នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦ លោកជំទាវ សោម គីមសួគ៌ អគ្គ​សវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ដឹកនាំ​គណៈ​ប្រតិភូ​ចូលរួម​សិក្ខា​សាលា​សភា ដើម្បី​ស្វែង​យល់​ពី "ការ​កសាង​ក្របខណ្ឌ​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និង​គោល​នយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧" នៅ​វិមាន​រដ្ឋ​សភា។ គោល​បំណង នៃ​សិក្ខា​សាលា​នេះ​គឺ​ដើម្បី​ផ្តល់​ជូន​សិក្ខាកាម​នូវ​ព័ត៌មាន និង​ចំណេះដឹង​អំពី​ដំណើរការ​វិវឌ្ឍន៍​កាលានុវត្តភាព នៃ​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ការ​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជ​រដ្ឋាភិបាល។

ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​សុន្ទរកថា​គន្លឹះ​ស្តីពី "ការ​កសាង​ក្រប​ខ័ណ្ឌ​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​រាជរ​ដ្ឋា​ភិបាល សម្រាប់​ការ​កសាង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧" និង ឯកឧត្តម វង្សី វិស្សុត រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើ​បទ​បង្ហាញ​ស្តីពី "ការ​កសាង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧"។