សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Scattered thunderstorms

28°C

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជា​ជាតិ​រៀងៗ​ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា នៃ​ការ​រៀបចំ​បុណ្យ​នេះ​ប្លែកៗ​គ្នា​ស្រប​ទៅ​តាម ជំនឿ ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខ្មែរ​យើង​ក៏​មាន​ប្រវត្តិ​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក។ យើង​បាន​ប្រទះ​ឃើញ​ឯកសារ​ជា​ច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ និង​ឧស្សាហ៍​បាន​ស្តាប់​ការ​និទាន​រឿង​របស់​ចាស់ទុំ​ជា​ច្រើន។

ប្រវត្តិ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​ចំណេះ​វិជ្ជា​ដ៏​វិសេស បាន​រៀន​ចេះ​ចប់​គម្ពីរ​ត្រីវេទ​តាំង​ពី​អាយុ​បាន ៧ឆ្នាំ។ សេដ្ឋី​បិតា​បាន​សាងប្រាសាទ​ឲ្យ​ធម្មបាល​កុមារ នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​ស្នាក់​អាស្រ័យ នៃ​បក្សី​ទាំងឡាយ។ ធម្មបាល​កុមារ​ចេះ​ទាំង​ភាសា​បក្សី ទាំង​ពួង​ផង ព្រម​ទាំង​អាច​ធ្វើ​ជា​អាចារ្យ​សម្ដែង​មង្គល​ផ្សេង​ៗ ដល់​មនុស្ស​ទាំង​ពួង​ផង។ គ្រា​នោះ​ មនុស្ស​លោក​រមែង​រាប់​អាន​មហា​ព្រហ្ម និង​កបិល​មហា​ព្រហ្ម ១អង្គ​ទៀត​ដែល​ជា​អ្នកសម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។ ពេល​នោះ​ កបិល​មហា​ព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា​នឹង​ធម្មបាល​កុមារ ចំនួន ៣ប្រស្នា ដោយ​សន្យា​ថា ប្រសិន​បើ ធម្មបាល​កុមារ​អាច​ដោះ​ប្រស្នា​បាន កបិល​មហា​ព្រហ្ម​នឹង​កាត់​ព្រះ​សិរសា​ទ្រង់ ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ ប៉ុន្តែ​ប្រសិន​បើ ធម្មបាល​កុមារ​មិន​អាច​ដោះ​ស្រាយ​ប្រស្នា​នោះ​រួច កបិល​មហា​ព្រហ្ម​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧ថ្ងៃ សិន ដើម្បី​គិត​ប្រស្នា។ លុះ​កន្លង​ទៅ ៦ថ្ងៃ ហើយ​ក៏​ធម្មបាល​កុមារ​នៅ​តែ​គិត​មិន​ឃើញ និង​ដឹង​ខ្លួន​ថា ព្រឹក​នេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហា​ព្រហ្ម​ជា​ប្រាកដ។ ដូច្នេះ គួរ​តែ​រត់​ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង។ ទើប​ធម្មបាល​កុមារ​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ។ នៅ​លើ​ដើម​ត្នោត​នោះ មាន​សត្វ​ឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក​អាស្រ័យ​នៅ។ វេលា​យប់ សត្វ​ឥន្ទ្រី​ញី​សួរ​សត្វ​ឥន្ទ្រី​ឈ្មោល​ថា ព្រឹក​នេះ​យើង​បាន​អាហារ​អ្វី​ធ្វើ​ជា​ចំណី? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​នឹង​កបិល​មហា​ព្រហ្ម​សម្លាប់ ព្រោះ​ធម្មបាល​កុមារ​ដោះ​ប្រស្នា​មិន​រួច។ ឥន្ទ្រី​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​ម្ដេច​? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ត្រង់​ណា? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ផ្ទៃ​មុខ។ ហេតុ​នេះ​ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លប់​មុខ។ ប្រស្នា​ទី២ ចោទ​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់​ណា? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ទ្រូង។ ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង។ ប្រស្នា​ទី៣ ចោទ​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ត្រង់​ណា? ត្រូវ​ឆ្លើយ​ថា នៅ​នឹង​ជើង។ ហេតុ​នោះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង។ ធម្មបាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។ លុះ​ព្រឹក​ឡើង ​កបិល​មហា​ព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ធម្មបាល​កុមារ។ ធម្មបាល​កុមារ​ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​ឮ​មក។ កបិល​មហា​ព្រហ្ម​ក៏​ទទួល​ថា​ពិត​ជា​ត្រឹម​ត្រូវ, ព្រម​ចុះ​ចាញ់ និង​សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន។ កបិល​មហា​ព្រហ្ម ហៅ​ទេព​ធីតា​ទាំង ៧អង្គ ដែល​ជា បាទ​បរិចាវិកា​ព្រះឥន្ទ្រ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់​ព្រះ​សិរសា​ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី​នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​នឹង​នាំ​ឲ្យ​រាំង​ភ្លៀង បើ​ចោល​ក្នុង​មហា​សមុទ្រ​នោះ​ទឹក​នឹង​រីង​ស្ងួត​ហួត​អស់។ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧អង្គ យក​ពាន​មក​ទទួល​ព្រះ​សិរសា​បិតា។ ពោល​រួច ​ព្រះ​អង្គ​ក៏​កាត់​ព្រះ​សិរសា​ហុច​ទៅ​ឲ្យ​ព្រះ​នាង ទុង្ស ជា​កូន​ច្បង។ ព្រះ​នាង ទុង្ស​ក៏​បាន​យក​ពាន​មក​ទទួល​ព្រះ​សិរ​សាបិតា រួច​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ ៦០នាទី​ទើប​យាង​ទៅ​ប្រតិស្ឋាន​ទុក​ក្នុង​មណ្ឌលេះ​នៅ​ក្នុង​គុហា​គន្ធមាលី នា​ភ្នំ​កៃលាស និង​បូជា​គ្រឿង​ទិព្វ​ផ្សេងៗ។ ព្រះ​វិស្សកម្ម​ទេវបុត្រ​ក៏​និមិត្ត​រោង​ទិព្វ​ធ្វើ​ពី​កែវ ៧ប្រការ ឈ្មោះ​ថា "ភគវតីសភាសាលា" ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតា។ លុះ​ដល់​គម្រប់ ១ឆ្នាំ ជា សង្ក្រាន្តត នាង​ទេព​ធីតា​ទាំង ៧អង្គ ក៏​ផ្លាស់​វេន​គ្នា មក​អញ្ជើញ ព្រះ​សិរសា​កបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុ​ជា​រៀង​រាល់​ៗ​ឆ្នាំ រួច​ហើយ​យាង​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​ដើម្បី​តម្កល់​វិញ។

ឈ្មោះ​ទេព​ធីតា​មហា​សសង្ក្រាន្ត និង​គ្រឿង​អាភរណៈ
ថ្ងៃទេព​ធីតា​មហាសសង្ក្រាន្ត! គ្រឿង​អាភរណៈ 
ថ្ងៃអាទិត្យ ទុង្សទេវី សៀត​ផ្កា​ទទឹម គ្រឿង​ប្រដាប់​បទុមរាជ, ភក្សាហារ​ផ្លែ​ឧទុម្ពរ (ផ្លែ​ល្វា), អាវុធ​ស្តាំ​កងចក្រ ឆ្វេង​ស័ង្ខ, ពាហនៈ​គ្រុឌ
ថ្ងៃច័ន្ទ គោរាគទេវី សៀត​ផ្កា​អង្គារបុស្ស គ្រឿង​ប្រដាប់​បុក្តា ភក្សាហារ​ប្រេង អាវុធ​ស្តាំ​ព្រះខ័ន ឆ្វេង​ឈើច្រត់ ពាហនៈ​ខ្លា
ថ្ងៃអង្គារ គោរាក្សសាទេវី សៀត​ផ្កា​ឈូក គ្រឿង​ប្រដាប់​មោរា ភក្សាហារ​លោហិត អាវុធ​ស្តាំ​ត្រីសូល៍ឆ្វេង​ធ្នូ ពាហនៈ​អស្សតរ
ថ្ងៃពុធ មណ្ឌាទេវី សៀត​ផ្កា​ចម្ប៉ា គ្រឿង​ប្រដាប់​ពិទូរ្យ ភក្សាហារ​ទឹកដោះសិប្បី អាវុធ​ស្តាំ​ម្ជុល ឆ្វេង​ឈើច្រត់ ពាហនៈ​លា
ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀត​ផ្កា​មណ្ឌា គ្រឿង​ប្រដាប់​មរកត ភក្សាហារ​សណ្ដែក ល្ង អាវុធ​ស្តាំ​កង្វេរ ឆ្វេង​កាំភ្លើង ពាហនៈ​ដំរី
ថ្ងៃសុក្រ កិមិរាទេវី សៀត​ផ្កា​ចង្កុលនី គ្រឿង​ប្រដាប់​បុស្សរាគម័ ភក្សាហារ​ចេកណាំវ៉ា អាវុធ​ស្តាំ​ព្រះខ័ន ឆ្វេង​ពិណ ពាហនៈ​ក្របី
ថ្ងៃសៅរ៏ មហោទរាទេវី សៀត​ផ្កា​ត្រកៀត គ្រឿង​ប្រដាប់​នីលវត័ន៍ ភក្សាហារ​សាច់ទ្រាយ អាវុធ​ស្តាំ​កងចក្រ ឆ្វេង​ត្រីសូល៍ ពាហនៈ​ក្ងោក
ទំនៀម​ចូល​ឆ្នាំ

