។ កាល​ព្រះ​អង្គ​ត្រាស់​ដឹង ព្រះ​អង្គ​បាន​សម្តែង​ទុក​ថា តថាគត​ឈប់​វិល​ចូល​ក្នុង​រង្វង់ (វដ្ត) កើត​ស្លាប់​ៗ (សំសារៈ) ដែល​ជា​អន្ទាក់​ដែល​ពួក​មនុស្ស​កាន់​លទ្ធិព្រាហ្មណ៍​បាន​បង្កើត​ឡើង ដើម្បី​បោក​ប្រាស់ និង​គាប​សង្កត់​ជន​សាមញ្ញ ទៀត​ហើយ (នោះ​គឺ​ការ​សម្រេច​និព្វាន)។ ព្រះ​អង្គ​បាន​ហាម​មិន​ឲ្យសាវ័ក​របស់​ព្រះ​អង្គ​សាង​រូប​សំណាក​អ្វី​មួយ, ឬ​យក​រូប​កាយ ឬ​សំណល់​រូប​កាយ​របស់​ព្រះ​អង្គ​ទៅ​ទុក​គោរព​បូជា​ដូច​ពួក​អ្នក​កាន់​លទ្ធិព្រាហ្មណ៍​បាន​ធ្វើ​ចំពោះ​តួ​អង្គ​អវតារ នៃ​អាទិទេព​របស់​ពួក​គេ​នោះ​ទេ ព្រោះរូប ឬ​សំណល់​កាយ​របស់​ព្រះ​អង្គ គ្មាន​សេស​សល់​អ្វី​ជា​ខ្លឹមសារ​សម្រាប់​អ្នក​គោរព​ឡើយ។ ព្រះ​ពុទ្ធ​បាន​ត្រាស់​ដឹង​ជា​ព្រះ​អរហន្ត​រួច​ហើយ គឺ​ព្រះ​អង្គ​បាន​ជា​បុគ្គល​ដែល​លះ​ដាច់​ហើយ​នូវ​វត្ថុ​សម្ភារៈ​សព្វ​យ៉ាង កើត​ឡើង​ឬ​ច្នៃ​ឡើង​ពី​វត្ថុ​បាន​ពី​ផែន​ដីនេះ; ព្រះ​អង្គ​លែង​ជាប់​ជំពាក់​នឹង​សេចក្តី​ស្អប់, សេចក្តី​ស្រឡាញ់, ឬ​ពាក្យ​ពោល​សរសើរ របស់​មនុស្ស​សាមញ្ញ​ហើយ។ លើស​ពី​នោះ​ទៀត ព្រះ​ពុទ្ធ​ក៏​បាន​បរិនិព្វាន​បាត់​ទៅ​ហើយ​ដែរ គឺ​លែង​មាន​ឥន្ទ្រីយ៍​ទាំង ៦ (ភ្នែក, ត្រចៀក, ច្រមុះ, មាត់, អណ្តាត, កាយ, និង​ចិត្ត) ដែល​អាច​ទទួល​ដឹង​រស​នៃ​វត្ថុ​សព្វ​យ៉ាង ដូច​មនុស្ស​មាន​ជីវិត​រស់​នៅ​ឡើយ។ ចុះ​ហេតុដូច​ម្តេច​បាន​ជា​មនុស្ស​ភាគ​ច្រើន​នៅ​បន្ត​ច្រៀង​សរសើរ​ព្រះ​អង្គ, នៅ​តែ​បូជា​ព្រះ​អង្គ​ដោយ​ភ្លើង​ទៀន និង​ផ្សែង​ធូប, នៅ​តែ​ដាក់​ដង្វាយ ឬ​ចង្ហាន់​ប្រគេន​ព្រះ​អង្គ, បន្ត​សុំ​ខមាទោស​ចំពោះ​ព្រះ​អង្គ, នៅ​តែ​សន្សំ​ទុក និង​បូជា​ចំពោះ​ឆ្អឹង​របស់​ព្រះ​អង្គ​ដែល​អគ្គី​បានឆាប​ឆេះ​អស់​នោះ​ទៀត? កិច្ច​ទាំង​អស់​នោះ​គឺ​ជា​សំណល់ នៃ​កិច្ច​ខាង​សាសនា​ព្រាហ្មណ៍ ដែល​មនុស្ស​នៅ​រស់​បាន​ទទួល​ប្រយោជន៍​បន្តិច​ៗ​ម្នាក់ ពី​ការ​ធ្វើ​កិច្ច​ទាំង​នោះ។ កិច្ច​ទាំង​នោះ​មិន​មែន​ជា​កិច្ច​ធ្វើ​ឡើង​សម្រាប់​មនុស្ស​ដែល​បាន​ស្លាប់ ទៅ​ហើយ​ទេ ព្រោះ​មនុស្ស​ស្លាប់​គ្មាន​សល់​ការ​ឈឺ​ចាប់, ការ​ស្រេក​ឃ្លាន, ការ​ចង់​បាន ឬ​វត្ថុ​សម្រាប់​ទទួល​ទេ ប្រៀប​ដូច​ជា​គោ​ងាប់​ដែល​មិន​អាច​ងើប​ឡើង​ឆី​ចំបើង និង​ទឹក ដែល​កសិករ​ដាក់​នៅ​ចំពោះ​មុខ​វា​នោះ​ដែរ។

