សាវតារ

ប្រវត្តិ​កកើត

អាជ្ញាធរ​សវនកម្ម​ជាតិ ជា​ស្ថាប័ន​សវនកម្ម​កំពូល ដែល​ពុំ​ធ្លាប់​មាន​ពី​ជំនាន់​មុនៗ។ ការ​ជំរុញ​ឲ្យ​កើត​ជា​ស្ថាប័ន​នេះ​ឡើង ដើម្បី​រួម​ចំណែក​ក្នុង​កម្មវិធី​កែ​ទម្រង់​របស់​រាជ​រដ្ឋាភិបាល សំដៅ​ឈាន​ទៅ​សម្រេច​នូវ​គោល​នយោបាយ​អភិបាល​កិច្ច​ល្អ ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព សមធម៌ និង​កាត់​បន្ថយ​ភាព​ក្រីក្រ។ ឆន្ទៈ​ជំរុញ​ដ៏​មោះមុត​នេះ បាន​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ខ្ពង់ខ្ពស់​របស់​រាជ​រដ្ឋាភិបាល រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​នៅ​ឆ្នាំ​២០០១ ជា​ឆ្នាំ​ទី៣ អាណត្តិ​ទី២ នៃ​រាជ​រដ្ឋាភិបាល។

អាជ្ញាធរ​សវនកម្ម​ជាតិ មាន​អក្សរ​កាត់​ជា​ខេមរ​ភាសា “អ.ស.ជ” ជា​ស្ថាប័ន​សាធារណៈ​មួយ មាន​ភាព​ឯករាជ្យ​អំពី​កិច្ច​ប្រតិបត្តិការ​នៃ​ការងារ ហើយ​ត្រូវ​បាន​បង្កើត​ដោយ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ដែល​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះ​រាជក្រម​លេខ ជស/​រកម/​០៣០០/​១០ ចុះ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០០។

សិទ្ធិ​អំណាច និង​វិសាល​ភាព

​តាម​ច្បាប់​ស្តី​ពី​សវនកម្ម​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា អាជ្ញាធរ​សវនកម្ម​ជាតិ មាន​បញ្ញត្តិ​ដែល​ចែង​លម្អិត​ក្នុង​ការ​ពិនិត្យ​របាយការណ៍​ហិរញ្ញវត្ថុ​ និង​កិច្ច​ប្រតិបត្តិការ​របស់​រាជ​រដ្ឋាភិបាល។ ខ្លឹមសារ​សង្ខេប​ដែល​ចែង​ដោយ​ច្បាប់​នេះ ចាប់​ពី​មាត្រា​១៤ និង​ដល់​១៧ បញ្ជាក់​ថា អាជ្ញាធរ​សវនកម្ម​ជាតិ៖

  • ជា​ស្ថាប័ន​សាធារណៈ​មួយ​មាន​ភាព​ឯករាជ្យ​អំពី​កិច្ច​ប្រតិបត្តិការ​នៃ​ការងារ
  • មាន​សិទ្ធិ​អំណាច​ចេញ​សេចក្តី​សម្រេច​ ​បទ​បញ្ជា​ សារាចរ និង​ការ​ណែនាំ​ផ្សេងៗ
  • មាន​លក្ខន្តិកៈ​ដោយ​ឡែក និង
  • មាន​ថវិកា​ដោយ​ឡែក​ផ្ដល់​ដោយ​ថវិកា​ជាតិ។

អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ធ្វើ​សវនកម្ម​លើ​បណ្តា​ស្ថាប័ន​គ្រប់គ្រង រួម​មាន​បណ្ដា​ក្រសួង ស្ថាប័ន ភា្នក់ងារ អាជ្ញាធរ​ធនាគារ​ជាតិ ស្ថាប័ន​ហិរញ្ញវត្ថុ​រដ្ឋ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​រដ្ឋ​ចំរុះ​ឯកជន សហគ្រាស​សាធារណៈ គ្រឹះស្ថាន​សាធារណៈ រដ្ឋបាល​ខេត្ដ-ក្រុង រដ្ឋបាល​មូលដ្ឋាន អ្នកម៉ៅការ អ្នកផ្គត់ផ្គង់​ទំនិញ និង​សេវាកម្ម​ចំពោះ​រាជ​រដ្ឋាភិបាល​តាម​កិច្ចសន្យា និង​បណ្ដា​អង្គការ​ផ្សេងៗទៀត​ដែល​រាជ​រដ្ឋាភិបាល​បាន​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​លើ​ទុន​ផ្ទាល់ និង​ឥណទាន​រួមមាន​ទាំង​ការលើកលែង​ពន្ធអាករ​គ្រប់ប្រភេទ ព្រមទាំង​សម្បទាន​ផ្សេងៗទៀត​ទៅ​អង្គការ​ដែល​មិន​រកប្រាក់ចំណេញ និង​សហគ្រាស​វិនិយោគ​ឯកជន​ផង។