ទំនៀម​ពិធី​ចូល​ឆ្នាំ​ប្រព្រឹត្ត​ទៅ​ចំនួន ៣ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ​មហា​សង្ក្រាន្ត, ថ្ងៃទី២ ជា​ថ្ងៃ​វនបត, ថ្ងៃទី៣ ជា​ថ្ងៃ​ឡើង​ស័ក។ រីឯ​ការ​កំណត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​ដោយ​ប្រើ​ក្បួន​ហោរាសាស្ត្រ​បុរាណ គឺ​ក្បួន​មហាសសង្ក្រាន្តត។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា? ថ្ងៃ​ណា? ចាប់​ពី​សម័យ​ក្រុង​នគរ​ធំ​មក ប្រទេស​ខ្មែរ​ប្រើ​វិធី​គិត​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន ចន្ទ​គតិ (lunar calendar) វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​ខ្មែរ​កំណត់​យក​ខែ​មិគសិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខែ​កក្តិក ជា​ខែទី១២។ សម័យ​ក្រោយ​មក ប្រទេស​ខ្មែរ​ប្តូរ​ទៅ​ប្រើ​វិធី​គិត​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន​ សុរិយ​គតិ (solar calendar) (វិធី​ដើរ​នៃ​ព្រះអាទិត្យ)។ ពេល​នោះ​ហើយ ដែល​ខ្មែរ​កំណត់​ចូល​ឆ្នាំ​ក្នុង​ខែ ចេត្រ (ខែទី៥) ព្រោះ​ក្នុង​ខែ​នេះ ព្រះអាទិត្យ​ធ្វើ​ដំណើរ​ចេញ​ពី មីនរាសី ចូល​កាន់​មេសរាសី។ ថ្ងៃ​ចូល​ឆ្នាំ​រមែង​ត្រូវ​លើថ្ងៃទី១៣ នៃ​ខែ​ មេសា (ចេត្រ) រៀង​រាល់​ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី១៤ ក៏​មាន​ខ្លះ​ដែរ។ មហាសសង្ក្រាន្តត ដែល​ប្រើ​របៀប​គន់​គូរ​តាម សុរិយ​គតិ មាន​ឈ្មោះ​ថា «សាមញ្ញសសង្ក្រាន្តត» (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា សង្ក្រាន្តត)។ មហាសង្ក្រាន្តត ដែល​ប្រើ​របៀប​គន់​គូរ​តាម ចន្ទ​គតិ ហៅថា «អាយន្តសង្ក្រាន្តត» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឈៀង​មិន​ត្រង់​ពី​លើ)។ គេ​នៅ​ប្រើ​ចន្ទ​គតិ ដោយ​យោង​ទៅ សុរិយ​គតិ ព្រោះ​ចន្ទ​គតិ​មាន​ទំនាក់​ទំនង​នឹង​ពុទ្ធប្បញ្ញត្តិ​ច្រើន។ ចំណែក​ឯ ថ្ងៃ​ចូល​ឆ្នាំ​តាម ចន្ទ​គតិ​មិន​ទៀង​ទាត់ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួន​កាល​ក្នុង​វេលា​រនោច។ ប៉ុន្តែ នៅ​ក្នុង​រវាង ១ខែ គឺ​មិន​មុន​ថ្ងៃ៤កើត ខែ ចេត្រ និង​មិន​ហួស​ថ្ងៃ៤កើត ខែ​ពិសាខ​ទេ។ ដូចនេះ សង្ក្រាន្តត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ។

ចំពោះ​ពិធី​ផ្សេង​ៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​តទៅ ៖ ពេល​មុន​ចូល​ឆ្នាំ គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ, សំអាត​ផ្ទះ​សម្បែង, រែក​ទឹក​ដាក់​ពាង, រក​អុស​ទុក, និង​កាត់​សំលៀក​បំពាក់​ថ្មីៗ ជាដើម។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​ គេ​រៀប​គ្រឿង​សក្ការៈ​បូជា សំរាប់​ទទួល​ទេវតា​ថ្មី​មាន ៖ បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ផ្តិល និង​ភេសជ្ជៈ, នំនែក, ផ្លែឈើ​គ្រប់មុខ។ ចំណែក​ផ្ទះ​សម្បែង គេ​តុបតែង​រំលេច​ដោយ​អំពូល អគ្គិសនី​ខ្សែ​តូចៗ ចម្រុះ​ពណ៌ ឬ​ចង្កៀង​គោម គ្រប់​ពណ៌ សំរាប់​ទទួល​ទេព្តា​ថ្មី។ លុះ​ដល់​វេលា​កំណត់​ទេព្តាថ្មី​យាង​មក គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន​ធូប បាញ់​ទឹកអប់ បន់​ស្រន់ សុំ​សេចក្តី​សុខ​ចម្រើន គ្រប់​ប្រការ ពី​ទេព្តា​ថ្មី។ ចំពោះ​គ្រឿង​សក្ការៈ និង​ក្រយា​ស្ងើយ ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តម្រូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ។ ឧទាហរណ៍ ៖ បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ។ រីឯ​ពិធី ៣ថ្ងៃ នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖

ថ្ងៃទី១ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង វាលុក​ចេតិយ នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ។ នៅ​ពេល​ព្រលប់ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា។

ថ្ងៃទី២ ៖ កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជីដូន​ជីតា ជាដើម។ ជួនកាល គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នក​ក្រីក្រ​ទៀត​ផង។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បងប្អូន ដែល​បាន​ស្លាប់​ទៅ។

ថ្ងៃទី៣ ៖ ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់។ ពេល​ល្ងាច ​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់​ព្រះពុទ្ធ​រូប (តាម​ការ​និយម​នៃ​ស្រុក​ខ្លះ)។ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូចជាលេង​បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង ជាដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅ​ខេត្ត​បាត់ដំបង សៀមរាប) ជា​ពិសេស​ទៀត គឺ​រាំវង់ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ អ្នក​ខ្លះ​និយម​នាំ​គ្នា​ដើរ​កំសាន្ដ​បន្ត អ្នក​ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។

វាលុក​ចេតិយ

ពាក្យ​សាមញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់» ។ ការ​ពូន​ភ្នំ​នេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កន្ដាល​ទីធ្លា​ដែល​គេ​បាន​កំនត់ រួច​ពូន​អោយ​ចេញ​ជា​រាង​ចេតិយ​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំនាង​អោយ​ព្រះ​ចូលាមនីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះ​កេសា និង​ព្រះ​ចង្កូមកែវ​នៃ​ព្រះពុទ្ធ​បរម​គ្រូ។ ការ​ពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ​គេ​និយម​ពូន​ភ្នំ​អង្ករ​នៅ​សាលា​ឆាន់ រឺ​ក្នុង​ព្រះ​វិហារ​ផង​ដែរ។ ភ្នំ​ខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំនត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការ​ពេញ​ចិត្ត​របស់​អ្នក​ស្អាង។ ប៉ុន្តែ ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កន្ដាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង៤។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើ​រាជវត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ​ចេញ​ចូល​តាម​ទិស​ធំ​ទាំង៤។ នៅ​ជុំវិញ​រាជវ័ត​គេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយគូ បាយសី​មួយថ្នាក់​មួយគូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកន្ដាល​ខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាង​ស្តាំ​គឺ​រាន​ព្រះពិស្នុ ការ​រាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩ថ្នាក់ និង​មាន​ដាក់​សំលៀក​បំពាក់​ឆ្វេង​ស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វាលុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ។

រួម​អានិសង្ស

ព្រះបរមសាស្តា​ទ្រង់​បាន​សំដែង​អំពី អានិសង្ស​ដែល​បាន​កសាង​បុណ្យ​កុសល ក្នុង​ឱកាស​ដាច់​ឆ្នាំ​ចាស់ ចូល​ឆ្នាំ​ថ្មី ដោយ​ពិស្តារ​ អ្នក​ដែល​បាន ផ្ងូត​ទឹក​ឲ្យ​មាតា​បិតា គ្រូ​ឧបជ្ឈាយ៍ អាចារ្យ ឬ​ព្រះសង្ឃ​ក្នុង​ឱកាស​សង្ក្រាន្ត​នោះ រមែង​ជា​ស្តេច​ម្ចាស់​ផែន​ដី មាន​ឫទ្ធិ​ដ៏​មហិមា សំបូរ​ដោយ​រតនៈ ៧ប្រការ ដេរ​ដាស​ដោយ​ពពួក​នាង​នារី​ដែល​មាន​រូប​ឆោម​ល្អ និង​សំបូរ​ដោយ​ចតុរង្គសេនា ជា​អ្នក​បាន​សេចក្តី​សុខ​គ្រប់​យ៉ាង។ អ្នក​ដែល​បាន​លែង​សត្វ​តិរច្ឆាន ដូចជាមាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយ​អំណាច​ដែល​បាន​លេង​សត្វ​អំបាល​នោះ អ្នក​នោះ​រមែង​ជា​អ្នក​មាន​អាយុ​យឺន​យូរ ជា​អ្នក​មាន​សុខ​ច្រើន ឥត​មាន​រោគ​ភ័យ​មក​បៀត​បៀន​ក្នុង​កាល​ទាំង​ពួង​ប្រកប​តែ​សេចក្តី​សុខ។ ដោយ​ផល្លា​និសង្ស​ដែល​បាន​ស្រង់​ព្រះ​សង្ឃ អ្នក​នោះ​ទោះ​ទៅ​កើត​ក្នុង​ភព​ណាៗ​រមែង​មាន​រូប​ឆោម​ល្អ ជា​ទី​ជ្រះ​ថ្លា​ដល់​អ្នក​បាន​ឃើញ​ ជា​អ្នក​មាន​សំបុរ​កាយ​ផូរផង់ ជា​ទី​គាប់​ចិត្ត ជាទី​គួរ​ឲ្យ​មើល ជា​អ្នក​មាន​ប្រាជ្ញា​ស្រួច ជា​អ្នក​ក្លាហាន ជា​អ្នក​ទ្រទ្រង់​នូវ​ព្រះ​សូត្រ និង​ព្រះ​វិន័យ ជា​អ្នក​ទ្រទ្រង់ និង​ចេះ​ចប់​នូវ​ព្រះបិដក ជា​អ្នក​មាន​អាយុ​យឺន​យូរ​រាល់​ៗ​ជាតិ ជា​អ្នក​មាន​បុត្រ​ភរិយា​នូវ​គណញាតិ​សុទ្ធ​តែ​ជា​អ្នក​ឧត្តម​ថ្លៃ​ថ្លា។ ទាំង​នេះ​ជា​អានិសង្ស​ផ្ងូត​ទឹក​ក្នុង​ពេល​ចូល​ឆ្នាំ។ ដោយ​ប្រការ​ដូច្នេះ​ហើយ បាន​ជា​នៅ​ឱកាស​ចូល​ឆ្នាំ​មនុស្ស​ទាំងឡាយ​តែង​នាំគ្នា​ដោះលែង សត្វ​ផ្សេងៗ តែង​នាំ​គ្នា​ធ្វើ​បុណ្យ​ផ្សេងៗ ដើម្បី​បាន​ទទួល​នូវ​អានិសង្ស​ទាំង​នោះ។