ផ្សឹក​វាលុក​ចេតិយ

ក្រោយ​ពី​ការ​ធ្វើ​កិច្ច​សព្វ​គ្រប់​ហើយ លោក​អាចារ្យ​សូត្រ​បួង​សួង និង​ថ្វាយ​គ្រឿង​សក្ការៈ​ដល់​អស់​ទេវតា ព្រះ​យមរាជ ដែល​តែង​តែ​ត្រួត​ត្រា​មើល​ការ​ខុស​ត្រូវ​ដល់​មនុស្ស​លោក ដើម្បី​សុំ​ខមាទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ទាំង​ឡាយ​កន្លង​មក ដោយ​ការ​អនុគ្រោះ សុំ​ឲ្យ​ផ្តាច់​កម្ម ផ្តាច់​ពៀរ និង​សុំ​សេចក្តី​សុខ​ចំរើន​ត​រៀង​ទៅ។ បន្ទាប់​លោក​អាចារ្យ​បាន​ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ដែល​ចែក​ឋាន​ទៅ មានមាតា​បិតា ជីដូន​ជីតា ព្រម​ទាំង​ញតិ​មិត្ត​ទាំង​អស់​ផង។ ថ្ងៃ​បន្ទាប់ ពុទ្ធ​បរិស័ទ​មក​ជួប​ជុំ​គ្នា លោក​អាចារ្យ​ចាប់​ដំណើរការ​ថ្វាយ​បង្គំ​ព្រះ សមាទាន​សីល​នៅ​ធម្ម​សាលា។ បន្ទាប់​មក គេ​នាំ​គ្នា​រាប់​បាត្រ​បន្ត​ហូរ​ហែ ទាល់​តែ​អស់​អ្នក​ដែល​មាន​សទ្ធា។ នៅ​ពេល​បញ្ចប់​ការ​រាប់​បាត្រ គេ​បាន​កាន់​ទៀន ធូប ផ្កា​គ្រប់​ដៃ ទៅ​កាន់​ភ្នំ​ខ្សាច់។ អាចារ្យ​ចាប់​ផ្តើម​ពិធី​នៅ​ភ្នំ​ខ្សាច់ ដូច​កាល​ពី​ល្ងាច​ម្តង​ទៀត។ ជា​មួយ​គ្នា​នេះ​ដែរ ព្រះសង្ឃ​សូត្រ​ពុទ្ធ​មន្ត​ប្រសិទ្ធិពរ​ជ័យ​សិរី​មង្គល​នៅ​ធម្ម​សាលា។ អាចារ្យ​បាន​បន្ត​ពិធី​នៅ​ខាង​ក្រៅ​មុខ​ភ្នំ គឺ​ឆ្លង​បុណ្យ ហើយ​ធ្វើ​កិច្ច​ផ្សឹក​ភ្នំ​វិញ​ដោយ​ពោល​ថា : «ឥមំ វាលុក​ចេតិយំ បច្ចក្ខាមិ» ប្រែ​ថា៖ «ខ្ញុំ​ផ្សឹក​ឥលូវ​នេះ​នូវ​វាលុក​ចេតិយ​នេះ​ចេញ» គឺ​លែង​ប្រកាន់​ថា​ជា​ចេតិយ​ទៀត​ហើយ អ្នក​ណា​រំលាយ​ក៏​គ្មាន​បាប​ដែរ។ គេ​នាំ​គ្នា​ចូល​ធម្ម​សាលា ដើម្បី​វេរ​ភត្ត​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់។ ពេល​រសៀល​គេ​ជួប​ជុំ​គ្នា ដើម្បី​នមស្ស​ការ​ថ្វាយ​បង្គំ​ព្រះ និង​អរាធនា​ព្រះសង្ឃ​សំដែង​ធម្ម​ទេសនា។ កម្ម​វិធី​ជា​បន្ត គេ​នាំ​គ្នា​សំអាត​ព្រះពុទ្ធ​រូប ហើយ​បាច​ផ្កា បាញ់​ទឹក​អប់ (ស្រង់​ព្រះ)។ នេះ​ជា​ពិធី​តាម​បែប​សាសនា។

