Events

លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលារបស់ស្ថាប័នសវនកម្មកំពូលអាស៊ាន ស្តីពីជំនាញសម្របសម្រួល ASEANSAI Facilitation Skills Workshop
លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលារបស់ស្ថាប័នសវនកម្មកំពូលអាស៊ាន ស្តីពីជំនាញសម្របសម្រួល ASEANSAI Facilitation Skills Workshop

 

ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញចូលរួមបើកសិក្ខាសាលារបស់ស្ថាប័នសវនកម្មកំពូលអាស៊ានស្តីពីជំនាញសម្របសម្រួល ( ASEANSAI Faciliation Skills Workshop) ដែលសិក្ខាសាលានេះប្រព្រឹត្តទៅនៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។ សិក្ខាសាលានេះរៀបចំឡើងក្នុងទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃស្ថាប័នសវនកម្មកំពូលប្រទេសព្រុយណេ កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម សរុប ៣០ រូប។

នៅក្នុងឱកាសនៃការចូលរួមបើកសិក្ខាសាលានេះ លោកជំទាវ បណ្ឌិត អគ្គសវនករ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ដែលបានមកចូលរួមសិក្ខាសាលាស្តីពីជំនាញសម្របសម្រួលដែលបានរៀបចំទ្បើងនៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធអនឡាញ។ លោកជំទាវ បណ្ឌិត អគ្គសវនករ បានគូសបញ្ជាក់ថា សិក្ខាសាលារយៈពេល ៣ ថ្ងៃ នេះពិតជាមានសារៈសំខាន់សម្រាប់អ្នកជំនាញ និងអ្នកសម្របសម្រួលទាំងអស់មានឱកាសជួបប្រជុំ និងពិភាក្សាគ្នាទៅតាមរបៀបវារៈនៃសិក្ខាសាលាដើម្បីសម្រេចបានគោលបំណងនៃសិក្ខាសាលា រួមមាន ជំនាញសម្របសម្រួលគន្លឹះក្នុងការដឹកនាំសកម្មភាពណាមួយដែលបានជ្រើសរើស ជំនាញធ្វើបទបង្ហាញ និងវត្តមានលើវេទិកាប្រកបដោយភាពជឿជាក់។

ជាមួយគ្នានេះ លោកជំទាវ បណ្ឌិត អគ្គសវនករ បានយកឱកាសនេះជម្រាបជូនអំពីស្ថានភាពជារួមនៃព្រំដែន ដោយលោកជំទាវ បានបញ្ជាក់ជូនថា៖

ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរជាង ២១ ០០០ នាក់នៅតែបន្តបាត់បង់ទីលំនៅ និងជម្លៀសខ្លួន។

រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរក្នុងការដោះស្រាយជម្លោះតាមការទូត និងច្បាប់អន្តរជាតិ ហើយប្រឆាំងដាច់ខាតចំពោះការកែប្រែខ្សែព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងយោធា ឬការប៉ុនប៉ងបង្កើតការណ៍ពិតនៅលើដី (Fait accompli) ពីសំណាក់ភាគីណាមួយឡើយ។

កម្ពុជាបន្តអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយគាំទ្រ និងជំរុញយន្តការដោះស្រាយជម្លោះនេះដោយសន្តិវិធី តាមរយៈគណៈកម្មការព្រំដែនរួម (JBC) និងដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

កម្ពុជាបានបញ្ជាក់ថា ការគោរពបូរណភាពទឹកដី មិនមែនជារឿងទ្វេភាគីដាច់ដោយឡែកនោះទេ ប៉ុន្តែវាទាមទារឱ្យមានសកម្មភាពជាក់ស្តែងពីសហគមន៍អន្តរជាតិ ក្នុងការការពារជនស៊ីវិល និងលើកកម្ពស់ច្បាប់អន្តរជាតិ។

ទន្ទឹមនឹងនេះ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការពារជាតិ ក៏បានបន្តចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយទាមទារឱ្យដកកងទ័ពចេញពីតំបន់ដែលកំពុងកាន់កាប់ខុសច្បាប់ និងបានបដិសេធរាល់ការចោទប្រកាន់មិនពិត ជុំវិញការចល័តទ័ព ឬការបំពាននានា។

បន្ថែមលើនេះ លោកជំទាវ បណ្ឌិត អគ្គសវនករសូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មការបណ្តុះបណ្តាល និងស្ថាប័នសវនកម្មកំពូលដែលជាសមាជិករបស់ ASEANSAI ដែលបានបញ្ជូនអ្នកសម្របសម្រួល និងអ្នកចូលរួមរបស់ខ្លួនចូលរួមក្នុងសិក្ខាសាលាស្តីពីជំនាញសម្របសម្រួលនាពេលនេះ។ លោកជំទាវ សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការបណ្តុះបណ្តាល និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអាជ្ញាធរសវនកម្មជាតិ ដែលបានសម្របសម្រួល និងទំនាក់ទំនងក្នុងការរៀបចំសិក្ខាសាលានេះ។

ជាមួយនឹងការចូលរួម និងប្រកាសបើកសិក្ខាសាលា លោកជំទាវ បណ្ឌិត អគ្គសវនករ សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងគណៈប្រតិភូទាំងអស់ស្នាក់នៅ និងធ្វើការនៅរាជធានីភ្នំពេញ ដែលជារាជធានីមានទីតាំងប្រកបដោយលក្ខណៈពិសេសរបស់ខ្លួន គឺមានទន្លេបួនរត់ប្រសព្វគ្នាហៅទីតាំងចតុមុខ ឬមុខបួន ប្រកបដោយផាសុខភាព និងសោមនស្សរីករាយ ព្រមទាំងទទួលបានសុភមង្គល សុខភាពល្អ និងជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម។


Print
SHARE IN SOCIAL MEDIA AND EMAIL
Recent News
អបអរសាទរខួបលើក

ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥

អបអរសាទរខួបលើក

ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤

អបអរសាទរទិវាអន្តរជាតិនារី

ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង

July 25, 2019

នៅព្រឹកថ្ងៃពុធ ៨ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា

March 8, 2019

ពិធីអបអរសាទរទិវាអន្តរជាតិនារី

នាថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង