Events

ពិធី​រំលឹក​ខួប​ទិវា​នារី​អន្តរជាតិ ៨មីនា លើកទី​១០១
ពិធី​រំលឹក​ខួប​ទិវា​នារី​អន្តរជាតិ ៨មីនា លើកទី​១០១

លោក​ជំទាវ សោម គីម សួគ៌ អគ្គ​សវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ ពិធី​រំលឹក​ខួប​លើកទី១០១ នៃ​ទិវា​នារី​អន្តរជាតិ នា​ព្រឹក​ថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១២ នៅ​សាល​ប្រជុំ​ធំ​ជាន់​ទី៣ នៃ​ទី​ស្នាក់ការ​អាជ្ញាធរ​សវនកម្ម​ជាតិ។

ថ្លែង​ក្នុង​ពិធី​នោះ លោក​ជំទាវ​អគ្គ​សវនករ បាន​មាន​ប្រសាសន៍​ថា “ក្នុង​ឆ្នាំ២០១២ នេះ រាជ​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែននាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​កំណត់​យក​ប្រធានបទ អ្នកម្តាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ ដើម្បី​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ ៨មីនា ខួប​លើកទី១០១ ក្នុង​គោលបំណង​ដើម្បី​អោយ​កូន-ចៅ យល់ដឹង​អំពី​គុណ​តម្លៃ​ដ៏​ពិតប្រាកដ​របស់​អ្នក​មានគុណ​ទាំងឡាយ ជា​ពិសេស​អ្នកម្តាយ​គ្រប់ៗ​រូប​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​ឥត​គណនា​ ក្នុង​ការ​ចិញ្ចឹម​បីបាច់ ថែរក្សា និង​អប់រំ​ប្រៀន​ប្រដៅ​កូនៗ អោយ​ក្លាយ​ជាកូន​ល្អ ជា​ពលរដ្ឋ​ល្អ នា​ពេល​អនាគត”

“អ្នកម្តាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ” គឺ​បាន​បង្ហាញ​ពី​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ដែល​បង្កប់​នូវ​ពាក្យ​មនោសញ្ចេតនា​គួរ​អោយ​សង្វេគ​ចិត្ត និង​រន្ធត់​ចិត្ត​ឥត​ឧបមា​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន​ចំពោះ​អ្នកម្តាយ​ គ្រប់រូប ដែល​មាន​ភារកិច្ច​យ៉ាង​លំបាក​គ្រប់​បែបយ៉ាង ដើម្បី​កូនៗ​ជាទី​ស្រលាញ់ ចាប់​តាំងពី​ពរពោះ ឆ្លង​ទន្លេ រហូត​ដល់​ធំ​ពេញវ័យ។ នារី​មិន​ត្រឹមតែ​ជា​មាតា​ដ៏​ប្រពៃ​សម្រាប់​កូនៗ​នោះទេ នារី​គឺ​ជា​ឆ្អឹងខ្នង​សម្រាប់​ទ្រទ្រង់ និង​អភិវឌ្ឍ​ផ្នែក​រដ្ឋ និង​ផ្នែក​ឯកជន ក៏​ដូចជា​សេដ្ឋកិច្ច​ជាតិ​ទាំងមូល ហើយ​នារី​មាន​សមត្ថភាព​ដូច​បុរស​ផងដែរ។ ជាមួយនឹង​សមត្ថភាព​គ្រប់​ជ្រុងជ្រោយ​នេះ នារី​ជា​ច្រើន​នៅលើ​សកលលោក​បាន​ក្លាយ​ជា​ព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី អ្នកដឹកនាំ​ក្រសួង ស្ថាប័ន និង​អង្គការ​នានា​ជា​ច្រើនទៀត។ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា នារី​ជា​ច្រើន​បាន​កាន់​មុខ​តំណែង​ខ្ពស់ៗ​ដូចជា ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​តំណែង​ធំៗ​ជា​ច្រើនទៀត​ក្នុង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ អង្គ​តុលាការ ស្ថាប័ន​សវនកម្ម​កំពូល និង​អង្គការ​នានា ។ល។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ប្រធាន​បទ​ខាងលើ​នេះ​គឺ​ជា​គតិ​បណ្ឌិត​របស់សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​លើកឡើង ដើម្បីបញ្ជាក់​ពី​ការ​គាំទ្រ និង​ការ​យកចិត្ត​ទុកដាក់​របស់​សង្គម​មក​លើ​នារី ព្រោះ​នារី​ជា​ប្អូនស្រី ជា​បងស្រី ជា​ភរិយា ជា​ម្តាយ ជា​ជីដូន ដ៏​ល្អ​សម្រាប់​ការ​គ្រប់គ្រង​គ្រួសារ និង​សង្គមជាតិ។ ការ​ផ្តល់​ឱកាស ការ​លើក​ទឹកចិត្ត ការ​គាំទ្រ និង​ការ​ជួយ​ដល់​ស្ត្រី គឺ​ពិត​ជា​បាន​នាំមក​នូវ​ផល​ជា​វិជ្ជមាន​សម្រាប់​ក្រុម​គ្រួសារ និង​សហគមន៍​របស់​ខ្លួន​ដោយ​ផ្ទាល់ ព្រម​ទាំង​មាន​ផល​ប្រយោជន៍​ដល់​សង្គមជាតិ​ទាំងមូល ស្របគ្នា​នឹង​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែល​ បាន​លើកឡើង​ថា “ការ​វិនិយោគ​លើ​ស្ត្រី គឺ​ជា​ការ​វិនិយោគ​អោយ​សង្គមជាតិ​ទាំងមូល”។