ការ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ជា​បុណ្យ​ប្រពៃណី​ជាតិ ដែល​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ។ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ មាន​ការ​រៀបចំ​ដូច​តទៅ ៖ ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រព្រឹត្ដ​ទៅ ៣ថ្ងៃ គឺ​នៅ​ថ្ងៃទី១៣, ១៤, ឬ ១៥ ខែ​មេសា ព្រោះ​ជា​រដូវ​កាល​ដែល​ប្រជាជន​ខ្មែរ​មាន​ពេល​ទំនេរ​ពី​ការ​ប្រមូល​ផល​ស្រូវ និង​ដំណាំ​កសិកម្ម​ផ្សេងៗ។ មុន​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជន​ខ្មែរ​តែង​តែ​នាំ​គ្នា សំអាត តុបតែង​ផ្ទះ​សម្បែង និង​រៀបចំ​គ្រឿង​សម្ភារៈ​ផ្សេងៗ ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី។ នៅ​ពេល​ចូល​ដល់​ថ្ងៃទី១ នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​ក្នុង​ប្រពៃណី​ខ្មែរ​តែង​ហៅ​ថ្ងៃ​នោះ​ថា​ជា ថ្ងៃ​មហាសង្ក្រាន្ត (sankranti)។ នៅ​ពេល​នោះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កាន់​ជំនឿ​តាម​ព្រះ​ពុទ្ធ​សាសនា បាន​រៀបចំ​កន្លែង​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដែល​មាន​គ្រឿង​រណ្ដាប់​ផ្សេង​ៗ និង​មាន​តុបតែង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​តាម​ផ្ទះ​របស់​ពួក​គេ។ គ្រឿង​រណ្ដាប់ មាន​ដូច​ជា ៖ ទឹកផ្ដិល​អប់​ដោយ​ផ្កា, ទៀន៥, ធូប៥, ផ្កាភ្ញី, ភេសជ្ជៈ, និង​នំ​ចំណី, ផ្លែឈើ​ជា​ច្រើន។ល។ បន្ទាប់​មក ពួក​គេ​នឹង​ធ្វើ​ការ​សែន​ព្រេន ដោយ​មាន​អុជ​ធូប និង​ទៀន​តាម​គេហដ្ឋាន​របស់​ខ្លួន។ នៅ​ពេល​ដល់​កំណត់​ថា​ទេវតា​ឆ្នាំ​ថ្មី​យាង​ចុះ​មក​ប្រសិទ្ធិ​ពរជ័យ សិរី​សួស្ដី ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​សេចក្ដី​សុខ​ពេញ​មួយ​ឆ្នាំ។ នៅ​ពេល​ចូល​ថ្ងៃទី២ នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គេ​ហៅ​ថ្ងៃ​នោះ​ថា ជា​វារៈវ៍នបត ប្រជាជន​នាំ​គ្នា​ទៅ​វត្ដ​អារាម​ដើម្បី​យក​ចង្ហាន់ នំចំណី ផ្លែឈើ ទៅ​ប្រគេន​ព្រះសង្ឃ។ លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ការ​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ​ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និង​មាន​ការ​ច្រៀង​រាំ​បទ​ចម្រៀង​ប្រពៃណី​ផង​ដែរ នៅ​តាម​វត្ដ​អារាម និង​តាម​បណ្ដា​តំបន់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ថ្ងៃទី​៣ ជា​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​គេ​ហៅ​ថា វារៈឡើងស័ក ឬ​ថ្ងៃឆ្លង។ នៅ​ថ្ងៃ​នោះ គេ​តែង​ប្រារព្ធ​ធ្វើ​ពិធី​ស្រង់​ទឹក​រូប​បដិមា​របស់​ព្រះពុទ្ធ នៅ​តាម​វត្ដ​អារាម ដើម្បី​សុំ​សេចក្ដី​សុខ ហើយ​ក៏​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រារព្ធ​ធ្វើ​ពីធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែរ។

អត្ដន័យ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

តើ​ជនជាតិ​ខ្មែរ​និយម​ចូល​ឆ្មាំ​ថ្មី​នៅថ្ងៃ ខែ ឆ្នាំ​ណា?