អានិសង្ស​វាលុក​ចេតិយ

ក្រៅ​ពី មហាសំការសូត្រ នៅ​មាន​និទាន​មួយ​ទៀត​ហៅ​ថា «អានិសង្ស​វាលុក​ចេតិយ» ជា​រឿង​ដែលគេ​តាក់​តែង​ជា​ភាសា​ខ្មែរ​យូរ​លង់​ណាស់​មក​ហើយ មានចំនួន ១ខ្សែ សំដែង​អំពី​ការ​សាង​វាលុក​ចេតិយ​ថា មាន​ផល្លា​និសង្ស​ជា​អនេកប្បការ វេលា​ឆ្លង វាលុក​ចេតិយ គេ​ច្រើន​យក​រឿង​នេះ​ទេសន៍។ ក្នុង​រឿង​អានិសង្ស​វាលុក​ចេតិយ​នោះ និទាន​មួយ​ក្នុង​ចំណោម​និទាន​ទាំង ៣ នោះ​ត្រូវ​បាន​លើក​យក​មក​ធ្វើ​ជា​ឧទាហរណ៍ គឺ ៖

និទាន​ទី១ ដំនាល​ពី​ព្រះ​ពោធិសត្វ នាមបារិកៈ ជា​អ្នក​ឈ្មួញ​សំពៅ ។ នា​សម័យ​មួយ បារិកៈ បើក​សំពៅ​ទៅ​ជួញ​បាន​ប្រទះ​ឃើញ​ផ្នូក​ខ្សាច់​ស​ល្អ​នៅ​តាម​ឆ្នេរ​សមុទ្រ ក៏​បបួល​ពួក​ពាណិជ ដែល​ទៅ​ជួញ​ជា​មួយ​គ្នា បើក​សំពៅ​ឆៀង​ចូល​ចត​នៅ​ទៀប​ផ្នូក​ខ្សាច់​នោះ ហើយ​នាំ​គ្នា​ក​ជា​វាលុក​ចេតិយ ឧទ្ទិស​ជា​តំណាង ចូលាមុណីចេតិយ ដែល​បញ្ចុះ​ព្រះ​ចង្កូម​កែវ​របស់​ព្រះ​ពុទ្ធ នៅ​ឋាន​ត្រៃត្រឹង្ស។ ស្រេច​ហើយ ពួក​ពាណិជ​ទាំង​នោះ​ក៏​បេះ​យក​ផ្កា​ឈើ​មក​បូជា ដើរ​ប្រទក្សិណ ៣ជុំ ហើយ​នាំ​គ្នា​ចុះ​សំពៅ​បើក​ចេញ​ទៅ​ជួញ​បន្ត​ទៀត។ បារិកពោធិសត្វ និង​ពួក​ឈ្មួញ​អម្បាល​នោះ លុះ​រំលាយ​ខន្ធ​ទៅ ហើយ​បាន​ទៅ​កើត​ជា​ទេវ​បុត្រ​នៅ​ឋាន​សួគ៌​ជា​ច្រើន​ជាតិ លុះ​ច្យុត​ពី​សួគ៌ បាន​កើត​ក្នុង​មនុស្ស​លោក​បាន​ជា​ស្តេច​ឯករាជ្យ​ជា​ច្រើន​ជាតិ និង​ត្រា​រាប់​ពុំ​បាន​ឡើយ។ ក្នុង​ទី​បំផុត បារិកពោធិសត្វ ក៏​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ដោយ​អំណាច​ផល្លា​និសង្ស ដែល​បាន​សាង​ វាលុក​ចេតិយ។

វិភាគ និង​កំណត់​សម្គាល់៖

បើ​អ្នក​អាន​វិភាគ​បន្តិច​លើ​សាច់​រឿង​និទាន​នេះ គេ​អាច​រក​ឃើញ​ថា​ វា​ប្រហែល​ជា​រឿង​និទាន​ដែល​ប្រឌិត​ឡើង​ដោយ​ពួក​អ្នក​កាន់​លទ្ធិព្រាហ្មណ៍ ឬ​ពួក​អ្នក​កាន់​ពុទ្ធ​សាសនា​និកាយ​មហាយាន ដែល​ប្រជាជន​នៅ​ប្រទេស​ឥណ្ឌា, ណេប៉ាល់, ទីបេ, ភូតាន (Bhutan), ចិន, ម៉ុងហ្គោល, ទូវ៉ា (Tuva), កាល់មីគា (Kalmykia), ជប៉ុន, កូរ៉េ, តៃវ៉ាន់, វៀតណាម។ល។ គោរព​រាប់​ទុក​ថា​ជា​ពុទ្ធ​សាសនា​របស់​ខ្លួន។ ពុទ្ធ​សាសនា​និកាយ​មហាយាន​មាន​ទស្សនវិជ្ជា និង​កិច្ច​បូជា​ស្រដៀង​គ្នា​នឹង​លទ្ធិព្រាហ្មណ៍ ដោយ​លាយ​ចម្រុះ​ជា​មួយ​នឹង​កិច្ច​ខាង​សាសនា​របស់​ជនជាតិ​ដើម​របស់​អ្នក​ស្រុក​នៃ​ប្រទេស​ទាំង​នោះ​ផង។ ក្នុង​ពុទ្ធ​សាសនា​និកាយ​មហាយាន គេ​សង្កេត​ឃើញ​មាន​ភាព​ខុស​គ្នា​ច្រើន​ទាំង​ខាង​ទ្រឹស្តី និង​ការ​អនុវត្ត ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ដែល​មាន​វប្បធម៌ និង​សាសនា​ដើម​របស់​មនុស្ស​ម្ចាស់​ស្រុក​ផ្សេង​ៗ​គ្នា។ ដូច្នេះ​ហើយ​ទើប​គេ​ឃើញ​មាន​ការ​បែក​ខ្ញែក​ជា​ច្រើន​និកាយ​បន្ត​ទៅ​ទៀត​នៅ​ក្នុង​ពុទ្ធសាសនា​មហាយាន សូម្បី​នៅ​ទីបេ​ក៏​មាន​និកាយ​ធំ​ៗ​ចំនួន ៤ និង​និកាយ​តូច​ៗ​ច្រើន​ទៀត។ ពួក​គេ​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ពោធិសត្វ​ច្រើន​រាប់​មិន​អស់ ដែល​ទុក​ដូច​ជា​កប៉ាល់ (យានធំ) កំពុង​រង់​ចាំ​ជួយ​ស្រោច​ស្រង់​ចម្លង​មនុស្ស​យក​ទៅ​ដាក់​នៅ​ស្ថាន សុខាវតី (Sukhavati or Pure Land) ដែល​គេ​ជឿ​ថា​ជា​ស្ថាន​ស្ថិត​នៅ​ចម្ងាយ​មួយ​លាន​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ផែន​ដី ដែល​នៅ​ទី​នោះ​មាន​ព្រះ​ពុទ្ធ​មួយ​អង្គ​ព្រះ​នាម អមីតាភៈ (Buddha Amitabha)។ ពួក​គេ​បង្រៀន​ថា ព្រះ​ពុទ្ធ អមិតាភៈ បាន​សន្សំ​កុសល​រាប់​ម៉ឺន​ជាតិ​ទើប​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ដែល​កំពុង​គង់ មាន​ជីវិត​នៅ​ឯ​ស្ថាន សុខាវតី។ ពួក​អ្នក​កាន់​ពុទ្ធ​សាសនា​និកាយ​មហាយាន​ជឿ​ថា បើ​មនុស្ស​ណា​ម្នាក់​បាន​សូត្រ​ឈ្មោះ ព្រះ​ពុទ្ធ អមិតាភៈ ឲ្យ​បាន​ដប់​ដង​មុន​ពេល​ស្លាប់​ ពេល​នោះ​គេ​នឹង​បាន​ទៅ​កើត​នៅ​ស្ថាន សុខាវតី។ អ្នក​បួស​នៅ​ក្នុង​ពុទ្ធ​សាសនា​និកាយ​មហាយាន ជាពិសេស​នៅ​ទីបេ ត្រូវ​ស្បថ (ទាំង​អស់​មាន ចំនួន ៤៨) ថា​បើ​ខ្លួន​បាន​ក្លាយ​ជា​ព្រះ​ពោធិសត្វ​ពេល​ណា​ គេ​មិន​ត្រូវ​ចូល​ទៅ​ស្ថាន​ សុខាវតី ចោល​មនុស្ស​លោក​ទេ ពោល​គឺ​នៅ​រង់ចាំ​ចម្លង​មនុស្ស​លោក​ឲ្យ​អស់​ពី​ផែនដី​ទៅ​ដាក់​ទី​នោះ​សិន​ ទើប​ខ្លួន​អាច​ចូល​ទៅ​តាម​ក្រោយ។ ក្នុង​រាល់​អំពើ និង​ការ​បង្រៀន​ទាំង​អស់ ពួក​គេ​សង្កត់​ធ្ងន់​ទៅ​លើ​ពាក្យ ករុណា (compassion) ពោល​គឺ​ការ​ផ្សាយ​មេត្តា​ចំពោះ​គ្រប់​សត្វ​ទាំង​អស់​ ជា​ពិសេស​មនុស្ស។ សង្ឃ​ក្នុង​និកាយ​នេះ​មិន​ឆាន់​សាច់​សត្វ​ទេ ព្រោះ​ពួក​លោក​យល់​ថា​វា​គឺ​ជា​ទង្វើ​ដែល​លើក​ទឹក​ចិត្ត​ដល់​ការ​សម្លាប់​សត្វ​មាន​ជីវិត​បន្ត​ទៀត។ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​សិក្សា​ឲ្យ​ដឹង​ខ្លះ​ៗ​នូវ​ទ្រឹស្តី, ជំនឿ និង​កិច្ច​នានា​នៃ​ពុទ្ធ​សាសនា​មហាយាន? យើង​ត្រូវ​តែ​សិក្សា​ឲ្យ​យល់​ខ្លះ​ ព្រោះ​ខ្មែរ​ក៏​ធ្លាប់​កាន់​ពុទ្ធ​សាសនា​និកាយ​មហាយាន​ដែរ ហេតុ​នេះ​ហើយ​ទើប​យើង​ឃើញ​មាន​និទាន ឬ​ជាតក​ច្រើន​រាប់​សឹង​មិន​អស់​ដែល​ ពោល​សរសើរ​ពី​អានិសង្ស​អស្ចារ្យ​នៃ​ទាន​នេះ​ឬ​ទាន​នោះ សូម្បី​តែ​វត្ថុ​ទាន​តែ​បន្តិច​ក៏​អាច​បាន​ទៅ​កើត​នៅ​ស្ថាន​សួគ៌​ រស់​នៅ​ក្នុង​វិមាន​ស្កឹម​ស្កៃ​ បើ​កើត​នៅ​លើ​ផែនដី​ក៏​បាន​ជា​មនុស្ស​មាន​អំណាច​ផុត​គេ​ប្រកប​ដោយ​អ្នក​បម្រើ​ ឬ​ប្រពន្ធ​រាប់​មិន​អស់។ ការ​បង្រៀន​បែប​នោះ​គឺ​ឲ្យ​តម្លៃ​តែ​ទៅ​លើ​ការ​ឲ្យ​វត្ថុ​ទាន និង​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សិក្សា និង​ប្រតិបត្តិ​តាម​ធម៌​ពិត​របស់​ព្រះ​ពុទ្ធ​ទេ។ វា​ជា​ការ​បង្រៀន​ដែល​នាំ​ឲ្យ​មនុស្ស​ច្រើន​នាក់​យល់​ច្រឡំ​ថា​ជា​ពាក្យ​របស់​ព្រះ​ពុទ្ធ។

