សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Scattered thunderstorms

28°C

នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ​ការ​ផ្សព្វផ្សាយ និង​ណែនាំ​ស្តីពី “បទ​បញ្ជា​ផ្ទៃក្នុង ក្រម​សីលធម៌ លក្ខន្តិកៈ​ដោយ​ឡែក និង​បញ្ជី​ពណ៌នា​ការងារ​ក្នុង​មុខ​តំណែង​មន្ត្រី​រាជការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ព្រម​ទាំង​បែបបទ​ការងារ​រដ្ឋបាល” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ លោកជំទាវ សោម គីមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​អគ្គសវនករ​រង​ទាំង​ពីរ ព្រម​ទាំង​ថ្នាក់​ដឹកនាំ លោក លោកស្រី អ្នកនាង កញ្ញា ដែល​ជា​មន្ត្រី​រាជការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​ចូល​រួម​យ៉ាង​ច្រើន​កុះករ។

ការ​ផ្សព្វផ្សាយ និង​ណែនាំ​នេះ​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ដោយ ឯកឧត្តម ឆាយ គឹម អគ្គសវនករ​រង នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ លើ​ប្រធានបទ​ស្តីពី “បទ​បញ្ជា​ផ្ទៃក្នុង ក្រម​សីលធម៌ លក្ខន្តិកៈ​ដោយ​ឡែក” និង​លោក ឈុន រិទ្ធី អនុ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ លើ​ប្រធានបទ​ស្តីពី “បញ្ជី​ពណ៌នា​ការងារ​ក្នុង​មុខ​តំណែង​មន្ត្រី​រាជការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​បែបបទ​ការងារ​រដ្ឋបាល” ដែល​មាន​សិក្ខាកាម​សរុប​ទាំងអស់​ចំនួន ១៧៨រូប ក្នុង​នោះ​មាន​ស្រី ៣៧រូប និង​ប្រុស ១៤១រូប។

ជាបឋម លោកជំទាវ អគ្គសវនករ បាន​មាន​ប្រសាសន៍​កោត​សរសើរ​ដល់​ថ្នាក់​ដឹកនាំ មន្ត្រី​រាជការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​ទាំងអស់​ដែល​បាន​បំពេញ​ការងារ​របស់​ខ្លួន​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ឆ្នាំ២០១៣ កន្លង​មក។

លោកជំទាវ អគ្គសវនករ ក៏​បាន​លើក​ឡើង​ស្តីពី​តម្លៃ និង​សារៈ​សំខាន់​នៅ​ក្នុង​ការ​រៀបចំ​វគ្គ​ផ្សព្វផ្សាយ និង​ណែនាំ​ស្តីពី “បទ​បញ្ជា​ផ្ទៃក្នុង ក្រម​សីលធម៌ លក្ខន្តិកៈ​ដោយ​ឡែក និង​បញ្ជី​ពណ៌នា​ការងារ​ក្នុង​មុខ​តំណែង​មន្ត្រី​រាជការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ព្រម​ទាំង​បែបបទ​ការងារ​រដ្ឋបាល”

តាម​ប្រសាសន៍​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ថា​យើង​ទាំងអស់​គ្នា​ត្រូវ​តែ៖

  1. ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង
  2. ងូត​ទឹក​សម្អាត​ខ្លួន
  3. ដុស​ក្អែល​សម្អាត​ខ្លួន
  4. ព្យាបាល​ជម្ងឺ

លោកជំទាវ អគ្គសវនករ បាន​ធ្វើ​ការ​កោត​សរសើរ​ចំពោះ ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា ជា​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ដោយ​ឡែក​ចំពោះ​នាយកដ្ឋាន​បច្ចេកទេស ដែល​បាន​សហការ​រៀបចំ​ផ្សព្វផ្សាយ​ការ​ណែនាំ​នេះ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។