រាល់​ឆ្នាំ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា​ (យូរ​ៗ​ម្ដង ថ្ងៃទី១៤ ខែ​មេសា) ត្រូវ​នឹង​ខែ​ចេត្រ នៃ​ចន្ទ​គតិ។ ដោយ​សារ​ប្រទេស​ខ្មែរ​បាន​ទទួល​ឥទ្ធិពល​សាសនា​ព្រាហ្មណ៍ (លទ្ធិ​ហ៊ីនឌូ) ទើប​ជន​ជាតិ​ខ្មែរ​នៅ​តែ​បន្ត​ប្រើប្រាស់​ក្បួន​គម្ពីរ​សាស្ត្រា​បុរាណ​របស់​លទ្ធិ​ព្រាហ្មណ៍​ក្នុង​ការ​គិតគូរ​រៀបចំ​ធ្វើ​កិច្ច​នានា​ខាង​សាសនា។ តាម​ក្បួន​តារាសាស្ត្រ ឬ​ហោរា​សាស្ត្រ​បុរាណ​នៃ​លទ្ធិ​ព្រាហ្មណ៍ គេ​យល់​ថា​ផ្ទៃ​មេឃ​មាន​រាង​ដូច​ជា​រង្វង់​មូល និង​នៅ​ស្ងៀម​មួយ​កន្លែង​ដូច​ជា​ផែន​ដី​ដែរ។ គេ​យល់​ថា​ព្រះ​អាទិត្យ​ដើរ​ជុំ​វិញ​ផែន​ដី​តាម​គន្លង​គោចរ ដែល​មាន​រូប​សណ្ឋាន​ដូច​ជា​រង្វង់ ទើប​ពួក​គេ​ហៅ​ថា រាសីចក្រ ឬ​ចក្ររាសី (រង្វង់​រាសី) ដែល​ត្រូវ​នឹង​មួយ​ឆ្នាំ។ ដោយ​សារ​តែ​ពួក​គេ​មើល​ឃើញ​នៅ​លើ​លំហ​មេឃ​មាន​ផ្កាយ (តារា) ជា​ច្រើន​នៅ​ក្បែរៗ​គ្នា​ហើយ​មាន​សណ្ឋាន​ដូច​ជា​រូប​ផ្សេងៗ ដូច​ជា​រូប​ចៀម ឬ​ពពែ​ឈ្មោល, គោ​ឈ្មោល, រូប​មនុស្ស​ប្រុស​ស្រី​ពីរនាក់, ក្តាម, សិង្ហ, ស្រី​ក្រមុំ, ជញ្ជីង, ខ្ទួយ, ធ្នូ, ត្រី​មករ (ត្រី​ថ្ករ ឬ​ត្រី​ឆ្លាម​មករ), ក្អម, និង​ត្រី ដូច្នេះ​ហើយ​ទើប​ពួក​គេ​ដាក់​ឈ្មោះ​បណ្តុំ​ផ្កាយ (នក្ខត្តឫក្ស ឬ​នក្សត្រ) ទាំង​នោះ​តាម​រូប​ភាព​ស្រដៀង​ទាំង​នោះ។ ពួក​គេ​ចែក​ផ្ទៃ​មេឃ​ជា​ ១២ចំណែក ឬ​ល្វែង (រាសី) ដោយ​ដាក់​ឈ្មោះ​ចំណែក​នីមួយៗ​ស្រប​តាម​រូប​រាង​នៃ​បណ្តុំ​ផ្កាយ ដូច​ជា មេសៈ ឬ​មេសរាសី, ឧសភៈ ឬ​ឧសភរាសី, មិថុនៈ ឬ​មិថុនរាសី, កក្កដៈ ឬ​កក្កដរាសី, សីហៈ ឬ​សីហរាសី, កញ្ញា ឬ​កញ្ញារាសី, តុលា ឬ​តុលារាសី, វិច្ឆិកៈ ឬ​វិច្ឆិករាសី, ធនុ ឬ​ធនុរាសី, មករៈ ឬ​មកររាសី, កុម្ភៈ ឬ​កុម្ភរាសី និង​មីនៈ ឬ​មីនរាសី។ ដោយ​សារ​តែ​ពួក​គេ​កំណត់​យក​មេសរាសី (ខែ មេសា) ជា​រាសី​ទី​មួយ​ ទើប​ជនជាតិ​ខ្មែរ​ចាប់​គិត​ថា​ខែ​ ចេត្រ ជា​ខែ​ទី​មួយ​នៃ​ឆ្នាំថ្មី ហើយ​ក៏​ប្រារព្ធ​ធ្វើ​កិច្ច​ចូល​ឆ្នាំ​ថ្មី​នៅ​ខែ​ចេត្រ តាម​លំអាន​រៀង​មក។ នេះ​គឺ​ដោយ​សារ​ខ្មែរ​ប្រើ​ក្បួន​គិត​ថ្ងៃ​តាម​សុរិយ​គតិ។ បើ​តាម​ក្បួន​ចន្ទ​គតិ ខែ​មិគសិរ គឺ​ជា​ខែ​ទី​មួយ​នៃ​ឆ្នាំ​ថ្មី។ តាម​ក្បួន​សុរិយ​គតិ​របស់​លទ្ធិព្រាហ្មណ៍ គេ​គិត​ថា​នៅ​ខែ​មេសា ព្រះអាទិត្យ​ចរ​ចេញ​ពី​មីនរាសី (Mina Rashi បណ្តុំ​ផ្កាយ​រាង​ដូច​ត្រី) ចូល​ទៅ​កាន់ មេសរាសី (Mesa Rashi បណ្តុំ​ផ្កាយ​រាង​ដូច​ចៀម ឬ​ពពែ​ឈ្មោល)។ ការ​ចរ​ចេញ​របស់​ព្រះអាទិត្យ​ពី​រាសី​មួយ​ទៅ​កាន់​រាសី​មួយ​ហៅ​ថា សង្ក្រាន្ត ឬ​សង្ក្រាន្តិ (sankranti)។ ក្នុង​មួយ​ឆ្នាំ​មាន ១២សង្ក្រាន្ត។ ដោយ​សារ​តែ​ពួក​ព្រាហ្មណ៍​កំណត់​យក មេសរាសី ជា​រាសី​ទី​មួយ (រាសី​តំបូង, រាសី​ក្បាល, រាសី​ធំ ឬ​មហា​រាសី) ទើប​គេ​ហៅ​សង្ក្រាន្ត​នៅ​ខែ​មេសា ថា មហាសង្ក្រាន្ត គឺ​ដំណើរ​ឆ្លង​កាត់​របស់​ព្រះអាទិត្យ ពី​ចក្ររាសី​នៃ​ឆ្នាំ​ចាស់ ទៅ​កាន់​ចក្ររាសី​នៃ​ឆ្នាំ​ថ្មី។ សព្វ​ថ្ងៃ ខ្មែរ​នៅ​បន្ត​ប្រើ​ប្រាស់​ក្បួន​គិត​ថ្ងៃ​ខែ​តាម​វិធី​ចន្ទ​គតិ និង​សុរិយ​គតិ សម្រាប់​ការ​រៀប​ចំ​កិច្ច​ខាង​សាសនា ប៉ុន្តែ​សម្រាប់​កិច្ចការ​រាជ​ការ ខ្មែរ​បែរ​មក​ប្រើ​ក្បួន​គិត​ថ្ងៃ​ខែ​ឆ្នាំ​តាម​គ្រិស្ត​សាសនា ដូច​បណ្តា​ប្រទេស​ទាំង​ឡាយ​នៅ​លើ​សាកល​លោក​ដែរ ដែល​យើង​នាំ​គ្នា​ហៅ​ថា ឆ្នាំ​សាកល ឬ​គ្រិស្តសករាជ។