ក្រឡេក​មក​មើល​សកម្មភាព​របស់​ស្ត្រី​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​វិញ​ម្តង ក្រៅ​ពី​ភារកិច្ច​ជា​មាតា​ដ៏​ល្អ ពួក​គាត់​បាន​ខិតខំ និង​យកចិត្ត​ទុកដាក់​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​បំពេញ​ភារកិច្ច​ដែល ​ថ្នាក់​ដឹកនាំ​បាន​ប្រគល់​ជូន​តាម​មុខ​សញ្ញា ជាក់ស្តែង ស្ត្រី​បាន​ចូលរួម​ចុះ​ធ្វើ​សវនកម្ម​នៅ​តាម​អង្គភាព ក្រសួង ស្ថាប័ន​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត។ លើ​ការងារ​បណ្តុះ​បណ្តាល ស្ត្រី​បាន​ទទួល​ការ​រៀនសូត្រ​បន្ថែម ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស ដែល​មាន​វគ្គសិក្សា​រយៈពេល​ខ្លី និង​រយៈពេល​វែង ដើម្បី​បង្កើន​សមត្ថភាព និង​ការ​យល់ដឹង​ពី​ជំនាញ​បច្ចេកទេស អោយ​ស្រប​តាម​សភាពការណ៍​រីក​ចម្រើន​របស់​សកលលោក​ទាំងមូល។ ចំពោះ​ការងារ​សង្គម​វិញ ស្ត្រី​នៅក្នុង​អាជ្ញាធរ​សវនកម្ម​ជាតិ ក៏​បាន​ចូលរួម​ចំណែក​ដោយ​ប្រយោល តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​គ្រប់​ ប្រភេទ ដោយ​ភាព​មនុស្ស​ធម៌ និង​មិន​លម្អៀង ព្រមទាំង​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យជាតិ និង​អន្តរជាតិ​នានា និង​បាន​ជួយ​រំលែក​ទុក្ខ​លំបាក និង​ការ​ខ្វះខាត​របស់​មន្រ្តី​រាជការ បុគ្គលិក​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​នា​ពេល​មាន​អាសន្ន និង​ជួប​គ្រោះថ្នាក់​ផងដែរ។

អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ​ប្រារព្ធ​ពិធី​រំលឹក​ទិវា​នារី​ អន្តរជាតិ ៨មីនា​នេះ​ជា​រៀងរាល់​ឆ្នាំ។ ទន្ទឹម​នឹង​នេះ វា​ជា​មោទនភាព​ដ៏​ក្រៃលែង ដែល​អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជា​ស្ត្រី​នៅក្នុង​ អាណត្តិ​ទី៣ នេះ គិត​ចាប់ពី​ពេល​ដែល​អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង និង​មាន​ថ្នាក់​នាយកដ្ឋាន និង​ថ្នាក់​ការិយាល័យ​មួយ​ចំនួនទៀត​ក៏​ជា​ស្ត្រី​ផងដែរ ក្នុង​ចំណោម​ស្ត្រី​ចូលរួម​បំរើ​ការងារ​សរុប​ចំនួន ៥៥នាក់។

 


Print
SHARE IN SOCIAL MEDIA AND EMAIL
Recent News
អបអរសាទរខួបលើក

ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤

អបអរសាទរទិវាអន្តរជាតិនារី

ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង

July 25, 2019

នៅព្រឹកថ្ងៃពុធ ៨ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា

March 8, 2019

ពិធីអបអរសាទរទិវាអន្តរជាតិនារី

នាថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង

January 12, 2018

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី១១