សេចក្តីថ្លែងអំណរគុណ!

អាជ្ញាធរ​សវនកម្ម​ជាតិ
​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ
ជូន​ចំពោះ
ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង​ប្រិយមិត្ត
​ទាំងអស់​ដែល​បាន​ចូល​មក​កាន់​គេហទំព័រ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។
សូម​ប្រកប​ទៅ​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕


សូមអរគុណ

x

Scattered thunderstorms

28°C

ជំពូកទី ១   បទប្បញ្ញត្តិ​ទូទៅ

មាត្រា ១‌-

ច្បាប់​នេះ​ជា​ច្បាប់​រៀបចំ​អង្គការ​ដែល​មាន​គោលបំណង​បង្កើត​នូវ​អាជ្ញាធរ​សវនកម្ម​ជាតិ​មួយ ដែល​ឯករាជ្យ​អំពី​កិច្ច​ប្រតិបត្ដិការ​នៃ​ការងារ។ អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​ភារកិច្ច​ចំពោះ​ការអនុវត្ដន៍​មុខងារ​សវនកម្ម​ផ្ទៃក្រៅ​របស់​រាជ​រដ្ឋាភិបាល។ អគ្គសវនករ​ត្រូវ​បាន​ប្រគល់​អំណាច​ជូនក្នុង​ការបំពេញ​សវនកម្ម​លើ​កិច្ចបញ្ជីកា​គណនេយ្យ គណនី ប្រព័ន្ធ​គ្រប់គ្រង ការត្រួតពិនិត្យ​កិច្ចប្រតិបត្ដិការ និង​កម្មវិធី​របស់​បណ្ដា​ស្ថាប័ន​គ្រប់គ្រង ដោយ​អនុលោមតាម​ស្ដង់ដារ​នៃ​ការធ្វើសវនកម្ម​ទូទៅ និង​តាម​ស្ដង់ដារ​នៃ​ការធ្វើសវនកម្ម​របស់​រាជ​រដ្ឋាភិបាល។

ច្បាប់​នេះ​ក៏​បាន​បង្កើត​នូវ​មុខងារ​សវនកម្ម​ផ្ទៃក្នុង​នៅ​តាម​បណ្ដា​ក្រសួង ស្ថាប័ន និង​បណ្ដា​សហគ្រាស​សាធារណៈ​ផងដែរ។

មាត្រា ២-

បណ្ដា​ស្ថាប័ន​គ្រប់គ្រង​ក្នុង​បទប្បញ្ញត្ដិ​នៃ​ច្បាប់​នេះ រួមមាន​បណ្ដា​ក្រសួង ស្ថាប័ន ភ្នាក់ងារ អាជ្ញាធរ​ធនាគារ​ជាតិ ស្ថាប័ន​ហិរញ្ញវត្ថុ​រដ្ឋ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​រដ្ឋ​ចំរុះ​ឯកជន សហគ្រាស​សាធារណៈ គ្រឹះស្ថាន​សាធារណៈ រដ្ឋបាល​ខេត្ដ-ក្រុង រដ្ឋបាល​មូលដ្ឋាន អ្នកម៉ៅការ អ្នកផ្គត់ផ្គង់​ទំនិញ និង​សេវាកម្ម​ចំពោះ​រាជ​រដ្ឋាភិបាល​តាម​កិច្ចសន្យា និង​បណ្ដា​អង្គការ​ផ្សេងៗទៀត​ដែល​រាជ​រដ្ឋាភិបាល​បាន​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​លើ​ទុន​ផ្ទាល់ និង​ឥណទាន​រួមមាន​ទាំង​ការលើកលែង​ពន្ធអាករ​គ្រប់ប្រភេទ ព្រមទាំង​សម្បទាន​ផ្សេងៗទៀត​ទៅ​អង្គការ​ដែល​មិន​រកប្រាក់ចំណេញ និង​សហគ្រាស​វិនិយោគ​ឯកជន​ផង។

មាត្រា ៣-

ក្នុង​ច្បាប់​នេះ សវនកម្ម​ផ្ទៃក្រៅ​រាប់បញ្ចូល​នូវ​ការអនុវត្ដន៍​ប្រភេទ​សវនកម្ម​ដូចតទៅ ៖

ក- សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ។

ខ- សវនកម្ម​លើ​ការគ្រប់គ្រង​កម្មវិធី​គំរោង​ឥណទាន​ដែល​បាន​ទទួល​ពី​មូលនិធិ​ក្រៅ​ប្រទេស។

គ- សវនកម្ម​លើ​ប្រព័ន្ធ​គ្រប់គ្រង និង​ការប្រព្រឹត្ដ​ទៅលើ​បណ្ដា​ស្ថាប័ន។

ឃ-សវនកម្ម​លើ​ការវាយតំលៃ ការផ្ដល់​លទ្ធផល​ល្អ និង​ប្រសិទ្ធិភាព​ក្នុង​ការអនុវត្ដន៍​។

ង- សវនកម្ម​លើ​អង្គការ​ដែល​មិន​រកប្រាក់ចំណេញ សមាគម គណបក្ស​នយោបាយ និង​សវនកម្ម​លើ​សហគ្រាស​វិនិយោគ​ឯកជន ដូច​មាន​ចែង​ក្នុង មាត្រា ២ នៃ​ច្បាប់​នេះ។

