សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Cloudy

27°C

Contents[Hide]

ជំពូក​ទី១   គោលការណ៍​សវនកម្ម

១.១ បេសកកម្ម​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​គឺ​ជួយ​ជំរុញ​ឲ្យ​កាន់​តែ​មាន​តម្លាភាព​ក្នុង​ដំណើរការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ពង្រឹង​គណនេយ្យភាព​នៃ​ការ​គ្រប់គ្រង​មូលនិធិ ទ្រព្យសម្បត្តិ​សាធារណៈ ផ្តល់​សុវត្ថិភាព និង​តុល្យភាព​ដល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​សាធារណៈ និង​ផ្តល់​ការ​គាំទ្រ​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នេះ។ អាជ្ញាធរ​សវនកម្មជាតិ​រួម​ចំណែក​ជួយ​រដ្ឋសភា និង ព្រឹទ្ធសភា​ដើម្បី​បំពេញ​មុខងារ​ត្រួតពិនិត្យ អនុម័ត​ថវិកា និង​តាម​ដាន​ការ​អនុវត្តន៍​ថវិកា។

១.២ អាជ្ញាធរ​សវនកម្ម​ជាតិ រួម​ចំណែក​ជួយ​រាជ​រដ្ឋា​ភិបាល​គ្រប់គ្រង​ធនធាន​សាធារណៈ​ដោយ​ហ្មត់ចត់ និង​ជួយ​ពង្រឹង​គណនេយ្យភាព​ក្នុង​វិស័យ​សាធារណៈ​តាម​រយៈ​ការ​ធ្វើ​សវនកម្ម​ដ៏​ជឿ​ទុកចិត្ត និង​ទាន់​ពេលវេលា។ អាជ្ញាធរ​សវនកម្ម​ជាតិ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​ទប់ស្កាត់​កំហុសឆ្គង និង ការ​ក្លែង​បន្លំ​ថវិកា និង​ផ្តោត​លើ​ការ​ជួយ​ដល់​ការ​រៀបចំ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ប្រចាំឆ្នាំ។

១.៣ ដើម្បី​ធានា​គុណភាព​សវនកម្ម អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ភាព​ត្រឹមត្រូវ ការ​ជឿ​ទុកចិត្ត​លើ​ការ​ធ្វើ​សវនកម្ម​ប្រកប​ដោយ​តម្លាភាព ការ​អនុវត្តន៍​វិធីសាស្ត្រសវនកម្ម​ទំនើប និង​ការ​ធានា​គុណភាព​សវនកម្ម​កំរិត​ខ្ពស់។ ការងារ​សវនកម្ម​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ មិន​គ្រាន់​តែ​អនុលោម​តាម​ស្តង់ដារ​គណនេយ្យ​ប៉ុណ្ណោះ​ទេ ថែមទាំង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​សមធម៌​ចំពោះ​អង្គភាព​រង​សវនកម្ម។

១.៤ ស្ថាប័ន​គ្រប់គ្រង​ទាំងឡាយ​ដែល​មាន​ចែង​ក្នុង មាត្រា​២ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា មាន​ភារកិច្ច​ទទួល​ខុសត្រូវ​ចំពោះ​ទម្រង់ និង​ខ្លឹមសារ​នៃ​របាយការណ៍​ហិរញ្ញវត្ថុ។ ស្ថាប័ន​ទាំងនោះ​ត្រូវ​រៀបចំ​បង្កើត​នូវ​ប្រព័ន្ធ​ងាយស្រួល​សម្រាប់​ផ្តល់​ព័ត៌មាន​ដែល​ពាក់ព័ន្ធ និង​ជឿ​ទុកចិត្ត​បាន។

១.៥ តម្លៃ​ជាគន្លឹះ​ក្នុង​សកម្មភាព​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​គឺ បទពិសោធន៍ និង​ចំណេះដឹង​វិជ្ជាជីវៈ។ ការងារ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​គឺ​ផ្អែក​លើ​វិធីសាស្ត្រប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត បរិយាកាស​ការងារ​ដែល​បង្ក​លក្ខណៈ​ល្អ​ដល់​ការ​បង្កើត​វិធីសាស្ត្រ​ថ្មី ភាព​សុចរិត និង​ស្ថេរភាព​នៃ​ការ​គ្រប់គ្រង។

១.៦ គុណភាព​កំរិត​ខ្ពស់​នៃ​សវនកម្ម​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​ផ្អែក​លើ​បទពិសោធន៍ ការ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជា​ជីវៈ បទប្បញ្ញត្តិ​ដែល​ស្រប​តាម​គោលការណ៍​ណែនាំ​របស់​អង្គការ​អន្តរជាតិ​នៃ​ស្ថាប័ន​សវនកម្ម​កំពូល ការ​ទទួល​យក​នូវ​ទម្លាប់​អនុវត្ត​ល្អៗ​របស់​អន្តរជាតិ​ដោយ​ធ្វើ​ការ​ប្រៀបធៀប​ជាមួយនឹង​បរិបថ​របស់​ជាតិ និង​ការ​បង្កើត​នូវ​វិធីសាស្ត្រ​សវនកម្ម ដូចជា​បច្ចេកទេស​ដែល​ផ្អែក​លើ​ប្រព័ន្ធ វិធីសាស្ត្រ​វិភាគ​ឡើងវិញ ជំរើស​គំរូ និង​សវនកម្ម​គាំទ្រ​ដោយ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា។

១.៧ អាជ្ញាធរ​សវនកម្ម​ជាតិ​ធានា​នូវ​គុណភាព​ខ្ពស់​នៃ​ការងារ ដោយ​ប្រព័ន្ធ​ទូលំ​ទូលាយ​មួយ​សម្រាប់​ការ​ត្រួតពិនិត្យ​គុណភាព។

១.៨ ស្តង់ដារ​សវនកម្ម​សាធារណៈ​ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​តាម​ក្របខណ្ឌ​នៃ ច្បាប់ និង​ស្ថានភាព​ជាក់ស្តែង​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ស្តង់ដារ​សវនកម្ម​នេះ​ក៏​មាន​លក្ខណៈ​ស្របគ្នា​ជាមួយ​នឹង​ស្តង់ដារ​របស់​អង្គការ​អន្តរជាតិ​នៃ​ស្ថាប័ន​សវនកម្ម​កំពូល​ផង​ដែរ។

១.៩ ស្ដង់ដារ​សវនកម្ម​សាធារណៈ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្រប​តាម​អាណត្តិ​សវនកម្ម​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ក្នុង​ករណី​ច្បាប់​សវនកម្ម​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម បទប្បញ្ញត្តិ​ទាំងឡាយ​នៃ​ស្តង់ដារ​សវនកម្ម​នេះ​នឹង​កែតម្រូវ​ទៅ​តាម​វិសោធនកម្ម​នោះ។

១.១០ អាជ្ញាធរ​សវនកម្ម​ជាតិ​រៀបចំ​គោលការណ៍​ណែនាំ​សវនកម្ម និង​សៀវភៅ​ណែនាំ​សវនកម្ម។ ឯកសារ​ទាំងពីរ​ប្រភេទ​នេះ​ផ្តល់​នូវ​មូលដ្ឋាន​ដ៏​ទុកចិត្ត និង​ពិត​ប្រាកដ​សម្រាប់​ការងារ​របស់​សវនករ ដើម្បី​វាស់វែង​សមត្ថភាព​ការងារ និង​ពិនិត្យ​ឡើងវិញ​នូវ​គុណភាព​ការងារ​សវនកម្ម​ដែល​សម្រេច​បាន។

គោលការណ៍​ណែនាំ​សវនកម្ម និង​សៀវភៅ​ណែនាំ​សវនកម្ម​គឺ​ជា​បទប្បញ្ញត្តិ​ផ្ទៃក្នុង​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ធ្វើ​ឲ្យ​កិច្ច​ប្រតិបត្តិការ​នៅក្នុង​អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​ភាព​រលូន និង​ជួយ​សម្រួល​ការងារ​របស់​សវនករ។ ឯកសារ​ទាំងនេះ​អនុលោម​តាម​ស្តង់ដារ​សវនកម្ម​សាធារណៈ។

ដោយ​អនុលោម​តាម​យុទ្ធសាស្ត្រ​ដែល​បាន​កំណត់ អាជ្ញាធរ​សវនកម្ម​ជាតិ​នឹង​ធ្វើ​ការ​វាយតម្លៃ​ជា​ប្រចាំ​លើ​បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី​ការ​អនុវត្តន៍​បទប្បញ្ញត្តិ​សវនកម្ម និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​បទប្បញ្ញត្តិ​ទាំងនោះ។

ជំពូក​ទី២   ប្រភេទ​សវនកម្ម

២.១ អាជ្ញាធរ​សវនកម្ម​ជាតិ​អនុវត្ត​ការងារ​សវនកម្ម​ដូច​មាន​ចែង​ក្នុង ​មាត្រា ៥-១២ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​​រាជា​ណាចក្រ​កម្ពុជា ។ សវនកម្ម​ទាំងនោះ​អាច​ជា​ប្រភេទ​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ សវនកម្ម​លើ​ការ​អនុលោម​តាម​ច្បាប់ និង​បទប្បញ្ញត្តិ និង​សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ។

២.២ សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ

ចំពោះ​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ សវនករ​ធ្វើ​ការ​វិភាគ​លើ​ប្រតិបត្តិការ និង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​អង្គភាព​រង​សវនកម្ម ថា​តើ​របាយការណ៍​ទាំងនោះ​អនុលោម​តាម​ស្តង់ដារ​គណនេយ្យ​ដែល​អាច​ទទួលយក​បាន​ដែរ​ឬទេ។ ជាទូទៅ​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ​តម្រូវ​ឲ្យ​មាន​ការ​បញ្ជាក់​ទៅ​លើ​របាយការណ៍​ទាំងនោះ។

២.៣ សវនកម្ម​លើ​ការ​អនុលោម​តាម​ច្បាប់ និង​បទប្បញ្ញត្តិ

សវនកម្ម​លើ​ការ​អនុលោម​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ធ្វើ​ការ​បញ្ជាក់​លើ​ភាព​ស្រប​ច្បាប់​នៃ​ប្រតិបត្តិការ​របស់​អង្គភាព​រង​សវនកម្ម ដោយ​ផ្តោត​លើ​រចនា​សម្ព័ន្ធ តួនាទី និង​ភារកិច្ច ការ​អនុវត្តន៍​កម្មវិធី និង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​អង្គភាព។

សវនកម្ម​នេះ​មាន​លក្ខណៈ​សំខាន់ ជា​ពិសេស​ចំពោះ​អ្នក​ធ្វើ​ការ​សម្រេចចិត្ត​ចង់​ដឹង​ថា​តើ​ច្បាប់ និង​បទប្បញ្ញត្តិ​ទាំងឡាយ​ត្រូវ​បាន​ប្រតិបត្តិ​តាម​ដែរ​ឬទេ ហើយ​តើ​ការ​អនុវត្តន៍​ទាំងនោះ សម្រេច​បាន​លទ្ធផល​ដូច​ដែល​បាន​គ្រោងទុក​ឬទេ ហើយ​ក្នុង​ករណី​មិន​បាន​ដូច​ការ​គ្រោងទុក​នោះ តើ​ត្រូវ​មាន​វិធានការ​អ្វីខ្លះ​ដែល​ត្រូវ​ដាក់​ចេញ។

២.៤ សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ

សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ​ជា​ការ​វាយតម្លៃ​លើ​ភាព​សន្សំ​សំចៃ ប្រសិទ្ធភាព និង​ប្រសិទ្ធផល​នៃ​ការ​ប្រើប្រាស់​ធនធាន​សាធារណៈ។ សវនករ​វិភាគ​លើ​ភាព​សន្សំ​សំចៃ និង​ប្រសិទ្ធភាព​នៃ​តម្រូវការ និង​ការ​ប្រើប្រាស់​ធនធាន រួច​វិភាគ​លើ​ប្រសិទ្ធផល។ សវនកម្ម​នេះ​ក៏​ពិនិត្យ​ផង​ដែរ​លើ​ភាព​ត្រឹមត្រូវ​នៃ​ដំណើរការ​ប្រតិបត្តិការ និង​សមិទ្ធផល​ដែល​សម្រេច​បាន។ សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ​អាស្រ័យ​ទៅ​តាម​វិសាលភាព និង​លក្ខណៈ​សវនកម្ម​ជា​សំខាន់។ សវនកម្ម​អាច​ផ្តោត​លើ​សំណួរ ថា​តើ​ធនធាន​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ត្រឹមត្រូវ​ដែរ​ឬទេ ឬ​ផ្តោត​លើ​ការ​វាយតម្លៃ​លើ​ផល​ប៉ះពាល់​នៃ​គោល​នយោបាយ និង​កម្មវិធី​នានា។