លោកជំទាវ អគ្គសវនករ ក៏​បាន​ធ្វើ​ការ​ផ្តាំផ្ញើ ចំពោះ​លោក លោកស្រី អ្នកនាង កញ្ញា ដែល​ជា​សិក្ខាកាម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​នេះ ត្រូវ​ព្យាយាម​ត្រង់ត្រាប់​ស្តាប់​បទ​ឧទ្ទេសនាម​ដែល​នឹង​ផ្តល់​ជូន​ដោយ ឯកឧត្តម អគ្គសវនករ​រង ដែល​ធ្លាប់​មាន​បទពិសោធន៍​ច្រើន។

បទ​បញ្ជា​ផ្ទៃក្នុង​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​លេខ ០០១/០១ អសជ.បប ចុះ​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០០១ មាន ១០ប្រការ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ធានា​ដំណើរការ​ល្អ មាន​របៀប​រៀប​រយ សណ្តាប់​ធ្នាប់ គោរព​វិន័យ ប្រសិទ្ធភាព​ក្នុង​ការងារ តម្លាភាព សាមគ្គី​ផ្ទៃក្នុង និង​សេចក្តី​ថ្លៃថ្នូរ​របស់​មន្ត្រី​រាជការ បុគ្គលិក នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​ទាំងអស់។

ក្រម​សីលធម៌​មន្ត្រី​រាជការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​លេខ ០០៣/០១ អសជ.សសរ ចុះ​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០២ មាន ៥ជំពូក ជា​យាន​ដឹកនាំ​សវនករ​ឆ្ពោះ​ទៅ​រក​ការ​ទទួល​ខុសត្រូវ​មុខ​វិជ្ជា​ជីវៈ​របស់​ខ្លួន និង​ជា​មូលដ្ឋាន​បំពេញ​កាតព្វកិច្ច​របស់​សវនករ ក្នុង​ការ​ប្រកាន់​ខ្ជាប់​វិន័យ និង​អាកប្បកិរិយា​បាន​ល្អ​ក្នុង​ការ​អនុវត្តន៍​ការងារ។

លក្ខន្តិកៈ​ដោយ​ឡែក ក្របខណ្ឌ​មន្ត្រី​ជាន់​ខ្ពស់​សវនកម្ម នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​លេខ នស/រកត/០៨០៩/៨៣៩ ចុះ​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០៩ ដែល​មាន ៩ជំពូក ដូច​ខាង​ក្រោម៖

ជំពូក​ទី១៖ បទប្បញ្ញត្តិ​ទូទៅ

ជំពូក​ទី២៖ ឋានន្តរសក្តិ និង​មុខ​តំណែង

ជំពូក​ទី៣៖ ការ​ជ្រើសរើស

ជំពូក​ទី៤៖ កម្ម​សិក្សា និង​ការ​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​មន្រ្តី​ជាន់ខ្ពស់​សវនកម្ម

ជំពូក​ទី៥៖ ការ​តែងតាំង

ជំពូក​ទី៦៖ ការ​ដំឡើង​ថ្នាក់ និង​ការ​ដំឡើង​ឋានន្តរសក្តិ

ជំពូក​ទី៧៖ បទបញ្ញត្តិ​ផ្សេងៗ

ជំពូក​ទី៨៖ អន្តរ​ប្បញ្ញត្តិ

ជំពូក​ទី៩៖ អវសាន​ប្បញ្ញត្តិ

ឯកឧត្តម អគ្គសវនករ​រង បាន​ធ្វើ​ការ​ផ្តាំផ្ញើ និង​ក្រើន​រំលឹក ហើយ​រំលឹក​ទៀត កុំ​អោយ​ភ្លេច​ខ្លួន និង​អោយ​សិក្ខាកាម​ទាំងអស់​ចងចាំ​នៅ​ក្នុង​ចិត្ត​ជានិច្ច​នៅ​ក្នុង​ការ​អនុវត្ត​ការងារ​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​សវនករ ភាព​សុចរិត សត្យា​នុម័ត សមត្ថកិច្ច​វិជ្ជា​ជីវៈ ស្តង់ដារ​បច្ចេកទេស អាកប្បកិរិយា​ក្នុង​វិជ្ជា​ជីវៈ ការ​សម្ងាត់​វិជ្ជា​ជីវៈ និង​ឯករាជ្យ​ភាព។