និទាន​ទី២ ដំណាល​ពី​នាយ​នេសាទ​ម្នាក់ (មិន​ប្រាកដ​ឈ្មោះ)។ នាយ​នេសាទ​នោះ​ធ្វើ​តែ​បាប សំលាប់​សត្វ​បរិភោគ​តាំង​ពី​តូច​រហូត​ដល់​ចាស់ មិន​ដែល​បាន​ធ្វើ​បុណ្យ​ម្តងសោះ។ នា​ថ្ងៃ​មួយ មានភិក្ខុ​សង្ឃ ១រូប នឹក​អាណិត​នាយ​នេសាទ​ខ្លាំង​ណាស់ ក៏​គិត​រក​ឧបាយ​ឲ្យ​គាត់​បាន​សាង​បុណ្យ​កុសល​ខ្លះ។ លុះ​គិត​រួច​ហើយ ភិក្ខុ​អង្គ​នោះ​ក៏គ្រង​ចីវរ​កាន់​យក​នូវ បាត្រ​ដើរ​ទៅ​រង់​ចាំ​ផ្លូវ​នាយ​នេសាទ។ ថ្ងៃ​នោះ​វេលា​ព្រឹក​នាយ​នេសាទ​លី​លំពែង ១ និង​ពុន​បាយ ១កញ្ចប់ ចេញ​ទៅ​ព្រៃ​ដើម្បី​ស្វែង​រក​សត្វ​មក​ចិញ្ចឹម​ជីវិត​ដូច​កាល​សព្វ​ដង។ ដំបូង​នាយ​នេសាទ​ប្រកែក​ដាច់​ថា មិន​ព្រម​ប្រគេន តែ​ភិក្ខុ​នោះ​ចេះ​តែ​ទទូច​សុំ។ អត់​មិន​បាន​ក៏​រំលែក​បាយ ១ពំនូត​ប្រគេន។ ក្រោយ​មក កាល​នាយ​នេសាទ​រំលាយ​ខន្ធ​ស្លាប់​ទៅ​ត្រូវ​ពួក​យមបាល ឬ​យមភូបាល​យក​ខ្លួន​ទៅ​សួរ​យក​ចម្លើយ អំពី​រឿង​កាល​នៅ​មនុស្ស​លោក​នោះ​បាន​ធ្វើ​បុណ្យ​ខ្លះ​ទេ? នាយ​នេសាទ​តប​ថា ៖ មិន​បាន​ធ្វើ​បុណ្យ​ទេ ធ្វើ​តែ​បាប​តាំង​ពី​តូច​មក។ ពួក​យមបាល​ក៏​នាំ​គ្នា​ចាប់​បោះ​ទៅ​ក្នុង​រណ្តៅ​ភ្លើង​នរក តែ​មិន​ឆេះ ត្រលប់​ជា​ខ្ទាត​ចេញ​មក​វិញ យមបាល​នឹក​ឆ្ងល់ ក៏​សួរ​បញ្ជាក់​ថែម​ទៀត។ ទទួល​នាយ​នេសាទ​ក្រលេក​ទៅ​ឃើញ​អណ្តាត​ភ្លើង​មាន​ពណ៌​ដូច​ចីវរ​លោកសង្ឃ ក៏​នឹក​ឃើញ​ដល់​ទាន​ដែល​ខ្លួន​បាន​ធ្វើ ទើប​ឆ្លើយ​ថា កាល​នៅ​មនុស្ស​លោក​បាន​ធ្វើ​ទាន​បាយ​មួយ​​ពំនូត​ដល់ភិក្ខុ ១រូប ដែរ។ ពួក​យមបាល​ប្រាប់​ថា បើ​ដូច្នេះ​អ្នក​ឯង​ត្រូវ​ទៅ​កើត​ឯ​ឋានសួគ៌​មួយ​អាទិត្យ លុះ​ដល់​ថ្ងៃទី៨ យើង​នឹង​យក​ខ្លួន​មក​ទទួល​ទោស​នៅ​ឋាន​នរក​នេះ​វិញ។ ក្នុង​មួយ​រំពេច​នោះ​វិញ្ញាណ​របស់​នាយ​នេសាទ ក៏បាន​ទៅ​កើត​នៅ​ឋាន​សួគ៌​ ឈ្មោះ​ថា អន្នំលោកង្សិន៍​ទេវបុត្រ មានទំហំ ១២ យោជន៍​បរិបូណ៌ទៅ​ដោយ​សម្បត្តិ និង​ស្រី​ទេព​កញ្ញា​បំរើ​ត្រៀប​ត្រា មាន​នាង​សុវណ្ណឱរ៉ៃ ជា​ទេពី។ អន្នំលោកង្សិន៍​ទេវបុត្រ​សោយ​សម្បត្តិ​បាន ៦ថ្ងៃ នឹក​ឃើញ​ដល់​ពាក្យ​របស់​យមបាល ក៏​កើត​សេចក្តី​ទុក្ខ​ទោមនស្ស​ពន់​ពេក ហើយ​ចូល​ទៅ​ដេក​ទួញ​យំ នាង​សុវណ្ណ​ឱរ៉ៃ ឃើញ​ដូច្នេះ ក៏​ចូល​ទៅ​សួរ​អន្នំលោកង្សិន៍​ទេវបុត្រ​ក៏​រ៉ាយ​រឿង​ប្រាប់​តាំង​ពី​ដើម​ រហូត​ដល់​ចប់។ នាង​សុវណ្ណ​ឱរ៉ៃ​លួង​លោម​ថា បើ​ដូច្នោះ​សូម​ព្រះ​អង្គ​កុំ​ជា​ទុក្ខ​ទោមនស្ស​ឡើយ ត្បិត​ព្រះ​ពុទ្ធ​សំដែង​ថា «ទោះ​អ្នក​ណា​ធ្វើ​បាប​អម្បាល​ម៉ាន​ក្តី បើ​ចង់​ឲ្យ​រួច​អំពី​កម្ម​ពៀរ​ដែល​ខ្លួន​ធ្វើ​ហើយ គប្បី​សាង​វាលុក​ចេតិយ​ធ្វើ​បុណ្យ​ឆ្លង ហើយ​និង​រួច​អំពី​កម្ម​ពៀរ​នោះ​ហោង» ហេតុ​នេះ សូម​ព្រះអង្គ​ធ្វើ​តាម​ព្រះ​ពុទ្ធ​បន្ទូល​នេះ​ចុះ ទៀង​ជា​ដោះ​រួច​ចាក​កម្ម​ពៀរ​ជា​មិន​ខាន។ អន្នំលោកង្សិន៍​ទេវបុត្រ​បាន​ឮ​ដូច្នោះ​ក៏​សោមនស្ស​ទើប​ចាត់​ការ​សាង​ វាលុក​ចេតិយ និង​ធ្វើ​បុណ្យ​ឆ្លង​ហើយ​ស្រេច​ក្នុង​រវាង ៧ថ្ងៃ​នោះ។ លុះ​ដល់​ថ្ងៃទី៨ វេលា​ព្រឹក​ព្រហាម ពួក​យមបាល​ក៏​ទៅ​ដល់​ស្រែក​ហៅ​រក​អន្នំលោកង្សិន៍​ទេវបុត្រ​ឲ្យ​ចេញ​មក គ្រា​នោះ​អន្នំលោកង្សិន៍ទេវបុត្រ​គេច​មុខ​ចេញ ទុក​ឲ្យ​នាង​សុវណ្ណ​ឱរ៉ៃ​ចេញ​មក​ទទួល។ នាង​បដិសេធ​យមបាល ដោយ​មិន​ព្រម​បើក​យក​ស្វាមី​របស់​នាង​ទៅ​ឡើយ។ នាង​អះ​អាង​ថា ៖ ស្វាមីរបស់​យើង​បាន​សាង​វាលុកចេតិយ និង​ធ្វើ​បុណ្យ​ឆ្លង​រួច​ហើយ។ បាប​កម្ម​ទាំង​ពួង​ក៏​ជ្រះ​អស់​អំពី​ខ្លួន​ហើយ តែ​បើ​នៅ​តែ​ត្រូវ​ការ​យក​ខ្លួន​គាត់​ទៅ​ធ្វើ​ទោស ចូរ​រាប់​ខ្សាច់​ ១ពែង នេះ​ឲ្យ​អស់ ទើប​អាច​យក​ទៅ​បាន។ យមបាល​តប​ថា ៖ មិន​សល់​ក្រ​អ្វី​ទេ ការ​រាប់​ខ្សាច់ ១ពែង ប៉ុណ្ណោះ។ រួច​នាំ​គ្នា​រាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់។ គ្រាប់​ខ្សាច់​ដែល​យក​ចេញ​ពី​ពែង​រាប់​ដាក់​ទៅ​ខាង​ក្រៅទៅ​ជា​គំនរ​យ៉ាង​ធំ កំពស់​ស្មើ​ចុង​ត្នោត តែ​ខ្សាច់​ក្នុង​ពែង​នៅ​ដដែល គ្មាន​ស្រក​ស្រុត​ទៅ​ណា​សោះ។ ពួក​យម​បាល​ទាល់​ចំណេះ​នឹង​រាប់​ត​ទៅ​ទៀត ក៏​នាំគ្នា​ត្រលប់​ទៅ​យម​លោក​វិញ។ រីឯ​អន្នំលោកង្សិន៍​ទេវបុត្រ​បាន​នៅ​សោយ​សម្បត្តិ​ក្នុង​ទេវ​លោក​អស់​កាល អង្វែង​ត​មក​ទៀត។ គាត់​មិន​បាន​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​ដូច​ដែល​យមបាល​កំនត់​ទុក​នោះ​ទេ។ ទាំង​នេះ​ក៏​ដោយ​អំណាច​ផល្លានិសង្ស​ដែល​បាន​សាង​វាលុក​ចេតិយ និង​ធ្វើ​បុណ្យ​ឆ្លង​ដូច​ពោល​ហើយ។