ច- សវនកម្ម​តាម​សំណើ​ពិសេស។

មាត្រា ៤-

សវនកម្ម​ផ្ទៃក្រៅ គឺជា​ការពិនិត្យ​ពិចារណា ឬ​ការពិនិត្យ​ឡើងវិញ​លើ​កិច្ចបញ្ជីកា​គណនេយ្យ ប្រព័ន្ធ​គ្រប់គ្រង​កិច្ចប្រតិបត្ដិការ និង​ការត្រួតពិនិត្យ​ស្ថាប័ន​គ្រប់គ្រង​ដោយ​អនុលោមតាម​ស្ដង់ដារ​នៃ​ការធ្វើសវនកម្ម​ទូទៅ និង​តាមស្ដង់ដារ​នៃ​ការធ្វើសវនកម្ម​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ផ្ដល់​ការធានា​ថា ៖

ក- បណ្ដា​សកម្មភាព​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ត្រូវ​បាន​បង្ហាញ​យ៉ាង​ត្រឹមត្រូវតាម​រយៈ​សេចក្ដី​ថ្លែងការណ៍ និង​តាម​របាយការណ៍។

ខ- បណ្ដា​សកម្មភាព​ទាំងនេះត្រូវ​បាន​អនុវត្ដ​ដោយ​អនុលោមតាម​គោលការណ៍​គណនេយ្យ​ទូទៅ។

គ- ការត្រួតពិនិត្យ​នីតិវិធី និង​ការអនុវត្ដន៍ដោយ​អនុលោមតាម​ច្បាប់ បទបញ្ជា កិច្ចព្រមព្រៀង ប្រព័ន្ធ​គ្រប់គ្រង កិច្ចសន្យា កម្មវិធី និង​លក្ខណៈ​វិនិច្ឆ័យ​ផ្សេងទៀត ដែល​ទាក់ទង​ដល់​ចំណូល ចំណាយ និង​ការប្រើប្រាស់​ប្រភព​ធនធាន​របស់​រាជ​រដ្ឋាភិបាល។

ជំពូកទី ២   ប្រភេទ​សវនកម្ម

មាត្រា ៥-

សវនកម្ម​លើ​សេចក្ដី​ថ្លែងការណ៍ និង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រសួង ស្ថាប័ន ដែល​ជា​មូលដ្ឋាន​សំរាប់​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​សរុប​របស់​រាជ​រដ្ឋាភិបាល នៅ​ដំណាច់​ឆ្នាំ​នៃ​ការិយបរិច្ឆេទ​ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មុន​ពេល​ដាក់ជូន​ទៅ​អង្គការ​នីតិប្បញ្ញត្ដិ។

សវនកម្ម​លើ​ភាពត្រឹមត្រូវ ភាពពិតប្រាកដ ការយល់ព្រម ការធ្វើឱ្យមាន​សុពលភាព និង​ស្រប​តាម​ទិន្នន័យ​ហិរញ្ញវត្ថុ ដូច​មាន​បង្ហាញ​លើ​របាយការណ៍​របស់​បណ្ដា​ក្រសួង ស្ថាប័ន និង​របាយការណ៍​ហិរញ្ញវត្ថុ​សរុប​របស់​រាជ​រដ្ឋាភិបាល។

សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សហគ្រាស​សាធារណៈ អាជ្ញាធរ រួមមាន​តារាង​តុល្យការ របាយការណ៍​អំពី​ប្រាក់ចំណេញ ការខាតបង់ និង​ការវិភាគ​គណនី​ដែល​ជា​ផ្នែក​មួយ​នៃ​របាយការណ៍​ហិរញ្ញវត្ថុ។ សវនកម្ម​នេះ​ក៏​ត្រូវ​រាប់បញ្ចូល​ទាំង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សហគ្រាស​អាជីវកម្មនៅក្នុង​បណ្ដា​ក្រសួង ស្ថាប័ន ខេត្ដ ក្រុង និង​រដ្ឋបាល​មូលដ្ឋាន​ផងដែរ។

មាត្រា ៦-

សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ និង​របាយការណ៍​ផ្សេងៗទៀត​ដែល​សំណូមពរ​ដោយ​បណ្ដា​ភ្នាក់ងារ​ផ្ដល់​ជំនួយ​អន្ដរជាតិ និង​បណ្ដា​ឥណទាយក​នៅក្នុង​គំរោង​ផ្ដល់​មូលនិធិ​ពី​ក្រៅ​ប្រទេស។ សវនកម្ម​នេះ ត្រូវ​បញ្ជាក់​អំពី​ភាព​សមស្រប និង​ភាពត្រឹមត្រូវ​នៃ​ឯកសារ​យុត្ដិការ​ក្នុង​ការដកប្រាក់ និង​ការចំណាយ​លើ​គំរោង​នីមួយៗ ដោយ​មានភ្ជាប់​មកជាមួយ​នូវ​កំណត់ហេតុ​បង្ហាញ​នូវ​ការសមស្រប​ទៅនឹង​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ឥណទាន និង​កិច្ចព្រមព្រៀង​គំរោង។ សវនកម្ម​នឹង​បន្ដ​បន្ថែម​ទៅទៀត លើ​ការវាយតំលៃ​ចំពោះ​ការសំរេច​គោលដៅ នៅពេល​ចប់​គំរោង​ទាំងនោះ។