ស្ថាប័ន​សវនកម្ម​កំពូល​នេះ មាន​វិសាលភាព​អំណាច​ទូលំ​ទូលាយ​ក្នុង​ការ​អនុវត្ត​ការងារ​សវនកម្ម​លើ​វិស័យ​សាធារណៈ ដែល​មាន​ខ្លឹមសារ​សំអាង​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​ចាប់​ពី​មាត្រា​២២ ដល់​មាត្រា​២៩ ក្នុង​ជំពូក​៥ ដែល​ចែង​ពី​របាយការណ៍​នៃ​សវនកម្ម​ និង​ចាប់ពី​មាត្រា​៣០ ដល់​មាត្រា​៣៤ ក្នុង​ជំពូក​៦ ដែល​ចែង​ពី​សិទ្ធិ​អំណាច​លើ​ការ​ប្រមូល​ផ្តុំ​ព័ត៌មាន។

សេចក្តីផ្តើម

ក្នុង​ការ​អនុវត្តន៍​ការងារ​កន្លងមក​នេះ អាជ្ញាធរ​សវនកម្ម​ជាតិ​សម្រេច​បាន​នូវ​សមិទ្ធផល​ដែល​ជា​ការ​រួម​ចំណែក​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​គោល​នយោបាយ​កែ​ទម្រង់​របស់​រាជ​រដ្ឋា​ភិ​បាល​នៅ​ក្នុង​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។

ជា​ការ​ពិត ​ក្នុង​ទិដ្ឋភាព​ច្បាប់ អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​ចាប់​ផ្តើម​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដោយ​បាន​រៀបចំ​នូវ​ប្រព័ន្ធ​សកម្មភាព​ការងារ​សវនកម្ម​សាធារណៈ ដំបូង​នា​ដើម​ឆ្នាំ២០០២។ ក្នុង​កំឡុង​ពេល​កន្លង​មក ក្រៅ​ពី​កិច្ចការ​គ្រប់គ្រង​រដ្ឋបាល​ទូទៅ និង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស សមិទ្ធិផល​សម្រេច​បាន​ក្នុង​ក្របខណ្ឌ​ជា​របាយការណ៍​លទ្ធផល​សវនកម្ម បាន​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន ដោយ​បាន​ធ្វើ​ឲ្យ​ក្រសួង ស្ថាប័ន និង​អង្គភាព​រង​សវនកម្ម​នានា​បន្ត​កែលម្អ និង​ពង្រឹង​កិច្ច​ប្រតិបត្តិការ​តាម​ជំនាញ​រៀងៗ​ខ្លួន​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ។ ក្រៅ​ពី​នេះ អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​កសាង​នូវ​ឯកសារ​គតិ​យុត្តិ​ជា​ច្រើន​ទៀត ដោយ​មាន​ការ​ជួយ​គាំទ្រ និង​កិច្ច​សហការ​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ប្រការ​សំខាន់​គឺ​អាជ្ញាធរ​សវនកម្ម​ជាតិ​បង្កើត​ស្តង់ដារ​ផ្ទាល់​របស់​ខ្លួន​សមស្រប​តាម​ច្បាប់​ជា​ធរមាន និង​សមស្រប​តាម​ស្តង់ដារ​អន្តរជាតិ។ សំខាន់​ជាង​នេះ​ទៅទៀត អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​បង្កើត​ស្តង់ដារ​សវនកម្ម​សាធារណៈ​របស់​ខ្លួន​ស្រប​តាម​ច្បាប់ និង​បទដ្ឋាន​ដែល​មាន​ស្រាប់។