និទាន​ទី៣ ដំណាល​អំពៅ​ចៅ​កំជិល​ខ្សាច់។ មាន​ក្មេង ១នាក់ ចេះ​តែ​ទៅ​ភ្នំ​ខ្សាច់​នោះ​រាល់​ៗ​ថ្ងៃ ប្រលាក់​ទៅ​ដោយ​ដី​ខ្សាច់​រាល់​ថ្ងៃ ទាល់​តែ​គេ​ហៅ​ថា «ចៅ​កំជិល​ខ្សាច់»។ ថ្ងៃ​មួយ ព្រះឥន្ទ្រ​បើក​ទិព្វ​ចក្ខុ​មើល​ឃើញ​ចៅ​កំជិល​ខ្សាច់​ពូនភ្នំ​ដូច្នោះ ក៏​ចាត់​អោយ​នាង​ទេព​ធីតា ១អង្គ​ចុះ​មក​ធ្វើ​ជា​ប្រពន្ធ​ចៅ​កំជិល​ខ្សាច់។ ដំបូង​ចៅ​កំជិល​ខ្សាច់​ប្រកែក​មិន​ព្រម​យក ដោយ​ថ្លែង​ថា ខ្លួន​នៅ​ក្មេង​ណាស់​មិន​ទាន់​ចេះ​រក​ស៊ី​ចិញ្ចឹម​នាង​ទេព​ធីតា​ទេ។ ទើប​ព្រះ​នាង​ទៅ​រក​ម្តាយ​ឪពុក​ចៅ​កំជិល​ខ្សាច់ ដោយ​បាន​ថ្លែង​ប្រាប់​ថា ខ្លួន​ជា​ទេព​ធីតា ព្រះឥន្ទ្រ​ប្រើ​ឲ្យ​ចុះ​មក​ធ្វើ​ជា​ប្រពន្ធ​ចៅ​កំជិល​ខ្សាច់។ មាតា​បិតា​ឃើញ​នាង​ទេព​ធីតា ក៏​ពេញ​ចិត្ត​ដោយ​នាង​មាន​រូប​ឆោម​ល្អ ទើប​លួង​លោម​ចៅ​កំជិល​ខ្សាច់​ទាល់​តែ​ព្រម​យក។ ចៅ​កំជិល​ខ្សាច់ តាំង​ពី​បាន​នាង​ទេព​ធីតា​ជា​ប្រពន្ធ​ហើយ ខ្លួន​ប្រាណ​ក៏​ស្អាត​បាត ផូរផង់ ល្អ​ជាង​ពី​មុន​មក​ឆ្ងាយ​ណាស់ ដោយ​នាង​ទេព​ធីតា​ជួយ​ថែ​សំអាត ទាំង​សមរម្យ​គ្នា​នឹង​ប្រពន្ធ​នោះ​ណាស់។ ទាល់​តែ​ល្បី​កេរ្តិ៍​ឈ្មោះ​ទៅ​ថា ចៅ​កំជិល​ខ្សាច់​បាន​នាង​ទេព​ធីតា​ជា​ភរិយា​ល្អ​សម​គ្នា​ណាស់។ គ្រា​នោះ​ពួក​មន្ត្រី​សេនាបតី​ជាដើម ក៏​បាន​ទៅ​ពិនិត្យ​មើល​ឃើញ​ដូច​ពាក្យ​គេ​ដំណាល។ ទទួល​វេលា​នោះ​ស្តេច​ម្ចាស់​ផែន​ដី​សុគត គ្មាន​អ្នក​ទទួល​រាជ​សម្បត្តិ​គ្រប់​គ្រង​ផែន​ដី គេ​គិត​ឃើញ​ថា ចៅ​កំជិល​ខ្សាច់​សម​គួរ​ជា​ព្រះ​រាជា​ម្ចាស់​ផែន​ដី ក្រោយ​នោះ​គេ​ក៏​ធ្វើ​ការ​ផ្សង​បុស្បុក​រក​អ្នក​មាន​បុណ្យ​ធ្វើ​ជា​ម្ចាស់​ផែន​ដី។ បុស្បុក​ក៏​ទៅ​ត្រូវ​លើ​ចៅ​កំជិល​ខ្សាច់ គេ​ទើប​នាំ​គ្នា​អញ្ជើញ​ទៅ​ឲ្យ​សោយរាជ្យ ព្រម​ទាំង​នាង​ទេព​ធីតា។ ផល​ដែល​ជា​ទិដ្ឋធម្មវេទនីយ​ដូច្នេះ លោក​ថា​បាន​ដោយ​ហេតុ​ដែល​បាន​ពូន​ភ្នំ​ខ្សាច់​នោះ។ កាល​កើត​មាន​រឿង​សំដែង​អំពី​អានិសង្ស​នៃ​ការ​ស្អាង​វាលុក​ចេតិយ ដូច្នេះ​ហើយ​ពួកខ្មែរ​យើង​បាន​ដឹង​រឿង​ទាំង​នេះ​ហើយ ក៏​កើត​សេចក្តី​ជឿ និង​ជ្រះ​ថ្លា ទើប​បាន​នាំ​គ្នា​ស្អាង​វាលុក​ចេតិយ​ជាប់​ជា​ប្រវេណី​ដរាប​មក​ដល់​បច្ចុប្បន្ន​កាល។

បំបួស​ភ្នំ

លោក​អាចារ្យ​សូត្រ​ធម៌ អធិដ្ឋាន វាលុក​ចេតិយ​ឲ្យ​តំណាង​ព្រះ​ចូលាមណី​ចេតិយ រួច​យក​កំណាត់​ស​ប្រវែង​ប្រមាណ​មួយ​ម៉ែត្រ​កន្លះ ទៅ​ពានា​ពាក់​ឆៀង​ព្រះ​ចេតិយ ដែល​តាម​សម្តី​អ្នក​ស្រុក​ហៅ​ថា «បំបួស​ភ្នំ»។ ក្នុង​ឱកាស​នោះ​ដែរ ព្រះសង្ឃ​សូត្រ​ធម៌​ចំរើន​ព្រះ​បរិត្ត នៅ​ធម្ម​សាលា​ដោយ​បន្ត​អំបោះ​មក​ដល់​ភ្នំ​ទាំង​អស់។ ភ្នំ​ដែល​បាន​ឡើង​ជា​អង្គ​ចេតិយ​ហើយ អ្នក​ណា​មួយ​ទៅ​ជាន់​រំលង ឬ​រំលាយ​មុន​គេ​ផ្សឹក ទុក​ត្រូវ​ទទួល​បាប។

កំណត់​សម្គាល់៖

តាម​ការ​ពិនិត្យ​មើល​ និង​វិភាគ​នូវ​កិច្ច​ខាង​សាសនា​ទាំង​អស់ ដែល​ធ្វើ​ឡើង​ក្នុង​ពេល​ពូន​ភ្នំ​ខ្សាច់ ឬ​កិច្ច​ដទៃ​ទៀត​ខាង​សាសនា យើង​អាច​សន្និដ្ឋាន​បាន​ថា វា​ជា​កិច្ច​ខាង​សាសនា​ព្រាហ្មណ៍ ដែល​បន្សល់​ទុក​នៅ​ក្នុង​ទំនៀម​ទម្លាប់​របស់​ខ្មែរ ព្រោះ​ខ្មែរ​បាន​ទទួល​រង​ឥទ្ធិពល​លទ្ធិព្រាហ្មណ៍​ជា​ច្រើនរយ​ឆ្នាំ។ ដូច្នេះ ទោះ​បី​ជា​ខ្មែរ​បែរ​មក​កាន់​ព្រះ​ពុទ្ធ​សាសនា​ក៏ដោយ ក៏​ល្បែង​របាំ និង​ប្រពៃណី​របស់​សាសនា​ព្រាហ្មណ៍​នៅ​បន្ត​មាន​សេស​សល់​ក្នុង​ផ្នត់​គំនិត និង​កិច្ច​នានា​ខាង​សាសនា​ផង​ដែរ។ ដោយ​សារ​តែ​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ដើម្បី​រក្សា​ទុក​នូវ​កិច្ច​ទាំង​ឡាយ​ខាង​សាសនា​ព្រាហ្មណ៍​កុំ​ឲ្យ​សាប​សួន្យ អ្នក​និពន្ធ​បាន​ប្រឌិត​រឿង​ជា​ច្រើន​ដោយ​ភ្ជាប់​សាច់​រឿង​ទៅ​នឹង​តួ​អង្គ ព្រះ​ពុទ្ធ ឬ​ព្រះ​ពុទ្ធ​សាសនា។ នេះ​គឺ​ជា​សិល្ប​វិធី​ដូរ​សម្បក​វេច​ខ្ចប់​ទំនិញ​ចាស់ ឬ​ទំនិញ​លែង​មាន​ការ​ពេញ​និយម ដើម្បី​បញ្ឆោត​ភ្នែក​អ្នក​ទិញ ឲ្យ​នៅ​តែ​បន្ត​ជាវ​របស់​នោះ​ប្រើ​ទៀត។ វិធី​ងាយ​ស្រួល​សម្រាប់​សម្គាល់​រក​មើល​កិច្ច​ខាង​លទ្ធិព្រាហ្មណ៍​ដែល​បន្លំ​ខ្លួន​ចូល​ក្នុង​កិច្ច​ខាង​ពុទ្ធ​សាសនា នោះ​គឺ​ការ​រក​មើល​ឲ្យ​ឃើញ​នូវ​រាល់​អន្តរាគមន៍​ពី​សំណាក់​តួ​អង្គ​អាទិទេព​ណា​មួយ នៅ​ក្នុង​ជីវិត​របស់​មនុស្ស​សាមញ្ញ ឬ​ការ​រក​មើល​ឲ្យ​ឃើញ​សាច់​រឿង​ទាំង​ឡាយ​ណា​ដែល​គេ​តាក់​តែង​ឡើង​ឲ្យ​តួ​អង្គ​ព្រះ​ពុទ្ធ​សម្តែង​ភាព​អស្ចារ្យ អាច​ហោះ​ឡើង​ស្ថាន​សួគ៌, ចុះ​ស្ថាន​នរក ឬ​អាច​ដឹង​កំណើត​របស់​ខ្លួន​រាប់​ម៉ឺន​ជាតិ។