មាត្រា ៧-

សវនកម្ម​លើ​ប្រព័ន្ធ​ត្រួតពិនិត្យ​នានា​ដើម្បី​រៀបចំ​នូវ​មតិ​លើ​ភាពសមស្រប​គ្រប់ជ្រុងជ្រោយ ក្នុង​ការចាត់ចែង​ប្រព័ន្ធ​គ្រប់គ្រង និង​ការប្រព្រឹត្ដ​ទៅ ដែល​បានបង្កើត​ឡើង​ដោយ​ស្ថាប័ន​គ្រប់គ្រង​លើ​សកម្មភាព និង​កិច្ចប្រតិបត្ដិការ​ទាំងឡាយ។

មាត្រា ៨-

សវនកម្ម​លើ​មុខងារ ឬ​កិច្ចការ​កំពុង​អនុវត្ដ​រវាង​ស្ថាប័ន​គ្រប់គ្រង និង​ស្ថាប័ន​គ្រប់គ្រង​ដើម្បី​ធានា​សកម្មភាព​កិច្ចប្រតិបត្ដិការ​ដែល​ទាក់ទង​ដល់​មុខងារ​នៅក្នុង​បណ្ដា​ស្ថាប័ន​គ្រប់គ្រង​ឱ្យ​អនុវត្ដ​គោរព​តាមច្បាប់ បទបញ្ជា និង​គោលការណ៍​ទាំងឡាយ​កំពុង​អនុវត្ដ។ សវនកម្ម​នេះ រាប់បញ្ចូល​ទាំង​លទ្ធកម្ម​សាធារណៈ បៀវត្ស​បុគ្គលិក កិច្ចសន្យា ការគ្រប់គ្រង​ទ្រព្យសម្បត្ដិ​រដ្ឋ និង​បេសកកម្ម។

មាត្រា ៩-

សវនកម្ម​ដើម្បី​វាយតំលៃ​អំពី​ការសន្សំសំចៃ ការផ្ដល់​ឱ្យនូវ​ផលល្អ ប្រសិទ្ធិភាព​នៃ​កិច្ចប្រតិបត្ដិការ និង​លទ្ធផល​នៃ​កម្មវិធី​របស់​រាជ​រដ្ឋាភិបាល។ សវនកម្ម​នេះ រាប់បញ្ចូល​ទាំង​ការពិនិត្យ​ពិចារណា​ឡើងវិញ​នៃ​កិច្ចប្រតិបត្ដិការ​របស់​បណ្ដា​ស្ថាប័ន​សាធារណៈ ទោះ​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ ឬ​មិនមែន​ស្ថាប័ន​ហិរញ្ញវត្ថុ​ក៏​ដោយ។

មាត្រា ១០-

សវនកម្ម​លើ​ការអនុវត្ដន៍​ស្របតាម​បទប្បញ្ញត្ដិ​ជា​ធរមាន ក្នុង​កិច្ចប្រតិបត្ដិការ​របស់​អង្គការ​ដែល​មិនរកប្រាក់ចំណេញ សមាគម និង​គណបក្ស​នយោបាយ​ដែល​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​រាជ​រដ្ឋាភិបាល​ក្នុង​ទ្រង់ទ្រាយ​លើកលែង​ពន្ធគយ ពន្ធលើ​ប្រាក់បៀវត្ស និង​ពន្ធអាករ​ឯទៀត ព្រមទាំង​បុព្វសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​ដែល​ពុំមាន​ការអនុញ្ញាត​ដោយ​ច្បាប់។ គោលដៅ​នៃ​សវនកម្ម​នេះ គឺ​ដើម្បី​កុំ​ឱ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​បាន​បាត់បង់​ប្រាក់ចំណូល​ដែល​បណ្ដាល​មកពី​ការលើកលែង​ពន្ធ និង​ដើម្បី​ធានា​ថា​ស្ថាប័ន​គ្រប់គ្រង​បាន​ដំណើរការ​ទៅតាម​ក្របខ័ណ្ឌ​នៃ​គោលបំណង​របស់​ខ្លួន។

មាត្រា ១១-

សវនកម្ម​លើ​ការអនុវត្ដន៍​ស្របតាម​បទប្បញ្ញត្ដិ​ជា​ធរមាន​របស់​សហគ្រាស​វិនិយោគ​ឯកជនដែល​បាន​ទទួល​ការលើកលែង​ពន្ធ និង​សម្បទាន​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើអាជីវកម្ម​ធនធាន​ធម្មជាតិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ សវនកម្ម​ទាំងនេះ​សង្កត់ធ្ងន់​ទៅលើ​ការអនុវត្ដន៍​ទៅតាម​កិច្ចព្រមព្រៀង និង​បណ្ដា​លក្ខខណ្ឌ​នៃ​ការអនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល។

មាត្រា ១២-

សវនកម្ម​តាម​សំណើ​របស់​គណៈកម្មការ​ហិរញ្ញវត្ថុ និង​ធនាគារ​នៃ​រដ្ឋ​សភា ឬ​រដ្ឋ​សភា ឬ​ព្រឹទ្ធ​សភា ឬ​ក្រសួង ឬ​ស្ថាប័ន​នានា ឬ​អាជ្ញាធរ​សំរាប់​ធ្វើ​ការត្រួតពិនិត្យ​ពិសេស​ឡើងវិញ​លើ​វិស័យ​មួយ​ផ្នែក ឬ​ទាំងអស់​នៃ​កិច្ចប្រតិបត្ដិការ​របស់​ម្ចាស់​សំណើ។ ការអនុវត្ដន៍​នៃ​សវនកម្ម​ដែល​មាន​ចែង​ក្នុង​មាត្រា​នេះ គឺ​ស្ថិត​នៅលើ​ឆន្ទានុសិទ្ធិ​របស់​អគ្គសវនករ។