សមិទ្ធផល​អនុវត្ត​ការងារ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​ជា​ឯកសារ​ជំនួយ​ស្មារតី​ដល់​សវនករ​ជំនាន់​ក្រោយៗ​ក៏​ដូចជា​ក្រសួង ស្ថាប័ន និង​អង្គភាព​រង​សវនកម្ម​ទាំងឡាយ​សិក្សា​ស្វែង​យល់ និង​ដក​ស្រង់​យក​បទ​ពិសោធន៍​ចំណុច​ល្អៗ មក​ប្រើប្រាស់​ទៅ​តាម​កាលៈទេសៈ និង​ពេលវេលា​ចាំបាច់​ក្នុង​ដំណើរ​វិវត្តន៍​ជាក់ស្តែង​ក្នុង​ក្របខណ្ឌ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ។ ម្យ៉ាងទៀត លទ្ធផល​ទាំងនេះ​នឹង​ជួយ​សម្រួល​ដល់​ទំនាក់​ទំនង​រវាង​សវនករ​ជាមួយ​បណ្តា​អង្គភាព​រង​សវនកម្ម​ឲ្យ​បង្កើន​នូវ​ការ​សហការ​ល្អ និង​ជិតស្និទ្ធ​ជា​បន្ថែម​ទៀត។ លើស​ពី​នេះ​ទៀត លទ្ធផល​ទាំង​នេះ ជា​ធាតុ​ផ្សំ​យ៉ាង​សំខាន់ និង​ជា​យុទ្ធសាស្រ្ត​ដែល​អាច​ជួយ​គាំទ្រ​ដល់​វិស័យ​សវនកម្ម​សាធារណៈ​នៅ​កម្ពុជា​ឲ្យ​ពង្រឹង​ខ្លួន​បាន​រឹងមាំ ដើម្បី​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព។

លទ្ធផល​ការងារ ១០ឆ្នាំ (២០០១-២០១១)

ក្នុង​រយៈពេល ១០​ឆ្នាំ​ដំបូង ក្រៅ​ពី​ការងារ​សវនកម្ម ​ដែល​ជា​ការងារ​មូលដ្ឋាន អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​ខិតខំ​កសាង និង​អនុវត្ត​នូវ​កិច្ចការ​ផ្សេងៗ ដែល​ជួយ​គាំទ្រ​ដល់​ការងារ​ជា​មូលដ្ឋាន ដើម្បី​ពង្រឹង និង​ធានា​និរន្តភាព​នៃ​ការងារ​ដល់​សា្ថប័ន។

លទ្ធផល​ការងារ​សវនកម្ម

អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​ធ្វើ​សវនកម្ម​កន្លង​មក​តាម​ប្រភេទ ៖

  • សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ
  • សវនកម្ម​លើ​ការ​អនុលោម​តាម​ច្បាប់
  • សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ។

ទន្ទឹម​នេះ អាជ្ញាធរ​សវនកម្ម​ជាតិ បាន​និង កំពុង​ធ្វើ​សវនកម្ម​សាកល្បង​ដោយ​ប្រើប្រាស់​ព័ត៌មាន​វិទ្យា​តាម​កម្មវិធី TeamMate ដូច​បណ្តា​ប្រទេស​មួយ​ចំនួន។ ការ​ប្រើប្រាស់​កម្មវិធី​នេះ ជួយ​ដល់​សវនករ​អនុវត្ត​ការងារ​សវនកម្ម​ទទួល​បាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា។

ចាប់​តាំង​ពី​ធ្វើ​សវនកម្ម​ដំបូង​នៅ​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១១​នេះ អាជ្ញាធរ​សវនកម្ម​ជាតិ​ទទួល​បាន​លទ្ធផល​សម្រេច​ជា​របាយការណ៍​សវនកម្ម ​សរុប​ចំនួន ៦៤៥​ករណី ដូច​មាន​បង្ហាញ​ខាងក្រោម ៖

លើស​ពី​នេះ អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​លទ្ធផល​សវនកម្ម សម្រាប់​ការិយ​បរិច្ឆេទ​២០០៦ និង​២០០៧ ព្រម​ទាំង​ត្រៀម​រៀបចំ​ការ​ផ្សព្វផ្សាយ​របាយការណ៍​ជា​សាធារណៈ​សម្រាប់​ឆ្នាំ​បន្ត​បន្ទាប់។

ការ​រៀបចំ​ឯកសារ​គតិយុត្តិ

ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លង​មកនេះ អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ​ឯកសារ​គតិយុត្តិ​បាន​មួយ​ចំនួន​ស្រប​គ្នា​ជាមួយ​នឹង​ការ​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ ដើម្បី​ទុក​ជា​មូលដ្ឋាន​សម្រាប់​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ការ​អនុវត្តន៍​ការងារ​ទាំង​ក្នុង​បច្ចុប្បន្ន​ និង​អនាគត​។ ការ​រៀបចំ​ឯកសារ​ទាំងនេះ គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​នានា និង​ស្តង់ដារ​សវនកម្ម​អន្តរជាតិ​ ដែល​រួមមាន​ខាងក្រោម​ ៖