អ្នក​កាន់​ពុទ្ធ​សាសនា​និកាយ​ថេរវាទ​បរិសុទ្ធ​ឲ្យ​តម្លៃ​ទៅ​លើ​ប្រាកដ​និយម, លើ​ការ​ពិចារណា និង​ពិសោធន៍​រក​ការពិត; ពួក​គេ​បដិសេធ​ចោល​រាល់​អច្ឆរិយភាព (ភាព​អស្ចារ្យ) ដែល​គ្មាន​តថភាព ឬ​មនុស្ស​និយម។ ព្រះ​ពុទ្ធ​មិន​ដែល​ពោល​អួត​ខ្លួន​ថា​ជា​អាទិទេព​ អាច​បែរ​ត្រឡប់​ក្រោយ​ចុះ​មក​ជួយ​ស្រោច​ស្រង់​មនុស្ស ឬ​ឲ្យ​ពរ​មនុស្ស​ម្តង​ណា​សោះ ប៉ុន្តែ​មនុស្ស​ជំនាន់​ក្រោយ​ៗ ចេះ​តែ​ប្រឌិត​រឿង​លើក​តម្កើង​តួ​អង្គព្រះ​ពុទ្ធ។ ការ​ធ្វើ​ដូច្នោះ​គឺ​ជា​វិធី​អួត​យក​ឈ្នះពួក​​អ្នក​កាន់​លទ្ធិ​ព្រាហ្មណ៍ និង​អ្នក​កាន់​សាសនា​ដទៃ​ទៀត ​ដែល​ពូកែ​អួត​សរសើរ​អាទិទេព​របស់​ពួក​គេ​ថា ជា​អាទិទេព​អាច​បង្កើត និង​រំលាយ​ផែន​ដី និង​លំហ​មេឃ រួច​បង្កើត​វិញ​តាម​អំពើ​ចិត្ត, ឬ​អួត​ថា​ជា​ព្រះ​ពិត ឬ​ព្រះ​អង្គ​សង្គ្រោះ ដែល​បាន​បង្កើត​ផែន​ដី និង​វត្ថុ​សព្វ​យ៉ាង​លើ​ផែន​ដី, ឬ​ថា​អាច​ហោះ​ហើរ​ដើរ​លើ​អាកាស, ជ្រែក​ទឹក​ជ្រែក​ដី, ស្លាប់​ហើយ​រស់​វិញ, អាច​ចុះ​ស្ថាន​នរក ឬ​ឡើង​ស្ថាន​សួគ៌​តាម​​ចិត្ត, ឬ​ថា​នឹង​ត្រឡប់​មក​វិញ​ឆាប់​ៗ ដើម្បី​សង្គ្រោះ​មនុស្ស​ដែល​ជឿ​លើ​ព្រះ​នោះ។

ព្រះ​ពុទ្ធបាន​ទូន្មាន​ឲ្យ​សាវ័ក​ព្រះ​អង្គ​យក​ធម៌ ឬ​ទ្រឹស្តី​របស់​ព្រះ​អង្គ​មក​ពិចារណា បើ​ឃើញ​ថា ត្រូវ​ក៏​យក​ទៅ​អនុវត្ត​ចុះ បើ​ឃើញ​ត្រង់​ណា​ខុស ឬ​មិន​ទាន់​សម័យ​និយម ឬ​ក្បួន​វិទ្យាសាស្ត្រ ក៏​បោះ​ចោល​ទៅ។ ព្រះ​ពុទ្ធ​បាន​ប្រដៅ​សាវ័ក​របស់​ព្រះ​អង្គ​ ក៏​ដូច​ជា​មនុស្ស​ជំនាន់​ក្រោយ ថា​កុំ​ឲ្យ​ជឿ​នរណា​ម្នាក់​ដោយ​សារ​តែ​គេ​ពោល​អួត​ខ្លួន​ថា​ជា​បណ្ឌិត ឬ​គ្រូ​អាចារ្យ ឬ​សាមណ​សង្ឃ។ ព្រះ​ពុទ្ធ​បាន​ប្រ​ដៅ​មនុស្ស​ឲ្យ​ប្រើ​ប្រាជ្ញា (បញ្ញា) ដើម្បី​យក​សម្តី​មនុស្ស​នោះ ឬ​ព័ត៌​មាន​នោះ​ គម្ពីរ​នោះ ឬ​កិច្ច​វិធី​នោះ​ មក​ពិចារណា​ប្រៀប​ធៀប និង​ពិសោធ​រក​ការ​ពិត​សិន សឹម​សម្រេច​ចិត្ត​ថា​គួរ​ជឿ​ ឬ​មិន​ជឿ។ ព្រះ​ពុទ្ធ​បាន​បរិនិព្វាន (សោយ​ទិវង្គត) អស់​រយៈកាល​ជាង​ ២៥០០ឆ្នាំ ហើយ។ កាល​ព្រះ​អង្គ​ត្រាស់​ដឹង ព្រះ​អង្គ​បាន​សម្តែង​ទុក​ថា តថាគត​ឈប់​វិល​ចូល​ក្នុង​រង្វង់ (វដ្ត) កើត​ស្លាប់​ៗ (សំសារៈ) ដែល​ជា​អន្ទាក់​ដែល​ពួក​មនុស្ស​កាន់​លទ្ធិព្រាហ្មណ៍​បាន​បង្កើត​ឡើង ដើម្បី​បោក​ប្រាស់ និង​គាប​សង្កត់​ជន​សាមញ្ញ ទៀត​ហើយ (នោះ​គឺ​ការ​សម្រេច​និព្វាន)។ ព្រះ​អង្គ​បាន​ហាម​មិន​ឲ្យសាវ័ក​របស់​ព្រះ​អង្គ​សាង​រូប​សំណាក​អ្វី​មួយ, ឬ​យក​រូប​កាយ ឬ​សំណល់​រូប​កាយ​របស់​ព្រះ​អង្គ​ទៅ​ទុក​គោរព​បូជា​ដូច​ពួក​អ្នក​កាន់​លទ្ធិព្រាហ្មណ៍​បាន​ធ្វើ​ចំពោះ​តួ​អង្គ​អវតារ នៃ​អាទិទេព​របស់​ពួក​គេ​នោះ​ទេ ព្រោះរូប ឬ​សំណល់​កាយ​របស់​ព្រះ​អង្គ គ្មាន​សេស​សល់​អ្វី​ជា​ខ្លឹមសារ​សម្រាប់​អ្នក​គោរព​ឡើយ។ ព្រះ​ពុទ្ធ​បាន​ត្រាស់​ដឹង​ជា​ព្រះ​អរហន្ត​រួច​ហើយ គឺ​ព្រះ​អង្គ​បាន​ជា​បុគ្គល​ដែល​លះ​ដាច់​ហើយ​នូវ​វត្ថុ​សម្ភារៈ​សព្វ​យ៉ាង កើត​ឡើង​ឬ​ច្នៃ​ឡើង​ពី​វត្ថុ​បាន​ពី​ផែន​ដីនេះ; ព្រះ​អង្គ​លែង​ជាប់​ជំពាក់​នឹង​សេចក្តី​ស្អប់, សេចក្តី​ស្រឡាញ់, ឬ​ពាក្យ​ពោល​សរសើរ របស់​មនុស្ស​សាមញ្ញ​ហើយ។ លើស​ពី​នោះ​ទៀត ព្រះ​ពុទ្ធ​ក៏​បាន​បរិនិព្វាន​បាត់​ទៅ​ហើយ​ដែរ គឺ​លែង​មាន​ឥន្ទ្រីយ៍​ទាំង ៦ (ភ្នែក, ត្រចៀក, ច្រមុះ, មាត់, អណ្តាត, កាយ, និង​ចិត្ត) ដែល​អាច​ទទួល​ដឹង​រស​នៃ​វត្ថុ​សព្វ​យ៉ាង ដូច​មនុស្ស​មាន​ជីវិត​រស់​នៅ​ឡើយ។ ចុះ​ហេតុដូច​ម្តេច​បាន​ជា​មនុស្ស​ភាគ​ច្រើន​នៅ​បន្ត​ច្រៀង​សរសើរ​ព្រះ​អង្គ, នៅ​តែ​បូជា​ព្រះ​អង្គ​ដោយ​ភ្លើង​ទៀន និង​ផ្សែង​ធូប, នៅ​តែ​ដាក់​ដង្វាយ ឬ​ចង្ហាន់​ប្រគេន​ព្រះ​អង្គ, បន្ត​សុំ​ខមាទោស​ចំពោះ​ព្រះ​អង្គ, នៅ​តែ​សន្សំ​ទុក និង​បូជា​ចំពោះ​ឆ្អឹង​របស់​ព្រះ​អង្គ​ដែល​អគ្គី​បានឆាប​ឆេះ​អស់​នោះ​ទៀត? កិច្ច​ទាំង​អស់​នោះ​គឺ​ជា​សំណល់ នៃ​កិច្ច​ខាង​សាសនា​ព្រាហ្មណ៍ ដែល​មនុស្ស​នៅ​រស់​បាន​ទទួល​ប្រយោជន៍​បន្តិច​ៗ​ម្នាក់ ពី​ការ​ធ្វើ​កិច្ច​ទាំង​នោះ។ កិច្ច​ទាំង​នោះ​មិន​មែន​ជា​កិច្ច​ធ្វើ​ឡើង​សម្រាប់​មនុស្ស​ដែល​បាន​ស្លាប់ ទៅ​ហើយ​ទេ ព្រោះ​មនុស្ស​ស្លាប់​គ្មាន​សល់​ការ​ឈឺ​ចាប់, ការ​ស្រេក​ឃ្លាន, ការ​ចង់​បាន ឬ​វត្ថុ​សម្រាប់​ទទួល​ទេ ប្រៀប​ដូច​ជា​គោ​ងាប់​ដែល​មិន​អាច​ងើប​ឡើង​ឆី​ចំបើង និង​ទឹក ដែល​កសិករ​ដាក់​នៅ​ចំពោះ​មុខ​វា​នោះ​ដែរ។

