កម្រងឯកសារសវនកម្ម Audit File
គឺជាសំណុំឯកសារនានារក្សាទុកនូវរាល់ព័ត៌មានពាក់ព័ន្ធទាំងឡាយ តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយនៃការធ្វើសវនកម្ម។
ការប្រជុំបិទវគ្គសវនកម្ម Closing Discussion
ជាអង្គប្រជុំរវាងសវនករនៃអាជ្ញាធរសវនកម្មជាតិ និងតំណាងអង្គភាពរងសវនកម្មនៅពេលបញ្ចប់ការងារចុះធ្វើសវនកម្ម។
ការត្រួតពិនិត្យផ្ទៃក្នុង Internal Control
ជាប្រព័ន្ធទាំងមូលនៃការត្រួតពិនិត្យហិរញ្ញវត្ថុ ឬត្រួតពិនិត្យផ្នែកដទៃទៀត រួមទាំងរចនាសម្ព័ន្ធ អង្គភាព វិធីសាស្ត្រ នីតិវិធី និងសវនកម្មផ្ទៃក្នុងដែលបានបង្កើតឡើងដោយថ្នាក់ដឹកនាំ ក្នុងគោលបំណងរួមដើម្បីជួយអង្គភាពរងសវនកម្មក្នុងការធ្វើអាជីវកម្មឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងភាពសន្សំសំចៃ ព្រមទាំងធានាបាននូវការគោរពគោលនយោបាយគ្រប់គ្រង ការការពារទ្រព្យសម្បត្តិ និងធនធាននានា ព្រមទាំងធានាបាននូវភាពត្រឹមត្រូវ និងភាពពេញលេញនៃបញ្ជីកាគណនេយ្យ និងផលិតនូវព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានអំពីការគ្រប់គ្រងគួរឲ្យជឿទុកចិត្តបាន និងទាន់ពេលវេលា។
ការសន្សំសំចៃ Economy
ការធ្វើអប្បបរមាកម្មថ្លៃដើម នៃធនធានដែលប្រើប្រាស់សម្រាប់សកម្មភាពមួយដោយគិតដល់ភាពសមស្របនៃគុណភាព។
ការវិនិច្ឆ័យ Judgment
ជារបាយការណ៍ដែលសវនករសំយោគចេញពីលទ្ធផលរកឃើញ។
ការពិភាក្សាបើកវគ្គសវនកម្ម Opening Discussion
គឺជាអង្គប្រជុំដែលរៀបចំឡើងដោយសវនករនៃអាជ្ញាធរសវនកម្មជាតិជាមួយតំណាងអង្គភាពរងសវនកម្មនៅមុនពេល ចាប់ផ្តើមធ្វើសវនកម្ម។
ការទទួលខុសត្រូវសាធារណៈ Public Accountability
គឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប និងអង្គភាពទាំងឡាយរួមទាំងសហគ្រាសសាធារណៈ និងសាជីវកម្មដែលបានទទួលធនធានសាធារណៈក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងសារពើពន្ធ និងកម្មវិធី ហើយរាយការណ៍ទៅបុគ្គល ឬស្ថាប័នដែលបានប្រគល់ការទទួលខុសត្រូវនោះ។
ការតាមដាន Supervision
គឺជាតម្រូវការមួយដ៏មានសារៈសំខាន់ក្នុងការធ្វើសវនកម្ម ដែលតម្រូវឲ្យមានការដឹកនាំ ការតំរង់ទិស និងការត្រួតពិនិត្យយ៉ាងត្រឹមត្រូវនៅគ្រប់ដំណាក់កាល ដើម្បីធានាបាននូវទំនាក់ទំនងដ៏មានប្រសិទ្ធភាព និងសមត្ថកិច្ចរវាងសកម្មភាព នីតិវិធីការធ្វើតេស្ដ និងគោលបំណងដែលត្រូវសម្រេច។
គោលការណ៍ណែនាំសវនកម្ម Audit Guideline
គឺជាឯកសារមួយពន្យល់បកស្រាយស្តង់ដារសវនកម្មដោយលំអិត។
គោលបំណងសវនកម្ម Audit Objective