  • ការ​រៀបចំ​ឯកសារ​លក្ខន្ដិកៈ​ដោយ​ឡែក​ក្របខណ្ឌ​មន្រ្តី​រាជការ​ជាន់ខ្ពស់​សវនកម្ម

ការ​រៀបចំ​លក្ខន្តិកៈ​ដោយ​ឡែក​នេះ​ គឺ​ជា​ការ​អនុវត្តន៍​ឲ្យ​ស្រប​តាម​មាត្រា​១៦ ក្នុង​ជំពូក​ទី​៣ នៃ​ច្បាប់​ស្តីពី​សវនកម្ម នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​ចែង​ថា​ “មន្រ្តី​រាជការ​នៃ​អាជ្ញាធរ សវនកម្ម​ជាតិ​ មាន​លក្ខន្តិកៈ​ដោយ​ឡែក” និង​អនុក្រឹត្យ​លេខ​០៩ អនក្រ ចុះ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​១៩៩៨ ស្តីពី​ការ​ដាក់​ឲ្យ​អនុវត្ត​គំរូ​ទូទៅ លក្ខន្តិកៈ​ដោយ​ឡែក​នៃ​ក្របខណ្ឌ។ ការ​បង្កើត​បាន​នូវ​លក្ខន្តិកៈ​ដោយ​ឡែក​ក្របខណ្ឌ​មន្រ្តី​ជាន់ខ្ពស់​សវនកម្ម ចាត់ទុក​ជា​ឯកសារ​គតិយុត្ត​សម្រាប់​គ្រប់គ្រង​មន្រ្តី នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ។

លក្ខន្តិកៈ​ដោយ​ឡែក​ក្របខណ្ឌ​មន្រ្តី​ជាន់ខ្ពស់​សវនកម្ម នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ដោយ​ព្រះ​រាជក្រឹត្យ​លេខ នស/​រកត/​០៨០៩/​៨៣៩ ចុះ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០០៩។ ព្រះ​រាជក្រឹត្យ​នេះ មាន ៩​ជំពូក និង​២៧​មាត្រា ហើយ​បាន​កំណត់​ក្របខណ្ឌ​មន្រ្តី​ជាន់ខ្ពស់​សវនកម្ម រួម​មាន ៣ ឋានន្តរ​សក្តិ ៖

  • ឋានន្តរ​សក្តិ​ទី​១ : សវនករ​ដើម​ខែ្ស​ពិសេស មាន ៦ ថ្នាក់
  • ឋានន្តរ​សក្តិ​ទី​២ : សវនករ​ដើម​ខែ្ស មាន ១០ ថ្នាក់
  • ឋានន្តរ​សក្តិ​ទី​៣ : សវនករ មាន ១៤ ថ្នាក់។
  • ការ​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍

ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់ អង្គការ​សហ​ប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់ (GIZ) អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ (២០០៧-​២០១១) ផ្តោត​សំខាន់​លើ​ការ​ធ្វើ​ឲ្យ​សម្រេច ៤ គោលបំណង ៧៧ កម្មវិធី និង ១៧៧ សកម្មភាព ដែល​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​អនុវត្ត​ដោយ​ប្រុង​ប្រយ័ត្ន និង​តាម​លំដាប់​លំដោយ ហើយ​ទទួល​បាន​ជោគជ័យ និង​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ជាទី​មោទនៈ។

  • ការ​រៀបចំ​សៀវភៅ​ណែនាំ​ការ​គ្រប់គ្រង​ធនធាន​មនុស្ស (HRM)

ការ​រៀបចំ​សៀវភៅ​នេះ គឺ​ជា​ការ​ដក​ស្រង់​ចេញ​ពី​ឯកសារ​គតិយុត្តិ​នានា ដែល​ទាក់ទង​ដល់​ការ​គ្រប់គ្រង​មន្រ្តី​រាជការ​ស៊ីវិល ជា​ពិសេស​ស្រប​តាម​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​មន្រ្តី​រាជការ​ស៊ីវិល​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សំណាក់​អង្គការ​សហ​ប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់ (GIZ)។ ចំពោះ​មុខ ការ​អនុវត្តន៍​ការ​រៀបចំ​សៀវភៅ​នេះ សមស្រប​ទៅ​តាម​ឯកសារ​គតិយុត្តិ​នានា ដែល​ទាក់ទង​ដល់​ការ​គ្រប់គ្រង​មន្រ្តី​រាជការ​ស៊ីវិល ដែល​ក្នុង​អំឡុងពេល​នេះ រាជ​រដ្ឋាភិបាល​បាន និង​កំពុង​ធ្វើ​បច្ចុប្បន្នភាព​លើ​ឯកសារ​ចាស់ៗ ដើម្បី​អនុវត្ត​បាន​សមស្រប​តាម​នីតិវិធី​គ្រប់គ្រង​មន្រ្តី​រាជការ​ស៊ីវិល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