ផ្សឹក​វាលុក​ចេតិយ

ក្រោយ​ពី​ការ​ធ្វើ​កិច្ច​សព្វ​គ្រប់​ហើយ លោក​អាចារ្យ​សូត្រ​បួង​សួង និង​ថ្វាយ​គ្រឿង​សក្ការៈ​ដល់​អស់​ទេវតា ព្រះ​យមរាជ ដែល​តែង​តែ​ត្រួត​ត្រា​មើល​ការ​ខុស​ត្រូវ​ដល់​មនុស្ស​លោក ដើម្បី​សុំ​ខមាទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ទាំង​ឡាយ​កន្លង​មក ដោយ​ការ​អនុគ្រោះ សុំ​ឲ្យ​ផ្តាច់​កម្ម ផ្តាច់​ពៀរ និង​សុំ​សេចក្តី​សុខ​ចំរើន​ត​រៀង​ទៅ។ បន្ទាប់​លោក​អាចារ្យ​បាន​ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ដែល​ចែក​ឋាន​ទៅ មានមាតា​បិតា ជីដូន​ជីតា ព្រម​ទាំង​ញតិ​មិត្ត​ទាំង​អស់​ផង។ ថ្ងៃ​បន្ទាប់ ពុទ្ធ​បរិស័ទ​មក​ជួប​ជុំ​គ្នា លោក​អាចារ្យ​ចាប់​ដំណើរការ​ថ្វាយ​បង្គំ​ព្រះ សមាទាន​សីល​នៅ​ធម្ម​សាលា។ បន្ទាប់​មក គេ​នាំ​គ្នា​រាប់​បាត្រ​បន្ត​ហូរ​ហែ ទាល់​តែ​អស់​អ្នក​ដែល​មាន​សទ្ធា។ នៅ​ពេល​បញ្ចប់​ការ​រាប់​បាត្រ គេ​បាន​កាន់​ទៀន ធូប ផ្កា​គ្រប់​ដៃ ទៅ​កាន់​ភ្នំ​ខ្សាច់។ អាចារ្យ​ចាប់​ផ្តើម​ពិធី​នៅ​ភ្នំ​ខ្សាច់ ដូច​កាល​ពី​ល្ងាច​ម្តង​ទៀត។ ជា​មួយ​គ្នា​នេះ​ដែរ ព្រះសង្ឃ​សូត្រ​ពុទ្ធ​មន្ត​ប្រសិទ្ធិពរ​ជ័យ​សិរី​មង្គល​នៅ​ធម្ម​សាលា។ អាចារ្យ​បាន​បន្ត​ពិធី​នៅ​ខាង​ក្រៅ​មុខ​ភ្នំ គឺ​ឆ្លង​បុណ្យ ហើយ​ធ្វើ​កិច្ច​ផ្សឹក​ភ្នំ​វិញ​ដោយ​ពោល​ថា : «ឥមំ វាលុក​ចេតិយំ បច្ចក្ខាមិ» ប្រែ​ថា៖ «ខ្ញុំ​ផ្សឹក​ឥលូវ​នេះ​នូវ​វាលុក​ចេតិយ​នេះ​ចេញ» គឺ​លែង​ប្រកាន់​ថា​ជា​ចេតិយ​ទៀត​ហើយ អ្នក​ណា​រំលាយ​ក៏​គ្មាន​បាប​ដែរ។ គេ​នាំ​គ្នា​ចូល​ធម្ម​សាលា ដើម្បី​វេរ​ភត្ត​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់។ ពេល​រសៀល​គេ​ជួប​ជុំ​គ្នា ដើម្បី​នមស្ស​ការ​ថ្វាយ​បង្គំ​ព្រះ និង​អរាធនា​ព្រះសង្ឃ​សំដែង​ធម្ម​ទេសនា។ កម្ម​វិធី​ជា​បន្ត គេ​នាំ​គ្នា​សំអាត​ព្រះពុទ្ធ​រូប ហើយ​បាច​ផ្កា បាញ់​ទឹក​អប់ (ស្រង់​ព្រះ)។ នេះ​ជា​ពិធី​តាម​បែប​សាសនា។

ការ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ជា​បុណ្យ​ប្រពៃណី​ជាតិ ដែល​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ។ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ មាន​ការ​រៀបចំ​ដូច​តទៅ ៖ ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រព្រឹត្ដ​ទៅ ៣ថ្ងៃ គឺ​នៅ​ថ្ងៃទី១៣, ១៤, ឬ ១៥ ខែ​មេសា ព្រោះ​ជា​រដូវ​កាល​ដែល​ប្រជាជន​ខ្មែរ​មាន​ពេល​ទំនេរ​ពី​ការ​ប្រមូល​ផល​ស្រូវ និង​ដំណាំ​កសិកម្ម​ផ្សេងៗ។ មុន​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជន​ខ្មែរ​តែង​តែ​នាំ​គ្នា សំអាត តុបតែង​ផ្ទះ​សម្បែង និង​រៀបចំ​គ្រឿង​សម្ភារៈ​ផ្សេងៗ ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី។ នៅ​ពេល​ចូល​ដល់​ថ្ងៃទី១ នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​ក្នុង​ប្រពៃណី​ខ្មែរ​តែង​ហៅ​ថ្ងៃ​នោះ​ថា​ជា ថ្ងៃ​មហាសង្ក្រាន្ត (sankranti)។ នៅ​ពេល​នោះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កាន់​ជំនឿ​តាម​ព្រះ​ពុទ្ធ​សាសនា បាន​រៀបចំ​កន្លែង​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដែល​មាន​គ្រឿង​រណ្ដាប់​ផ្សេង​ៗ និង​មាន​តុបតែង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​តាម​ផ្ទះ​របស់​ពួក​គេ។ គ្រឿង​រណ្ដាប់ មាន​ដូច​ជា ៖ ទឹកផ្ដិល​អប់​ដោយ​ផ្កា, ទៀន៥, ធូប៥, ផ្កាភ្ញី, ភេសជ្ជៈ, និង​នំ​ចំណី, ផ្លែឈើ​ជា​ច្រើន។ល។ បន្ទាប់​មក ពួក​គេ​នឹង​ធ្វើ​ការ​សែន​ព្រេន ដោយ​មាន​អុជ​ធូប និង​ទៀន​តាម​គេហដ្ឋាន​របស់​ខ្លួន។ នៅ​ពេល​ដល់​កំណត់​ថា​ទេវតា​ឆ្នាំ​ថ្មី​យាង​ចុះ​មក​ប្រសិទ្ធិ​ពរជ័យ សិរី​សួស្ដី ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​សេចក្ដី​សុខ​ពេញ​មួយ​ឆ្នាំ។ នៅ​ពេល​ចូល​ថ្ងៃទី២ នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គេ​ហៅ​ថ្ងៃ​នោះ​ថា ជា​វារៈវ៍នបត ប្រជាជន​នាំ​គ្នា​ទៅ​វត្ដ​អារាម​ដើម្បី​យក​ចង្ហាន់ នំចំណី ផ្លែឈើ ទៅ​ប្រគេន​ព្រះសង្ឃ។ លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ការ​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ​ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និង​មាន​ការ​ច្រៀង​រាំ​បទ​ចម្រៀង​ប្រពៃណី​ផង​ដែរ នៅ​តាម​វត្ដ​អារាម និង​តាម​បណ្ដា​តំបន់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ថ្ងៃទី​៣ ជា​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​គេ​ហៅ​ថា វារៈឡើងស័ក ឬ​ថ្ងៃឆ្លង។ នៅ​ថ្ងៃ​នោះ គេ​តែង​ប្រារព្ធ​ធ្វើ​ពិធី​ស្រង់​ទឹក​រូប​បដិមា​របស់​ព្រះពុទ្ធ នៅ​តាម​វត្ដ​អារាម ដើម្បី​សុំ​សេចក្ដី​សុខ ហើយ​ក៏​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រារព្ធ​ធ្វើ​ពីធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែរ។

អត្ដន័យ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

តើ​ជនជាតិ​ខ្មែរ​និយម​ចូល​ឆ្មាំ​ថ្មី​នៅថ្ងៃ ខែ ឆ្នាំ​ណា?

