លោក Goran Steen អ្នក​ជំនាញ​ការ​បាន​មក​ដល់​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​បំពេញ​បេសកកម្ម​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

លោកជំទាវ សោម គឹមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​អនុញ្ញាត​ឱ្យ​លោក Goran Steen ចូល​ជួប​សំដែង​ការ​គួរ​សម នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦ នៅ​ការិយាល័យ​លោក​ជំទាវ អគ្គសវនករ ខណៈ​ដែល​លោក​ជំនាញ​ការ​បាន​អញ្ជើញ​មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា។

បេសកកម្ម​នេះ​មាន​គោលបំណង​ពង្រឹង​សមត្ថភាព​អាជ្ញាធរ​សវនកម្ម​ជាតិ​ដែល​ជា​ស្ថាប័ន​សវនកម្ម​កំពូល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុង​ន័យ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព និង​សមត្ថភាព​សវនកម្ម​សាធារណៈ ដោយ​លោក​ជំនាញ​ការ​បាន​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ព្រម​ទាំង​នាយកដ្ឋាន​ជំនាញ​ចំណុះ​ឱ្យ​អាជ្ញាធរ​សវនកម្ម​ជាតិ។

ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ លោក​ជំនាញ​ការ​ក៏​បាន​ចូល​ជួប​ពិភាក្សា​ជាមួយ​តំណាងនៃស្ថាប័ន​ដ៏ទៃទៀត​រួម​មាន ស្ថាន​ទូត​ស៊ុយអ៊ែត, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, វិទ្យាស្ថាន​សភា​ជាតិ​នៃ​កម្ពុជា, GIZ, IMF, World Bank, ADB, EU, និង​អង្គការ​តម្លា​ភាព​អន្តរ​ជាតិ​កម្ពុជា។

ជា​ថ្មី​ម្តង​ទៀត នា​ថ្ងៃ​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ លោកជំទាវ អគ្គសវនករ បាន​អនុញ្ញាត​ឱ្យ​លោក​ជំនាញ​ការ ចូល​ជួប ដើម្បី​រាយការណ៍​លទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​កំឡុង​ពេល​បេសកកម្ម​របស់​លោក។

លោក Goran Steen បាន​បញ្ចប់​បេសកកម្ម​ដោយ​ជោគជ័យ​ទៅ​តាម​ពេលវេលា និង​កម្មវិធី​ដែល​បាន​គ្រោង​ទុក និង​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ តាម​ច្រក​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ។