នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣ លោក​ជំទាវ សោម គីមសួគ៌ អគ្គសវនករនៃ​អាជ្ញាធរ​សវនកម្ម​ជាតិ (អសជ) នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ជួប​ប្រជុំ​ជាមួយ ឯកឧត្តម Vinod Rai អគ្គត្រួតពិនិត្យ និង​អគ្គសវនករនៃ​ប្រទេស​ឥណ្ឌា នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ គោលបំណង​នៃ​កិច្ច​ប្រជុំ​នេះ គឺដើម្បី​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​ដែល​ស្ថិត​នៅ​ក្រោម​ក្របខ័ណ្ឌ​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ស្ថាប័ន​សវនកម្ម​កំពូល​ទាំង​ពីរ ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃទី​១៤ ​ខែ​កញ្ញា ឆ្នាំ​២០១០ និង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​ជិតស្និត​រវាង​ស្ថាប័ន​សវនកម្ម​កំពូល​ទាំង​ពីរ។

ភាគី​ទាំង​ពីរ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​នៅ​លើ​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ស្តីពី​ការ​អនុវត្ដន៍​អនុស្សរណៈ និង​បាន​ពិភាក្សា​ពី​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​នា​ពេល​អនាគត។ ​ជា​លទ្ធផល ភាគី​ទាំង​ពីរ​ឯកភាព​ក្នុង​ការ​ចែក​រំលែក​ចំណេះដឹង និង​បទ​ពិសោធន៏​នៃ​ការ​ធ្វើ​សវនកម្ម​លើ​វិស័យ​សាធារណៈ។ ​លើស​ពី​នេះ​ទៀត ភាគី​ឥណ្ឌា​យល់​ព្រម​ផ្តល់​នូវ​វគ្គ​សិក្សា​រយៈពេល​ខ្លី និង​វគ្គ​បណ្តុះ​បណ្តាល​ជាក់លាក់​ដោយ​ការ​ទទួល​យក សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ចំនួន​ ៤ ឬ ៥រូប ជា​រៀងរាល់​ឆ្នាំ​ទៅ​ទទួល​ការ​បណ្តុះ​បណ្តាល​នៅ​ប្រទេស​ឥណ្ឌា និង​ផ្តល់​នូវ​អ្នក​ជំនាញ​ដើម្បី​បណ្តុះ​បណ្តាល​សវនករ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ឯកឧត្តម Vinod Rai អគ្គត្រួតពិនិត្យ និង​អគ្គសវនករនៃ​ប្រទេស​ឥណ្ឌា បាន​អញ្ជើញ លោក​ជំទាវ សោម គីមសួគ៌ អគ្គសវនករនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើ​ទស្សន​កិច្ច​នៅ ការិយាល័យ​អគ្គត្រួតពិនិត្យ និង​​អគ្គសវនករ​របស់​ប្រទេស​ឥណ្ឌា។ ជា​ការ​ឆ្លើយ​តប លោក​ជំទាវ សោម គីមសួគ៌ ក៏​បាន​ទទួល​យក​ការ​អញ្ជើញ​នេះ។

ជា​ចុង​ក្រោយ ស្ថាប័ន​សវនកម្ម​កំពូល​​ទាំង​ពីរ​បាន​កោត​សរសើរ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ និង​បាន​ប្តេជ្ញា​ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​លើ​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ស្ថាប័ន​សវនកម្ម​កំពូល​ទាំង​ពីរ។