អាជ្ញាធរ​សវនកម្ម​ជាតិ (អសជ) នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ ការ​ផ្តួចផ្តើម​អភិវឌ្ឍន៍​របស់​អង្គការ​អន្តរ​ជាតិ នៃ​ស្ថាប័ន​សវនកម្ម​កំពូល (IDI – INTOSAI Development Initiative) និង​អង្គការ​អាស៊ី នៃ​ស្ថាប័ន​សវនកម្ម​កំពូល (ASOSAI) បាន​រៀបចំ​សិក្ខា​សាលា​ស្តីពី​ គំនិត​ផ្តួចផ្តើម​អនុវត្ត​ស្តង់ដារ​អន្តរ​ជាតិ​នៃ​ស្ថាប័ន​សវនកម្ម​កំពូល (3i - ISSAI Implementation Initiative) នៅ​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ដល់​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៣។ សិក្ខា​សាលា​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​ថ្នាក់​ដឹកនាំ​កំពូល​ដូចជា អគ្គសវនករ និងអគ្គសវនករ​រង​ពី​ស្ថាប័ន​សវនកម្ម​កំពូល ២០​ប្រទេស រួម​មាន ប្រទេស​អាហ្វហ្គានីស្ថាន​ បាងក្លាដែស្ស ប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ សាធារណរដ្ឋ​គីហ្សីស្តាន សាធារណរដ្ឋ​ប្រជាមានិត​ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ ម៉ុងហ្គោលី ភូមា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កា ថៃ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ សិក្ខា​សាលា​នេះ​ត្រូវ​បាន​សម្រប​សម្រួល​ដោយ​ក្រុម​អ្នក​ជំនាញ​របស់ IDI មក​ពី​ស្ថាប័ន​សវនកម្ម​កំពូល​ប្រទេស​ឥណ្ឌា ហ្វីលីពីន និង​ទួរគី ដែល​ជំនាញ​លើ​បញ្ហា​ប្រធានបទ ក៏​ដូចជា​តំណាង​អ្នក​គ្រប់គ្រង​វគ្គ​បណ្តុះ​បណ្តាល​របស់ ASOSAI មក​ពី​ស្ថាប័ន​សវនកម្ម​កំពូល​ប្រទេស​ជប៉ុន។

កម្មវិធី 3i គឺ​ជា​កម្មវិធី​សកល​សម្រាប់​គាំទ្រ​ស្ថាប័ន​សវនកម្ម​កំពូល​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដោយ​ការ​អនុវត្ដ​ន៍​កំរិត ២ និង​កំរិត ៤ នៃ​ស្តង់ដារ ISSAIs។ សិក្ខា​សាលា​ស្តីពី 3i មាន​គោល​បំណង​បង្កើន​ការ​យល់​ដឹង​ដែល​ទាក់ទង​ទៅនឹង​ការ​អនុវត្តន៍​ស្តង់ដារ ISSAI ការ​ចែក​រំលែក​បទ​ពិសោធន៍​ដែល​ទាក់ទង​ទៅនឹង​ការ​អនុវត្តន៍​ស្តង់ដារ ISSAI និង​ការ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​យុទ្ធសាស្ត្រ​សម្រាប់​ការ​អនុវត្ដ​ន៍ ​និង​ការ​ទទួល​បាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្តន៍ ឧបករណ៍​វាយ​តម្លៃ​ការ​អនុលោម​តាម​ស្តង់ដារ ISSAI (iCATs - ISSAI Compliance Assessment Tools)។

នៅ​ក្នុង​ឱកាស​នៃ​ការ​បើក​សិក្ខា​សាលាលោកស្រី Archana Prabhakar Shirsat​ តំណាង IDI ​និង​លោក Keisuke Kato តំណាង​អ្នក​គ្រប់គ្រង​វគ្គ​បណ្តុះ​បណ្តាល​របស់ ASOSAIបាន​ឡើង​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ និង​បន្ទាប់​មក​ទៀត លោកជំទាវ សោម គីមសួគ៌អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ក៏​បាន​ឡើង​បើក​វគ្គ​សិក្ខា​សាលា​នេះ។

ក្នុង​អំឡុង​ពេល​សិក្ខា​សាលា​ មាន​បទ​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​កំរិត ២ និង​កំរិត ៤ នៃ​ស្តង់ដារ ISSAI ​ជាមួយ​នឹង​បទ​បង្ហាញ​របស់​ស្ថាប័ន​សវនកម្ម​កំពូល​នីមួយៗ​ស្តីពី​ស្ថានភាព​បច្ចុប្បន្ន​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​ស្តង់ដារ ISSAIs។ ក៏​មាន​បទ​បង្ហាញ​ស្តីពី iCATs សម្រាប់​កំរិត ៤ នៃ​ការ​ធ្វើ​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ លើ​កិច្ច​ប្រតិបត្តិការ និង​លើ​ការ​អនុលោម​តាម​របស់​ស្តង់ដារ ISSAIs។ ក៏​មាន​ការ​ពិភាក្សា​ជា​ក្រុម ការ​ចោទ​សួរ ការ​បញ្ចេញ​មតិ​យោបល់ ​និង​ការ​បំភ្លឺ​នៃ​ការ​អនុវត្ត​ស្តង់ដារ ISSAI និង​ការ​ធ្វើ​បទ​បង្ហាញ​ស្តីពី iCATs។

សិក្ខា​សាលា​នេះ​ត្រូវ​បាន​បញ្ចប់​ជាមួយ​នឹង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នៃ​ការ​ប្តេជ្ញា​ចិត្ត​ដោយ​តំណាង​ទាំងអស់​នៃ​ស្ថាប័ន​សវនកម្ម​កំពូល ២០​ប្រទេស IDI និង​អ្នក​គ្រប់គ្រង​វគ្គ​បណ្តុះ​បណ្តាល​របស់ ASOSAI ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុង​ការ​អនុវត្ត​កម្មវិធី 3i។