ជំពូក​ទី៣   ស្ដង់ដារ​ទូទៅ​នៃ​សវនកម្ម​សាធារណៈ

៣.១ ឯករាជ្យ​ភាព

៣.១.១ ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ធានា​នូវ​ឯករាជ្យ​ភាព​នៃ​កិច្ច​ប្រតិបត្តិការ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ ដែល​ជា​ស្ថាប័ន​សវនកម្ម​កំពូល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ អាជ្ញាធរ​សវនកម្ម​ជាតិ​អនុវត្ត​ការងារ​សវនកម្ម​ដោយ​មិន​លំអៀង គ្មាន​បុរេ​វិនិច្ឆ័យ និង​ដោយ​គ្មាន​រង​ឥទ្ធិពល​នយោបាយ។

អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​ទាំងឡាយ​ណា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព និង​ភាព​ទៀងត្រង់​ក្នុង​ការ​បំពេញ​កាតព្វកិច្ច ជាពិសេស​នៅ​ពេល​ផ្តល់​អនុសាសន៍​ទៅ​អង្គភាព​រង​សវនកម្ម ដូចជា​ការ​កែលំអ​លើ​ការ​គ្រប់គ្រង ឬ​នីតិវិធី​របស់​អង្គភាព​រង​សវនកម្ម។ មាត្រា១ នៃ​ច្បាប់​ស្តីពី​សវនកម្ម មាន​ចែង​អំពី​តួនាទី​សវនកម្ម​ផ្ទៃក្រៅ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

៣.១.២ បទប្បញ្ញត្តិ​ស្តីពី​ការ​តែងតាំង​អគ្គសវនករ និង​អគ្គសវនករ​រង​ដូច​មាន​ចែង​ក្នុង មាត្រា១៨-១៩ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ពង្រឹង​បន្ថែម​នូវ​ឯករាជ្យ​ភាព​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

៣.១.៣ គ្មាន​ស្ថាប័ន​ណា​មួយ​នៅក្​នុង និង​ក្រៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មាន​សិទ្ធិ​អំណាច​ណែនាំ​អាជ្ញាធរ​សវនកម្ម​ជាតិ​ឲ្យ​អនុវត្ត​កែ​សម្រួល ឬ​បញ្ឈប់​ការ​ធ្វើ​សវនកម្ម ឬ​បង្ខំ​អាជ្ញាធរ​សវនកម្ម​ជាតិ​ឲ្យ​កែ​សម្រួល​លទ្ធផល​ដែល​រកឃើញ ការ​សន្និដ្ឋាន និង​អនុសាសន៍​សវនកម្ម​ឡើយ។

ប៉ុន្តែ​ដើម្បី​អនុវត្ត​កាតព្វកិច្ច​ទទួល​ខុសត្រូវ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ រដ្ឋ​សភា​អាច​បង្កើត​គណៈកម្មការ​ពិសេស​មួយ​ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​សកម្មភាព និង​កិច្ច​ប្រតិបត្តិការ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ (មាត្រា៤០​នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា)

៣.១.៤ រដ្ឋ​សភា ព្រឹទ្ធ​សភា រាជ​រដ្ឋាភិបាល ឬ​ស្ថាប័ន​សាធារណៈ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា អាច​លើក​សំណើ​សវនកម្ម​មក​អាជ្ញាធរ​សវនកម្ម​ជាតិ ហើយ​ការ​ទទួល​យក​សំណើ​ទាំងនោះ​ជា​ឆន្ទា​នុសិទ្ធិ​របស់​អគ្គសវនករ។

៣.១.៥ អគ្គសវនករ​មាន​ឆន្ទា​នុសិទ្ធិ​ក្នុង​ការ​សម្រេច​លើ​មតិ និង​របាយការណ៍​សវនកម្ម។ អគ្គសវនករ​ក៏​មាន​សិទ្ធិ​ផង​ដែរ​ក្នុង​ការ​កំណត់​យុទ្ធសាស្ត្រ​សវនកម្ម បទ​បញ្ជា​វិជ្ជាជីវៈ វិធីសាស្ត្រ នីតិវិធី​សវនកម្ម ប្រតិបត្តិការ និង​ការ​ចាត់ចែង​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ ប្រកប​ដោយ​ស្តង់ដារ​កំរិត​ខ្ពស់ ហើយ​ក៏​អាច​ប្រគល់​សិទ្ធិ​សម្រេច​ទៅ​ថ្នាក់​ដឹកនាំ​ណា​ម្នាក់​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

៣.១.៦ អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​សិទ្ធិ​ទទួល​បាន​នូវ​ធនធាន​រូបវ័ន្ត ធនធាន​មនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​សម្រាប់​អនុវត្ត​ភារកិច្ច​របស់​ខ្លួន និង​ទទួល​ខុសត្រូវ​ចំពោះ​ការ​ប្រើប្រាស់​ធនធាន​ទាំងនោះ។ គម្រោង​ថវិកា​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​មិន​ត្រូវ​បាន​កាត់​បន្ថយ លើកលែង​តែ​ក្នុង​ករណី​ណា​ដែល​មិន​អាច​ជៀសវាង​បាន​ប៉ុណ្ណោះ។ អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​រាយការណ៍​ជូន​ទៅ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​រាជ​រដ្ឋាភិបាល​ក្នុង​ករណី​ធនធាន​មិន​គ្រប់គ្រាន់​ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​សវនកម្ម។

៣.១.៧ ការ​ទទួល​ស្គាល់​នូវ​ឯករាជ្យ​ភាព និង​បេសកកម្ម​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ ពី​សំណាក់​សាធារណជន​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព។ អគ្គសវនករ​មាន​តួនាទី​អប់រំ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន​អំពី​ឯករាជ្យ​ភាព និង​បេសកកម្ម​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​ក្នុង​កាលៈទេសៈ​ដ៏​សមស្រប។

៣.២ សុចរិត​ភាព

៣.២.១ សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ត្រូវ​គោរព​តាម​ក្រម​សីលធម៌​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ និង​ក្រម​សីលធម៌​របស់​អង្គការ​អន្តរជាតិ​នៃ​ស្ថាប័ន​សវនកម្ម​កំពូល។

៣.២.២ សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បំពេញ​ការងារ​របស់​ខ្លួន​ដោយ​មិន​លំអៀង មិន​ប្រកាន់​បក្ស​ពួក និង​ឯករាជ្យ​មិន​ទទួល​ឥទ្ធិពល​ពី​ខាងក្រៅ។ អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន និង​មិន​លំអៀង​ក្នុង​ការ​ផ្តល់​មតិ​សវនកម្ម សេចក្តី​សន្និដ្ឋាន និង​អនុសាសន៍ ក៏​ប៉ុន្តែ​មិនមាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​គ្រប់គ្រង​របស់​អង្គភាព​រង​សវនកម្ម លើស​ពី​វិសាលភាព និង​លក្ខណៈ​សវនកម្ម​ដែល​បាន​អនុវត្ត​ឡើយ។

៣.២.៣ នៅ​ពេល​ដែល​សវនករ​ផ្តល់​មតិ​យោបល់​ទៅ​អង្គភាព​រង​សវនកម្ម សវនករ​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ថា មតិ​យោបល់​ទាំងនោះ​ត្រូវ​ស្រប​តាម​គោលបំណង​សវនកម្ម។

៣.៣ ទំនាស់​ផល​ប្រយោជន៍

៣.៣.១ សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​ប្រកាន់​ខ្ជាប់​នូវ​ស្ដង់ដារ​នៃ​ភាព​សុចរិត​កំរិត​ខ្ពស់​មួយ។ សវនករ​ត្រូវតែ​ជៀសវាង​រាល់​ស្ថានភាព និង​អាកប្បកិរិយា​ណា​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ ឬ​មាន​ការ​ស្តីបន្ទោស។ ក្នុង​ករណី​ដែល​សវនករ​មាន​សម្ព័ន្ធភាព​ជិតស្និត ជាមួយ​ថ្នាក់ដឹកនាំ​នៃ​អង្គភាព​រង​សវនកម្ម ដូចជា​ត្រូវ​ជា​សាច់ញាតិ ឬ​ជា​សម្ព័ន្ធភាព​ដទៃទៀត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលបំណង​សវនកម្ម សវនករ​នោះ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចុះ​ធ្វើ​សវនកម្ម​នៅ​អង្គភាព​រង​សវនកម្ម​នោះ​ឡើយ។

៣.៣.២ សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ​តឹងរឹង និង​ជៀសវាង​នូវ​ភាព​មិន​ចុះ​សម្រុង​គ្នា។ ដើម្បី​ជៀសវាង​ទំនាស់​ផល​ប្រយោជន៍ សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជា​សមាជិក​នៃ​គណៈ​កម្មការ​គ្រប់គ្រង​របស់​អង្គភាព​រង​សវនកម្ម​ឡើយ។ សវនករ​មាន​ភារកិច្ច​បដិសេធ​នូវ​រាល់​អំណោយ និង​ប្រាក់​សាគុណ​ទាំងឡាយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព។ ក្នុង​ករណី​មាន​ទំនាស់​ផល​ប្រយោជន៍​ទំនង​កើតឡើង សវនករ​ត្រូវ​រាយការណ៍​អំពី​ហេតុការណ៍​នោះ​ទៅ​ថ្នាក់ដឹកនាំ​របស់​ខ្លួន។

៣.៤ ការ​សំងាត់​វិជ្ជាជីវៈ

៣.៤.១ អាជ្ញាធរ​សវនកម្ម​ជាតិ និង​សវនករ​រក្សា​ការ​សំងាត់​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា និង​លទ្ធផល​សវនកម្ម ដោយ​មិន​ធ្វើ​ឲ្យ​ខ្ចរខ្ចាយ​នូវ​ព័ត៌មាន​ដែល​ប្រមូល​បាន​ក្នុង​ដំណើរការ​សវនកម្ម​ទៅ​ភាគី​ទីបី​ឡើយ ទោះ​ជា​ដោយ​ផ្ទាល់មាត់​ក្តី ឬ​ជា​លាយ​លក្ខណ៍​អក្សរ​ក្តី លើកលែង​តែ​សម្រាប់​ភារកិច្ច​ស្របច្បាប់​របស់​ខ្លួន​ប៉ុណ្ណោះ។

៣.៤.២ អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​សិទ្ធិ​រាយការណ៍​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​នូវ​អំពើ​ល្មើសច្បាប់។

៣.៤.៣ ក្នុង​ករណី​មាន​ការ​សង្ស័យ​អំពើ​ក្លែង​បន្លំ និង​ពុករលួយ សវនករ​ត្រូវ​រួសរាន់​ធ្វើ​របាយការណ៍​អំពី​លទ្ធផល​សវនកម្ម​ដាក់ជូន​ទៅ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ដើម្បី​ចាត់ចែង​បន្ត។

៣.៥ សមត្ថភាព​វិជ្ជាជីវៈ

៣.៥.១ មន្ត្រី​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​មាន​ជំនាញ និង​ទទួល​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ ដើម្បី​អនុវត្ត​ការងារ​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព។

៣.៥.២ ជាទូទៅ​សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​កំរិត​សិក្សា ឬ​មាន​សញ្ញាប័ត្រ​ចាប់ពី​បរិញ្ញាប័ត្រ​ឡើងទៅ ឬ​សញ្ញាប័ត្រ​សមមូល​ក្នុង​ផ្នែក​គណនេយ្យ សេដ្ឋកិច្ច ច្បាប់ វិស្វកម្ម។ល។ ជា​មូលដ្ឋាន សវនករ​ត្រូវ​មាន​ការ​យល់ដឹង​អំពី​ច្បាប់​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ ស្ដង់ដារ​គណនេយ្យ និង​ស្ដង់ដារ​សវនកម្ម។ អាជ្ញាធរ​សវនកម្ម​ជាតិ​រក្សា​ទុក​ជា​ប្រចាំ​នូវ​ប្រវត្តិរូប និង​ឯកសារ​បណ្តុះ​បណ្តាល​ជំនាញ​របស់​សវនករ​ដើម្បី​កំណត់​នូវ​តម្រូវការ​អភិវឌ្ឍន៍​វិជ្ជាជីវៈ។ អាជ្ញាធរ​សវនកម្ម​ជាតិ​កំណត់​កម្មវិធី​បណ្តុះបណ្តាល​ឲ្យ​ស្រប​គ្នា​ជាមួយ​នឹង​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សវនកម្ម​ដែល​តម្រូវ​ឲ្យ​សវនករ​ចូល​រួម​អនុវត្ត។

ដើម្បី​រក្សា​បាន​នូវ​គុណភាព​សវនកម្ម អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជា​ប្រចាំ​ជាមួយ​មន្ត្រី​របស់​ខ្លួន និង​ផ្សព្វផ្សាយ​គោល​នយោបាយ​សវនកម្ម ស្តង់ដារ និង​ការ​អនុវត្តន៍​បច្ចេកទេស​សវនកម្ម​ថ្មី​ដល់​មន្ត្រី​របស់​ខ្លួន។

៣.៥.៣ សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​យល់ដឹង​អំពី​ស្ថានភាព និង​ប្រតិបត្តិការ​មិន​ប្រក្រតី​ទាំងឡាយ ដែល​អាច​ជា​សញ្ញា​នៃ​ចំណូល ចំណាយ​មិន​ត្រឹមត្រូវ ការ​ក្លែងបន្លំ ឬ​ផ្ទុយ​នឹង​ច្បាប់ ប្រតិបត្តិការ​ដែល​គ្មាន​ការ​អនុញ្ញាត ការ​ខ្ជះខ្ជាយ ខ្វះ​ប្រសិទ្ធភាព ឬ​ខ្វះ​ភាព​ទៀងត្រង់។

៣.៥.៤ ការ​ពង្រីក​តួនាទី​សវនកម្ម​ទាមទារ​ឲ្យ​សវនករ​ខិតខំ​អភិវឌ្ឍ និង​ប្រើប្រាស់​បច្ចេកទេស​សវនកម្ម​ថ្មីៗ។ សវនករ​ត្រូវ​ចេះ​ទាញ​យក​ប្រយោជន៍​ពី​វិធីសាស្ត្រ​ផ្សេងៗ​នៃ​មុខវិជ្ជា​ដទៃទៀត​ផងដែរ។

៣.៦ ការ​ប្រកាន់​ខ្ជាប់​វិជ្ជាជីវៈ

៣.៦.១ សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​វិជ្ជាជីវៈ​ក្នុង​ការ​កំណត់​ប្រមូល និង​វាយ​តម្លៃ​ភស្តុតាង​សវនកម្ម និង​ក្នុង​ការ​រាយការណ៍​អំពី​លទ្ធផល​សវនកម្ម ការ​សន្និដ្ឋាន និង​ការ​ផ្តល់​អនុសាសន៍។

៣.៦.២ សវនករ​មិន​ត្រូវ​ធ្វើ​ការងារ​ណា​ដែល​ខ្លួន​ពុំ​មាន​សមត្ថភាព​អនុវត្ត​នោះ​ទេ។ សវនករ​ម្នាក់ៗ​ពុំ​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​គ្រប់​កិច្ចការ​ទាំងអស់​ឡើយ ក៏​ប៉ុន្តែ​ការ​ចូលរួម​ជា​ក្រុម​ក្នុង​សវនកម្ម​ពិសេស​មួយ អាច​ប្រមូល​បាន​នូវ​ចំណេះដឹង និង​ជំនាញ​ចាំបាច់​សម្រាប់​ការងារ​សវនកម្ម​នោះ។

៣.៦.៣ ក្នុង​ករណី​អាជ្ញាធរ​សវនកម្ម​ជាតិ​ពុំ​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់ អគ្គសវនករ​អាច​ជួល​ជំនាញការ​ពី​ខាងក្រៅ​ដើម្បី​ជួយ​ក្រុម​សវនករ។ ជំនាញការ​នោះ​ត្រូវ​ប្រកាន់​ខ្ជាប់​វិជ្ជាជីវៈ និង​ប្រតិបត្តិ​តាម​ស្តង់ដារ​ដូចគ្នា​នឹង​សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​ដែរ។ អាជ្ញាធរ​សវនកម្ម​ជាតិ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ជ្រើសរើស​ដោយ​យកចិត្ត​ទុកដាក់​លើ​ការ​គ្រប់គ្រង និង​ការ​បញ្ចេញ​មតិ​របស់​ជំនាញការ។ អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​ជូន​ដំណឹង​ទៅ​អង្គភាព​រង​សវនកម្ម​អំពី​វត្តមាន​របស់​ជំនាញការ​នោះ។

អាជ្ញាធរ​សវនកម្ម​ជាតិ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​នេះ​នៅពេល​ប្រគល់​ភារកិច្ច​របស់​ខ្លួន​មួយ​ចំនួន​ទៅ​ស្ថាប័ន​ជំនាញ​វិជ្ជាជីវៈ​ដទៃ​អនុវត្ត​ការងារ​សវនកម្ម​ជំនួស។

៣.៧ សិទ្ធិ​អំណាច​លើ​ការ​ប្រមូល​ផ្តុំ​ព័ត៌មាន

៣.៧.១ មាត្រា៣០-៣២ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ផ្តល់​សិទ្ធិ​ដ៏​ទូលំ​ទូលាយ​ដល់​អាជ្ញាធរ​សវនកម្ម​ជាតិ ក្នុង​ការ​ប្រមូល​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​សវនកម្ម សិទ្ធិ​ចូល និង​ស្ថិត​នៅ​ក្នុង​អគារ​របស់​អង្គភាព​រង​សវនកម្ម ពិនិត្យ និង​ឆែកឆេរ​ឯកសារ​សាធារណៈ របាយការណ៍ និង​ទ្រព្យ​សម្បត្តិ។

៣.៧.២ សិទ្ធិ​ទាំងនោះ​រួមមាន​ការ​ប្រមូល​ព័ត៌មាន​អំពី​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ឯកសារ​ពាក់ព័ន្ធ។

៣.៧.៣ អង្គភាព​រង​សវនកម្ម​នានា​ត្រូវ​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​សិទ្ធិ​ទទួល និង​ពិនិត្យ​ព័ត៌មាន​រសើប ប្រសិន​បើ​ព័ត៌មាន​នោះ​ចាំបាច់​ហើយ​ពាក់ព័ន្ធ​នឹង​ការ​បំពេញ​កាតព្វកិច្ច​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

៣.៧.៤ ការ​ស្នើ​សុំ​ព័ត៌មាន ឬ​ឯកសារ​សម្រាប់​អនុវត្ត​ការងារ​សវនកម្ម ពុំ​ចាំបាច់​ផ្តល់​ហេតុផល​ការពារ​សំណើ​នោះ​ឡើយ។

៣.៨ ការ​ធានា​គុណភាព​សវនកម្ម

៣.៨.១ អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​មួយ​សម្រាប់​ត្រួតពិនិត្យ​ដំណើរ​ការ​ធានា​គុណភាព​សវនកម្ម ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​នូវ​របាយការណ៍​សវនកម្ម និង​ជៀសវាង​កង្វះខាត​ដដែលៗ។

៣.៨.២ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពិនិត្យ​តាមដាន​ការងារ​របស់​មន្ត្រី​សវនកម្ម​នៅ​គ្រប់​លំដាប់​ថ្នាក់ និង​គ្រប់​ដំណាក់កាល​ដោយ​ពិចារណា​ទៅលើ​ខ្លឹមសារ និង​វិធីសាស្ត្រ​សវនកម្ម។

ការ​ពិនិត្យ​តាមដាន​ធានា​ឲ្យ៖

  • សមាជិក​នៃ​ប្រតិភូ​សវនកម្ម​យល់ច្បាស់​នូវ​ផែនការ​សវនកម្ម
  • សវនកម្ម​ត្រូវ​បាន​អនុវត្ត​ស្រប​តាម​ស្តង់ដារ​សវនកម្ម​សាធារណៈ និង​បទ​ពិសោធន៍​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ
  • សវនករ​អនុវត្ត​តាម​ផែនការ និង​ជំហាន​សវនកម្ម​ដែល​បាន​អនុម័ត​ក្នុង​អំឡុងពេល​រៀបចំ​ត្រៀម​ធ្វើ​សវនកម្ម លើកលែង​តែ​មាន​ការ​កែប្រែ​ផែនការ​សវនកម្ម​ដែល​បាន​អនុញ្ញាត
  • ឯកសារ​ការងារ​មាន​ភស្តុតាង​ត្រឹមត្រូវ ដើម្បី​គាំទ្រ​សេចក្តី​សន្និដ្ឋាន អនុសាសន៍ និង​មតិ​សវនកម្ម
  • សវនករ​សម្រេច​បាន​នូវ​គោលដៅ​សវនកម្ម​ដូច​ដែល​បាន​ប្រកាស។

៣.៨.៣ ថ្នាក់ដឹកនាំ​ពិនិត្យ​យ៉ាង​ហ្មត់ចត់​នូវ​របាយការណ៍​សវនកម្ម​ជាមុន​សិន​ទើប​ធ្វើ​ការ​សម្រេច​ជា​ស្ថាពរ។ ការ​ត្រួត​ពិនិត្យ​របាយការណ៍​សវនកម្ម​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​សេចក្តី​សន្និដ្ឋាន​អនុសាសន៍ និង​មតិ​សវនកម្ម​ស្របគ្នា​ជាមួយ​នឹង​លទ្ធផល​ដែល​រកឃើញ។

៣.៨.៤ គោលបំណង​នៃ​ការ​ធានា​គុណភាព​គឺ៖

  • ការ​វាយតម្លៃ និង​សេចក្តី​សន្និដ្ឋាន​ត្រូវ​មាន​សង្គតិភាព នឹង​គាំទ្រ​ដោយ​ភស្តុតាង​គ្រប់គ្រាន់​ពាក់ព័ន្ធ និង​សមហេតុផល​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​ផ្តល់​មតិ និង​ធ្វើ​របាយការណ៍​សវនកម្ម​ស្ថាពរ។
  • កំហុសឆ្គង កង្វះខាត និង​បញ្ហា​មិន​ប្រក្រតី​ដែល​បាន​រកឃើញ​ត្រូវ​ចងក្រង​ទុក​ជា​ឯកសារ និង​ដោះស្រាយ ឬ​បញ្ជូន​ទៅ​ថ្នាក់ដឹកនាំ។
  • ការ​ផ្លាស់ប្តូរ និង​កែលំអ​ដែល​មាន​លក្ខណៈ​ចាំបាច់ ដើម្បី​អនុវត្ត​សវនកម្ម​នា​ពេល​អនាគត​ត្រូវ​បាន​កំណត់ កត់ត្រា​ទុក និង​យក​មក​ពិចារណា​ក្នុង​ផែនការ​សវនកម្ម​លើក​ក្រោយ និង​ក្នុង​ផែនការ​សកម្មភាព​អភិវឌ្ឍ​មន្ត្រី។

៣.៨.៥ ដើម្បី​បង្កើន​គុណភាព​សវនកម្ម អាជ្ញាធរ​សវនកម្ម​ជាតិ​អាច​ស្នើ​សុំ​ការ​ត្រួតពិនិត្យ​លើ​គុណភាព​បច្ចេកទេស​សវនកម្ម​របស់​ខ្លួន ពី​សំណាក់​ស្ថាប័ន​សវនកម្ម​កំពូល​អន្តរជាតិ​ល្អៗ​ដទៃទៀត។

៣.៩ កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គភាព​ខាងក្រៅ

៣.៩.១ អាជ្ញាធរ​សវនកម្ម​ជាតិ​សហការ​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន​នានា និង​សាធារណជន​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

