សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Scattered thunderstorms

28°C

លោក​ជំទាវ សោម គីម សួគ៌ អគ្គ​សវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ ពិធី​រំលឹក​ខួប​លើកទី១០១ នៃ​ទិវា​នារី​អន្តរជាតិ នា​ព្រឹក​ថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១២ នៅ​សាល​ប្រជុំ​ធំ​ជាន់​ទី៣ នៃ​ទី​ស្នាក់ការ​អាជ្ញាធរ​សវនកម្ម​ជាតិ។

ថ្លែង​ក្នុង​ពិធី​នោះ លោក​ជំទាវ​អគ្គ​សវនករ បាន​មាន​ប្រសាសន៍​ថា “ក្នុង​ឆ្នាំ២០១២ នេះ រាជ​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែននាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​កំណត់​យក​ប្រធានបទ អ្នកម្តាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ ដើម្បី​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ ៨មីនា ខួប​លើកទី១០១ ក្នុង​គោលបំណង​ដើម្បី​អោយ​កូន-ចៅ យល់ដឹង​អំពី​គុណ​តម្លៃ​ដ៏​ពិតប្រាកដ​របស់​អ្នក​មានគុណ​ទាំងឡាយ ជា​ពិសេស​អ្នកម្តាយ​គ្រប់ៗ​រូប​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​ឥត​គណនា​ ក្នុង​ការ​ចិញ្ចឹម​បីបាច់ ថែរក្សា និង​អប់រំ​ប្រៀន​ប្រដៅ​កូនៗ អោយ​ក្លាយ​ជាកូន​ល្អ ជា​ពលរដ្ឋ​ល្អ នា​ពេល​អនាគត”។

អ្នកម្តាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ” គឺ​បាន​បង្ហាញ​ពី​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ដែល​បង្កប់​នូវ​ពាក្យ​មនោសញ្ចេតនា​គួរ​អោយ​សង្វេគ​ចិត្ត និង​រន្ធត់​ចិត្ត​ឥត​ឧបមា​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន​ចំពោះ​អ្នកម្តាយ​ គ្រប់រូប ដែល​មាន​ភារកិច្ច​យ៉ាង​លំបាក​គ្រប់​បែបយ៉ាង ដើម្បី​កូនៗ​ជាទី​ស្រលាញ់ ចាប់​តាំងពី​ពរពោះ ឆ្លង​ទន្លេ រហូត​ដល់​ធំ​ពេញវ័យ។ នារី​មិន​ត្រឹមតែ​ជា​មាតា​ដ៏​ប្រពៃ​សម្រាប់​កូនៗ​នោះទេ នារី​គឺ​ជា​ឆ្អឹងខ្នង​សម្រាប់​ទ្រទ្រង់ និង​អភិវឌ្ឍ​ផ្នែក​រដ្ឋ និង​ផ្នែក​ឯកជន ក៏​ដូចជា​សេដ្ឋកិច្ច​ជាតិ​ទាំងមូល ហើយ​នារី​មាន​សមត្ថភាព​ដូច​បុរស​ផងដែរ។ ជាមួយនឹង​សមត្ថភាព​គ្រប់​ជ្រុងជ្រោយ​នេះ នារី​ជា​ច្រើន​នៅលើ​សកលលោក​បាន​ក្លាយ​ជា​ព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី អ្នកដឹកនាំ​ក្រសួង ស្ថាប័ន និង​អង្គការ​នានា​ជា​ច្រើនទៀត។ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា នារី​ជា​ច្រើន​បាន​កាន់​មុខ​តំណែង​ខ្ពស់ៗ​ដូចជា ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​តំណែង​ធំៗ​ជា​ច្រើនទៀត​ក្នុង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ អង្គ​តុលាការ ស្ថាប័ន​សវនកម្ម​កំពូល និង​អង្គការ​នានា ។ល។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ប្រធាន​បទ​ខាងលើ​នេះ​គឺ​ជា​គតិ​បណ្ឌិត​របស់សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​លើកឡើង ដើម្បីបញ្ជាក់​ពី​ការ​គាំទ្រ និង​ការ​យកចិត្ត​ទុកដាក់​របស់​សង្គម​មក​លើ​នារី ព្រោះ​នារី​ជា​ប្អូនស្រី ជា​បងស្រី ជា​ភរិយា ជា​ម្តាយ ជា​ជីដូន ដ៏​ល្អ​សម្រាប់​ការ​គ្រប់គ្រង​គ្រួសារ និង​សង្គមជាតិ។ ការ​ផ្តល់​ឱកាស ការ​លើក​ទឹកចិត្ត ការ​គាំទ្រ និង​ការ​ជួយ​ដល់​ស្ត្រី គឺ​ពិត​ជា​បាន​នាំមក​នូវ​ផល​ជា​វិជ្ជមាន​សម្រាប់​ក្រុម​គ្រួសារ និង​សហគមន៍​របស់​ខ្លួន​ដោយ​ផ្ទាល់ ព្រម​ទាំង​មាន​ផល​ប្រយោជន៍​ដល់​សង្គមជាតិ​ទាំងមូល ស្របគ្នា​នឹង​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែល​ បាន​លើកឡើង​ថា “ការ​វិនិយោគ​លើ​ស្ត្រី គឺ​ជា​ការ​វិនិយោគ​អោយ​សង្គមជាតិ​ទាំងមូល”