មាត្រា ១៣-

សវនកម្ម​ដែល​មាន​ចែង​ពី ​មាត្រា ៥ ដល់ ​មាត្រា ១២ ត្រូវ​ធ្វើ​ដោយ​អាជ្ញាធរ​សវនកម្ម​ជាតិ។

ជំពូកទី ៣   អាជ្ញាធរ​សវនកម្ម​ជាតិ

មាត្រា ១៤-

អាជ្ញាធរ​សវនកម្ម​ជាតិ​ជា​ស្ថាប័ន​សាធារណៈ​មួយ​មាន​ភាពឯករាជ្យ ហើយ​ត្រូវ​ធ្វើ​របាយការណ៍​នៃ​សវនកម្ម​ជូន​ទៅ​រដ្ឋ​សភា ព្រឹទ្ធ​សភា​ដោយ​ផ្ទាល់ និង​ជូន​ទៅ​រាជ​រដ្ឋាភិបាល​ដើម្បី​ជ្រាប​ជាពត៌មាន។ អាជ្ញាធរ​សវនកម្ម​ជាតិ​ដឹកនាំ​ដោយ​អគ្គសវនករ​មួយ​រូប និង​មាន​អគ្គសវនកររង ២ (ពីរ) រូប។

មាត្រា ១៥-

ក្នុង​ការបំពេញ​បេសកកម្ម​របស់​ខ្លួន និង​ដើម្បី​អនុវត្ដ​ច្បាប់​នេះ អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​សិទ្ធិ​អំណាច​ចេញ​សេចក្ដី​សំរេច បទបញ្ជា សារាចរ និង​ការណែនាំ​ផ្សេងៗទៀត។

មាត្រា ១៦-

មន្ដ្រី​រាជការ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​លក្ខន្ដិកៈ​ដោយ​ឡែក។

មាត្រា ១៧-

អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​ថវិកា​ដោយ​ឡែក​របស់​ខ្លួន​ផ្ដល់​ដោយ​ថវិកា​ជាតិ។ ការគ្រប់គ្រង​ចំណូល និង​ចំណាយ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្ដីអំពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ។

ជំពូកទី ៤   ការតែងតាំង​អគ្គសវនករ និង​អគ្គសវនកររង

មាត្រា ១៨- (ថ្មី)

អគ្គសវនករ និង​អគ្គសវនកររង ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​រាជ​រដ្ឋាភិបាល និង​ដោយ​មាន​ការបោះឆ្នោត​ទុកចិត្ដ​ពី​រដ្ឋ​សភា​តាម​សំលេង​គាំទ្រ​ភាគ​ច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល។

អគ្គសវនករ និង​អគ្គសវនកររង នឹង​ត្រូវ​បាន​ទទួល​ការតែងតាំង​សំរាប់​អាណត្ដិ ៥ (ប្រាំ) ឆ្នាំ ហើយ​អាច​ទទួល​ការតែងតាំង​តែមួយដង​ទៀត​ប៉ុណ្ណោះ នៅពេល​ចប់អាណត្ដិ​ទី ១ របស់​ខ្លួន។

ក្នុងករណី​ដែល​អគ្គសវនករ ឬ​អគ្គសវនកររង​ទទួល​អនិច្ចកម្ម ឬ​លាលែង ឬ​បាត់បង់​សមត្ថភាព ពលកម្ម ឬ​មានកំហុស​ជាទម្ងន់​នោះ ត្រូវ​ជ្រើសតាំង​អគ្គសវនករ ឬ​អគ្គសវនកររង​ថ្មី​ជំនួស តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​ក្នុង​ច្បាប់នេះ។

អគ្គសវនករ​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​ទេសរដ្ឋមន្ដ្រី និង​អគ្គសវនកររង​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​រដ្ឋមន្ដ្រី។

មាត្រា ១៩-

បេក្ខជន​ដែល​ត្រូវ​ជ្រើសមក​តែងតាំង​ជា​អគ្គសវនករ និង​អគ្គសវនកររង​ត្រូវ​ជា​ឥស្សរជន ៖

- មាន​សញ្ជាតិ​ខ្មែរ​ពីកំណើត

- មាន​សញ្ញាប័ត្រ​ពី​ថ្នាក់​ឧត្ដមសិក្សា​ឡើងទៅ ឬ​សញ្ញាប័ត្រ​សមមូល​ផ្នែក​គណនេយ្យ ឬ​សេដ្ឋកិច្ច ឬ​ហិរញ្ញវត្ថុ ឬ​ច្បាប់ ឬ​ពាណិជ្ជកម្ម​ដែល​មាន​បញ្ជាក់​ទទួលស្គាល់​ច្បាស់លាស់