៣.៩.២ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ពី​មតិ​យោបល់​របស់​អ្នក​មាន​វិជ្ជាជីវៈ និង​បទ​ពិសោធន៍​ទូលំ​ទូលាយ អាជ្ញាធរ​សវនកម្ម​ជាតិ​សហការ​ជាមួយ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​​ជាន់ខ្ពស់​នានា និង​ចូលរួម​ក្នុង​ទំនាក់​ទំនង​ជា​ផ្លូវការ​ជាមួយ​បណ្តា​អង្គភាព​វិជ្ជាជីវៈ។

អាជ្ញាធរ​សវនកម្ម​ជាតិ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​នេះ ដោយ​ប្រុង​ប្រយ័ត្ន ជៀសវាង​ការ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព និង​ភាព​មិន​លំអៀង​របស់​ខ្លួន។ អាជ្ញាធរ​សវនកម្ម​ជាតិ​លើក​ទឹកចិត្ត​មន្ត្រី​ឲ្យ​ចូល​ជា​សមាជិក នៃ​អង្គភាព​វិជ្ជាជីវៈ​ដែល​ពាក់ព័ន្ធ​ជាមួយ​ការងារ និង​ចូលរួម​ក្នុង​សកម្មភាព​របស់​អង្គភាព​នោះ។

ជំពូក​ទី៤   ស្តង់ដារ​អនុវត្ត​ការងារ​សវនកម្ម​សាធារណៈ

៤.១ ផែនការ​សវនកម្ម​ប្រចាំ​ឆ្នាំ

៤.១.១ នៅ​រៀងរាល់​ដើម​ត្រីមាស​ទីបួន​នៃ​ឆ្នាំ អាជ្ញាធរ​សវនកម្ម​ជាតិ​រៀបចំ​ផែនការ​សវនកម្ម​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​បន្ទាប់។

៤.១.២ មូលដ្ឋាន​នៃ​ការ​រៀបចំ​ផែនការ​សវនកម្ម​ប្រចាំ​ឆ្នាំ​គឺ៖

  • បញ្ជី​ឈ្មោះ​អង្គភាព​រង​សវនកម្ម​ទាំងអស់ (មាត្រា២ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា)
  • តារាង​ថវិកា​របស់​អង្គភាព​ទាំងនោះ
  • លទ្ធផល​រកឃើញ និង​មតិ​សវនកម្ម​ពី​ពេលមុន​ដែល​សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​អនុវត្ត
  • ព័ត៌មាន​ដែល​ទទួលបាន​មក​ពី​អ្នក​ពាក់ព័ន្ធ​ពី​បុគ្គល ឬ​ពី​ស្ថាប័ន​ខាងក្រៅ
  • ទិន្នន័យ​ទូលំ​ទូលាយ​អំពី​អង្គភាព​រង​សវនកម្ម មន្ត្រី​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្នន័យ​ទាំងនោះ​ជា​ប្រចាំ។ ទិន្នន័យ​ទាំងនោះ​ជា​ឧបករណ៍​សម្រាប់​អាជ្ញាធរ​សវនកម្ម​ជាតិ ធ្វើ​ការ​កំណត់​ផ្នែក​ជា​សារវ័ន្ត ផ្នែក​មាន​ហានិភ័យ និង​ផ្នែក​សំខាន់ៗ​សម្រាប់​កែ​លំអ។

៤.១.៣ នៅ​ក្នុង​ផែនការ​ប្រចាំ​ឆ្នាំ អាជ្ញាធរ​សវនកម្ម​ជាតិ​ផ្តល់​អាទិភាព​ដល់​មុខ​សញ្ញា​សវនកម្ម​ដែល​កំណត់​ដោយ​ច្បាប់ ជាពិសេស​សវនកម្ម​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ប្រចាំ​ឆ្នាំ។ ចំពោះ​សវនកម្ម​តាម​សំណើ​វិញ ការ​ផ្តល់​អាទិភាព​អាស្រ័យ​នឹង​ទំហំ​ហិរញ្ញវត្ថុ ហានិភ័យ​សវនកម្ម និង​លក្ខណៈ​វិនិច្ឆ័យ​ដទៃទៀត​នៃ​សវនកម្ម​ដែល​បាន​ធ្វើ​ផែនការ​រួច។

៤.១.៤ ផែនការ​សវនកម្ម​ប្រចាំ​ឆ្នាំ​បង្ហាញ​នូវ៖

  • ប្រធាន​បទ​សវនកម្ម
  • គោលបំណង វិសាលភាព និង​ដែន​កំណត់​សវនកម្ម
  • អង្គភាព​រង​សវនកម្ម និង​អង្គភាព​ពាក់ព័ន្ធ
  • រយៈពេល​សវនកម្ម

៤.១.៥ គោលបំណង​នៃ​ផែនការ​សវនកម្ម​ប្រចាំ​ឆ្នាំ​គឺ៖

  • ប្រើប្រាស់​មន្ត្រី​ដោយ​លក្ខណៈ​សន្សំ​សំចៃ និង​ប្រកប​ដោយ​ប្រសិទ្ធភាព
  • អនុវត្ត​សវនកម្ម​ជា​លក្ខណៈ​ស្តង់ដារ ប្រកប​ដោយ​តម្លាភាព និង​មិន​លំអៀង
  • បង្កើត​នូវ​បុរេ​លក្ខខណ្ឌ​ដើម្បី​ផ្តល់​នូវ​ទស្សនៈ​ត្រឹមត្រូវ​ចំពោះ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ
  • អនុវត្ត​សវនកម្ម​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ
  • ផ្តល់​អាទិភាព​ដល់​ប្រធានបទ​សវនកម្ម​ណា​ដែល​មាន​ទំហំ​ហិរញ្ញវត្ថុ​ធំ ប៉ុន្តែ​ក៏​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ផងដែរ ទៅលើ​ប្រធានបទ​សវនកម្ម​ដែល​មាន​ទំហំ​ហិរញ្ញវត្ថុ​តូច ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​សុចរិត​ក្នុង​ការ​គ្រប់គ្រង។

៤.១.៦ អគ្គសវនករ​ពិនិត្យ និង​សម្រេច​លើ​ផែនការ​សវនកម្ម​ប្រចាំ​ឆ្នាំ ដោយ​មាន​ការ​ពិចារណា​លើ​សំណើ​របស់​នាយកដ្ឋាន​ជំនាញ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​សំណើ​របស់​អង្គភាព​ខាងក្រៅ​ផង។

៤.១.៧ អាជ្ញាធរ​សវនកម្ម​ជាតិ​ធ្វើ​ការ​កែ​តម្រូវ​ផែនការ​សវនកម្ម​ប្រចាំ​ឆ្នាំ​ឲ្យ​ស្របគ្នា​ជាមួយ​នឹង​សវនកម្ម​នា​ឆ្នាំ​កន្លងមក និង​ផែនការ​សវនកម្ម​រយៈពេល​មធ្យម។

៤.២ ការ​រៀបចំ​ធ្វើ​សវនកម្ម

៤.២.១ មុន​នឹង​ចាប់ផ្តើម​ចុះ​ធ្វើ​សវនកម្ម សវនករ​ត្រូវ​រៀបចំ​ផែនការ​សវនកម្ម​ឲ្យ​បាន​ត្រឹមត្រូវ និង​ផ្តោត​ឲ្យ​ចំ​បញ្ហា ដែល​ជា​មូលដ្ឋាន​នៃ​ការងារ និង​ភាព​ជោគជ័យ​នៃ​សវនកម្ម។

៤.២.២ ការ​រៀបចំ​យ៉ាង​លំអិត​នូវ​ផែនការ​ចុះ​ធ្វើ​សវនកម្ម​ធានា​បាន​នូវ​សវនកម្ម​មួយ​ដែល​មាន​គុណភាព​ខ្ពស់​ប្រកប​ដោយ​ភាព​សន្សំ​សំចៃ ប្រសិទ្ធភាព ប្រសិទ្ធផល និង​ទាន់​ពេលវេលា។

៤.២.៣ សវនករ​ត្រូវ​វិភាគ​ព័ត៌មាន​ទាំងអស់​ដែល​ទទួលបាន អំពី​ប្រធានបទ​សវនកម្ម និង​អង្គភាព​រង​សវនកម្ម។ ការងារ​នេះ​ជួយ​កាត់​បន្ថយ​បន្ទុក​ចំណាយ​ពី​ប្រតិបត្តិការ​សវនកម្ម និង​ជួយ​សម្រាល​ការ​រំខាន​ដល់​អង្គភាព​រង​សវនកម្ម​យ៉ាង​ច្រើន​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។

៤.២.៤ គណៈ​ប្រតិភូ​សវនកម្ម ត្រូវ​រៀបចំ​ផែនការ​ការងារ (ឬ​ផែនការ​សវនកម្ម​ផ្ទាល់ខ្លួន) ដោយ​ផ្អែកលើ​ចំនុច​ដូច​ខាង​ក្រោម៖

  • គោលបំណង ដែនកំណត់ និង​វិសាលភាព​សវនកម្ម
  • ភាព​ជា​សារវ័ន្ត​នៃ​ប្រធានបទ​សវនកម្ម
  • បញ្ហា​ចំបង​ដែល​ត្រូវ​ផ្តោត​ក្នុង​វគ្គ​សវនកម្ម
  • ឈ្មោះ​សវនករ​ដែល​ត្រូវ​ចុះ​ធ្វើ​សវនកម្ម
  • វិធីសាស្ត្រ​សវនកម្ម​ដែល​ត្រូវ​អនុវត្ត
  • ពេលវេលា​នៃ​ការងារ​សវនកម្ម ជាពិសេស​រយៈពេល​នៃ​ការ​ចុះ​ធ្វើ​សវនកម្ម​ជាក់ស្តែង
  • អង្គភាព​រង​សវនកម្ម និង
  • ថវិកា​សម្រាប់​ចំណាយ​ក្នុង​ពេល​បេសកកម្ម

៤.២.៥ មុន​នឹង​ចាប់ផ្តើម​អនុវត្ត​ការងារ​សវនកម្ម អាជ្ញាធរ​សវនកម្ម​ជាតិ​នឹង​បញ្ជូន​លិខិត​ជូន​ដំណឹង​ទៅ​អង្គភាព​រង​សវនកម្ម និង​អង្គភាព​ពាក់ព័ន្ធ​ឲ្យ​បាន​ទាន់​ពេលវេលា។ លិខិត​នេះ​មាន​បញ្ជាក់​ពី​ប្រធានបទ​សវនកម្ម កាលបរិច្ឆេទ​ចាប់ផ្តើម​​អនុវត្ត​សវនកម្ម ឈ្មោះ​ប្រធាន អនុ​ប្រធាន និង​សមាជិក​គណៈ​ប្រតិភូ​សវនកម្ម និង​សំណូមពរ​កិច្ច​សហការ​ពី​អង្គភាព​រង​សវនកម្ម។ ក្នុង​ករណី​ដែល​លិខិត​ជូន​ដំណឹង​អាច​បង្ក​ហានិភ័យ​ដល់​គោលបំណង​សវនកម្ម អាជ្ញាធរ​សវនកម្ម​ជាតិ​អាច​មិន​បញ្ជូន​លិខិត​ជូន​ដំណឹង​ទៅ​អង្គភាព​រង​សវនកម្ម​ជាមុន​ទេ ប៉ុន្តែ​នឹង​ប្រគល់​លិខិត​នេះ​នៅ​ពេល​ចាប់​ផ្តើម​ចុះ​អនុវត្ត​សវនកម្ម​តែម្តង។

៤.២.៦ សវនករ​ម្នាក់ៗ​ដែល​ចូលរួម​ធ្វើ​សវនកម្ម ទទួល​បាន​លិខិត​បេសសកម្ម ដែល​ចុះ​ហត្ថលេខា​ដោយ​អគ្គសវនករ ឬ​មន្ត្រី​ណា​​ម្នាក់​ដែល​បាន​ចាត់​តាំង​ដោយ​អគ្គសវនករ (មាត្រា៣០ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា)