ការ​ពណ៌នា​ការងារ​ក្នុង​មុខ​តំណែង​របស់​មន្ត្រី​រាជការ​ចុះ​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ មាន ៣ផ្នែក។

បញ្ជី​ពិពណ៌នា​ការងារ បាន​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​ធនធាន​មនុស្ស បាន​កំណត់​អំពី​បរិបថ​ការងារ ការ​ទទួល​ខុសត្រូវ​ក្នុង​មុខ​តំណែង​ការងារ និង​ធានា​ការងារ​មិន​ស្ទួន​គ្នា។ លើស​ពី​នេះ បញ្ជី​ពិពណ៌នា​ការងារ ជា​ត្រី​វិស័យ​មួយ​សម្រាប់​ទុក​ជូន​មន្ត្រី​រាជការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ចាប់​ពី​ប្រធាន​នាយកដ្ឋាន រហូត​ដល់​មន្ត្រី ដើម្បី​អនុវត្ត​អោយ​បាន​ត្រឹមត្រូវ​ទៅ​តាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន។

ការ​បង្កើត​បាន និង​ការ​ដាក់​អោយ​អនុវត្ត​បញ្ជី​ពិពណ៌នា​ការងារ​នេះ គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​អាជ្ញាធរ​សវនកម្ម​ជាតិ ក្នុង​ការងារ​គ្រប់គ្រង​មន្ត្រី​រាជការ ដែល​មាន​គោលបំណង​បន្ត​លើក​កម្ពស់​សមត្ថភាព​ការងារ​ស្ថាប័ន និង​វិជ្ជា​ជីវៈ​សវនកម្ម ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​អភិបាល​កិច្ច​ល្អ និង​ការ​ប្រើប្រាស់​ធនធាន​មនុស្ស​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

លោក​អនុ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ បាន​សំណូមពរ​អោយ​មន្ត្រី​ទាំងអស់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​ការងារ និង​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ផ្សព្វផ្សាយ និង​ណែនាំ​ស្តីពី “បទ​បញ្ជា​ផ្ទៃក្នុង ក្រម​សីលធម៌ និង​លក្ខន្តិកៈ​ដោយ​ឡែក​សម្រាប់​មន្ត្រី​រាជការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ” បាន​រៀបចំ​ជា​រៀងរាល់​ឆ្នាំ​ក្នុង​គោលបំណង​បង្កើន​ការ​យល់ដឹង និង​ប្រកាន់​ខ្ជាប់​បាន​ល្អ​នូវ​បទ​បញ្ជា​ផ្ទៃក្នុង និង​ក្រម​សីលធម៌​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ជា​ពិសេស ជា​ការ​ដាស់តឿន​ក្រើន​រំលឹក និង​ពង្រឹង​នូវ​វិន័យ អាកប្បកិរិយា ប្រការ​គួរ​ប្រព្រឹត្ត និង​មិន​គួរ​ប្រព្រឹត្ត ក្រម​សីលធម៌​វិជ្ជា​ជីវៈ​សវនករ មាន​ន័យ​ថា​មន្ត្រី​រាជការ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​ទាំងអស់​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ភាព​សុចរិត ម៉ត់ចត់​ក្នុង​ការ​អនុវត្ត​ការងារ និង​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​ពី​អង្គភាព​រង​សវនកម្ម ក៏​ដូចជា​ពី​សំណាក់​សាធារណៈជន​ផង​ដែរ។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ស., មិថុនា 25th 2016