- មាន​បទពិសោធន៍​ខាង​វិជ្ជាជីវៈ ឬ​ការងារ​យ៉ាងតិច១០ (ដប់) ឆ្នាំ​ឡើងទៅ

- មិនមាន​តួនាទី​ក្នុង​អង្គការ​ដឹកនាំ​នៃ​គណបក្ស​នយោបាយ​ណាមួយ។

មាត្រា ២០-

អគ្គសវនករ​មាន​តួនាទី​ជា​អ្នកដឹកនាំ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ដែល​ត្រូវ​ទទួលខុសត្រូវ​លើ​ការអនុវត្ដន៍​គោលនយោបាយ គោលដៅ គោលបំណង​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ និង​មាន​សិទ្ធិ​ដើម្បី​ធ្វើសកម្មភាព​លើ​រាល់​កិច្ចការ​ទាំងអស់​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ។

មាត្រា ២១-

អគ្គសវនករ​ជា​អ្នក​តែងតាំង ផ្លាស់ប្ដូរ ធ្វើកម្មវិបាក និង​កំណត់​បៀវត្ស អត្ថប្រយោជន៍ ប្រាក់កំរៃ ប្រាក់រង្វាន់ ដល់​មន្ដ្រី​រាជការ និង​បុគ្គលិក​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

ជំពូកទី ៥   របាយការណ៍​នៃសវនកម្ម

មាត្រា ២២-

រាជ​រដ្ឋាភិបាល​ត្រូវ​បញ្ជូន​ឯកសារ​នៃ​ការទូទាត់​ថវិកា​ប្រចាំឆ្នាំ​នីមួយៗ ទៅ​រដ្ឋ​សភា ព្រឹទ្ធ​សភា​ដើម្បី​ពិនិត្យ និង​អនុម័ត ទន្ទឹមនឹងនេះ រាជ​រដ្ឋាភិបាល​ក៏​ត្រូវ​បញ្ជូន​ឯកសារ​នេះ​ទៅ​អាជ្ញាធរ​សវនកម្ម​ជាតិ​ដើម្បី​ធ្វើសវនកម្ម​ដែរ។ អាជ្ញាធរ​សវនកម្ម​ជាតិ​ត្រូវ​ធ្វើ​របាយការណ៍​សវនកម្ម​បញ្ជាក់​លើ​ឯកសារ​នេះ​ទៅ រដ្ឋ​សភា ព្រឹទ្ធ​សភា។

មាត្រា ២៣-

បើ​ក្នុង​រយៈពេល ៩ (ប្រាំ​បួន) ខែ​ បន្ទាប់​ពី​ដំណាច់​ឆ្នាំ​នៃ​ការិយបរិច្ឆេទ រាជ​រដ្ឋាភិបាល​មិន​បាន​ផ្ដល់​ឯកសារ​ស្ដីពី​ការទូទាត់​ថវិកា​ប្រចាំឆ្នាំ​មក​អាជ្ញាធរ​សវនកម្ម​ជាតិ​ទេ អគ្គសវនករ​ត្រូវ​ធ្វើ​របាយការណ៍​ជូន​ទៅ​រដ្ឋ​សភា ព្រឹទ្ធ​សភា​ស្ដីពី​ការខកខាន​នេះ។

មាត្រា ២៤-

អគ្គសវនករ​ត្រូវ​រាយការណ៍​ជូន​ទៅ​រដ្ឋ​សភា ព្រឹទ្ធ​សភា ទីស្ដីការ​គណៈរដ្ឋមន្ដ្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាក់ព័ន្ធ ក្នុងករណី​ដែល​អង្គភាព​ណាមួយ​មាន​ភាពមិន​ប្រក្រតី​នៅក្នុង​កិច្ចបញ្ជីកា​គណនេយ្យ ការគ្រប់គ្រង​រូបិយវត្ថុ និង​ទ្រព្យ​សកម្ម។

មាត្រា ២៥-

អគ្គសវនករ​ត្រូវធ្វើ​របាយការណ៍ និង​ធ្វើ​កំណត់​សំគាល់​ជាទូទៅ​លើ​បណ្ដា​បញ្ហា​ដែល​ទាក់ទង​ដល់​កិច្ចបញ្ជីកា​គណនេយ្យ រូបិយវត្ថុ ទ្រព្យ​សកម្ម និង​បំណុល​អកម្ម​ផ្សេងៗទៀត​ដោយ​អនុលោមតាម​បទប្បញ្ញត្ដិ​នៃ​ច្បាប់​ជាធរមាន។

មាត្រា ២៦-

ទោះបីជា​មាន​បទប្បញ្ញត្ដិ​ណាផ្សេងទៀត​ក៏ដោយ​ដែល​ស្ដីពី​សវនកម្ម អគ្គសវនករ​ធ្វើ​សវនកម្ម​លើ​កិច្ចបញ្ជីកា​គណនេយ្យ​របស់​អាជ្ញាធរ ឬ​ស្ថាប័ន​នោះ ត្រូវ​ផ្ដល់​លិខិត​បញ្ជាក់ និង​របាយការណ៍​ផ្សេងទៀត​ដែល​យល់ថា​ជាការចាំបាច់​ចំពោះ​កិច្ចបញ្ជីកា​គណនេយ្យ​នោះ ទៅ​ឱ្យ​អ្នកដឹកនាំ​អាជ្ញាធរ ឬ​ស្ថាប័ន​នោះ និង​ទៅ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​ក្រសួង​ពាក់ព័ន្ធ។

មាត្រា ២៧-

អគ្គសវនករ​ត្រូវ​រាយការណ៍​ជូន​រដ្ឋ​សភា ព្រឹទ្ធ​សភា​ជា​ប្រចាំ​នូវ​បញ្ហា​ទាំងឡាយ​ណា​ដែល​កើត​ចេញពី​ការបំពេញ​ភារកិច្ច ឬ​ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន ដូច​មានចែង​ក្នុង​ច្បាប់​នេះ។