៤.៣ ការ​ចុះ​ធ្វើ​សវនកម្ម
ដំណើរការសវនកម្ម

៤.៣.១ មុន​នឹង​ចាប់ផ្តើម​អនុវត្ត​សវនកម្ម ប្រធាន​គណៈ​ប្រតិភូ​សវនកម្ម​ត្រូវ​​រៀបចំ​នូវ​កម្រង​ឯកសារ​សវនកម្ម​មួយ ដែល​ក្នុង​នោះ​រាល់​ដំណាក់កាល​នីមួយៗ​នៃ​សវនកម្ម​ត្រូវ​បាន​កត់ត្រា​ទុក។ ប្រធាន​គណៈ​ប្រតិភូ​សវនកម្ម​ទទួល​ខុសត្រូវ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​​ភាព កម្រង​ឯកសារ​សវនកម្ម​នោះ ចាប់​តាំង​ពី​ថ្ងៃ​ចាប់ផ្តើម​រហូត​ដល់​ថ្ងៃ​បញ្ចប់​សវនកម្ម។ កម្រង​ឯកសារ​សវនកម្ម​ត្រូវ​បែងចែក​ជា​ច្រើន​ផ្នែក និង​កត់​បញ្ចូល​នូវ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ដំណាក់កាល​សវនកម្ម​នីមួយៗ។

នៅពេល​ដែល​សវនករ​បាន​បញ្ចប់​សេចក្តី​ព្រាង​របាយការណ៍​សវនកម្ម រាល់​ឯកសារ​ដែល​គាំទ្រ​មតិ​សវនកម្ម​ត្រូវ​ផ្ទេរ​ពី​សំណេរ​ការងារ (ឯកសារ​ការងារ​សវនកម្ម) ទៅ​កម្រង​ឯកសារ​សវនកម្ម។

៤.៣.២ ការ​ចុះ​អនុវត្ត​ការងារ​សវនកម្ម ចាប់ផ្តើម​ដោយ​មាន​ការ​ប្រជុំ​ពិភាក្សា​បើក​វគ្គ​សវនកម្ម។ ថ្នាក់ដឹកនាំ ឬ​ប្រធាន​គណៈ​ប្រតិភូ​សវនកម្ម និង​ប្រធាន​អង្គភាព​រង​សវនកម្ម ឬ​តំណាង​ត្រូវ​ចូលរួម​ក្នុង​អង្គ​ប្រជុំ​នេះ។ ប្រតិភូ​សវនកម្ម​ពន្យល់​ពី​ប្រធានបទ​គោលបំណង នីតិវិធី​សវនកម្ម និង​រយៈពេល​ប៉ាន់ស្មាន​នៃ​ការ​បញ្ចប់​ការ​ធ្វើ​សវនកម្ម។

៤.៣.៣ សវនករ​ធ្វើ​ការងារ​សវនកម្ម​ក្នុង​បរិយាកាស​សហការ និង​ការ​គោរព​គ្នា​ទៅវិញ​ទៅមក ហើយ​ស្តាប់​ការ​អះអាង និង​ការ​ពន្យល់​របស់​មន្ត្រី​នៃ​អង្គភាព​រង​សវនកម្ម។

៤.៣.៤ មន្ត្រី​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ អាច​ចូលរួម​ចុះ​អនុវត្ត​ការងារ​សវនកម្ម​ក្នុង​ពេល​ដ៏​សមគួរ​ណាមួយ។

៤.៣.៥ ក្នុង​ដំណើរការ​ចុះ​ធ្វើ​សវនកម្ម សវនករ​ត្រូវ​កំណត់​លើ​ភាព​លំអិត​នៃ​វិធីសាស្ត្រ​សវនកម្ម និង​ជំហាន​ដែល​ត្រូវ​អនុវត្ត។

៤.៣.៦ សវនករ​ត្រូវ​កត់ត្រា​ទុក​នូវ​រាល់​ភស្តុតាង​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ការងារ​សវនកម្ម។

៤.៣.៧ ជា​គោលការណ៍​ក្រោយ​ពេល​បញ្ចប់​ការ​ធ្វើ​សវនកម្ម សវនករ​ជម្រាប​ជូន​ដោយ​ផ្ទាល់​មាត់​ដល់​អង្គភាព​រង​សវនកម្ម​ក្នុង​អង្គ​ប្រជុំ​បិទ​វគ្គ​សវនកម្ម​នូវ​លទ្ធផល​ដែល​រក​ឃើញ​ដើម្បី​ស្តាប់​មតិ​យោបល់​របស់​អង្គភាព​រង​សវនកម្ម​អំពី​លទ្ធផល​ដែល​រក​ឃើញ​ក្នុង​ដំណាក់កាល​ដំបូង និង​ដើម្បី​ពន្យល់​ពី​នីតិវិធី​បន្ទាប់​ទៀត។ សវនករ​គ្មាន​សិទ្ធិ​ជម្រាប​ជូន​អង្គភាព​រង​សវនកម្ម​នូវ​សេចក្តី​សន្និដ្ឋាន​ជាមុន​ទេ។ ការ​ប្រជុំ​បិទ​វគ្គ​សវនកម្ម​ត្រូវ​ចូលរួម​ដោយ​សមាសភាព​ដូច​ដែល​បាន​ចូលរួម​ក្នុង​អង្គ​ប្រជុំ​បើក​វគ្គ​សវនកម្ម ប្រសិន​បើ​អាច​ធ្វើ​បាន។

ការ​ប្រមូល​ព័ត៌មាន

៤.៣.៨ សវនករ​មាន​សិទ្ធិ​ពេញលេញ​ចូល​ទៅ​កាន់​បរិវេណ​អង្គភាព​រង​សវនកម្ម និង​ទទួល​បាន​ឯកសារ​ទាំងអស់។ អង្គភាព​រង​សវនកម្ម​មាន​ភារកិច្ច​ផ្តល់​ជូន​អាជ្ញាធរ​សវនកម្ម​ជាតិ​នូវ​រាល់​ព័ត៌មាន និង​ឯកសារ​ដែល​ត្រូវការ​សម្រាប់​សវនកម្ម រួមទាំង​ព័ត៌មាន​រសើប​ផងដែរ (មាត្រា៣២ ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា) ។ ក្នុង​ករណី​អង្គភាព​រង​សវនកម្ម​បដិសេធ​មិន​ព្រម​បំពេញ​ភារកិច្ច​នេះ សវនករ​ត្រូវ​រួសរាន់​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​របស់​ខ្លួន។

៤.៣.៩ សវនករ​ត្រូវ​ប្រមូល​ព័ត៌មាន​ទាំងឡាយ​ណា ដែល​អាច​ប្រើ​សម្រាប់​ធ្វើ​របាយការណ៍​សវនកម្ម​បាន។ ខ្លឹមសារ​សំខាន់ៗ​នៃ​ព័ត៌មាន​ដែល​ទទួលបាន​ដោយ​ផ្ទាល់មាត់​គួរ​មាន​ការ​ធានា​ពី​អ្នក​ចូលរួម​ដែល​មាន​វត្តមាន​ក្នុង​អង្គ​ប្រជុំ ឬ​ដោយ​កំណត់ហេតុ​ចុះ​ហត្ថលេខា​ដោយ​អ្នក​ចូល​រួម​ម្នាក់ៗ​ក្នុង​កិច្ច​សម្ភាសន៍។

៤.៣.១០ អង្គភាព​រង​សវនកម្ម​មាន​ភារកិច្ច​រៀបចំ និង​ប្រគល់​នូវ​រាល់​ព័ត៌មាន​ដែល​ចាំបាច់ ហើយ​ប្រសិន​បើ​សមស្រប​ត្រូវ​ថត​ចម្លង​ឯកសារ​ទាំងនោះ​ជូន​សវនករ​ផងដែរ។

៤.៣.១១ សវនករ​ត្រូវ​រួសរាន់​ប្រគល់​ឯកសារ​ត្រឡប់​ទៅ​អង្គភាព​រង​សវនកម្ម​វិញ​នូវ​រាល់​ឯកសារ​ទាំងឡាយ​ណា​ដែល​បាន​ពិនិត្យ​រួច។

ការ​អនុលោម​តាម​ច្បាប់​ដែល​កំពុង​អនុវត្ត

៤.៣.១២ ក្នុង​ការ​អនុវត្តន៍​គ្រប់​ប្រភេទ​សវនកម្ម​ទាំងអស់ សវនករ​ត្រូវ​មាន​វិធីសាស្ត្រ​ដ៏​ជាក់លាក់​មួយ​ដើម្បី​រក​ឲ្យ​ឃើញ​នូវ​កំហុសឆ្គង ភាព​មិន​ប្រក្រតី និង​អំពើ​ល្មើស​ច្បាប់​ទាំងឡាយ ដែល​ប៉ះពាល់​ដល់​ភាព​ជា​សារវ័ន្ត​នៃ​គោលបំណង​សវនកម្ម។

៤.៣.១៣ សវនករ​ត្រូវ​យល់ដឹង​អំពី​ស្ថានភាព និង​ប្រតិបត្តិការ​ទាំងឡាយ​ដែល​អាច​ជា​សញ្ញា​នៃ​អំពើ​ល្មើសច្បាប់​ដែល​អាច​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ដល់​លទ្ធផល​សវនកម្ម។

៤.៣.១៤ ក្នុង​ករណី​មាន​សញ្ញា​នៃ​ភាព​មិន​ប្រក្រតី អំពើ​ល្មើសច្បាប់ ការ​ក្លែង​បន្លំ ឬ​កំហុសឆ្គង​កើត​ឡើង​ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ជា​សារវ័ន្ត​ដល់​លទ្ធផល​សវនកម្ម សវនករ​ត្រូវ​បង្កើត​នីតិវិធី ដើម្បី​បញ្ជាក់​អះអាង​ហេតុការណ៍ ឬ​ដើម្បី​បំបាត់​នូវ​ការ​សង្ស័យ​ទាំងនោះ។

ភស្តុតាងសវនកម្ម

៤.៣.១៥ សវនករ​អនុវត្ត​ការងារ​សវនកម្ម​រហូត​ទទួល​បាន​ភស្តុតាង​សវនកម្ម​គ្រប់គ្រាន់ មាន​សមត្ថភាព សមហេតុផល និង​ពាក់ព័ន្ធ ដើម្បី​បង្កើត​បាន​មូលដ្ឋាន​សមស្រប​មួយ​សម្រាប់​លទ្ធផល​ដែល​រកឃើញ ការ​វិនិច្ឆ័យ និង​សេចក្តី​សន្និដ្ឋាន​ដែល​មាន​ក្នុង​របាយការណ៍។ ចំពោះ​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ សវនករ​ត្រូវ​ធ្វើ​ការ​វិភាគ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​ទាំងនោះ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។

៤.៣.១៦ សវនករ​ត្រូវ​កត់ត្រា​ភស្តុតាង​សវនកម្ម​ឲ្យ​បាន​គ្រប់គ្រាន់​នៅក្នុង​សំណេរ​ការងារ​សវនកម្ម​ដោយ​រួម​បញ្ចូល​ទាំង​ដំណើរការ​សវនកម្ម ចាប់ផ្តើម​ពី​ការ​ធ្វើ​ផែនការ គំលាត​ចេញ​ពី​ផែនការ ព្រឹត្តិការណ៍​ពិសេស​កើតឡើង ការ​ធ្វើ​សេចក្តី​សម្រេច និង​អនុសាសន៍​សម្រាប់​ដំណើរការ​បន្ទាប់​សម្រាប់​សវនកម្ម​នោះ ឬ​សម្រាប់​សវនកម្ម​នា​ពេល​អនាគត។

៤.៣.១៧ នៅ​ក្នុង​សំណេរ​ការងារ​ត្រូវ​កត់ត្រា​បញ្ចូល​ព័ត៌មាន ជា​លាយ​លក្ខណ៍​អក្សរ ឬ​ជា​អេឡិច​ត្រូនិច ជា​រូបភាព ជា​ការ​ថត​ចំលង ឬ​ជា​ទ្រង់ទ្រាយ​ដើម។