  • ការ​រៀបចំ​សៀវភៅ​ណែនាំ​ការ​បណ្តុះ​បណ្តាល

សៀវភៅ​នេះ បាន​ផ្តួចផ្តើម​រៀបចំ​ឡើង​ព្រមគ្នា​ជាមួយ​សៀវភៅ​ណែនាំ​ការ​គ្រប់គ្រង​ធនធាន​មនុស្ស ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​អង្គការ​សហ​ប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់ ក្នុង​គោលដៅ​ផ្តល់​នូវ​ចំណេះដឹង​ថ្មីៗ និង​មាន​ប្រសិទ្ធភាព​ដល់​មន្រ្តី អាជ្ញាធរ​សវនកម្ម​ជាតិ​ក្នុង​ការ​ពង្រឹង​គុណភាព​សវនកម្ម​ផង និង​សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​រៀបចំ​អភិវឌ្ឍន៍​ដល់​ស្ថាប័ន។

  • ការ​រៀបចំ​គោលការណ៍​ណែនាំ​អំពី​របៀប​ធ្វើ​របាយការណ៍​ផ្សព្វផ្សាយ​ជា​សាធារណៈ

ការ​រៀបចំ​គោលការណ៍​ណែនាំ​នេះ អនុលោម​តាម​មាត្រា​២៩ នៃ​ច្បាប់​ស្តីពី​សវនកម្ម នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​ចែង​ថា «របាយការណ៍​ដែល​ធ្វើ​ដោយ​អគ្គសវនករ​ត្រូវ​បាន​ចាត់ទុក​ជា​ឯកសារ​សាធារណៈ» និង​មាត្រា​៣៧ ដល់​មាត្រា​៣៩ ដែល​ចែង​ពី «ប្រការ​គួរ​មិន​ផ្សព្វផ្សាយ» ព្រមទាំង​សមស្រប​តាម​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍។ គោលការណ៍​ណែនាំ​បាន​បង្ហាញ​ពី​របៀប​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​បញ្ចូល​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ក្នុង​អំឡុងពេល​ចុះ​ធ្វើ​សវនកម្ម​លើ​ការ​គ្រប់គ្រង​របស់​បណ្តា​ក្រសួង-​ស្ថាប័ន រដ្ឋបាល​ខេត្ត-​ក្រុង និង​រដ្ឋបាល​មូលដ្ឋាន។

  • ការ​រៀបចំ​ស្តង់ដារ​សវនកម្ម​សាធារណៈ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា

ក្នុង​ការ​អនុវត្តន៍​ការងារ​សវនកម្ម​សាធារណៈ​នា​ពេល​កន្លងមក អាជ្ញាធរ​សវនកម្ម​ជាតិ ពឹង​ផ្អែក​លើ​ស្តង់ដារ INTOSAI ដែល​ជា​ស្តង់ដារ​សវនកម្ម​សាធារណៈ សម្រាប់​បណ្តា​ប្រទេស​លើ​ពិភពលោក។ នៅ​ឆ្នាំ​២០១១​នេះ យើង​បាន​រៀបចំ​ចងក្រង​ជា​ស្តង់ដារ​សវនកម្ម​សាធារណៈ​ឡើង ដើម្បី​ឲ្យ​ការ​ធ្វើ​សវនកម្ម​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ឯកសារ​នេះ​ចាត់​ទុក​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ជំនាញ​សវនកម្ម​សាធារណៈ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

ការ​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​ការងារ​សវនកម្ម

ក្នុង​រយៈពេល ១០​ឆ្នាំ​នេះ ក្រៅ​ពី​ការងារ​សវនកម្ម អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ និង​ចងក្រង​ជា​ឯកសារ​ស្រាវជ្រាវ​ពាក់ព័ន្ធ​ជំនាញ​សវនកម្ម​មួយ​ចំនួន រួមមាន ៖

  • សៀវភៅ​ស្តីពី​ក្រម​សីលធម៌ និង​ស្តង់ដារ​សវនកម្ម របស់​អង្គការ​អន្តរជាតិ នៃ​ស្ថាប័ន​សវនកម្ម​កំពូល (INTOSAI)
  • សៀវភៅ​ទ្រឹស្តី​សវនកម្ម​លើ​វិស័យ​សាធារណៈ
  •  សៀវភៅ​សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ
  • The Role of Audit in Promoting Governmental Accountability
  • Texts on Corruption Prevention
  • Value and Benefits of Government Audit in a Globalized Environment
  • Professional Standards Committee/Sub Committee on SAI Independence
  • គោល​ការណ៍​ណែនាំ​សវនកម្ម លើ​របាយការណ៍​ហិរញ្ញវត្ថុ
  • សទ្ទានុក្រម​អង់គ្លេស-​ខ្មែរ ស្តីពី​ប្រជុំ​ស័ព្ទ​គណនេយ្យ និង​សវនកម្ម
  • សៀវភៅ​ណែនាំ​ស្តីពី​ការ​ធានា​គុណភាព​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ
  • សៀវភៅ​ណែនាំ ស្តីពី​ការ​ធ្វើ​សវនកម្ម​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​បណ្តា​ឆ្នាំ​នីមួយៗ។