តាម​ទម្លាប់ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ចូល​ឆ្នាំ​ចំនួន ៣ថ្ងៃ​គឺ ៖ ថ្ងៃទី១ ជា​ថ្ងៃ​ចូល​ឆ្នាំ, ថ្ងៃទី២ ជា​ថ្ងៃ (វារៈ) វនបត, ថ្ងៃទី៣ ជា​ថ្ងៃ​ឡើងស័ក។ ជនជាតិ​ណា​ក៏​ប្រារព្ឋ​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​គេ​ដែរ។ ចំពោះខ្មែរ​យើង នាំ​គ្នា​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពីណី​ជាតិ ជា​រៀង​រាល់​ឆ្នាំ ព្រោះ​យើង​យល់​ថា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​មាន​អត្ថន័យ​ជ្រាល​ជ្រៅ។ ខ្មែរ​មាន​ជំនឿ​ថា ក្នុង​មួយ​ឆ្នាំ​នៃ​ការ​រស់​នៅ គេ​តែង​ជួប​ប្រទះអពមង្គល ឧបទ្រព្យ​ចង្រៃ​ផ្សេងៗ ជូន​កាល​មាន​ទុក្ខ​សោក ជួន​កាល​មាន​គ្រោះ​អាសន្ន ជួន​កាល​មាន​ជំងឺ​រូប​រឹត​រាង​កាយ ជូន​កាល​ទៀត​បាន​ប្រព្រឹត្ដ​អំពើ​សៅហ្មង​មិនគប្បី។ លុះ​ផុត​ឆ្នាំ​ចាស់​ទៅ គេ​នាំ​គ្នា​ធ្វើ​បុណ្យ គេ​ស្លៀក​ពាក់​ថ្មី​ៗ គេ​នាំ​គ្នា​ដើរ​លេង​កំសាន្ដ ដើម្បី​ឲ្យ​អស់​កង្វល់ ហើយ​ឲ្យ​មាន​សិរី​សួស្ដី មាន​សិរី​សូស្ដី​មាន​សុភមង្គល​នៅ​ក្នុង​ឆ្នាំ​ថ្មី។