ការ​ត្រួតពិនិត្យ​ផ្ទៃក្នុង

៤.៣.១៨ ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​គឺ​ជា​ដំណើរការ​របស់​រាជ​រដ្ឋាភិបាល​ដែល​ធ្វើឡើង​ដោយ​ថ្នាក់ដឹកនាំ​ស្ថាប័ន ក្រសួង និង​សហគ្រាស​សាធារណៈ​ដើម្បី​ផ្តល់​នូវ​ការ​ធានា​អំពី​ប្រសិទ្ធភាព​នៃ​កិច្ច​ប្រតិបត្តិការ ភាព​ទទួល​ខុសត្រូវ​លើ​របាយការណ៍​ហិរញ្ញវត្ថុ និង​ភាព​សមស្រប​តាម​បណ្តា​ច្បាប់ បទ​បញ្ជា គោល​នយោបាយ នីតិវិធី និង​ការ​ចាត់ចែង​ដែល​ត្រូវ​អនុវត្ត។ បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​ស្ថិត​នៅក្នុង​ដែន​សមត្ថកិច្ច​នៃ​ស្ថាប័ន​រដ្ឋ​នីមួយៗ (មាត្រា៤៣ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា)

អង្គភាព​សវនកម្ម​ផ្ទៃក្នុង​នៅ​តាម​បណ្តា​ក្រសួង ស្ថាប័ន និង​សហគ្រាស​សាធារណៈ​ត្រូវ​ផ្ញើ​របាយការណ៍ និង​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​ជូន​មក​អាជ្ញាធរ​សវនកម្ម​ជាតិ (មាត្រា៤១ ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា) ។ ក្នុង​ករណី​របាយការណ៍​មិន​ទាន់​ច្បាស់លាស់ សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​អាច​ដាក់​បញ្ចូល​ក្រសួង ស្ថាប័ន​ទាំងនោះ​ទៅក្នុង​ផែនការ​សវនកម្ម​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

៤.៣.១៩ អាស្រ័យ​នឹង​គោលបំណង​នៃ​សវនកម្ម​ដែល​កំពុង​អនុវត្ត សវនករ​អាច​វាយតម្លៃ​លើ​ប្រសិទ្ធភាព ប្រសិទ្ធផល និង​ភាព​ជឿ​ទុកចិត្ត​នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង។

៤.៣.២០ អាជ្ញាធរ​សវនកម្ម​ជាតិ ក៏​អាច​ធ្វើ​សវនកម្ម​លើ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង ដែល​អនុវត្ត​នៅក្នុង​អង្គភាព​រង​សវនកម្ម ដូច​មាន​ចែង​ក្នុង មាត្រា២ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា

៤.៣.២១ នៅ​ពេល​ដែល​កិច្ច​បញ្ជីកា​គណនេយ្យ ឬ​ទិន្នន័យ​ផ្សេងៗ​ទៀត​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​លក្ខណៈ​ប្រព័ន្ធ​កុំព្យូទ័រ សវនករ​គួរ​កំណត់​ថា តើ​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​បាន​និង​កំពុង​ដំណើរការ​ត្រឹមត្រូវ​ដើម្បី​ធានា​ថា​ទិន្នន័យ​ទាំងនោះ​មាន​ភាព​សុក្រិត ភាព​ជឿ​ទុកចិត្ត និង​មាន​ភាព​ពេញលេញ​ដែរ​ឬទេ។

ការ​វិភាគ​លើ​របាយការណ៍​ហិរញ្ញវត្ថុ

៤.៣.២២ ចំពោះ​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ សវនករ​ត្រូវ​ធ្វើ​ការ​វិភាគ​ថា តើ​របាយការណ៍ និង​ការ​លាតត្រដាង​ទាំងនោះ​ស្រប​តាម​ស្តង់ដារ​គណនេយ្យ​ដែរ​ឬទេ។ ការ​វិភាគ​ត្រូវ​ធ្វើ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ដែល​អាច​បង្កើត​បាន​ជា​មូលដ្ឋាន​សម្រាប់​ធ្វើ​ការ​បញ្ជាក់​លើ​របាយការណ៍​ហិរញ្ញវត្ថុ។

៤.៣.២៣ ការ​វិភាគ​នឹង​បញ្ជាក់​ថា​តើ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រូវ​បាន៖

  • រៀបចំ​សមស្រប​តាម​ស្តង់ដារ​គណនេយ្យ​ដែរ​ឬទេ
  • បង្ហាញ​នូវ​ភាព​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង​របស់​អង្គភាព​រង​សវនកម្ម​ដែរ​ឬទេ
  • លាត​ត្រដាង​សមាសធាតុ​នៃ​របាយការណ៍​គ្រប់គ្រាន់​ដែរ​ឬទេ
  • វាយតម្លៃ វាស់វែង និង​បង្ហាញ​យ៉ាង​ត្រឹមត្រូវ​នូវ​សមាសធាតុ​ទាំងឡាយ​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​ដែរ​ឬទេ

៤.៣.២៤ នៅ​ពេល​ដែល​អាជ្ញាធរ​សវនកម្ម​ជាតិ ធ្វើ​របាយការណ៍​សវនកម្ម​អំពី​ការ​អនុវត្តន៍​ច្បាប់​ថវិកា​រដ្ឋ នោះ​សវនកម្ម​ត្រូវ​ធ្វើ​ឡើង​ចំពោះ៖

  • គណនី​ចំណូលៈ សវនករ​ត្រួតពិនិត្យ និង​បញ្ជាក់​ថា​តើ​ការ​ប៉ាន់ស្មាន​ត្រូវ​គ្នា​នឹង​ថវិកា​បឋម​ដែរ​ឬទេ ហើយ​តើ​សវនកម្ម​លើ​បញ្ជី​កត់ត្រា ចំណូល​ពន្ធដារ ពន្ធគយ ចំណូល​ពុំ​មែន​សារពើពន្ធ និង​បង្កាន់ដៃ ចំណូល និង​សលាកបត្រ​បង់​ចំណូល​អាច​អនុវត្ត​ដោយ​ប្រៀបធៀប​ទៅនឹង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​មុនៗ របស់​អង្គភាព​រង​សវនកម្ម​ដែរ​ឬទេ។
  • គណនី​ចំណាយ: សវនករ​ត្រួតពិនិត្យ​លើ​ឥណទាន​សម្រាប់​គាំទ្រ​ថវិកា ច្បាប់​កែ​តម្រូវ និង​របាយការណ៍​ហិរញ្ញវត្ថុ​នៃ​ឆ្នាំ​មុន។
  • គណនី​បំណុល​ត្រូវ​ទារ និង​បំណុល​ត្រូវ​សង ដើម្បី​បញ្ជាក់​ថា ការ​កត់ត្រា​បំណុល​មាន​ឯកសារ​គាំទ្រ​ត្រឹមត្រូវ
  • ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ ដើម្បី​បញ្ជាក់​ថា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ត្រូវ​បាន​កត់ត្រា និង​ថែរក្សា​ត្រឹមត្រូវ និង
  • ការ​ប្រើប្រាស់​គោលការណ៍​គណនេយ្យ និង​ប្រព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​របស់​អង្គភាព​រង​សវនកម្ម។
៤.៤ លទ្ធផល​រកឃើញ

៤.៤.១ ក្រោយ​ពេល​បញ្ចប់​ការ​ធ្វើ​សវនកម្ម សវនករ​ត្រូវ​រៀបចំ​សេចក្តី​ព្រាង​របាយការណ៍​សវនកម្ម។

៤.៤.២ សេចក្តី​ព្រាង​របាយការណ៍​សវនកម្ម​ត្រូវ​ដាក់​បញ្ចូល​នូវ៖

  • លទ្ធផល​រក​ឃើញ​ដែល​ពាក់ព័ន្ធ​ដល់​ការ​វាយតម្លៃ​លើ​ដំណើរការ និង​ប្រតិបត្តិការ​នៃ​អង្គភាព​រង​សវនកម្ម
  • ការ​វិនិច្ឆ័យ និង​អនុសាសន៍​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

ចំពោះ​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ សេចក្តី​ព្រាង​របាយការណ៍​សវនកម្ម​មាន​បញ្ចូល​នូវ​មតិ​សន្និដ្ឋាន​របស់​អគ្គសវនករ។

៤.៤.៣ អាជ្ញាធរ​សវនកម្ម​ជាតិ​ស្នើ​អង្គភាព​រង​សវនកម្ម​ឆ្លើយ​បំភ្លឺ​ជា​លាយ​លក្ខណ៍​អក្សរ​លើ​សេចក្តី​ព្រាង​របាយការណ៍​សវនកម្ម ក្នុង​អំឡុង​ពេល​២៨ថ្ងៃ (ម្ភៃប្រាំបី)។

៤.៤.៤ សវនករ​វិភាគ​លើ​មតិ​ឆ្លើយ​បំភ្លឺ​របស់​អង្គភាព​រង​សវនកម្ម​លើ​សេចក្តី​ព្រាង​របាយការណ៍​សវនកម្ម រួច​ដាក់​ជូន​លទ្ធផល​នោះ​ទៅ​ថ្នាក់ដឹកនាំ​ពិនិត្យ​សម្រេច។ អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​សិទ្ធិ​ដាក់​បញ្ចូល ឬ​មិន​ដាក់​បញ្ចូល​មតិ​ឆ្លើយ​បំភ្លឺ​របស់​អង្គភាព​រង​សវនកម្ម​ទៅ​ក្នុង​របាយការណ៍​សវនកម្ម។ ប្រសិន​បើ​អាជ្ញាធរ​សវនកម្ម​ជាតិ​យល់​ឃើញថា មតិ​ឆ្លើយ​បំភ្លឺ​នោះ​មិន​ទាន់​ច្បាស់លាស់​សម្រាប់​របាយការណ៍ អាជ្ញាធរ​សវនកម្ម​ជាតិ​អាច​ស្នើ​សុំ​មតិ​ឆ្លើយ​បំភ្លឺ​បន្ថែម​ទៀត ឬ​ប្រសិន​បើ​សមស្រប​ស្នើ​សុំ​ការ​ប្រជុំ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ដែល​ត្រូវ​ដាក់​ក្នុង​របាយការណ៍។

៤.៤.៥ ប្រសិន​បើ​អាជ្ញាធរ​សវនកម្ម​ជាតិ​យល់​ឃើញ​ថា​លទ្ធផល​ដែល​រក​ឃើញ និង​ការ​វាយ​តម្លៃ​របស់​ខ្លួន​ច្បាស់លាស់​ហើយ អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​រៀបចំ​ធ្វើ​របាយការណ៍​ចុងក្រោយ។

ជំពូក​ទី៥   ស្តង់ដារ​របាយការណ៍​សវនកម្ម​សាធារណៈ

៥.១.១ អាជ្ញាធរ​សវនកម្ម​ជាតិ ត្រូវ​ផ្ញើ​របាយការណ៍​សវនកម្ម​ជូន​ទៅ​រដ្ឋ​សភា ព្រឹទ្ធ​សភា​ដោយ​ផ្ទាល់ ជូន​ទៅ​រាជ​រដ្ឋាភិបាល​ដើម្បី​ជ្រាប​ជា​ព័ត៌មាន អង្គភាព​រង​សវនកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ (មាត្រា១៤ និង​មាត្រា ២៤ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា) ។ អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​ផ្សព្វផ្សាយ​របាយការណ៍ អនុលោម​​តាម មាត្រា២៩ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា

៥.១.២ អាជ្ញាធរ​សវនកម្ម​ជាតិ ត្រូវ​ធ្វើ​របាយការណ៍​សវនកម្ម​ឲ្យ​ទាន់​ពេលវេលា និង​មាន​លក្ខណៈ​ងាយយល់ និង​ច្បាស់លាស់។ របាយការណ៍​សវនកម្ម​ត្រូវ​បង្ហាញ​ពី​លទ្ធផល​ដែល​រក​ឃើញ​ក្នុង​ទម្រង់​មួយ​សមស្រប និង​បញ្ចូល​តែ​ព័ត៌មាន​ណា​ដែល​មាន​ភស្តុតាង​គ្រប់គ្រាន់ ពេញលេញ សម​ហេតុផល​ពាក់ព័ន្ធ ព្រមទាំង​ព័ត៌មាន​ឯករាជ្យ មិន​លំអៀង និង​មាន​ន័យ​ស្ថាបនា។

៥.១.៣ ភាព​ត្រឹមត្រូវ​នៃ​របាយការណ៍​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​តម្រូវ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ពី​អង្គភាព​រង​សវនកម្ម​ទៅ​នឹង​បញ្ហា​ដែល​បាន​លើកឡើង។