ជាមួយ​នេះ អាជ្ញាធរ​សវនកម្ម​ជាតិ កំពុង​បន្ត​រៀបចំ​គោលការណ៍​ណែនាំ​ការ​ធ្វើ​សវនកម្ម​សំខាន់ៗ មួយ​ចំនួន​ទៀត រួមមាន៖

  • គោលការណ៍​ណែនាំ​ការ​ធ្វើ​សវនកម្ម​លើ​គយ និង​រដ្ឋាករ និង​ពន្ធដារ
  • គោលការណ៍​ណែនាំ​ការ​ធ្វើ​សវនកម្ម​លើ​កិច្ច​លទ្ធកម្ម​សាធារណៈ
  • គោលការណ៍​ណែនាំ​ការ​ធ្វើ​សវនកម្ម​លើ​ធនាគារ​ជាតិ
  • គោលការណ៍​ណែនាំ​ការ​ធ្វើ​សវនកម្ម​លើ​កិច្ច​សហ​ប្រតិបត្តិការ
  • គោលការណ៍​ណែនាំ​ស្តីពី​ការ​ធានា​គុណភាព​សវនកម្ម​លើ​កិច្ច​សហ​ប្រតិបត្តិការ
  • គោលការណ៍​ណែនាំ​ការ​ធ្វើ​សវនកម្ម​លើ​ការ​អនុលោម​តាម
  • បង្កើន​ការ​យល់ដឹង​ពី​កំហុស​ឆ្គង​ចេតនា និង​អំពើ​ពុក​រលួយ​ជាដើម។
ការងារ​ព័ត៌មាន​វិទ្យា

ដោយ​មាន​កិច្ច​សហការ​ពី​ដៃគូ​អភិវឌ្ឍន៍ អាជ្ញាធរ​សនវកម្ម​ជាតិ​បាន​យក​ចិត្ត​ទុកដាក់​រៀបចំ​លើ​ផ្នែក​ព័ត៌មាន​វិទ្យា ដែល​ជា​ការងារ​យ៉ាង​សំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​ការងារ​សវនកម្ម ក្នុង​នោះ រួម​មាន ៖

  • បង្កើត និង​ធ្វើ​បច្ចុប្បន្ន​ភាព​គេហ​ទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ
  • បង្កើត និង​បំពាក់​កុំព្យូទ័រ បន្ទប់​សិក្សា​ព័ត៌មាន​វិទ្យា
  • បង្កើត និង​ថែទាំ​បណ្តាញ​ណេតវើក និង​កុំព្យូទ័រ​មេ
  • អនុវត្ត​កម្មវិធី TeamMate ក្នុង​ការងារ​សវនកម្ម។
បណ្ណាល័យ

អាជ្ញាធរ​សវនកមុ្ម​ជាតិ បាន​បង្កើត​បណ្ណាល័យ​តាំងពី​ឆ្នាំ​២០០៣ ដោយ​បាន​ស្រាវជ្រាវ និង​ថែរក្សា​សៀវភៅ និង​ឯកសារ​សំខាន់ៗ​ជា​ច្រើន ដើម្បី​ទុក​ឲ្យ​សវនករ និង​មន្រ្តី​ជំនាញ​ដទៃទៀត ចូល​សិក្សា​ស្រាវជ្រាវ និង​ស្វែង​យល់​អំពី​សមិទ្ធផល​សវនកម្ម​តាម​បណ្តា​ឆ្នាំ​នីមួយៗ។

ការងារ​បណ្តុះ​បណ្តាល

ក្នុង​រយៈពេល ១០ឆ្នាំ​នេះ អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ​បណ្តុះ​បណ្តាល​នៅ​ក្នុង​ប្រទេស ចំនួន ៨១​វគ្គ និង​បញ្ជូន​មន្រ្តី​ទៅ​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​នៅ​ក្រៅ​ប្រទេស ចំនួន ៧២​វគ្គ។