ម្យ៉ាង​ទៀត រយៈ​ពេល​មួយ​ឆ្នាំ ពួក​គេ​បាន​បែក​ចេញ​ពី​គ្រួសារ និង​ញាតិ​មិត្ដ ទៅ​ប្រកប​របរ​ចិញ្ចឹម​ជិវិត​នៅ​ទី​ឆ្ងាយ​ៗ។ លុះ​ដល់​ឆ្នាំ​ថ្មី គេ​បាន​វិល​មក​ជូប​ជុំ​គ្នា សូរ​សុខ​ទុក្ខ​គ្នា ដើម្បី​បន្ឋូរ​ការ​នឹក​រឭក និង​បំបាត់​ការ​នឿយ​ហត់​ពី​ការងារ​ផង។ រួច​ទើប​បន្ដ​ជីវភាព​ថ្មី​នៅ​ក្នុង​ឆ្នាំ​ថ្មី​ប្រកប​របរ​ដោយ​ជោគជ័យ និង​អាយុ​យឺន​យូរ។ ម្យ៉ាង​ទៀត ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​គឺ​ជា​ប្រពៃណី​អាច​បណ្ដុះ​ស្មារតី​ស្រឡាញ់​រាប់​អាន​គ្នា​រវាង​អ្នក​ភូមិ​ស្រុក​ជិត​ខាង​គ្នា ជា​កត្ដា​បង្កើត​សាមគ្គី​ភាព​ជាតិ។ ហេតុ​នេះ​ហើយ ទើប​នៅ​ពេល​នោះ គេ​មិន​ត្រឹម​តែ​ជួប​ជុំ​គ្នា​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ដ​អារាម​ ដែល​ជា​មជ្ឈមណ្ឌល​អប់រំ​ឲ្យ​មាន​ការ​មនុស្ស​ធម៌ និង​សាមគ្គី​ភាព។ ដោយ​សារ​ពីធី​បុណ្យ​ចួល​ឆ្នាំ​ថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាង​នេះ ទើប​ខ្មែរ​យើង​និយម​រាប់​អាន​ទុក​ជា ប្រពៃណី​ជាតិ​តាំង​ពី​ដើម​រហូត​មក។

 

ប្រភព ៖ គេហទំព័ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


Print
SHARE IN SOCIAL MEDIA AND EMAIL
Recent News
អបអរសាទរខួបលើក

ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤

អបអរសាទរទិវាអន្តរជាតិនារី

ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង

July 25, 2019

នៅព្រឹកថ្ងៃពុធ ៨ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា

March 8, 2019

ពិធីអបអរសាទរទិវាអន្តរជាតិនារី

នាថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង

January 12, 2018

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី១១