៥.១.៤ របាយការណ៍​សវនកម្ម​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ ត្រូវ​គោរព​តាម​បទប្បញ្ញត្តិ​ស្តីពី​ការ​សំងាត់​នៃ​ព័ត៌មាន សិទ្ធិ​របស់​ភាគី​ទីបី និង​តម្រូវការ​ឲ្យ​មាន​ការ​ការពារ​ទិន្នន័យ (ជំពូក៧ នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា)

៥.២ របាយការណ៍​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ

៥.២.១ ជាទូទៅ លទ្ធផល​នៃ​ការ​វិភាគ​ទាំងឡាយ​ដែល​ពិពណ៌នា​ក្នុង ចំនុច ៤.៣.២៣ និង ​៤.៣.២៤ ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ។

៥.២.២ ចំពោះ​សវនកម្ម​លើ​របាយការណ៍​ទូទាត់​ថវិកា​ប្រចាំ​ឆ្នាំ (មាត្រា២២​នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា) អគ្គសវនករ​ធ្វើ​ការ​បញ្ជាក់​លើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​រាជ​រដ្ឋាភិបាល។

៥.២.៣ អគ្គសវនករ​ត្រូវ​ផ្តល់​មតិ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​ដូច​ខាង​ក្រោម៖

  • មតិ​ត្រឹមត្រូវ​ទាំងស្រុង: ត្រូវ​បាន​ផ្តល់​នៅ​ពេល​អគ្គសវនករ​យល់ស្រប​ទាំងស្រុង​ចំពោះ​របាយការណ៍​ហិរញ្ញវត្ថុ។ មាន​ន័យថា៖
  • របាយការណ៍​ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​តាម​មូលដ្ឋាន និង​គោល​នយោបាយ​គណនេយ្យ​ដែល​ធ្លាប់​បាន​អនុវត្ត​ជា​ប្រចាំ។
  • របាយការណ៍​ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​តាម​បទប្បញ្ញត្តិ និង​លក្ខន្តិកៈ​ដែល​ពាក់ព័ន្ធ
  • ខ្លឹមសារ​ដែល​បង្ហាញ​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ស្របគ្នា​ទៅនឹង​ព័ត៌មាន​ដែល​អាជ្ញាធរ​សវនកម្ម​ជាតិ​ទទួលបាន​ពី​អង្គភាព​រង​សវនកម្ម
  • គ្រប់​ទិដ្ឋភាព​ជា​សារវ័ន្ត​នៃ​របាយការណ៍​ហិរញ្ញវត្ថុ ត្រូវ​បាន​លាត​ត្រដាង​ត្រឹមត្រូវ

មតិ​ត្រឹមត្រូវ​ទាំងស្រុង​ដោយ​មាន​ការ​បញ្ជាក់​អំពី​បញ្ហា

នៅ​ពេល​អគ្គសវនករ​យល់ស្រប​ទាំងស្រុង លើ​របាយការណ៍​ហិរញ្ញវត្ថុ ហើយ​គ្រាន់​តែ​ចង់​បញ្ជាក់​អំពី​បញ្ហា​ខុស​ប្រក្រតី ឬ​បញ្ហា​សំខាន់​មួយ​ចំនួន​នោះ អគ្គសវនករ​អាច​ផ្តល់​មតិ​ត្រឹមត្រូវ​ទាំងស្រុង​ដោយ​មាន​ការ​បញ្ជាក់​អំពី​បញ្ហា។ អំណះ​អំណាង​គាំទ្រ​បញ្ហា​ដែល​ត្រួវ​គូស​បញ្ជាក់​នោះ​ត្រូវ​ដាក់​ក្នុង​ឃ្លា​មួយ​ដាច់​ដោយ​ឡែក​ពី​មតិ​សវនកម្ម​ដែល​ត្រូវ​ផ្តល់​ថា​ជា​មតិ​ត្រឹមត្រូវ​ទាំងស្រុង។

  • មតិ​ត្រឹមត្រូវ​តែ​លើកលែង: ត្រូវ​បាន​ផ្តល់​នៅ​ពេល​អគ្គសវនករ​មិន​យល់ស្រប ឬ​ក៏​មិន​ច្បាស់​ចំពោះ​បញ្ហា​មួយ ឬ​ច្រើន​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ ដែល​បញ្ហា​នោះ​មាន​ភាព​ជា​សារវ័ន្ត​ប៉ុន្តែ​មិន​នាំ​ទៅ​រក​ការ​យល់​ខុស​ទៅលើ​របាយការណ៍​ហិរញ្ញវត្ថុ​ទេ។ ពាក្យ​ពេចន៍​នៃ​មតិ​ដែល​ត្រូវ​ផ្តល់​នោះ បញ្ជាក់​ពី​ការ​យល់ស្រប​ចំពោះ​លទ្ធផល​នៃ​ប្រធានបទ​សវនកម្ម បញ្ជាក់​ពី​សេចក្តី​ថ្លែង​ការណ៍​ច្បាស់លាស់ និង​ត្រឹមត្រូវ​ព្រម​ទាំង​បញ្ជាក់​អំពី​បញ្ហា​ដែល​មិន​យល់ស្រប ឬ​ភាព​មិន​ច្បាស់លាស់​នានា។
  • មតិ​មិន​ត្រឹមត្រូវ: ត្រូវ​បាន​ផ្តល់​នៅ​ពេល​អគ្គសវនករ​មិន​អាច​បញ្ចេញ មតិ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​ទាំងមូល​បាន ដោយ​សារ​តែ​មាន​ការ​មិន​យល់​ស្រប​ក្នុង​កំរិត​មួយ ដែល​ការ​ផ្តល់​មតិ​ត្រឹមត្រូវ​តែ​លើកលែង​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់។ ពាក្យ​ពេចន៍​នៃ​មតិ​ដែល​បញ្ជាក់​ពី​ការ​មិន​យល់​ស្រប​នោះ​ត្រូវ​បង្ហាញ​ឲ្យ​ច្បាស់​ថា​របាយការណ៍​ហិរញ្ញវត្ថុ​នោះ​មិនមាន​លក្ខណៈ​ត្រឹមត្រូវ​ទេ។
  • មតិ​បដិសេធ: ត្រូវ​បាន​ផ្តល់​នៅ​ពេល​អគ្គសវនករ​មិន​អាច​បញ្ចេញ​មតិ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​ទាំងមូល​បាន ដោយ​សារ​តែ​ភាព​មិន​ច្បាស់លាស់ ឬ​ការ​រារាំង​លើ​វិសាលភាព​សវនកម្ម។ ពាក្យ​ពេចន៍​នៃ​មតិ​បដិសេធ​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ថា មិន​អាច​ផ្តល់​មតិ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​បាន​ទេ ដោយ​លើក​បង្ហាញ​បញ្ហា​មិន​ច្បាស់លាស់​ទាំងឡាយ និង​បញ្ហា​នៃ​ការ​ដាក់​កំរិត​ដែន​កំណត់ ឬ​វិសាលភាព​សវនកម្ម​ទាំងនោះ។
៥.៣ របាយការណ៍​សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ

៥.៣.១ សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ​សំដៅ​ឲ្យ​មាន​ការ​បកស្រាយ ការ​ពិភាក្សា​ច្រើន អំណះ​អំណាង​មាន​ហេតុផល និង​ការ​វិនិច្ឆ័យ​ខ្ពស់ ដូចនេះ​របាយការណ៍​សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ​នីមួយៗ​មាន​លក្ខណៈ​ខុសៗ​គ្នា។

៥.៣.២ របាយការណ៍​សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ ពុំ​មែន​មាន​តែ​ការ​ទិតៀន​ទាំងអស់​ទេ ប៉ុន្តែ​របាយការណ៍​ក៏​ផ្តល់​នូវ​ព័ត៌មាន​ឯករាជ្យ មតិ​ណែនាំ ឬ​ការ​អះអាង​លើ​កំរិត​នៃ​ការ​សន្សំ​សំចៃ ប្រសិទ្ធភាព និង​ប្រសិទ្ធផល។

៥.៣.៣ បើ​សិន​ជា សេចក្តី​សន្និដ្ឋាន និង​អនុសាសន៍​នៃ​របាយការណ៍​សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ​មាន​លក្ខណៈ​សមស្រប សវនករ​ត្រូវ​ចង​ក្រង​ជា​ឯកសារ​ណែនាំ​សម្រាប់​ការ​អនុវត្តន៍។ ជាទូទៅ អង្គភាព​រង​សវនកម្ម​ជា​អ្នក​សម្រេច​លើ​វិធីសាស្ត្រ​នៃ​ការ​កែ​លំអ​តាម​អនុសាសន៍​សវនកម្ម។

សន្ទានុក្រម

កម្រង​ឯកសារ​សវនកម្ម Audit File

គឺ​ជា​សំណុំ​ឯកសារ​នានា​រក្សា​ទុក​នូវ​រាល់​ព័ត៌មាន​ពាក់ព័ន្ធ​ទាំងឡាយ តាំង​ពី​ដំណាក់កាល​ដំបូង​រហូត​ដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​ធ្វើ​សវនកម្ម។

ការ​ប្រជុំ​បិទ​វគ្គ​សវនកម្ម Closing Discussion

ជា​អង្គ​ប្រជុំ​រវាង​សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​តំណាង​អង្គភាព​រង​សវនកម្ម​នៅពេល​បញ្ចប់​ការងារ​ចុះ​ធ្វើ​សវនកម្ម។

ការ​ត្រួតពិនិត្យ​ផ្ទៃក្នុង Internal Control

ជា​ប្រព័ន្ធ​ទាំងមូល​នៃ​ការ​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ ឬ​ត្រួតពិនិត្យ​ផ្នែក​ដទៃ​ទៀត រួម​ទាំង​រចនា​សម្ព័ន្ធ អង្គភាព វិធីសាស្ត្រ នីតិវិធី និង​សវនកម្ម​ផ្ទៃក្នុង​ដែល​បាន​បង្កើត​ឡើង​ដោយ​ថ្នាក់ដឹកនាំ ក្នុង​គោលបំណង​រួម​ដើម្បី​ជួយ​អង្គភាព​រង​សវនកម្ម​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព ប្រសិទ្ធផល និង​ភាព​សន្សំ​សំចៃ ព្រមទាំង​ធានា​បាន​នូវ​ការ​គោរព​គោល​នយោបាយ​គ្រប់គ្រង ការ​ការពារ​ទ្រព្យ​សម្បត្តិ និង​ធនធាន​នានា ព្រមទាំង​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ និង​ភាព​ពេញលេញ​នៃ​បញ្ជីកា​គណនេយ្យ និង​ផលិត​នូវ​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ព័ត៌មាន​អំពី​ការ​គ្រប់គ្រង​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន និង​ទាន់​ពេលវេលា។

ការ​សន្សំ​សំចៃ Economy

ការ​ធ្វើ​អប្បបរមា​កម្ម​ថ្លៃដើម នៃ​ធនធាន​ដែល​ប្រើប្រាស់​សម្រាប់​សកម្មភាព​មួយ​ដោយ​គិត​ដល់​ភាព​សមស្រប​នៃ​គុណភាព។

ការ​វិនិច្ឆ័យ Judgment

ជា​របាយការណ៍​ដែល​សវនករ​សំយោគ​ចេញ​ពី​លទ្ធផល​រកឃើញ។

ការ​ពិភាក្សា​បើក​វគ្គ​សវនកម្ម Opening Discussion

គឺ​ជា​អង្គ​ប្រជុំ​ដែល​រៀបចំ​ឡើង​ដោយ​សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​ជាមួយ​តំណាង​អង្គភាព​រង​សវនកម្ម​នៅ​មុន​ពេល​ចាប់ផ្តើម​ធ្វើ​សវនកម្ម។

ការ​ទទួល​ខុសត្រូវ​សាធារណៈ Public Accountability

គឺ​ជា​កាតព្វកិច្ច​របស់​មនុស្ស​គ្រប់រូប និង​អង្គភាព​ទាំងឡាយ​រួម​ទាំង​សហគ្រាស​សាធារណៈ និង​សាជីវកម្ម​ដែល​បាន​ទទួល​ធនធាន​សាធារណៈ​ក្នុង​ការ​ទទួល​ខុសត្រូវ​លើ​ការ​គ្រប់គ្រង​សារពើពន្ធ និង​កម្មវិធី ហើយ​រាយការណ៍​ទៅ​បុគ្គល ឬ​ស្ថាប័ន​ដែល​បាន​ប្រគល់​ការ​ទទួល​ខុសត្រូវ​នោះ។

