ពិធីរំលឹកខួបទិវានារីអន្តរជាតិ ៨មីនា លើកទី១០២
នៅក្នុងពិធីអបអរសាទរ ខួបលើកទី១០២ ទិវានារីអន្តរជាតិ អាជ្ញាធរសវនកម្មជាតិ (អសជ) បានរៀបចំពិធីមួយនៅឆ្នាំនេះក្រោមប្រធានបទ៖ “សិទ្ធិស្មើគ្នា ឱកាសស្មើគ្នា ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍”។ លោកជំទាវ សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ បានធ្វើជាអធិបតីក្នុងពិធីនេះ ព្រមទាំងមានស្ត្រីចំនួន ៥៩រូប មកពីអាជ្ញាធរសវនកម្មជាតិ និងគម្រោង GIZ គាំទ្រអាជ្ញាធរសវនកម្មជាតិ បានចូលរួមក្នុងពិធីនេះផងដែរ។
ការអភិវឌ្ឍន៍ចំនេះដឹងបច្ចេកទេសដើម្បីការអភិវឌ្ឍន៍ស្ថានភាពរបស់ស្ត្រី
លោកស្រី គួយ ឡាង តំណាងស្ត្រី នៃអាជ្ញាធរសវនកម្មជាតិ បានពាំនាំសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ នៅឆ្នាំនេះ សារបានផ្តោតទៅលើការលើកកំពស់ចំនេះដឹងបច្ចេកទេសរបស់ស្ត្រីដើម្បីពង្រឹងសិទ្ធិរបស់ពួកគេ និងបង្កើនឱកាសអាជីព។ លោកស្រី គួយ ឡាង បានសង្ខេបសកម្មភាព និងលទ្ធផលនៃការងាររបស់ស្ត្រីនៅក្នុងអាជ្ញាធរសវនកម្មជាតិ។
លើសពីនេះទៀត លោកជំទាវ សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវ “សិទ្ធិស្មើគ្នា ឱកាសស្មើគ្នា ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍” តម្រូវឱ្យមានការលើកកម្ពស់សិទ្ធិ និងឱកាសដើម្បីចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍន៍ប្រទេស។ នេះក៏តម្រូវឱ្យលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងពីរភេទសំដែង និងគាំទ្រយ៉ាងពេញទំហឹងចំពោះសមធម៌យេនឌ័រ។
ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយវិសមភាពយេនឌ័រ
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ចែងថា “ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ និងមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ នេះរួមបញ្ចូលទាំងសិទ្ធិស្មើគ្នាក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ ការជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន និងសិទ្ធិទទួលបានបំណាច់ស្មើគ្នាចំពោះការងារដូចគ្នា។ វាក៏រួមបញ្ចូលការហាមឃាត់ និងការបំបាត់ចោលការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្ត្រីភេទ។ “
លើសពីនេះទៀត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (CMDG – Cambodia Millennium Development Goals) បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងវិស័យទាំងអស់។
ជាក់ស្តែង អង្គការ GIZ ក៏បានអនុវត្តយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រដើម្បីជួយគាំទ្រគំនិតយេនឌ័រក្នុងការងាររបស់ខ្លួន។ នេះជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងការអភិវឌ្ឍន៍ និងការវាយតំលៃដំណើរការនៃការសំរេចចិត្ត និងការវាយតម្លៃទស្សនយេនឌ័រ ខណៈពេលនៃការវាយតម្លៃពីផលប៉ះពាល់នៃអន្ដរាគមន៍លើជីវិតរបស់ប្រជាពលរដ្ឋទាំងពីរភេទ។