ក្រឡេក​មក​មើល​សកម្មភាព​របស់​ស្ត្រី​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​វិញ​ម្តង ក្រៅ​ពី​ភារកិច្ច​ជា​មាតា​ដ៏​ល្អ ពួក​គាត់​បាន​ខិតខំ និង​យកចិត្ត​ទុកដាក់​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​បំពេញ​ភារកិច្ច​ដែល ​ថ្នាក់​ដឹកនាំ​បាន​ប្រគល់​ជូន​តាម​មុខ​សញ្ញា ជាក់ស្តែង ស្ត្រី​បាន​ចូលរួម​ចុះ​ធ្វើ​សវនកម្ម​នៅ​តាម​អង្គភាព ក្រសួង ស្ថាប័ន​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត។ លើ​ការងារ​បណ្តុះ​បណ្តាល ស្ត្រី​បាន​ទទួល​ការ​រៀនសូត្រ​បន្ថែម ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស ដែល​មាន​វគ្គសិក្សា​រយៈពេល​ខ្លី និង​រយៈពេល​វែង ដើម្បី​បង្កើន​សមត្ថភាព និង​ការ​យល់ដឹង​ពី​ជំនាញ​បច្ចេកទេស អោយ​ស្រប​តាម​សភាពការណ៍​រីក​ចម្រើន​របស់​សកលលោក​ទាំងមូល។ ចំពោះ​ការងារ​សង្គម​វិញ ស្ត្រី​នៅក្នុង​អាជ្ញាធរ​សវនកម្ម​ជាតិ ក៏​បាន​ចូលរួម​ចំណែក​ដោយ​ប្រយោល តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​គ្រប់​ ប្រភេទ ដោយ​ភាព​មនុស្ស​ធម៌ និង​មិន​លម្អៀង ព្រមទាំង​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យជាតិ និង​អន្តរជាតិ​នានា និង​បាន​ជួយ​រំលែក​ទុក្ខ​លំបាក និង​ការ​ខ្វះខាត​របស់​មន្រ្តី​រាជការ បុគ្គលិក​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​នា​ពេល​មាន​អាសន្ន និង​ជួប​គ្រោះថ្នាក់​ផងដែរ។

អាជ្ញាធរ​សវនកម្ម​ជាតិ​បាន​រៀបចំ​ប្រារព្ធ​ពិធី​រំលឹក​ទិវា​នារី​ អន្តរជាតិ ៨មីនា​នេះ​ជា​រៀងរាល់​ឆ្នាំ។ ទន្ទឹម​នឹង​នេះ វា​ជា​មោទនភាព​ដ៏​ក្រៃលែង ដែល​អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជា​ស្ត្រី​នៅក្នុង​ អាណត្តិ​ទី៣ នេះ គិត​ចាប់ពី​ពេល​ដែល​អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង និង​មាន​ថ្នាក់​នាយកដ្ឋាន និង​ថ្នាក់​ការិយាល័យ​មួយ​ចំនួនទៀត​ក៏​ជា​ស្ត្រី​ផងដែរ ក្នុង​ចំណោម​ស្ត្រី​ចូលរួម​បំរើ​ការងារ​សរុប​ចំនួន ៥៥នាក់។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ស., មិថុនា 25th 2016