ការ​តាម​ដាន Supervision

គឺ​ជា​តម្រូវ​ការ​មួយ​ដ៏​មាន​សារៈ​សំខាន់​ក្នុង​ការ​ធ្វើ​សវនកម្ម ដែល​តម្រូវ​ឲ្យ​មាន​ការ​ដឹកនាំ ការ​តំរង់​ទិស និង​ការ​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​នៅ​គ្រប់​ដំណាក់កាល ដើម្បី​ធានា​បាន​នូវ​ទំនាក់​ទំនង​ដ៏​មាន​ប្រសិទ្ធភាព និង​សមត្ថកិច្ច​រវាង​សកម្មភាព នីតិវិធី​ការ​ធ្វើ​តេស្ដ និង​គោលបំណង​ដែល​ត្រូវ​សម្រេច។

គោល​ការណ៍​ណែនាំ​សវនកម្ម Audit Guideline

គឺ​ជា​ឯកសារ​មួយ​ពន្យល់​បកស្រាយ​ស្តង់ដារ​សវនកម្ម​ដោយ​លំអិត។

គោលបំណង​សវនកម្ម Audit Objective

គឺ​ជា​សេចក្តី​ថ្លែង​ជាក់លាក់​មួយ ដែល​សវនកម្ម​មាន​បំណង​សម្រេច​ឲ្យ​បាន ឬ​ជា​សំណួរ​ដែល​ផ្តល់​ចម្លើយ​តាម​រយៈ​ការ​ធ្វើ​សវនកម្ម។ សេចក្តី​ថ្លែង ឬ​សំណួរ​ទាំងនោះ​អាច​រាប់​បញ្ចូល​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ បទប្បញ្ញត្តិ ឬ​កិច្ច​ប្រតិបត្តិការ។

ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា Audit Law of the Kingdom of Cambodia

គឺ​ជា​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះ​រាជ​ក្រម​លេខ ជស/រកម/០៣០០/១០ ចុះ​ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០។

នីត្យា​នុកូល​ភាព Legality

ភាព​តាម ឬ​ស្រប​ច្បាប់

ប្រសិទ្ធផល Effectiveness

កំរិត​ដែល​សម្រេច​បាន​នូវ​គោលបំណង និង​ទំនាក់​ទំនង​រវាង​ផល​ប៉ះពាល់​នៃ​ការ​គ្រោងទុក និង​ផល​ប៉ះពាល់​ពិត​នៃ​សកម្មភាព។

ប្រសិទ្ធភាព Efficiency

គឺ​ជា​ទំនាក់​ទំនង​រវាង​ទិន្នផល និង​ធនធាន​ដែល​បាន​ប្រើ​ដើម្បី​ផលិត​ទំនិញ សេវាកម្ម ឬ​លទ្ធផល​ផ្សេងៗ។

ផែនការ​សវនកម្ម​ប្រចាំ​ឆ្នាំ Annual Audit Plan

ផែនការ​ផ្ទៃក្នុង​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​លើ​ការងារ​សវនកម្ម​ប្រចាំ​ឆ្នាំ។

ភស្តុតាង​សវនកម្ម Audit Evidence

គឺ​ជា​ឯកសារ ឬ​ព័ត៌មាន​សម្រាប់​គាំទ្រ​មតិ​សវនកម្ម ការ​សន្និដ្ឋាន និង​របាយការណ៍​សវនកម្ម។

ភាព​ជា​សារវ័ន្ត និង​សារៈ​សំខាន់ Materiality and Significance (Material)

នៅ​ក្នុង​ន័យ​ទូទៅ បញ្ហា​មួយ​អាច​ចាត់​ទុក​ថា​មាន​ភាព​ជា​សារវ័ន្ត​ប្រសិន​បើ ចំណេះដឹង​នៃ​បញ្ហា​នោះ អាច​មាន​ឥទ្ធិពល​ដល់​អ្នក​ប្រើប្រាស់​របាយការណ៍​ហិរញ្ញវត្ថុ ឬ​ក៏​អ្នក​ប្រើប្រាស់​របាយការណ៍​សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ។

មតិ Opinion

សេចក្ដី​សន្និដ្ឋាន​ជា​លាយ​លក្ខណ៍​អក្សរ​លើ​របាយការណ៍​ហិរញ្ញវត្ថុ ដែល​ជា​លទ្ធផល​នៃ​សវនកម្ម។

មតិ​ត្រឹមត្រូវ​ទាំងស្រុង unqualified opinion

មតិ​ត្រឹមត្រូវ​តែ​លើកលែង qualified opinion

មតិ​មិន​ត្រឹមត្រូវ adverse opinion

មតិ​បដិសេធ disclaimer opinion

លទ្ធផល​រកឃើញ សេចក្តី​សន្និដ្ឋាន និង​អនុសាសន៍ (Audit findings, Conclusion and Recommendations)

គឺ​ជា​ភស្តុតាង​ជាក់លាក់​ដែល​សវនករ​ប្រមូល​បាន ដើម្បី​បំពេញ​ឲ្យ​គោលបំណង​សវនកម្ម។ សេចក្តី​សន្និដ្ឋាន គឺ​ជា​សេចក្តី​ថ្លែងការណ៍​ដែល​សន្និដ្ឋាន​ដោយ​សវនករ​លើ​លទ្ធផល​រកឃើញ។ អនុសាសន៍​គឺ​ជា​សកម្មភាព​ឆ្ពោះ​តម្រង់​ដែល​បាន​ស្នើ​ដោយ​សវនករ​ពាក់ព័ន្ធ​នឹង​គោលបំណង​សវនកម្ម។

លទ្ធផល​សវនកម្ម Audit Results

គឺ​ជា​លទ្ធផល​ចុងក្រោយ​នៃ​សវនកម្ម​ដែល​ក្នុង​នោះ រួម​មាន​លទ្ធផល​ដែល​រក​ឃើញ (ភស្តុតាង) ការ​វិនិច្ឆ័យ និង​អនុសាសន៍​សវនកម្ម។

លិខិត​ជូន​ដំណឹង​សវនកម្ម Letter of Notification

ជា​លិខិត​ជូន​ដំណឹង​មួយ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ ផ្ញើ​ជូន​អង្គភាព​រង​សវនកម្ម ជម្រាប​ជូន​អំពី​គោលបំណង​សវនកម្ម​ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​អង្គភាព​នោះ។

វិសាលភាព​សវនកម្ម Audit Scope

ក្របខ័ណ្ឌ​ការងារ​ដែន​កំណត់ និង​ប្រធានបទ​សវនកម្ម។

សវនកម្ម​​ផ្ទៃក្នុង Internal Audit

ជា​ឧបករណ៍​មួយ​សម្រាប់​អ្នក​គ្រប់គ្រង​របស់​អង្គភាព​មួយ​ធានា​ឲ្យ​ដំណើរការ​នៅ​ក្នុង​អង្គភាព​នោះ​ប្រព្រឹត្តិ​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​លទ្ធភាព​នៃ​ការ​កេងបន្លំ​កំហុសឆ្គង ឬ​ក៏​ទំលាប់​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព និង​មិន​មាន​ភាព​សន្សំ​សំចៃ​កើត​មាន​ឡើង​តិច​បំផុត។ សវនកម្ម​ផ្ទៃក្នុង​មាន​ច្រើន​ប្រភេទ​ដូចគ្នា​ទៅនឹង​សវនកម្ម​ផ្ទៃក្រៅ​ដែរ ប៉ុន្តែ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ដែល​របាយការណ៍​ត្រូវ​ផ្ញើ​ជូន​ថ្នាក់ដឹកនាំ​នោះ។

សវនកម្ម​លើ​កិច្ច​ប្រតិបត្តិការ Performance Audit

ជា​សវនកម្ម​លើ​ប្រសិទ្ធភាព ប្រសិទ្ធផល និង​ការ​សន្សំ​សំចៃ​នៃ​ធនធាន​ដែល​អង្គភាព​រង​សវនកម្ម​ប្រើ​សម្រាប់​អនុវត្ត​ភារកិច្ច​របស់​ខ្លួន។ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​គេ​ហៅ​សវនកម្ម​ប្រភេទ​នេះ​ជា “សវនកម្ម​លើ​តម្លៃ​នៃ​ប្រាក់”។

សេចក្តី​ព្រាង​របាយការណ៍​សវនកម្ម Draft Audit Report

សំដៅ​លើ​របាយការណ៍​សវនកម្ម (របាយការណ៍​សវនកម្ម​បឋម) ដែល​អាជ្ញាធរ​សវនកម្ម​ជាតិ​ផ្ញើ​ទៅ​អង្គភាព​រង​សវនកម្ម​ដើម្បី​ធ្វើ​ការ​ឆ្លើយ​បំភ្លឺ​ក្នុង​អំឡុងពេល​២៨ថ្ងៃ។

សៀវភៅ​ណែនាំ​សវនកម្ម Audit Manual

គឺ​ជា​សៀវភៅ​មួយ​ពន្យល់​លំអិត​ពី​វិធីសាស្រ្ត​ធ្វើ​សវនកម្ម ហើយ​ត្រូវ​បាន​បង្កើត​ឡើង​តម្រូវ​តាម​ប្រភេទ​សវនកម្ម​នីមួយៗ។

សំណេរ​ការងារ (ឯកសារ​ការងារ​សវនកម្ម) Working Papers

ជា​កំណត់​ហេតុ និង​ឯកសារ​ដែល​សវនករ​ធ្វើ ឬ​ប្រមូល​បាន​ក្នុង​អំឡុងពេល​ចុះ​ធ្វើ​សវនកម្ម។

ស្ថាប័ន​សវនកម្ម​កំពូល Supreme Audit Institution (SAI)

ជា​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ​មួយ ដែល​អនុវត្ត​មុខងារ​សវនកម្ម​សាធារណៈ​កំរិត​ខ្ពស់​បំផុត។

ស្ដង់ដារ​របាយការណ៍ Reporting Standards

គឺ​ជា​ក្របខ័ណ្ឌ​ដែល​សវនករ​ប្រើ​សម្រាប់​ធ្វើ​របាយការណ៍​លទ្ធផល​សវនកម្ម។

អង្គការ​អន្តរជាតិ​នៃ​ស្ថាប័ន​សវនកម្ម​កំពូល International Organization of Supreme Audit Institutions (INTOSAI)

គឺ​ជា​ស្ថាប័ន​អន្តរជាតិ​ឯករាជ្យ​មួយ មាន​គោលបំណង​ជួយ​ជំរុញ​ការ​ផ្លាស់ប្តូរ​គំនិត​យោបល់ និង​បទ​ពិសោធន៍​រវាង​ស្ថាប័ន​សវនកម្ម​កំពូល​ក្នុង​ផ្នែក​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​សាធារណៈ។

អង្គភាព​រង​សវនកម្ម Auditee/Audited Entities

ក្រសួង ស្ថាប័ន ឬ​អង្គភាព​នានា​ត្រូវ​បាន​ធ្វើ​សវនកម្ម​ដោយ​អាជ្ញាធរ​សវនកម្ម​ជាតិ។

អាណត្តិ​សវនកម្ម Audit Mandate

គឺ​ជា​ការ​ទទួល​ខុសត្រូវ​សវនកម្ម សិទ្ធិ​អំណាច សិទ្ធិ​ក្នុង​ការ​សម្រេច និង​ភារកិច្ច​ដែល​ច្បាប់​ស្តីពី​សវនកម្ម និង​បទប្បញ្ញត្តិ​ដទៃទៀត​បាន​ប្រគល់​ជូន​អាជ្ញាធរ​សវនកម្ម​ជាតិ។

ឯករាជ្យ​ភាព Independence

ជា​សេរីភាព​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ ក្នុង​ការ​ធ្វើ​សវនកម្ម​អនុលោម​តាម​អាណត្តិ​សវនកម្ម ដោយ​គ្មាន​ការ​បង្គាប់​បញ្ជា ឬ​ក៏​ជ្រៀតជ្រែក​ពី​ស្ថាប័ន​ខាងក្រៅ។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ព្រ., សីហា 31st 2017