អាជ្ញាធរសវនកម្មជាតិ (អសជ) នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយ ការផ្តួចផ្តើមអភិវឌ្ឍន៍របស់អង្គការអន្តរជាតិ នៃស្ថាប័នសវនកម្មកំពូល (IDI – INTOSAI Development Initiative) និងអង្គការអាស៊ី នៃស្ថាប័នសវនកម្មកំពូល (ASOSAI) បានរៀបចំសិក្ខាសាលាស្តីពី គំនិតផ្តួចផ្តើមអនុវត្តស្តង់ដារអន្តរជាតិនៃស្ថាប័នសវនកម្មកំពូល (3i - ISSAI Implementation Initiative) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣។ សិក្ខាសាលានេះត្រូវបានចូលរួមដោយថ្នាក់ដឹកនាំកំពូលដូចជា អគ្គសវនករ និងអគ្គសវនកររងពីស្ថាប័នសវនកម្មកំពូល ២០ប្រទេស រួមមាន ប្រទេសអាហ្វហ្គានីស្ថាន បាងក្លាដែស្ស ប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ សាធារណរដ្ឋគីហ្សីស្តាន សាធារណរដ្ឋប្រជាមានិតឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ ម៉ុងហ្គោលី ភូមា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កា ថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ សិក្ខាសាលានេះត្រូវបានសម្របសម្រួលដោយក្រុមអ្នកជំនាញរបស់ IDI មកពីស្ថាប័នសវនកម្មកំពូលប្រទេសឥណ្ឌា ហ្វីលីពីន និងទួរគី ដែលជំនាញលើបញ្ហាប្រធានបទ ក៏ដូចជាតំណាងអ្នកគ្រប់គ្រងវគ្គបណ្តុះបណ្តាលរបស់ ASOSAI មកពីស្ថាប័នសវនកម្មកំពូលប្រទេសជប៉ុន។
កម្មវិធី 3i គឺជាកម្មវិធីសកលសម្រាប់គាំទ្រស្ថាប័នសវនកម្មកំពូលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដោយការអនុវត្ដន៍កំរិត ២ និងកំរិត ៤ នៃស្តង់ដារ ISSAIs។ សិក្ខាសាលាស្តីពី 3i មានគោលបំណងបង្កើនការយល់ដឹងដែលទាក់ទងទៅនឹងការអនុវត្តន៍ស្តង់ដារ ISSAI ការចែករំលែកបទពិសោធន៍ដែលទាក់ទងទៅនឹងការអនុវត្តន៍ស្តង់ដារ ISSAI និងការពិភាក្សាអំពីបញ្ហាប្រឈម និងយុទ្ធសាស្ត្រសម្រាប់ការអនុវត្ដន៍ និងការទទួលបានការប្តេជ្ញាចិត្តក្នុងការអនុវត្តន៍ ឧបករណ៍វាយតម្លៃការអនុលោមតាមស្តង់ដារ ISSAI (iCATs - ISSAI Compliance Assessment Tools)។
នៅក្នុងឱកាសនៃការបើកសិក្ខាសាលា លោកស្រី Archana Prabhakar Shirsat តំណាង IDI និងលោក Keisuke Kato តំណាងអ្នកគ្រប់គ្រងវគ្គបណ្តុះបណ្តាលរបស់ ASOSAIបានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងបន្ទាប់មកទៀត លោកជំទាវ សោម គីមសួគ៌អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ ក៏បានឡើងបើកវគ្គសិក្ខាសាលានេះ។
ក្នុងអំឡុងពេលសិក្ខាសាលា មានបទបង្ហាញពីទិដ្ឋភាពទូទៅនៃកំរិត ២ និងកំរិត ៤ នៃស្តង់ដារ ISSAI ជាមួយនឹងបទបង្ហាញរបស់ស្ថាប័នសវនកម្មកំពូលនីមួយៗស្តីពីស្ថានភាពបច្ចុប្បន្នរបស់ខ្លួនក្នុងការអនុវត្តស្តង់ដារ ISSAIs។ ក៏មានបទបង្ហាញស្តីពី iCATs សម្រាប់កំរិត ៤ នៃការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ លើកិច្ចប្រតិបត្តិការ និងលើការអនុលោមតាមរបស់ស្តង់ដារ ISSAIs។ ក៏មានការពិភាក្សាជាក្រុម ការចោទសួរ ការបញ្ចេញមតិយោបល់ និងការបំភ្លឺនៃការអនុវត្តស្តង់ដារ ISSAI និងការធ្វើបទបង្ហាញស្តីពី iCATs។
សិក្ខាសាលានេះត្រូវបានបញ្ចប់ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការប្តេជ្ញាចិត្តដោយតំណាងទាំងអស់នៃស្ថាប័នសវនកម្មកំពូល ២០ប្រទេស IDI និងអ្នកគ្រប់គ្រងវគ្គបណ្តុះបណ្តាលរបស់ ASOSAI ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការអនុវត្តកម្មវិធី 3i។