មាត្រា ២៨-

ក្រោយ​ពី​មាន​ការរៀបចំ​របាយការណ៍​ស្ដីពី​សវនកម្ម​នៃ​កិច្ចប្រតិបត្ដិការ​របស់​អង្គភាព​ណាមួយ អគ្គសវនករ​ត្រូវ​ជូន​ច្បាប់​ចំលង​របាយការណ៍​នោះ​ទៅ​ប្រធាន​ស្ថាប័ន​គ្រប់គ្រង។ ប្រសិនបើ​ប្រធាន​ស្ថាប័ន​គ្រប់គ្រង​នោះ​បាន​ជូន​យោបល់​ជា​លាយលក្ខអក្សរ​ទៅ​អគ្គសវនករ ក្នុង​អំឡុងពេល ២៨ (ម្ភៃ​ប្រាំ​បី) ថ្ងៃ អគ្គសវនករ​ត្រូវ​ពិចារណា​លើ​យោបល់​ទាំងនោះ មុនពេល​រៀបចំ​របាយការណ៍​ចុងក្រោយ។ ផ្ទុយទៅវិញ​ បើ​ប្រធាន​ស្ថាប័ន​នោះ​មិន​ឆ្លើយតប​តាម​កាលកំណត់​ខាងលើ របាយការណ៍​នោះ​ត្រូវ​ចាត់ទុក​ជា​បានការ។

មាត្រា ២៩-

របាយការណ៍​ដែល​ធ្វើ​ដោយ​អគ្គសវនករ ត្រូវ​បាន​ចាត់ទុក​ជា​ឯកសារ​សាធារណៈ។

ជំពូកទី ៦   សិទ្ធិអំណាច​លើ​ការប្រមូលផ្ដុំ​ពត៌មាន

មាត្រា ៣០-

អគ្គសវនករ​អាច​តំរូវ​តាមរយៈ​លិខិត​ទៅ​ប្រធាន ឬ​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ ៖

ក- ផ្ដល់​ដល់​អគ្គសវនករ ឬ​មន្ដ្រី​មាន​ការអនុញ្ញាត​នូវ​ពត៌មាន​អ្វី​ដែល​ត្រូវការ។ មន្ដ្រី​មាន​ការអនុញ្ញាត​គឺ​មន្ដ្រី​ដែល​អគ្គសវនករ​បាន​អនុញ្ញាត​ជា​លាយលក្ខអក្សរ​ឱ្យ​អនុវត្ដ​មុខនាទី​នៅក្នុង​ ជំពូកទី ៦ នៃ​ច្បាប់​នេះ។

ខ- ចូលរួម និង​ប្រគល់​ភស្ដុតាង​ចំពោះមុខ​អគ្គសវនករ ឬ​មន្ដ្រី​មាន​ការអនុញ្ញាត។

គ- ប្រគល់​រាល់​ឯកសារ​នានា ក្រោម​ការគ្រប់គ្រង​របស់​ប្រធាន ឬ​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​នេះ​ទៅ​អគ្គសវនករ ឬ​មន្ដ្រី​មាន​ការអនុញ្ញាត។

មាត្រា ៣១-

អគ្គសវនករ​អាច​តំរូវ​ឱ្យ ៖

ក- ផ្ដល់​ពត៌មាន​ដោយ​ផ្ទាល់មាត់ ឬ​ជា​លាយលក្ខអក្សរ​ហើយ​បញ្ជាក់ថា​ត្រឹមត្រូវ​នៅ​ចំពោះ​មុខច្បាប់។

ខ- អគ្គសវនករ​មាន​សិទ្ធិបញ្ជាក់​រក​ការពិត​នូវ​ពត៌មាន និង​រក​ភស្ដុតាង​ជាក់លាក់​ដែល​បាន​ផ្ដល់​ទាំងនោះ។

មាត្រា ៣២-

អគ្គសវនករ ឬ​មន្ដ្រី​មាន​ការអនុញ្ញាត ៖

ក- អាចចូល និង​ស្ថិតនៅ​អង្គភាព​ដែល​ត្រូវ​ធ្វើសវនកម្ម​គ្រប់​ពេល​ម៉ោង​ធ្វើការ។

ខ- មាន​សិទ្ធិ​ពេញលេញ និង​ឆែកឆេរ​ដោយ​សេរី​រាល់​ឯកសារ របាយការណ៍ ឬ​ទ្រព្យសម្បត្ដិ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រសួង​ស្ថាប័ន​ទាំងនោះ។

គ- អាច​ត្រួតពិនិត្យ​ថតចំលង ​ឬ​ដកស្រង់​ឯកសារ​ពី​របាយការណ៍​ណាមួយ​ក៏​បាន។

មាត្រា ៣៣-

មន្ដ្រី​ដែល​មាន​ការអនុញ្ញាត មុន​ពេល​ចូល និង​ស្ថិតនៅ​អង្គភាព​ដែល​ត្រូវ​ធ្វើសវនកម្ម ត្រូវ​បង្ហាញ​លិខិត​អនុញ្ញាត​ដែល​ចុះ​ហត្ថលេខា​ដោយ​អគ្គសវនករ។ ម្ចាស់​ស្ថាប័ន ឬ​អង្គភាព​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មន្ដ្រី​មាន​ការអនុញ្ញាត ក្នុង​ការធ្វើសវនកម្ម​នៅពេល​បាន​ឃើញ​លិខិត​អនុញ្ញាត​នេះ។

