សវនកម្ម​កំពូល​ប្រទេស​ឥណ្ឌូណេស៊ី ដឹកនាំ​ដោយ ​លោក​បណ្ឌិត Cris Kuntadi ប្រធាន​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ នៃ​ប្រទេស​ឥណ្ឌូ​ណេស៊ី បាន​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​អាជ្ញាធរ​សវនកម្ម​ជាតិ​ចាប់ពី​ ថ្ងៃទី១៩ ដល់​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២។

ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​ផែនការ​សកម្មភាព​រវាង​ស្ថាប័ន​សវនកម្ម​កំពូល​ ទាំងពីរ​សម្រាប់​ឆ្នាំ២០១២ ព្រមទាំង​ពិភាក្សា​ការងារ​ក្នុង​ការ​អនុវត្តន៍​អនុស្សារណៈ​យោគយល់​គ្នា​រវាង ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​ស្ថាប័ន​សវនកម្ម​កំពូល​ប្រទេស​ឥណ្ឌូ​ណេស៊ី ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​សវនកម្ម​ទាំងពីរ។

គួរ​បញ្ជាក់​ផងដែរ​ថា បន្ទាប់​ពី​ការ​ចុះ​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​អាជ្ញាធរ​សវនកម្ម​ ជាតិ និង​ក្រុមប្រឹក្សា​សវនកម្ម​នៃ​សាធារណ​រដ្ឋ​ឥណ្ឌូ​ណេស៊ី ចុះ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០ ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​សវនកម្ម​ក្នុង​វិស័យ​សាធារណៈ ស្ថាប័ន​សវនកម្ម​កំពូល​ទាំងពីរ​បាន​អនុវត្ត​សកម្មភាព​ការងារ​រួមគ្នា​សរុប​ ចំនួន ៤ ក្នុង​គោលបំណង​ចែក​រំលែក និង​ដកស្រង់​ចំណេះដឹង ​និងបទ​ពិសោធន៍​អំពី​ការងារ​សវនកម្ម។