រាល់​ឆ្នាំ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា​ (យូរ​ៗ​ម្ដង ថ្ងៃទី១៤ ខែ​មេសា) ត្រូវ​នឹង​ខែ​ចេត្រ នៃ​ចន្ទ​គតិ។ ដោយ​សារ​ប្រទេស​ខ្មែរ​បាន​ទទួល​ឥទ្ធិពល​សាសនា​ព្រាហ្មណ៍ (លទ្ធិ​ហ៊ីនឌូ) ទើប​ជន​ជាតិ​ខ្មែរ​នៅ​តែ​បន្ត​ប្រើប្រាស់​ក្បួន​គម្ពីរ​សាស្ត្រា​បុរាណ​របស់​លទ្ធិ​ព្រាហ្មណ៍​ក្នុង​ការ​គិតគូរ​រៀបចំ​ធ្វើ​កិច្ច​នានា​ខាង​សាសនា។ តាម​ក្បួន​តារាសាស្ត្រ ឬ​ហោរា​សាស្ត្រ​បុរាណ​នៃ​លទ្ធិ​ព្រាហ្មណ៍ គេ​យល់​ថា​ផ្ទៃ​មេឃ​មាន​រាង​ដូច​ជា​រង្វង់​មូល និង​នៅ​ស្ងៀម​មួយ​កន្លែង​ដូច​ជា​ផែន​ដី​ដែរ។ គេ​យល់​ថា​ព្រះ​អាទិត្យ​ដើរ​ជុំ​វិញ​ផែន​ដី​តាម​គន្លង​គោចរ ដែល​មាន​រូប​សណ្ឋាន​ដូច​ជា​រង្វង់ ទើប​ពួក​គេ​ហៅ​ថា រាសីចក្រ ឬ​ចក្ររាសី (រង្វង់​រាសី) ដែល​ត្រូវ​នឹង​មួយ​ឆ្នាំ។ ដោយ​សារ​តែ​ពួក​គេ​មើល​ឃើញ​នៅ​លើ​លំហ​មេឃ​មាន​ផ្កាយ (តារា) ជា​ច្រើន​នៅ​ក្បែរៗ​គ្នា​ហើយ​មាន​សណ្ឋាន​ដូច​ជា​រូប​ផ្សេងៗ ដូច​ជា​រូប​ចៀម ឬ​ពពែ​ឈ្មោល, គោ​ឈ្មោល, រូប​មនុស្ស​ប្រុស​ស្រី​ពីរនាក់, ក្តាម, សិង្ហ, ស្រី​ក្រមុំ, ជញ្ជីង, ខ្ទួយ, ធ្នូ, ត្រី​មករ (ត្រី​ថ្ករ ឬ​ត្រី​ឆ្លាម​មករ), ក្អម, និង​ត្រី ដូច្នេះ​ហើយ​ទើប​ពួក​គេ​ដាក់​ឈ្មោះ​បណ្តុំ​ផ្កាយ (នក្ខត្តឫក្ស ឬ​នក្សត្រ) ទាំង​នោះ​តាម​រូប​ភាព​ស្រដៀង​ទាំង​នោះ។ ពួក​គេ​ចែក​ផ្ទៃ​មេឃ​ជា​ ១២ចំណែក ឬ​ល្វែង (រាសី) ដោយ​ដាក់​ឈ្មោះ​ចំណែក​នីមួយៗ​ស្រប​តាម​រូប​រាង​នៃ​បណ្តុំ​ផ្កាយ ដូច​ជា មេសៈ ឬ​មេសរាសី, ឧសភៈ ឬ​ឧសភរាសី, មិថុនៈ ឬ​មិថុនរាសី, កក្កដៈ ឬ​កក្កដរាសី, សីហៈ ឬ​សីហរាសី, កញ្ញា ឬ​កញ្ញារាសី, តុលា ឬ​តុលារាសី, វិច្ឆិកៈ ឬ​វិច្ឆិករាសី, ធនុ ឬ​ធនុរាសី, មករៈ ឬ​មកររាសី, កុម្ភៈ ឬ​កុម្ភរាសី និង​មីនៈ ឬ​មីនរាសី។ ដោយ​សារ​តែ​ពួក​គេ​កំណត់​យក​មេសរាសី (ខែ មេសា) ជា​រាសី​ទី​មួយ​ ទើប​ជនជាតិ​ខ្មែរ​ចាប់​គិត​ថា​ខែ​ ចេត្រ ជា​ខែ​ទី​មួយ​នៃ​ឆ្នាំថ្មី ហើយ​ក៏​ប្រារព្ធ​ធ្វើ​កិច្ច​ចូល​ឆ្នាំ​ថ្មី​នៅ​ខែ​ចេត្រ តាម​លំអាន​រៀង​មក។ នេះ​គឺ​ដោយ​សារ​ខ្មែរ​ប្រើ​ក្បួន​គិត​ថ្ងៃ​តាម​សុរិយ​គតិ។ បើ​តាម​ក្បួន​ចន្ទ​គតិ ខែ​មិគសិរ គឺ​ជា​ខែ​ទី​មួយ​នៃ​ឆ្នាំ​ថ្មី។ តាម​ក្បួន​សុរិយ​គតិ​របស់​លទ្ធិព្រាហ្មណ៍ គេ​គិត​ថា​នៅ​ខែ​មេសា ព្រះអាទិត្យ​ចរ​ចេញ​ពី​មីនរាសី (Mina Rashi បណ្តុំ​ផ្កាយ​រាង​ដូច​ត្រី) ចូល​ទៅ​កាន់ មេសរាសី (Mesa Rashi បណ្តុំ​ផ្កាយ​រាង​ដូច​ចៀម ឬ​ពពែ​ឈ្មោល)។ ការ​ចរ​ចេញ​របស់​ព្រះអាទិត្យ​ពី​រាសី​មួយ​ទៅ​កាន់​រាសី​មួយ​ហៅ​ថា សង្ក្រាន្ត ឬ​សង្ក្រាន្តិ (sankranti)។ ក្នុង​មួយ​ឆ្នាំ​មាន ១២សង្ក្រាន្ត។ ដោយ​សារ​តែ​ពួក​ព្រាហ្មណ៍​កំណត់​យក មេសរាសី ជា​រាសី​ទី​មួយ (រាសី​តំបូង, រាសី​ក្បាល, រាសី​ធំ ឬ​មហា​រាសី) ទើប​គេ​ហៅ​សង្ក្រាន្ត​នៅ​ខែ​មេសា ថា មហាសង្ក្រាន្ត គឺ​ដំណើរ​ឆ្លង​កាត់​របស់​ព្រះអាទិត្យ ពី​ចក្ររាសី​នៃ​ឆ្នាំ​ចាស់ ទៅ​កាន់​ចក្ររាសី​នៃ​ឆ្នាំ​ថ្មី។ សព្វ​ថ្ងៃ ខ្មែរ​នៅ​បន្ត​ប្រើ​ប្រាស់​ក្បួន​គិត​ថ្ងៃ​ខែ​តាម​វិធី​ចន្ទ​គតិ និង​សុរិយ​គតិ សម្រាប់​ការ​រៀប​ចំ​កិច្ច​ខាង​សាសនា ប៉ុន្តែ​សម្រាប់​កិច្ចការ​រាជ​ការ ខ្មែរ​បែរ​មក​ប្រើ​ក្បួន​គិត​ថ្ងៃ​ខែ​ឆ្នាំ​តាម​គ្រិស្ត​សាសនា ដូច​បណ្តា​ប្រទេស​ទាំង​ឡាយ​នៅ​លើ​សាកល​លោក​ដែរ ដែល​យើង​នាំ​គ្នា​ហៅ​ថា ឆ្នាំ​សាកល ឬ​គ្រិស្តសករាជ។

តាម​ទម្លាប់ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ចូល​ឆ្នាំ​ចំនួន ៣ថ្ងៃ​គឺ ៖ ថ្ងៃទី១ ជា​ថ្ងៃ​ចូល​ឆ្នាំ, ថ្ងៃទី២ ជា​ថ្ងៃ (វារៈ) វនបត, ថ្ងៃទី៣ ជា​ថ្ងៃ​ឡើងស័ក។ ជនជាតិ​ណា​ក៏​ប្រារព្ឋ​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​គេ​ដែរ។ ចំពោះខ្មែរ​យើង នាំ​គ្នា​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពីណី​ជាតិ ជា​រៀង​រាល់​ឆ្នាំ ព្រោះ​យើង​យល់​ថា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​មាន​អត្ថន័យ​ជ្រាល​ជ្រៅ។ ខ្មែរ​មាន​ជំនឿ​ថា ក្នុង​មួយ​ឆ្នាំ​នៃ​ការ​រស់​នៅ គេ​តែង​ជួប​ប្រទះអពមង្គល ឧបទ្រព្យ​ចង្រៃ​ផ្សេងៗ ជូន​កាល​មាន​ទុក្ខ​សោក ជួន​កាល​មាន​គ្រោះ​អាសន្ន ជួន​កាល​មាន​ជំងឺ​រូប​រឹត​រាង​កាយ ជូន​កាល​ទៀត​បាន​ប្រព្រឹត្ដ​អំពើ​សៅហ្មង​មិនគប្បី។ លុះ​ផុត​ឆ្នាំ​ចាស់​ទៅ គេ​នាំ​គ្នា​ធ្វើ​បុណ្យ គេ​ស្លៀក​ពាក់​ថ្មី​ៗ គេ​នាំ​គ្នា​ដើរ​លេង​កំសាន្ដ ដើម្បី​ឲ្យ​អស់​កង្វល់ ហើយ​ឲ្យ​មាន​សិរី​សួស្ដី មាន​សិរី​សូស្ដី​មាន​សុភមង្គល​នៅ​ក្នុង​ឆ្នាំ​ថ្មី។

ម្យ៉ាង​ទៀត រយៈ​ពេល​មួយ​ឆ្នាំ ពួក​គេ​បាន​បែក​ចេញ​ពី​គ្រួសារ និង​ញាតិ​មិត្ដ ទៅ​ប្រកប​របរ​ចិញ្ចឹម​ជិវិត​នៅ​ទី​ឆ្ងាយ​ៗ។ លុះ​ដល់​ឆ្នាំ​ថ្មី គេ​បាន​វិល​មក​ជូប​ជុំ​គ្នា សូរ​សុខ​ទុក្ខ​គ្នា ដើម្បី​បន្ឋូរ​ការ​នឹក​រឭក និង​បំបាត់​ការ​នឿយ​ហត់​ពី​ការងារ​ផង។ រួច​ទើប​បន្ដ​ជីវភាព​ថ្មី​នៅ​ក្នុង​ឆ្នាំ​ថ្មី​ប្រកប​របរ​ដោយ​ជោគជ័យ និង​អាយុ​យឺន​យូរ។ ម្យ៉ាង​ទៀត ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​គឺ​ជា​ប្រពៃណី​អាច​បណ្ដុះ​ស្មារតី​ស្រឡាញ់​រាប់​អាន​គ្នា​រវាង​អ្នក​ភូមិ​ស្រុក​ជិត​ខាង​គ្នា ជា​កត្ដា​បង្កើត​សាមគ្គី​ភាព​ជាតិ។ ហេតុ​នេះ​ហើយ ទើប​នៅ​ពេល​នោះ គេ​មិន​ត្រឹម​តែ​ជួប​ជុំ​គ្នា​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ដ​អារាម​ ដែល​ជា​មជ្ឈមណ្ឌល​អប់រំ​ឲ្យ​មាន​ការ​មនុស្ស​ធម៌ និង​សាមគ្គី​ភាព។ ដោយ​សារ​ពីធី​បុណ្យ​ចួល​ឆ្នាំ​ថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាង​នេះ ទើប​ខ្មែរ​យើង​និយម​រាប់​អាន​ទុក​ជា ប្រពៃណី​ជាតិ​តាំង​ពី​ដើម​រហូត​មក។

ប្រភព ៖ គេហទំព័ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ស., មិថុនា 25th 2016