គឺជាសេចក្តីថ្លែងជាក់លាក់មួយ ដែលសវនកម្មមានបំណងសម្រេចឲ្យបាន ឬជាសំណួរដែលផ្តល់ចម្លើយតាមរយៈការធ្វើសវនកម្ម។ សេចក្តីថ្លែង ឬសំណួរទាំងនោះអាចរាប់បញ្ចូលនូវបញ្ហាពាក់ព័ន្ធនឹងហិរញ្ញវត្ថុ បទប្បញ្ញត្តិ ឬកិច្ចប្រតិបត្តិការ។
ច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា Audit Law of the Kingdom of Cambodia
គឺជាច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជាដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣០០/១០ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០។
នីត្យានុកូលភាព Legality
ភាពតាម ឬស្របច្បាប់
ប្រសិទ្ធផល Effectiveness
កំរិតដែលសម្រេចបាននូវគោលបំណង និងទំនាក់ទំនងរវាងផលប៉ះពាល់នៃការគ្រោងទុក និងផលប៉ះពាល់ពិតនៃសកម្មភាព។
ប្រសិទ្ធភាព Efficiency
គឺជាទំនាក់ទំនងរវាងទិន្នផល និងធនធានដែលបានប្រើដើម្បីផលិតទំនិញ សេវាកម្ម ឬលទ្ធផលផ្សេងៗ។
ផែនការសវនកម្មប្រចាំឆ្នាំ Annual Audit Plan
ផែនការផ្ទៃក្នុងរបស់អាជ្ញាធរសវនកម្មជាតិលើការងារសវនកម្មប្រចាំឆ្នាំ។
ភស្តុតាងសវនកម្ម Audit Evidence
គឺជាឯកសារ ឬព័ត៌មានសម្រាប់គាំទ្រមតិសវនកម្ម ការសន្និដ្ឋាន និងរបាយការណ៍សវនកម្ម។
ភាពជាសារវ័ន្ត និងសារៈសំខាន់ Materiality and Significance (Material)
នៅក្នុងន័យទូទៅ បញ្ហាមួយអាចចាត់ទុកថាមានភាពជាសារវ័ន្តប្រសិនបើ ចំណេះដឹងនៃបញ្ហានោះ អាចមានឥទ្ធិពលដល់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ឬក៏អ្នកប្រើប្រាស់របាយការណ៍សវនកម្មលើកិច្ចប្រតិបត្តិការ។
មតិ Opinion
សេចក្ដីសន្និដ្ឋានជាលាយលក្ខណ៍អក្សរលើរបាយការណ៍ហិរញ្ញវត្ថុ ដែលជាលទ្ធផលនៃសវនកម្ម។
មតិត្រឹមត្រូវទាំងស្រុង unqualified opinion
មតិត្រឹមត្រូវតែលើកលែង qualified opinion
មតិមិនត្រឹមត្រូវ adverse opinion
មតិបដិសេធ disclaimer opinion
លទ្ធផលរកឃើញ សេចក្តីសន្និដ្ឋាន និងអនុសាសន៍ (Audit findings, Conclusion and Recommendations)
គឺជាភស្តុតាងជាក់លាក់ដែលសវនករប្រមូលបាន ដើម្បីបំពេញឲ្យគោលបំណងសវនកម្ម។ សេចក្តីសន្និដ្ឋាន គឺជាសេចក្តីថ្លែងការណ៍ដែលសន្និដ្ឋានដោយសវនករលើលទ្ធផលរកឃើញ។ អនុសាសន៍គឺជាសកម្មភាពឆ្ពោះតម្រង់ដែលបានស្នើដោយសវនករពាក់ព័ន្ធនឹងគោលបំណងសវនកម្ម។
លទ្ធផលសវនកម្ម Audit Results
គឺជាលទ្ធផលចុងក្រោយនៃសវនកម្មដែលក្នុងនោះ រួមមានលទ្ធផលដែលរកឃើញ (ភស្តុតាង) ការវិនិច្ឆ័យ និងអនុសាសន៍សវនកម្ម។
លិខិតជូនដំណឹងសវនកម្ម Letter of Notification
ជាលិខិតជូនដំណឹងមួយរបស់អាជ្ញាធរសវនកម្មជាតិ ផ្ញើជូនអង្គភាពរងសវនកម្ម ជម្រាបជូនអំពីគោលបំណងសវនកម្មដែលត្រូវអនុវត្តនៅក្នុងអង្គភាពនោះ។
វិសាលភាពសវនកម្ម Audit Scope
ក្របខ័ណ្ឌការងារដែនកំណត់ និងប្រធានបទសវនកម្ម។