មាត្រា ៣៤-

ត្រូវ​ហាមឃាត់​ចំពោះ​អ្នកផ្ដល់​ពត៌មាន​នូវ​ការក្លែងបន្លំ​របាយការណ៍ ទោះជា​របាយការណ៍​ផ្ទាល់មាត់ ឬ​ជា​លាយលក្ខអក្សរ។

ជំពូកទី ៧   ការសម្ងាត់​នៃ​ពត៌មាន

មាត្រា ៣៥-

ប្រសិនបើ​មន្ដ្រី​មាន​ការអ​នុញ្ញាត​ណាមួយ​បាន​ទទួល​ពត៌មានដោយ​ផ្ទាល់ ឬ​ដោយ​ប្រយាល​ក្នុង​ដំណើរ​នៃ​ការអនុវត្ដន៍​មុខនាទី​មួយ​នៅក្នុង​ច្បាប់​នេះ មន្ដ្រី​នោះ​មិន​ត្រូវ​លាតត្រដាង​បកស្រាយ ឬ​ផ្ដល់​ពត៌មាន​ទៅ​មជ្ឈដ្ឋាន​ខាងក្រៅ​ឡើយ លើកលែងតែ​ការអនុវត្ដន៍​មុខនាទី​ភារកិច្ច​ផ្ទៃក្នុង​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

មាត្រា ៣៦-

ការហាមឃាត់​នៅក្នុង​ មាត្រា ៣៥ នៃ​ច្បាប់​នេះ ពុំមាន​ប៉ះពាល់​ទៅលើ​ការលាតត្រដាង ការបកស្រាយ ការផ្ដល់​ពត៌មាន​នៅក្នុង​របាយការណ៍​នូវ​សេចក្ដី​សន្និដ្ឋាន ការកត់សំគាល់ ឬ​ការសង្កេត​របស់​អគ្គសវនករ​ឡើយ។

មាត្រា ៣៧-

អគ្គសវនករ​មិន​ត្រូវ​បញ្ចូល​ពត៌មាន​ពិស្ដារ​នៅក្នុង​របាយការណ៍​ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ ប្រសិនបើ ៖

ក- អគ្គសវនករ​យល់ថា ការលាតត្រដាង​ពត៌មាន​គឺជា​ការផ្ទុយ​ទៅនឹង​ផលប្រយោជន៍​សាធារណៈ​លើ​ហេតុផល​ណាមួយ​ដែល​មាន​បញ្ជាក់​នៅក្នុង​ មាត្រា ៣៨ នៃ​ច្បាប់​នេះ។

ខ- រាជ​រដ្ឋាភិបាល​បាន​ចេញ​លិខិត​បញ្ជាក់​មួយ​ទៅ​អគ្គសវនករ​ថា ការលាតត្រដាង​ពត៌មាន​នេះ​គឺ​ជា​ការផ្ទុយទៅនឹង​ផលប្រយោជន៍​សាធារណៈ តាម​ហេតុផល​ណាមួយ​ដែល​មាន​បញ្ជាក់​នៅក្នុង ​មាត្រា ៣៨ នៃ​ច្បាប់​នេះ។

មាត្រា ៣៨-

ក្នុង​គោលបំណង​នៃ មាត្រា ៣៧ នៃ​ច្បាប់​នេះ ហេតុផល​ខាងក្រោម​នេះ​ត្រូវ​បាន​ចាត់ទុកថា​ជា​ពត៌មាន​ដែល​ផ្ទុយ​ទៅនឹង​ផលប្រយោជន៍​សាធារណៈ ៖

ក- ប៉ះពាល់​ដល់​សន្ដិសុខ ការការពារជាតិ និង​បូរណភាព​ទឹកដី ឬ​ទំនាក់ទំនង​អន្ដរជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

ខ- ប៉ះពាល់​ដល់​ផលប្រយោជន៍​ពាណិជ្ជកម្ម​ស្របច្បាប់​របស់​បណ្ដា​អង្គភាព ឬ​បុគ្គល។

មាត្រា ៣៩-

យោង​តាម មាត្រា ៣៧ នៃ​ច្បាប់​នេះ អគ្គសវនករ​សំរេច ៖

ក- មិន​រៀបចំ​របាយការណ៍​សំរាប់​ផ្សព្វផ្សាយ​ជា​សាធារណៈ។

ខ- លុបចោល​ពត៌មាន​ពិស្ដារ​ក្នុង​របាយការណ៍​សំរាប់​ផ្សព្វផ្សាយ​ជា​សាធារណៈ។

ប៉ុន្ដែ​ចំពោះ​របាយការណ៍​បង្ហាញ​ជូន​រដ្ឋ​សភា ព្រឹទ្ធ​សភា ឬ​ក្រសួង​ពាក់ព័ន្ធ អគ្គសវនករ​ត្រូវ​រៀបចំ​បញ្ចូល​ពត៌មាន​ពិស្ដារ​ដែល​បាន​ហាមឃាត់​ដូច​មាន​ចែង​នៅក្នុង មាត្រា ៣៧ ​ នៃ​ច្បាប់​នេះ។

