ពិធីចូលកាន់តំណែងជាផ្លូវការរបស់មន្ត្រីជាន់ខ្ពស់ នៃអាជ្ញាធរសវនកម្មជាតិ
កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១១ កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់របស់អាជ្ញាធរសវនកម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែតែងតាំងថ្មីបានចូលមកកាន់តំណែងជាផ្លូវការនៅក្នុងពិធី ផ្ទេរតំណែងអគ្គសវនករ អគ្គសវនកររងនៅឯអាជ្ញាធរសវនកម្មជាតិ។
ពិធីផ្ទេរតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់នេះប្រព្រឹត្តឡើងក្រោម អធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ការផ្ទេរតំណែងនេះ គឺដើម្បីបន្តការងារពីឯកឧត្តម អ៊ុត ឈនអគ្គសវនករចាស់បានបញ្ចប់អាណត្តិ ជំនួសដោយលោកជំទាវ សោម គីមសួគ៌ ជាអគ្គសវនករថ្មីក្រោមការបោះឆ្នោតសំដែងការទុកចិត្តនៅរដ្ឋសភាជាតិ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១។ នៅក្នុងការបោះឆ្នោតនោះដែរឯកឧត្តម ឆាយ គីមត្រូវបានបន្តតំណែងជាអគ្គសវនកររងសំរាប់អាណត្តិថ្មី និងឯកឧត្តម សួន សិទ្ធី ជាអគ្គសវនកររងថ្មី ជំនួសអោយឯកឧត្តម សេង រ៉ុន។
ឆ្លៀតក្នុងឱកាសនៃការផ្ទេរតំណែងនោះ លោកជំទាវ ម៉ែន សំអនបានមានប្រសាសន៍ថា “ការផ្ទេរតំណែងនេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជ រដ្ឋាភិបាលប៉ុណ្ណោះទេ តែនេះជាការគោរពច្បាប់ដើម្បីធ្វើអោយកម្ពុជាក្លាយជានីតិរដ្ឋ”។ លោកជំទាវបានបន្តថា អាជ្ញាធរសវនកម្មជាតិ គឺជាអង្គភាពឯករាជ្យក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួនពិតជាមាន សារៈសំខាន់យ៉ាងខ្លាំងក្នុងការជំរុញកំណែទំរង់រដ្ឋបាល ពិសេសការប្រឆាំងនឹងអំពើពុករលួយ និងរួមចំណែកជួយជំរុញការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអោយបានកាន់ តែសុក្រឹត្យ។ អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសវនកម្មកំពូលរបស់ព្រះរាជាណាចក្រកម្ពុជាបានបង្កើតឡើង នៅឆ្នាំ២០០១ ក្រោមច្បាប់សវនកម្មនៃព្រះរាជាណាចក្រកម្ពុជាដែលប្រកាសអោយប្រើដោយ ព្រះរាជក្រមលេខ ជស/រកម/០៣០០/១០ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០។
ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃអាជ្ញាធរសវនកម្ម ជាតិ បច្ចុប្បន្នស្ថាប័នសវនកម្មកំពូលនេះបានចូលជាសមាជិករបស់អង្គការ ស្ថាប័នសវនកម្មកំពូលនៃអង្គការអន្តរជាតិ (INTOSAI) និងរបស់ស្ថាប័នសវនកម្មកំពូលនៃអង្គការអាស៊ី (ASSOSAI)។