លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលារបស់ស្ថាប័នសវនកម្មកំពូលអាស៊ាន ស្តីពីជំនាញសម្របសម្រួល ASEANSAI Facilitation Skills Workshop
ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញចូលរួមបើកសិក្ខាសាលារបស់ស្ថាប័នសវនកម្មកំពូលអាស៊ានស្តីពីជំនាញសម្របសម្រួល ( ASEANSAI Faciliation Skills Workshop) ដែលសិក្ខាសាលានេះប្រព្រឹត្តទៅនៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។ សិក្ខាសាលានេះរៀបចំឡើងក្នុងទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃស្ថាប័នសវនកម្មកំពូលប្រទេសព្រុយណេ កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម សរុប ៣០ រូប។
នៅក្នុងឱកាសនៃការចូលរួមបើកសិក្ខាសាលានេះ លោកជំទាវ បណ្ឌិត អគ្គសវនករ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ដែលបានមកចូលរួមសិក្ខាសាលាស្តីពីជំនាញសម្របសម្រួលដែលបានរៀបចំទ្បើងនៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធអនឡាញ។ លោកជំទាវ បណ្ឌិត អគ្គសវនករ បានគូសបញ្ជាក់ថា សិក្ខាសាលារយៈពេល ៣ ថ្ងៃ នេះពិតជាមានសារៈសំខាន់សម្រាប់អ្នកជំនាញ និងអ្នកសម្របសម្រួលទាំងអស់មានឱកាសជួបប្រជុំ និងពិភាក្សាគ្នាទៅតាមរបៀបវារៈនៃសិក្ខាសាលាដើម្បីសម្រេចបានគោលបំណងនៃសិក្ខាសាលា រួមមាន ជំនាញសម្របសម្រួលគន្លឹះក្នុងការដឹកនាំសកម្មភាពណាមួយដែលបានជ្រើសរើស ជំនាញធ្វើបទបង្ហាញ និងវត្តមានលើវេទិកាប្រកបដោយភាពជឿជាក់។
ជាមួយគ្នានេះ លោកជំទាវ បណ្ឌិត អគ្គសវនករ បានយកឱកាសនេះជម្រាបជូនអំពីស្ថានភាពជារួមនៃព្រំដែន ដោយលោកជំទាវ បានបញ្ជាក់ជូនថា៖
ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរជាង ២១ ០០០ នាក់នៅតែបន្តបាត់បង់ទីលំនៅ និងជម្លៀសខ្លួន។
រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរក្នុងការដោះស្រាយជម្លោះតាមការទូត និងច្បាប់អន្តរជាតិ ហើយប្រឆាំងដាច់ខាតចំពោះការកែប្រែខ្សែព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងយោធា ឬការប៉ុនប៉ងបង្កើតការណ៍ពិតនៅលើដី (Fait accompli) ពីសំណាក់ភាគីណាមួយឡើយ។
កម្ពុជាបន្តអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយគាំទ្រ និងជំរុញយន្តការដោះស្រាយជម្លោះនេះដោយសន្តិវិធី តាមរយៈគណៈកម្មការព្រំដែនរួម (JBC) និងដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
កម្ពុជាបានបញ្ជាក់ថា ការគោរពបូរណភាពទឹកដី មិនមែនជារឿងទ្វេភាគីដាច់ដោយឡែកនោះទេ ប៉ុន្តែវាទាមទារឱ្យមានសកម្មភាពជាក់ស្តែងពីសហគមន៍អន្តរជាតិ ក្នុងការការពារជនស៊ីវិល និងលើកកម្ពស់ច្បាប់អន្តរជាតិ។
ទន្ទឹមនឹងនេះ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការពារជាតិ ក៏បានបន្តចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយទាមទារឱ្យដកកងទ័ពចេញពីតំបន់ដែលកំពុងកាន់កាប់ខុសច្បាប់ និងបានបដិសេធរាល់ការចោទប្រកាន់មិនពិត ជុំវិញការចល័តទ័ព ឬការបំពាននានា។
បន្ថែមលើនេះ លោកជំទាវ បណ្ឌិត អគ្គសវនករសូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មការបណ្តុះបណ្តាល និងស្ថាប័នសវនកម្មកំពូលដែលជាសមាជិករបស់ ASEANSAI ដែលបានបញ្ជូនអ្នកសម្របសម្រួល និងអ្នកចូលរួមរបស់ខ្លួនចូលរួមក្នុងសិក្ខាសាលាស្តីពីជំនាញសម្របសម្រួលនាពេលនេះ។ លោកជំទាវ សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការបណ្តុះបណ្តាល និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអាជ្ញាធរសវនកម្មជាតិ ដែលបានសម្របសម្រួល និងទំនាក់ទំនងក្នុងការរៀបចំសិក្ខាសាលានេះ។
ជាមួយនឹងការចូលរួម និងប្រកាសបើកសិក្ខាសាលា លោកជំទាវ បណ្ឌិត អគ្គសវនករ សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងគណៈប្រតិភូទាំងអស់ស្នាក់នៅ និងធ្វើការនៅរាជធានីភ្នំពេញ ដែលជារាជធានីមានទីតាំងប្រកបដោយលក្ខណៈពិសេសរបស់ខ្លួន គឺមានទន្លេបួនរត់ប្រសព្វគ្នាហៅទីតាំងចតុមុខ ឬមុខបួន ប្រកបដោយផាសុខភាព និងសោមនស្សរីករាយ ព្រមទាំងទទួលបានសុភមង្គល សុខភាពល្អ និងជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម។



English