ជំពូកទី ៨   សវនកម្ម​លើ​អាជ្ញាធរ​សវនកម្ម​ជាតិ

មាត្រា ៤០- (ថ្មី)

ក្នុងករណី​ចាំបាច់ តាមសំណើ​របស់​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​នៃ​រដ្ឋ​សភា រដ្ឋ​សភា​អាច​សំរេច​បង្កើត​គណៈកម្មការ​ពិសេស​ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​សកម្មភាព និង​កិច្ចប្រតិបត្ដិការ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ។

ជំពូកទី ៩   ការបង្កើត​សវនកម្ម​ផ្ទៃក្នុង

មាត្រា ៤១-

សវនកម្ម​ផ្ទៃក្នុង​ត្រូវ​បង្កើត​ឡើង​នៅ​តាម​បណ្ដា​ស្ថាប័ន ក្រសួង និង​សហគ្រាស​សាធារណៈ។ សវនកម្ម​ផ្ទៃក្នុង​ត្រូវ​ធ្វើ​របាយការណ៍​ទៅ​ប្រធាន​ស្ថាប័ន ក្រសួង និង​សហគ្រាស​សាធារណៈ​របស់​ខ្លួន ហើយ​ត្រូវ​ផ្ញើ​របាយការណ៍ និង​សេចក្ដី​សន្និដ្ឋាន​នៃ​ការធ្វើសវនកម្ម​នេះ ទៅ​អាជ្ញាធរ​សវនកម្ម​ជាតិ។ ការរៀបចំ និង​ការប្រព្រឹត្ដិ​ទៅ​នៃ​សវនកម្ម​ផ្ទៃក្នុង ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

មាត្រា ៤២-

សវនកម្ម​ផ្ទៃក្នុង​មាន​ភារកិច្ច​ធ្វើ​ការពិនិត្យ​វាយតំលៃ​ដោយ​ឯករាជ្យ លើ​ប្រសិទ្ធិភាព​ក្នុង​ការអនុវត្ដន៍​នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​របស់​បណ្ដា​ស្ថាប័ន ក្រសួង និង​សហគ្រាស​សាធារណៈ។

មាត្រា ៤៣-

ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​គឺ​ជា​ដំណើរការ​របស់​រាជ​រដ្ឋាភិបាល ដែល​ធ្វើ​ឡើង​ដោយ​ថ្នាក់ដឹកនាំ​ស្ថាប័ន ក្រសួង និង​សហគ្រាស​សាធារណៈ ដើម្បី​ផ្ដល់​នូវ​ការធានា​ភាពសមស្រប​លើ​សមិទ្ធិកម្ម​នៃ​កម្មវត្ថុ​តាម​បណ្ដា​ផ្នែក​ខាងក្រោម ៖

ក- ប្រសិទ្ធិភាព​នៃ​កិច្ចប្រតិបត្ដិការ។

ខ- ភាពទទួលខុសត្រូវ​លើ​របាយការណ៍​ហិរញ្ញវត្ថុ។

គ- ភាពសមស្រប​តាម​បណ្ដា​ច្បាប់ បទបញ្ជា គោលនយោបាយ នីតិវិធី និង​ការចាត់ចែង​ដែល​ត្រូវ​អនុវត្ដ។

ជំពូកទី ១០   ទោស​ប្បញ្ញត្ដិ

មាត្រា ៤៤-

ដោយ​ពុំទាន់​គិត​ដល់​ការផ្ដន្ទាទោស​ផ្សេងទៀត ជនណា​ដែល​ប្រព្រឹត្ដល្មើស​នឹង​ មាត្រា ៣១ មាត្រា ៣៣ នៃ​ច្បាប់​នេះ នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ចំនួន​ពី ១.០០០.០០០ (មួយ​លាន) រៀល ទៅ ៥.០០០.០០០ (ប្រាំ​លាន) រៀល ឬ​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ខែ ដល់ ៣ (បី) ខែ ឬ​ពិន័យ​ជា​ប្រាក់​ផង និង​ដាក់​ពន្ធនាគារ​ថែមទៀត​ផង។

មាត្រា ៤៥-

ដោយ​ពុំទាន់​គិត​ដល់​ការផ្ដន្ទាទោស​ផ្សេងទៀត ជនណា​ដែល​ប្រព្រឹត្ដល្មើស​នឹង​ មាត្រា ៣៤ នៃ​ច្បាប់​នេះ នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ចំនួន​ពី ៥.០០០.០០០ (ប្រាំ​លាន) រៀល ឡើង​ទៅ ឬ​ដាក់​ពន្ធនាគារ​ពី ១ (​មួយ) ឆ្នាំ​ ដល់ ៥ (ប្រាំ) ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ផង និង​ដាក់​ពន្ធនាគារ​ថែមទៀត​ផង។

ជំពូកទី ១១   អវសាន​ប្បញ្ញត្ដិ

មាត្រា ៤៦-

បទប្បញ្ញត្ដិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​ទៅនឹង​ច្បាប់​នេះ ត្រូវ​ចាត់ទុក​ជា​និរាករណ៍។

មាត្រា ៤៧-

ច្បាប់​នេះ ត្រូវ​ប្រកាស​ជា​ការប្រញាប់។

ប័ណ្ណសារ

Powered by mod LCA

អ្នក​​ប្រើប្រាស់

Go to top
Latest Update On ស., មិថុនា 25th 2016