សវនកម្មផ្ទៃក្នុង Internal Audit
ជាឧបករណ៍មួយសម្រាប់អ្នកគ្រប់គ្រងរបស់អង្គភាពមួយធានាឲ្យដំណើរការនៅក្នុងអង្គភាពនោះប្រព្រឹត្តិទៅក្នុងស្ថានភាពមួយដែលលទ្ធភាពនៃការកេងបន្លំកំហុសឆ្គង ឬក៏ទំលាប់អនុវត្តមិនមានប្រសិទ្ធភាព និងមិនមានភាពសន្សំសំចៃកើតមានឡើងតិចបំផុត។ សវនកម្មផ្ទៃក្នុងមានច្រើនប្រភេទដូចគ្នាទៅនឹងសវនកម្មផ្ទៃក្រៅដែរ ប៉ុន្តែអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំដែលរបាយការណ៍ត្រូវផ្ញើជូនថ្នាក់ដឹកនាំនោះ។
សវនកម្មលើកិច្ចប្រតិបត្តិការ Performance Audit
ជាសវនកម្មលើប្រសិទ្ធភាព ប្រសិទ្ធផល និងការសន្សំសំចៃនៃធនធានដែលអង្គភាពរងសវនកម្មប្រើសម្រាប់អនុវត្តភារកិច្ចរបស់ខ្លួន។ នៅក្នុងប្រទេសមួយចំនួនគេហៅសវនកម្មប្រភេទនេះជា “សវនកម្មលើតម្លៃនៃប្រាក់”។
សេចក្តីព្រាងរបាយការណ៍សវនកម្ម Draft Audit Report
សំដៅលើរបាយការណ៍សវនកម្ម (របាយការណ៍សវនកម្មបឋម) ដែលអាជ្ញាធរសវនកម្មជាតិផ្ញើទៅអង្គភាពរងសវនកម្មដើម្បីធ្វើការឆ្លើយបំភ្លឺក្នុងអំឡុងពេល២៨ថ្ងៃ។
សៀវភៅណែនាំសវនកម្ម Audit Manual
គឺជាសៀវភៅមួយពន្យល់លំអិតពីវិធីសាស្រ្តធ្វើសវនកម្ម ហើយត្រូវបានបង្កើតឡើងតម្រូវតាមប្រភេទសវនកម្មនីមួយៗ។
សំណេរការងារ (ឯកសារការងារសវនកម្ម) Working Papers
ជាកំណត់ហេតុ និងឯកសារដែលសវនករធ្វើ ឬប្រមូលបានក្នុងអំឡុងពេលចុះធ្វើសវនកម្ម។
ស្ថាប័នសវនកម្មកំពូល Supreme Audit Institution (SAI)
ជាស្ថាប័នសាធារណៈរបស់រដ្ឋមួយ ដែលអនុវត្តមុខងារសវនកម្មសាធារណៈកំរិតខ្ពស់បំផុត។
ស្ដង់ដាររបាយការណ៍ Reporting Standards
គឺជាក្របខ័ណ្ឌដែលសវនករប្រើសម្រាប់ធ្វើរបាយការណ៍លទ្ធផលសវនកម្ម។
អង្គការអន្តរជាតិនៃស្ថាប័នសវនកម្មកំពូល International Organization of Supreme Audit Institutions (INTOSAI)
គឺជាស្ថាប័នអន្តរជាតិឯករាជ្យមួយ មានគោលបំណងជួយជំរុញការផ្លាស់ប្តូរគំនិតយោបល់ និងបទពិសោធន៍រវាងស្ថាប័នសវនកម្មកំពូលក្នុងផ្នែកត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈ។
អង្គភាពរងសវនកម្ម Auditee/Audited Entities
ក្រសួង ស្ថាប័ន ឬអង្គភាពនានាត្រូវបានធ្វើសវនកម្មដោយអាជ្ញាធរសវនកម្មជាតិ។
អាណត្តិសវនកម្ម Audit Mandate
គឺជាការទទួលខុសត្រូវសវនកម្ម សិទ្ធិអំណាច សិទ្ធិក្នុងការសម្រេច និងភារកិច្ចដែលច្បាប់ស្តីពីសវនកម្ម និងបទប្បញ្ញត្តិដទៃទៀតបានប្រគល់ជូនអាជ្ញាធរសវនកម្មជាតិ។
ឯករាជ្យភាព Independence
ជាសេរីភាពរបស់អាជ្ញាធរសវនកម្មជាតិ ក្នុងការធ្វើសវនកម្មអនុលោមតាមអាណត្តិសវនកម្ម ដោយគ្មានការបង្គាប់បញ្ជា ឬក៏ជ្រៀតជ្រែកពីស្ថាប័នខាងក្រៅ។