ការងារ​សហ​ប្រតិបត្តិការ

ការងារ​សហ​ប្រតិបត្តិការ ជាមួយ​ស្ថាប័ន​ថ្នាក់​ជាតិ ក៏​ដូច​ជាមួយ​ថ្នាក់​អន្តរជាតិ គឺ​ជា​យុទ្ធសាស្រ្ត​ដ៏​សំខាន់​មួយ​នៃ​ផ្នែក​គាំទ្រ ក្នុង​ន័យ​ជំរុញ​ឲ្យ​ការងារ​អនុវត្ត​លើ​គ្រប់​ផ្នែក នៃ​កិច្ច​ប្រតិបត្តិការ សវនកម្ម​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​ការ​អភិវឌ្ឍន៍​ឈាន​ឡើង​ស្រប​ជាមួយ​គោល​នយោបាយ និង​កម្មវិធី​កែ​ទម្រង់​លើ​គ្រប់​វិស័យ​របស់​រាជ​រដ្ឋាភិបាល​ផង និង​ស្រប​ជាមួយ​ដំណើរ​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​ស្ថាប័ន​សវនកម្ម​កំពូល​នានា ទាំង​នៅ​ក្នុង​តំបន់ និង​នៅ​លើ​សាកល​លោក។

ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ថ្នាក់​ជាតិ​ដូចជា​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​ និង​នីតិ​ប្រតិបត្តិ អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ចូល​រួម​ប្រជុំ​នានា​ជាមួយ​តំណាង​រាជ​រដ្ឋាភិបាល​ រដ្ឋ​សភា​ និង​ព្រឹទ្ធ​សភា​ទាក់ទង​ដល់​វិស័យ​សវនកម្ម សេដ្ឋកិច្ច​ជាតិ និង​ហិរញ្ញវត្ថុ​សាធារណៈ។

គួរ​បញ្ជាក់​ផង​ដែរ នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​អន្ដរជាតិ អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្តា​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ក្នុង​តំបន់ និង​ស្ថាប័ន​សវនកម្ម​កំពូល​អន្តរជាតិ​នានា​ទៀត​ក្នុង​ការ​លើក​កំពស់​គុណភាព​សវនកម្ម​សាធារណៈ​ដោយ​ការ​ចូលរួម​សិក្ខា​សាលា​ថ្នាក់​អន្ដរជាតិ​ជា​ច្រើន និង​ការ​ចុះ​កិច្ច​ព្រមព្រៀង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​នឹង​ស្ថាប័ន​សវនកម្ម​កំពូល​ផ្សេងទៀត​នៅក្នុង​តំបន់​ដូចជា ស្ថាប័ន​សវនកម្ម​កំពូល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ឆ្នាំ​២០០៧ ស្ថាប័ន​សវនកម្ម​កំពូល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​នៅ​ឆ្នាំ​២០០៨ ស្ថាប័ន​សវនកម្ម​កំពូល​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នៅ​ឆ្នាំ​២០០៩ ស្ថាប័ន​សវនកម្ម​កំពូល​នៃ​ប្រទេស​នូវែលហ្សឺឡង់​នៅ​ឆ្នាំ​២០០៩ ស្ថាប័ន​សវនកម្ម​កំពូល​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​នៅ​ឆ្នាំ​២០១០ ស្ថាប័ន​សវនកម្ម​កំពូល​នៃ​សាធារណរដ្ឋ​ឥណ្ឌា​នៅ​ឆ្នាំ​២០១០ ស្ថាប័ន​សវនកម្ម​ជាតិ​នៃ​ប្រទេស​ស៊ុយអ៊ែត​នៅ​ឆ្នាំ​២០១១។

អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​ចូល​ជា​សមាជិក​អង្គការ​អន្តរជាតិ នៃ​ស្ថាប័ន​សវនកម្ម​កំពូល (INTOSAI) នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០២ ដែល​បច្ចុប្បន្ន​មាន​សមាជិក​សរុប​ចំនួន ១៨៩​ប្រទេស។ នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០០៤ អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​ចូល​ជា​សមាជិក​អង្គការ​អាស៊ី នៃ​ស្ថាប័ន​សវនកម្ម​កំពូល (ASOSAI) បច្ចុប្បន្ន​មាន​សមាជិក​សរុប​ចំនួន ៤៥​ប្រទេស។

ការ​ចូល​ជា​សមាជិក​អង្គការ​អន្តរជាតិ នៃ​ស្ថាប័ន​សវនកម្ម​កំពូល និង​អាស៊ី ផ្តើម​ចេញ​ពី​ការ​ប្រមូល​ផ្តុំ នៃ​ស្ថាប័ន​សវនកម្ម​កំពូល​តាម​បណ្តា​ប្រទេស សំដៅ​ពង្រឹង​គោលការណ៍​សវនកម្ម ស្តង់ដារ​សវនកម្ម និង​ផ្ត​ល់នូវ​បទ​ពិសោធន៍​តាម​រយៈ​ការ​បំពេញ​ទស្សនកិច្ច​សិក្សា ការ​បណ្តុះ​បណ្តាល និង​កិច្ច​សហ​ប្រតិបត្តិការ​នានា លើ​វិស័យ​សវនកម្ម​ផ្ទៃក្រៅ ដើម្បី​រួម​ចំណែក​ថែរក្សា​នូវ​សុវត្ថិភាព​ការងារ​ជំនាញ​ឲ្យ​សមស្រប​តាម​កម្រិត​ស្តង់ដារ​អន្តរជាតិ។

