ពិធីរំលឹកខួបទិវានារីអន្តរជាតិ ៨មីនា លើកទី១០១
លោកជំទាវ សោម គីម សួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីរំលឹកខួបលើកទី១០១ នៃទិវានារីអន្តរជាតិ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១២ នៅសាលប្រជុំធំជាន់ទី៣ នៃទីស្នាក់ការអាជ្ញាធរសវនកម្មជាតិ។
ថ្លែងក្នុងពិធីនោះ លោកជំទាវអគ្គសវនករ បានមានប្រសាសន៍ថា “ក្នុងឆ្នាំ២០១២ នេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកប្រធានបទ អ្នកម្តាយដ៏ឆ្នើមរបស់ខ្ញុំ ដើម្បីប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០១ ក្នុងគោលបំណងដើម្បីអោយកូន-ចៅ យល់ដឹងអំពីគុណតម្លៃដ៏ពិតប្រាកដរបស់អ្នកមានគុណទាំងឡាយ ជាពិសេសអ្នកម្តាយគ្រប់ៗរូបដែលបានខិតខំប្រឹងប្រែងតស៊ូឥតគណនា ក្នុងការចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំប្រៀនប្រដៅកូនៗ អោយក្លាយជាកូនល្អ ជាពលរដ្ឋល្អ នាពេលអនាគត”។
“អ្នកម្តាយដ៏ឆ្នើមរបស់ខ្ញុំ” គឺបានបង្ហាញពីអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបង្កប់នូវពាក្យមនោសញ្ចេតនាគួរអោយសង្វេគចិត្ត និងរន្ធត់ចិត្តឥតឧបមារកអ្វីមកប្រៀបផ្ទឹមពុំបានចំពោះអ្នកម្តាយ គ្រប់រូប ដែលមានភារកិច្ចយ៉ាងលំបាកគ្រប់បែបយ៉ាង ដើម្បីកូនៗជាទីស្រលាញ់ ចាប់តាំងពីពរពោះ ឆ្លងទន្លេ រហូតដល់ធំពេញវ័យ។ នារីមិនត្រឹមតែជាមាតាដ៏ប្រពៃសម្រាប់កូនៗនោះទេ នារីគឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍផ្នែករដ្ឋ និងផ្នែកឯកជន ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល ហើយនារីមានសមត្ថភាពដូចបុរសផងដែរ។ ជាមួយនឹងសមត្ថភាពគ្រប់ជ្រុងជ្រោយនេះ នារីជាច្រើននៅលើសកលលោកបានក្លាយជាព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី អ្នកដឹកនាំក្រសួង ស្ថាប័ន និងអង្គការនានាជាច្រើនទៀត។ ដោយឡែកនៅប្រទេសកម្ពុជា នារីជាច្រើនបានកាន់មុខតំណែងខ្ពស់ៗដូចជា ប្រធានកាកបាទក្រហមកម្ពុជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងតំណែងធំៗជាច្រើនទៀតក្នុងស្ថាប័ននីតិប្បញ្ញត្តិ អង្គតុលាការ ស្ថាប័នសវនកម្មកំពូល និងអង្គការនានា ។ល។
លោកជំទាវបានបញ្ជាក់ថា ប្រធានបទខាងលើនេះគឺជាគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែលើកឡើង ដើម្បីបញ្ជាក់ពីការគាំទ្រ និងការយកចិត្តទុកដាក់របស់សង្គមមកលើនារី ព្រោះនារីជាប្អូនស្រី ជាបងស្រី ជាភរិយា ជាម្តាយ ជាជីដូន ដ៏ល្អសម្រាប់ការគ្រប់គ្រងគ្រួសារ និងសង្គមជាតិ។ ការផ្តល់ឱកាស ការលើកទឹកចិត្ត ការគាំទ្រ និងការជួយដល់ស្ត្រី គឺពិតជាបាននាំមកនូវផលជាវិជ្ជមានសម្រាប់ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួនដោយផ្ទាល់ ព្រមទាំងមានផលប្រយោជន៍ដល់សង្គមជាតិទាំងមូល ស្របគ្នានឹងប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចនាយករដ្ឋមន្ត្រីដែល បានលើកឡើងថា “ការវិនិយោគលើស្ត្រី គឺជាការវិនិយោគអោយសង្គមជាតិទាំងមូល”។
ក្រឡេកមកមើលសកម្មភាពរបស់ស្ត្រីនៃអាជ្ញាធរសវនកម្មជាតិវិញម្តង ក្រៅពីភារកិច្ចជាមាតាដ៏ល្អ ពួកគាត់បានខិតខំ និងយកចិត្តទុកដាក់ចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញភារកិច្ចដែល ថ្នាក់ដឹកនាំបានប្រគល់ជូនតាមមុខសញ្ញា ជាក់ស្តែង ស្ត្រីបានចូលរួមចុះធ្វើសវនកម្មនៅតាមអង្គភាព ក្រសួង ស្ថាប័ននានាក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។ លើការងារបណ្តុះបណ្តាល ស្ត្រីបានទទួលការរៀនសូត្របន្ថែម ទាំងនៅក្នុង និងក្រៅប្រទេស ដែលមានវគ្គសិក្សារយៈពេលខ្លី និងរយៈពេលវែង ដើម្បីបង្កើនសមត្ថភាព និងការយល់ដឹងពីជំនាញបច្ចេកទេស អោយស្របតាមសភាពការណ៍រីកចម្រើនរបស់សកលលោកទាំងមូល។ ចំពោះការងារសង្គមវិញ ស្ត្រីនៅក្នុងអាជ្ញាធរសវនកម្មជាតិ ក៏បានចូលរួមចំណែកដោយប្រយោល តាមរយៈកាកបាទក្រហមកម្ពុជាក្នុងការជួយសង្គ្រោះជនរងគ្រោះគ្រប់ ប្រភេទ ដោយភាពមនុស្សធម៌ និងមិនលម្អៀង ព្រមទាំងបានចូលរួមក្នុងពិធីបុណ្យជាតិ និងអន្តរជាតិនានា និងបានជួយរំលែកទុក្ខលំបាក និងការខ្វះខាតរបស់មន្រ្តីរាជការ បុគ្គលិកនៃអាជ្ញាធរសវនកម្មជាតិនាពេលមានអាសន្ន និងជួបគ្រោះថ្នាក់ផងដែរ។
អាជ្ញាធរសវនកម្មជាតិបានរៀបចំប្រារព្ធពិធីរំលឹកទិវានារី អន្តរជាតិ ៨មីនានេះជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ វាជាមោទនភាពដ៏ក្រៃលែង ដែលអាជ្ញាធរសវនកម្មជាតិមានថ្នាក់ដឹកនាំជាន់ខ្ពស់ជាស្ត្រីនៅក្នុង អាណត្តិទី៣ នេះ គិតចាប់ពីពេលដែលអាជ្ញាធរសវនកម្មជាតិត្រូវបានបង្កើតឡើង និងមានថ្នាក់នាយកដ្ឋាន និងថ្នាក់ការិយាល័យមួយចំនួនទៀតក៏ជាស្ត្រីផងដែរ ក្នុងចំណោមស្ត្រីចូលរួមបំរើការងារសរុបចំនួន ៥៥នាក់។