ជាមួយ​នេះ អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​ចូល​ជា​សមាជិក​ក្រុម​ការងារបច្ចេកទេស នៃ​ការ​ធ្វើ​សវនកម្ម​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា (Working Group on IT Audit) នៃ​អង្គការ INTOSAI និង​ចូល​ជា​សមាជិក​ក្រុម​ការងារ​បច្ចេកទេស នៃ​ការ​ចងក្រង​ឯកសារ​ស្តីពី​តម្លៃ និង​អត្ថ​ប្រយោជន៍​របស់​បណ្តា​ស្ថាប័ន​សវនកម្ម​កំពូល​នានា (Working Group in Value and Benefit of SAIs) នៃ​អង្គការ INTOSAI។

ទស្សន​វិស័យ

នៅ​​ឆ្នាំ​បន្ទាប់ អាជ្ញាធរ​សវនកម្ម​ជាតិ មាន​បំណង ៖

  • វាយ​តម្លៃ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ស្តង់ដារ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​នៃ​ការងារ​សវនកម្ម​ឈាន​ដល់​កម្រិត​អន្ដរ​ជាតិ
  • បង្កើន​ទិន្នផល និង​ប្រសិទ្ធិភាព​សវនកម្ម​ដោយ​ពង្រឹង​នូវ​ការ​កសាង​សមត្ថភាព​ស្ថាប័ន
  • សំរេច​បាន​នូវ​កេរ្តិ៍ឈ្មោះ​នៃ​ស្ថាប័ន​សវនកម្ម​មួយ​អាច​ជឿ​ទុកចិត្ត​បាន និង​មាន​សមត្ថភាព​ខ្ពស់។

ជាមួយ​នឹង​ការ​គាំទ្រ​ពី​ស្ថាប័ន​សវនកម្ម​កំពូល​ដទៃទៀត និង​ដៃគូ​អភិវឌ្ឍន៍ អាជ្ញាធរ​សវនកម្ម​ជាតិ នឹង​សម្រេច​គោលការណ៍​ណែនាំ និង​សៀវភៅ​ណែនាំ​ដែល​ត្រូវការ​សម្រាប់​ការងារ​សវនកម្ម​មួយ​ដ៏​មាន​ប្រសិទ្ធិផល​ដូចជា គោលការណ៍​ណែនាំ​សវនកម្ម​លើ​ការ​អនុលោម​តាម គោលការណ៍​​ណែនាំ​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ និង​គោលការណ៍​ណែនាំ​សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ។ អាជ្ញាធរ​សវនកម្ម​ជាតិ នឹង​បន្ត​ក្នុង​ដំណាក់កាល​អនុវត្ត​សៀវភៅ​ណែនាំ​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​នៅ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ និង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​អំពី​អង្គភាព​រង​សវនកម្ម និង​អំពី​ការ​តាមដាន​ការ​អនុវត្តន៍​អនុសាសន៍​សវនកម្ម។ លើស​ពី​នេះ​ទៅ​ទៀត អាជ្ញាធរ​សវនកម្ម​ជាតិ នឹង​ព្យាយាម​បង្កើន​ល្បឿន​ការងារ​សវនកម្ម និង​អភិវឌ្ឍ​វិធីសាស្រ្ត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការងារ​សវនកម្ម​របស់​ខ្លួន។ ជា​ចុង​ក្រោយ អាជ្ញាធរ​សវនកម្ម​ជាតិ នឹង​ត្រូវ​បាន​ពង្រឹង​ដោយ​បង្កើត​មជ្ឈមណ្ឌល​ទុកដាក់​ឯកសារ និង​ដោយ​សម្រេច​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា រួមទាំង​ឧបករណ៍​ទំនាក់​ទំនង​ផ្ទៃក្នុង (អ៊ីនត្រាណែត)។

គោលបំណង​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ និង​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន​គឺ​ដើម្បី​ធ្វើ​អោយ​អាជ្ញាធរ​សវនកម្ម​ជាតិ​ទៅ​ជា​ស្ថាប័ន​សវនកម្ម​កំពូល​ល្បី​ឈ្មោះ និង​ក្លាយ​ទៅ​ជា​ដៃគូ​ដ៏​មាន​ប្រសិទ្ធិផល​របស់​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា និង​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។